កាលពីម្សិលមិញ ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា រដ្ឋាភិបាលនឹងមិនបណ្តោយឲ្យលោក សម រង្ស៊ី គេចចេញពីបម្រាមដែលហាមមិនឲ្យមានការជួបជុំជាសាធារណៈឡើយ។
គណបក្សប្រឆាំងមានផែនការធ្វើមហាបាតុកម្មអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា រាជធានី ខេត្ត-ក្រុង ស្រុក-ខណ្ឌ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ដើម្បីឆ្លៀតឱកាសគេចចេញពីគំនាបនៃបម្រាមនេះ។
ឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងថា “វាមិនត្រឹមត្រូវទេ។ ពួកគេមិនអាចធ្វើបាតុកម្មបានឡើយ ព្រោះយុទ្ធនាការឃោសនាគឺសម្រាប់តែគណបក្សផ្សព្វផ្សាយពីគោលនយោបាយរបស់ខ្លួនប៉ុណ្ណោះ រីឯការធ្វើបាតុកម្មវិញគឺវាខុសគ្នាទាំងស្រុង។ពួកគេមិនអាចយកបញ្ហានេះមកលាយឡំគ្នាបានទេ”។
លោក សម រង្ស៊ី បានលើកឡើងកាលពីថ្ងៃច័ន្ទថា គណបក្សសង្គ្រោះជាតិនឹងធ្វើមហាបាតុកម្មឡើងវិញនៅចន្លោះពីថ្ងៃទី២ ខែឧសភា ដល់ថ្ងៃទី១៧ខែឧសភា ដោយឆ្លៀតពេលដែលរដ្ឋាភិបាលស្ទាក់ស្ទើរក្នុងការបង្ក្រាបសកម្មភាពនយោបាយអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត៕ ស៊ុយឈាង