34 C
Phnom Penh

សាលាដំបូង​ខេត្ត​រតនគិរី​សាកសួរ​អ្នក​ភូមិ​ដែលពាក់ព័ន្ធវិវាទដីជាមួយ​មន្ត្រី​រាជការ​​នៅ​ភ្នំពេញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីថ្ងៃចន្ទ សា​លា​ដំបូង​ខេត្ត​រតន​គិរី​បាន​សាក​សួរ​អ្នក​ភូមិ​បី​នាក់​​ក្នុង​ចំណោម​អ្នក​​​ភូមិ​១៥០​គ្រួសារ​ដែលត្រូវ​​បាន​ចោទ​ប្រកាន់​​​ ថា បាន​ចាប់​យក​ដីរបស់​មន្ត្រី​រាជ​ការ​ម្នាក់​ក្នុង​រាជធានីភ្នំពេញ​ដែល​បាន​ទិញ​ដី​នេះ​កាល​ពីឆ្នាំ​២០០៧​។

បុរស​​បី​នាក់​ដែល​ត្រូវ​បាន​​សាក​សួរ​នោះ​បាន​​និយាយ​​ថា ពួក​គាត់​បាន​មក​រស់​នៅ​លើ​ដី​ទំហំ​១៨៦​ហិកតា​​ក្នុង​ស្រុក​បរកែវ​នេះ​ ដើម្បី​​ ជីក​ត្បូង​កាល​ពីឆ្នាំ​២០០៧​​ ហើយ​បាន​ចាប់​ផ្តើម​សាង​សង់​លំនៅ​ដ្ឋាន​ដោយ​គ្មាន​ការ​ជំទាស់​ពី​នរណា​ម្នាក់​ឡើយ​។

កាល​ពីឆ្នាំ​២០១២​ក្រុម​និស្សិត​ស្ម័គ្រ​ចិត្ត​បាន​មក​វាស់​វែង​ដី​នេះដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្តល់​ប័ណ្ណកម្ម​សិទ្ធិ​ដី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។ ប៉ុន្តែ បើ​ទោះ​ជា​មាន​សំណើ​សុំ​ដីនេះ​ពីអ្នក​ភូមិ​ចំនួន​​​១៥០  គ្រួ​សារ​​នេះក៏ដោយ​ ក៏​ប័ណ្ណកម្មសិទ្ធិ​ត្រូវ  ​បាន​ផ្តល់​​ជាផ្លូវ​ការ​ទៅ​​ឲ្យ​អ្នក​ភូមិមួយ​ក្រុម​ផ្សេង​​ដែល មាន​​​១៥​គ្រួសារទៅវិញ ដែល​ភា​គ​ច្រើននៃ​គ្រួសារទាំង​នោះ​​​​ជាសាច់​ញាតិ​របស់​លោក​ ហេង សុជាតិ ជាមន្ត្រី​សាលា​​រាជ​​​​ធានី​ភ្នំពេញ​។

លោ​ក ឡុច ឡៅ ជា​ចៅ​ក្រម​សើុប​សួរ​បាន​មានប្រសាសន៍​ថា អ្នក​ភូមិ​១៥​គ្រួសារ​ដែលមាន​​ប័ណ្ណ​កម្ម​សិទ្ធិ​ដីជាប្លង់រឹង​​​នោះ បាន​​ដាក់​ពាក្យ​បណ្តឹង​កាល​ពី​ខែ​តុលា​។​​ ចំណែក​ អ្នក​ភូមិ​១៥០​គ្រួសារ​ដែល​​គ្មាន​ប័ណ្ណកម្មសិទ្ធិ​ដី​ប្រឈម​នឹង​ការ​បណ្តេ​ញ​ចេញ​។

លោក​​ ចៅ ក្រម ឡុច ឡៅ មាន​​​ប្រសាសន​៍ ​ថា អ្នក​ភូមិ​១៥​គ្រួសារ​ដែល​ជា​ដើម​ចោទ​សុទ្ធតែមាន​ប័ណ្ណ កម្មសិទ្ធិដី​ជា​ប្លង់រឹង​ដែល​ចេញដោយ​​រដ្ឋាភិបាល​ ចំណែក​​ចុង​ចោទ​ទាំង​នោះ​​មិនមាន​​​ឯកសារ​ដើម្បី​បង្ហាញ​ពី​ភាព​ជា​ម្ចាស់ ឬ​លំនៅ​ដ្ឋាន​នៅ​លើ​ដី​ដែល​មាន​បញ្ហា​នោះទេ​។

