រយៈពេលជាងមួយឆ្នាំបន្ទាប់ពីពិធីបុណ្យព្រះបរមសពព្រះបរមរតនកោដ្ឋសម្ដេចឪ នរោត្តម សីហនុ នៅទីបំផុតកម្មករកំពុងតែរុះរើព្រះមេរុថ្វាយព្រះភ្លើងចេញពីវាលព្រះមេរុ ដែលស្ថិតនៅចំកណ្ដាលរាជធានីភ្នំពេញ។

ដោយមានទីតាំងស្ថិតនៅជាប់ព្រះបរមរាជវាំង វាលព្រះមេរុ ដែលជាសំណង់មានតម្លៃរាប់លានដុល្លារដែលគេសង់ឡើងសម្រាប់ថ្វាយព្រះភ្លើងអតីតព្រះមហាក្សត្រជាទីស្រឡាញ់របស់ប្រជារាស្ត្រនោះ ពេលនេះបានក្លាយជាទីវាលបណ្ដើរៗហើយ។
លោក អ៊ុំ តារាវុធ សមាជិកខុទ្ទកាល័យព្រះបរមរាជវាំងបានមានប្រសាសន៍សំដៅដល់ព្រះមេរុដែលត្រូវបានសាងសង់ឡើងសម្រាប់ពិធីបុណ្យព្រះបរមសពសម្ដេចឪកាលពីខែកុម្ភៈ ឆ្នាំ២០១៣ថា “នៅពេលនេះខ្ញុំគ្រាន់តែដឹងថា [ព្រះពន្លា] កំពុងត្រូវគេរុះរើបណ្ដើរៗដើម្បីរៀបចំធ្វើសួនច្បារឡើងវិញ”។
លោកបានបង្វែរសំណួរបន្ថែមទៀតទៅលោក គង់ សំអុល រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងដែលមិនអាចទាក់ទងសុំការបំភ្លឺបាន។
កាលពីខែមករា ព្រះអង្គម្ចាស់ សីុសុវត្ថិ ធម្មិកោ ដែលធ្លាប់កាន់មុខតំណែងជាទីប្រឹក្សារបស់សម្ដេចឪនរោត្តម សីហនុ អស់រយៈពេលជាច្រើនឆ្នាំ បានមានបន្ទោលថា សភាពនៅវាលព្រះមេរុ “ធ្វើឲ្យកម្ពុជាអាមា៉ស់មុខ”។
គិតមកត្រឹមថ្ងៃម្សិលមិញនេះ ព្រះពន្លាទី១ក្នុងចំណោមព្រះពន្លាទាំងប្រាបីនៅខាងក្នុងវាលព្រះមេរុត្រូវបានវាយកម្ទេចសល់តែគ្រោងឆ្អឹងនិងកម្ទេចថ្ម។ កម្មករប្រាំមួយនាក់បានវាយកម្ទេចសសរបេតុងនឹងញញួរ ខណៈពេលបុរសម្នាក់ដែលអះអាងថា ខ្លួនជាអង្គរក្សការពារព្រះបរមរាជវាំងសម្លឹងមើលពីអង្រឹងរបស់ខ្លួន។
អង្គរក្សរូបនេះដែលសុំមិនបញ្ចេញឈ្មោះដោយសារតែថ្នាក់លើរបស់គាត់ហាមមិនឲ្យនិយាយជាមួយអ្នកយកព័ត៌មាន និយាយថា “យើងនឹងយករបស់របរទាំងអស់ សូម្បីតែកម្ទេចថ្មនៅក្នុងបរិវេណនេះត្រឡប់ទៅព្រះបរមរាជវាំងវិញ ដើម្បីទុកទីធ្លានេះធ្វើសួនច្បារដូចមុន”។
អង្គរក្សដដែលនិយាយទៀតថា ការសម្អាតទីធ្លាវាលព្រះមេរុនឹងចប់រួចរាល់ក្នុងរយៈពេល២០ថ្ងៃ។ គាត់បានបញ្ជាក់ថា ការងារវាយកម្ទេចនិងបោសសម្អាតទីធ្លានេះធ្វើឡើងដោយក្រុមហ៊ុនសំណង់វីស្ប៉ាន ដែលទទួលបានកិច្ចសន្យាសាងសង់វាលព្រះមេរុនេះ។ ក្រុមហ៊ុននេះជារបស់លោកស្រី គង់ ផាន់យ៉ា ដែលជាកូនស្រីរបស់លោក គង់ សំអុល។
អង្គរក្សរូបនេះបាននិយាយទៀតថា “នៅពេលក្រុមហ៊ុនវីស្ប៉ាន ចប់រួចរាល់ សួននេះនឹងទុកសម្រាប់ធ្វើពិធីច្រត់ព្រះនង្គ័លឡើងវិញ”។ ពិធីច្រត់ព្រះនង្គ័លដែលជាធម្មតាតែងតែប្រារព្ធឡើងនៅវាលព្រះមេរុ នៅក្នុងខែឧសភា ត្រូវបានប្ដូរទីតាំងទៅធ្វើនៅក្រុងកំពង់ចាម កាលពីឆ្នាំមុន ដោយសារតែវត្តមានសំណង់ព្រះមេរុទាំងនេះ។
លោក ខៀវ កាញារីទ្ធ បានប្រកាសកាលពីខែមុនថា ពិធីច្រត់ព្រះនង្គ័លក្នុងឆ្នាំនេះនឹងប្រារព្ធឡើងនៅក្នុងក្រុងតាខ្មៅ។ ចំណែកឯលោក អ៊ុំ តារាវុធ វិញបានមានប្រសាសន៍កាលពីម្សិលមិញថា ពិធីនេះទំនងជាប្រារព្ធនៅក្នុងរាជធានីភ្នំពេញវិញនៅឆ្នាំក្រោយ៕ សុខុម