សហជីពកម្មកររោងចក្រកាត់ដេរបានខ្វែងគំនិតគ្នាជាមួយថៅកែរោងចក្រអំពីគម្រោងរបស់សហជីពក្នុងការប្រើប្រាស់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំខែ្មរនៅពេលខាងមុខដើម្បីធ្វើកូដកម្មទូទាំងប្រទេស។
នៅថ្ងៃនេះសម្ព័ន្ធសហជីពចំនួនប្រាំបីនឹងផ្ញើលិខិតទៅសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដោយលើកឡើងថា កម្មករនឹងប្រើប្រាស់ថ្ងៃឈប់សម្រាកប្រចាំឆ្នាំរបស់ខ្លួនដើម្បីបន្តឈប់ហួសពីថ្ងៃឈប់សម្រាករយៈពេលបីថ្ងៃដែលចាប់ផ្តើមនៅថ្ងៃទី១៤ខែមេសារហូតដល់ថ្ងៃទី២២ ខែមេសា។
លិខិតនេះមានខ្លឹមសារថា “ដោយសារមានសំណើពីសហជីពនិងសមាជិកសហជីពនៅតាមរោងចក្រនានានោះពួកគេនឹងប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបន្តឈប់សម្រាកក្រោយបុណ្យចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែមេសាតាមមាត្រា១៧០នៃច្បាប់ការងារ”។
លិខិតនេះបន្តថា “ជាមួយថ្ងៃឈប់សម្រាក នេះ យើងស្នើឲ្យ [សមាគម] ជួយដោះស្រាយ បញ្ហាមួយចំនួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានដើម្បីធានាថាអ្នកបញ្ជាទិញមានទំនុកចិត្តបន្តការងារជាមួយរោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងនៅប្រទេសកម្ពុជាទៀត និងធ្វើឲ្យវិស័យនេះមាននិរន្តរភាព”។
មាត្រា១៧០នៃច្បាប់ការងារចែងថា និយោ ជិតទាំងអស់មានសិទ្ធិឈប់សម្រាកប្រចាំឆ្នាំចំនួន១៨ថ្ងៃដោយមានប្រាក់ឈ្នួល ប៉ុន្តែ បន្ទាប់ពីធ្វើការបានរយៈពេលមួយឆ្នាំ ហើយត្រូវជូនដំណឹងត្រឹមត្រូវដល់និយោជកដែលក៏ត្រូវអនុម័តយល់ព្រមផ្តល់ថ្ងៃឈប់សម្រាកផងដែរ។
លោក កែន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដែលតំណាងឲ្យរោងចក្រកាត់ដេរ និងរោងចក្រស្បែកជើងប្រហែល៤៥០រោងចក្រដែលមានកម្មករបម្រើការងារប្រហែល៥០០.០០០នាក់នោះបានមានប្រសាសន៍ថា សហជីពទាំងនេះធ្វើការហួសដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការផ្ញើលិខិតជូនដំណឹងដល់សមាជិកសមាគមអំពីការបន្តថ្ងៃឈប់សម្រាកនោះ។
លោក កែន លូ បានមានប្រសាសន៍ថា “សំណើសំុឈប់សម្រាកដែលធ្វើឲ្យរាំងស្ទះគឺជារឿងខុសច្បាប់។ សហជីពគ្មានសិទ្ធិស្នើសុំឈប់សម្រាកជំនួសកម្មករឡើយ ហើយក្នុងករណីចាំបាច់ ការស្នើសុំណាមួយត្រូវមានការយល់ព្រមពីអ្នកគ្រប់គ្រង”។
អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសម្ព័ន្ធសហជីពកម្ពុជាបានមានប្រសាសន៍ថា សមាជិករបស់អ្នកស្រីនឹងស្នើសុំបន្តថ្ងៃឈប់សម្រាករបស់ខ្លួនដដែលដោយមិនគិតពីច្បាប់ឡើយ។
អ្នកស្រី សុភ័ណ្ឌ បានមានប្រសាសន៍ថា “យើងគ្មានជម្រើសទេ។ យើងត្រូវតែធ្វើដូចនេះពីព្រោះរដ្ឋាភិបាលរារាំងយើងមិនឲ្យធ្វើបាតុកម្ម និងកូដកម្ម។ យើងនឹងគាំទ្រកម្មករ ហើយដោយមានការគាំទ្រពីអន្តរជាតិ យើងជឿថា ការដាក់សម្ពាធនេះនឹងជំរុញឲ្យរដ្ឋាភិបាលស្វែងរកដំណោះស្រាយចំពោះការទាមទាររបស់យើង”។
នៅក្នុងលិខិតដដែលនេះ សហជីពស្នើឲ្យសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដោះស្រាយការទាមទារចំនួនប្រាំពីរចំណុចរួមទាំងការដោះលែងអ្នកជាប់ឃុំ២១នាក់ដែលត្រូវបានឃុំខ្លួននៅមជ្ឃមណ្ឌលអប់រំកែប្រែទី៣ក្នុងខេត្តកំពង់ចាមចាប់តាំងពីត្រូវបានចាប់ខ្លួននៅកន្លែងតវ៉ារបស់កម្មកររោងចក្រកាត់ដេរដែលបានប្រែក្លាយជាហិង្សាកាលពីខែមករា។
សហជីពក៏បានស្វះស្វែងឲ្យមានការដំឡើងប្រាក់ខែគោលដល់១៦០ដុល្លារផងដែរ។ការសិក្សារបស់រដ្ឋាភិបាលកាលពីឆ្នាំមុនបានរកឃើញថា ប្រាក់ខែគោល១៥៧ដុល្លារគឺជាប្រាក់ខែល្មមអាចរស់បានក្នុងប្រទេសកម្ពុជា។
លោក កែន លូ បានថ្លែងថា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាមិនមានអំណាចផ្តល់ឲ្យតាមការទាមទាររបស់សហជីពបានឡើយ។
ដោយសំដៅដល់អ្នកជាប់ឃុំទាំងនោះ លោក កែន លូ បានថ្លែងថា “វាមិនស្ថិតនៅក្នុងសមត្ថកិច្ចរបស់យើងទេពាក់ព័ន្ធបញ្ហានេះ មាននីតិវិធីផ្លូវច្បាប់ដែលត្រូវអនុវត្តតាម ហើយយើងមិនអាចជ្រៀតជ្រែកបានទេ”។ លោកបានមានប្រសាសន៍បន្ថែមថា “យើងមានការព្រួយបារម្ភ ហើយមិនមានការចរចាសុំដំឡើងប្រាក់ខែគោលទៀតទេនៅក្នុងឆ្នាំ២០១៤នេះ”៕សារុន