លោក សូត សឿន ​បុរស​ម្នាក់​ក្នុង​ចំណោម​​បុរស​បីនាក់​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​តុលា​ការ​កាល​ពីថ្ងៃ​ច័ន្ទ​ បាន​និយាយ​ថា អ្នក​ភូមិ​​​ទាំង​១៥០​គ្រួសារ​គួរ​តែទទួល​បាន​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​កាល​ពីឆ្នាំ​២០១២​ ពីព្រោះ​ពួក​គាត់​បាន​រស់​នៅ​ និង​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នេះ​រយៈ​ពេល​ច្រើន​ឆ្នាំ​​ហើយ​។

លោក​បាន​និយាយ​ថា “​ខ្ញុំ​បាន​ប្រាប់​លោក​​ចៅ​ក្រម​​សើុប​សួរ​ថា យើង​បាន​រស់​នៅ​ និង​ធ្វើ​ស្រែ​ចម្ការ​លើ​ដី​នេះ​យ៉ាង​តិច​ក៏​ប្រាំពីរ​ឆ្នាំដែរ​ ដូច្នេះ​យើង​មិន​បាន​ចាប់​យក​ដី​​របស់​អ្នក​ផ្សេង​​ឡើយ​”។

តាម​ច្បាប់​ ដី​អាច​​កាន់​កាប់​​ដោយ​ស្រប​ច្បាប់​ ប្រសិន​បើ​គ្រួសារ​ណា​មួយ​​បាន​រស់​នៅ​លើ​ដី​នោះ​លើស​ពី​ប្រាំឆ្នាំ​នៅមុ​ន​ឆ្នាំ​២០០១​។

ពេល​ទាក់​ទង​កាល​ពីម្សិលមិញ លោក សុជាតិ​ បាន​បដិសេធ​មិន​ប្រាប់​ពី​តួ​នាទី​របស់​លោក​ជាមន្ត្រី​នៅ​សាលា​រាជធានី​ភ្នំពេញ​ទេ ប៉ុន្តែ បានមាន​ប្រសាសន៍ថា លោក​បាន​ទិញ​ដី​ក្នុង​ខេត្ត​រតនគិរី​នេះ​ក្នុង​ទសវត្សរ៍ឆ្នាំ​២០០០​ បន្ទាប់​ពីរដ្ឋាភិបា​ល​បាន​ចាត់​តាំង​លោក​ឲ្យមក​ដោះស្រាយ​បញ្ហា​ជន​ភៀស​ខ្លួន​​ម៉ុង​តាញ៉ា​ មក​ពី​ប្រទេស​វៀត​ណាម​ដែល​​បាន​ស្វែង​រក​សិទ្ធិ​ជ្រក​កោននៅក្នុង​ខេត្ត​នេះ​។

លោក សុជាតិ បាន​មាន​ប្រសាសន៍​ថា ​​លោក​បាន​ទិញ​ដី​ដែល​មាន​វិវាទ​នេះ​កាល​​ពី​ដើមឆ្នាំ​២០០៧​ជា​គម្រោង​សោធននិវត្តន៍។ លោក​បានមាន​ប្រសា​សន៍​ថា អ្នក​ភូមិ​១៥០​គ្រួសារ​បាន​ចាប់​ផ្តើម​មក​សង់​លំនៅដ្ឋាន​លើដី​នេះ​ជា​បន្ត​បន្ទាប់​កាល​ពីឆ្នាំ​២០១៣​។

លោក​បានមាន​ប្រសាសន៍ថា “ដំបូង​មាន​អ្នក​ភូមិ​ចំណាក​ស្រុក​តែ​ពីរ​បី​គ្រួសារ​ប៉ុណ្ណោះ​ដែល​បាន​មក​រស់​នៅលើ​ដី​នេះ​អំឡុង​ការ​ធ្វើ​យុទ្ធ​នាការ​​ឃោស​នាបោះ​ឆ្នោត​ជាតិ​កាល​ពីឆ្នាំ​មុន​”។ លោក​បាន​បន្ថែម​ថា “បន្ទាប់​មក​អ្នក​ភូមិ​កាន់​តែ​ច្រើន​ឡើង​ៗ​បាន​មក​រ​ស់​នៅ​លើ​ដី​របស់​ខ្ញុំ​ ហើយ​អាជ្ញា​ធរ​មិន​យកចិត្ត​ទុក​ដាក់​នឹង​បញ្ហា​នេះ​ទេ​ ពីព្រោះ​ពួក​គេ​ជាប់​រវល់​ធ្វើ​យុទ្ធ​នាការឃោស​នា​បោះ​ឆ្នោត​​”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស