38 C
Phnom Penh

ការ​បើក​សវនាការ​ទាក់​ទិន​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ វន់​ ពៅ​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​លើក​ទី៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​បើក​សវនាការ​ជាលើក​ទី​៤​ទាក់​ទិន​នឹង​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ត្រូវបាន​ធ្វើ​​ឡើង​សម្រាប់​លោក​ វន់​ ពៅ មេដឹក​នាំ​សហជីព​កំពុង​ជាប់​ឃុំ​​ មុន​​ការបើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​លោក​​នៅ​ក្នុង​ខែ​នេះ​ជាមួយ​អ្នក​ផ្សេង​ចំនួន​២២​នាក់​ទៀត​ដែល​ជាប់​ទាក់​ទិន​នៅ​ក្នុង​ការ​ធ្វើ​កូដកម្ម​របស់​កម្មករ​រោង​ចក្រ​កាត់​ដេរ​ កាល​ពី​ខែ​មករា​ ក្នុង​រាជ​ធានី​ភ្នំពេញ​។

ដោយ​ធ្លាប់​ត្រូ​វ​បាន​បដិសេធ​មិន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​​ដោយ​សាលា​រាជ​ធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មករា​ និង​ដោយ​សាលា​ឧទ្ធរណ៍​កាល​​ពី​ថ្ងៃ​ទី​១១​ ខែ​កុម្ភៈ​ និង​ថ្ងៃ​ទី​ ២៥​ ខែមីនា​ ប្រធាន​សមាគម​ប្រជាធិប​េតយ្យ​​​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ ​ដែល​កំពុង​មាន​ជំងឺ​រូប​នេះ​ នឹង​ត្រូវ​សាលា​ដំបូង​បើក​​សវនាការម្តង​ទៀ​ត​នៅ​ក្នុង​ថ្ងៃ​សុក្រ​នេះ​ទាក់​ទិន​នឹង​សំណើ​​របស់​លោក​ដែល​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​នៅ​ក្រៅ​ឃុំ​​ មុន​ពេល​ត្រូវ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​របស់​លោក​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៨​ ខែ​មេសា​។

ចៅ​ក្រម​ កែវ​ មុន្នី​ បានថ្លែង​​ថា “យើង​នឹង​​​​បើក​សវនាការ​ទាក់​ទិន​នឹង​ការ​សុំ​ឲ្យ​មាន​ការ​ដោះ​លែងនៅ​ក្រៅ​ឃុំ​សម្រាប់​វន់​ ពៅ​ និង​ សុគន្ធ​ សម្បត្តិពិសិដ្ឋ​ នៅ​ថ្ងៃ​ទី​៤​ ខែ​មេសា​ ហើយ​​​​យើង​បាន​ផ្តល់​ព័ត៌មាន​ដល់​មណ្ឌល​​​អប់​រំ​កែ​ប្រែ​ទី​៣​នៅ​ក្នុង​ខេត្ត​កំពង់​ចាម​រួច​ហើយ​”។ លោក​ សម្បត្តិ​ពិសិដ្ឋ​ គឺ​ជា​សមាជិក​នៅមជ្ឈមណ្ឌល​សម្រាប់​សិទ្ធិ​ការ​ងារ​​​កម្ពុជា​។

លោក​ វា៉​ សក្តា​ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ការ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​នឹង​ត្រូវ​ធ្វើ្​ឡើង​នៅ​ថ្ងៃ​ទី​១៨​ ខែ​មេសា​។

បុរស​ទាំង​ពីរ​ត្រូវ​បាន​ចាប់​ខ្លួន​​និង​វាយ​ដំ​អំឡុង​ការ​បង្ក្រាបដ៏​ហិង្សា​របស់​រដ្ឋាភិបាល​លើ​កូដកម្ម​រោង​ចក្រ​កាត់​ដេរ​។ ពួក​គេ​ទាំង​ពីរ​កំពុង​តែ​មាន​បញ្ហា​សុខភាព​​ ជា​ហេតុ​ដែល​មេធាវី​របស់​ពួក​គេ​បាន​លើក​ឡើង​ថា តុលា​ការ​គួរ​តែ​ដោះ​លែង​ពួក​គេ​ ព្រោះ​លោក​ វន់​ ពៅ ​មាន​បញ្ហា​តម្រង​នោម​​​ រីឯ​លោក​ សម្បតិ្ត​ពិសិដ្ឋ​ វិញ​បាន​បាក់​ដៃ​ម្ខាង​។

លោក​ មុត ពិសិដ្ឋ​ មេ​ធាវី​របស់​លោក​ សម្បត​​ិ្ត​ពិសិដ្ឋ​​ បាន​មាន​ប្រសាសន៍​ថា “យើង​ស្នើ​សុំ​ឲ្យ​មាន​ការ​ដោះ​​លែង​នៅ​ក្រៅ​ឃុំ​សម្រាប់​លោក​ ពិសិដ្ឋ​ ព្រោះ​គាត់​បាន​បាក់​ដៃ​​​ម្ខាង​ ហើយ​ចាំ​បាច់​ត្រូវ​តែ​ទៅ​ព្យាបាល​។ ប្រសិន​បើ​គាត់​មិន​ត្រូវ​បាន​ព្យាបាល​ក្នុង​រយៈពេល​ប្រាំ​ខែ​ទេនោះ ​គាត់​នឹង​មិន​អាច​ជា​សះ​ស្បើយ​បាន​ឡើយ​”។

លោក​ គឹម​ សុជាតិ​ មេធាវី​របស់​លោក​ វន់​ ពៅ​ បាន​លើក​ឡើង​ថា គ្មាន​ភ័ស្តុ​តាង​គ្រប់​គ្រាន់​ដែល​អាច​ជួយ​ឲ្យ​មាន​ការ​ដោះ​លែង​សម្រាប់​កូន​ក្តី​របស់​លោក​ ព្រោះ​បទ​ចោទ​ដែល​​ដាក់​បន្ទុក​មក​លើ​គាត​់​ត្រូវ​បាន​បន្ធូរ​បន្ថយ​ពី​បទ “ប្រើ​អំពើ​ហិង្សា​និង​បង្ក​ការ​ខូច​ខាត​” ទៅ​ជា​បទ “រំខាន​ដល់​ចរាចរ​ណ៍​សាធារណៈ​” និង​ពី​បទ​ញុះញង់ ទៅ​ជា​បទ​ប្រព្រឹត្ត​បទ​ល្មើស” ​វិញ។

លោក​បាន​មាន​ប្រសាសន៍​ថា “ចាប់​តាំង​ពី​តុលាការ​បាន​កែ​ប្រែ​បទ​ចោទ​របស់​ខ្លួន​មក យើង​មាន​សង្ឃឹម​ថា វា​នឹង​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​គាត់​នៅ​ក្រៅ​ឃុំ​​ ព្រោះ​គាត់​លែង​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​​បទ​ល្មើស​ធ្ងន់​ធ្ងរ​ទៀត​ហើយ​”។

ការ​បើក​សវនាការ​ជំនុំជម្រះ​រឿង​ក្តី​របស់​ជន​សង្ស័យ​ចំនួន​២៣​នាក់​ដាច់​ដោយ​ឡែក​ចំនួន​បី​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៨​ ខែ​មេសា​។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​២៣​នាក់​នេះ​ មាន​តែ​ពីរ​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ លោក​ វន់ ពៅ​ មិន​ត្រូវ​បាន​ដឹក​ទៅ​កាន់​កន្លែង​បើក​សវនា​ការ​ចុង​ក្រោយ​​ ទាក់​ទិន​នឹង​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​នោះ​ទេ​ ព្រោះ​ប្រធាន​ពន្ធនា​គារ​បានលើក​ឡើង​ថា “រថយន្ត​របស់​គាត់​មាន​បញ្ហា​” ៕​ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស