33 C
Phnom Penh

មេដឹកនាំ​សហជីព​ស៊ីខៅឌូបដិសេធថាមិនបាន​ប្រព្រឹត្ត​អំពើពុក​រលួយ​​អំឡុង​ពេលតុលាការ​សាកសួរ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីម្សិលមិញ​សាលាដំបូង​រាជ​ធានី​ភ្នំពេញបាន​សាក​សួរ​មន្ត្រី​ជាន់​ខ្ពស់បី​រូប​មកពី​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់ ដេរ​កម្ពុជា​ (សីុខៅឌូ) ដែល​ត្រូវ​បាន​ចោទ​​ប្រកាន់​ពីបទ​កិប​កេង​ប្រាក់​ចំនួន​៩២.៩២៩​​ដុល្លារ​។ មាន​ប្រសាសន៍​បន្ទាប់ពីការ​សាក​សួរ​ដោយ​ លោក ឯក ឆេងហួត ព្រះរាជ​អាជ្ញា​រង​អម​សាលាដំបូង​ លោក អាត់ ធន់ ប្រធាន​សហ ជីព​នេះ​បាន​បដិសេធ​ថា លោក​​​មិន​បាន​កិប​កេង​ប្រាក់​​សម្រាប់​​បើក​​ឲ្យ​កម្មករ​​ដែល​មាន​វិវាទ​ជាមួយ​ថៅកែ​របស់​ខ្លួន​​នៅ​រោង​ចក្រ​កាត់​​ដេរ​មួយ​​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​អ្វីដែល​គេ​បាន​ចោទ​ប្រកាន់​ឡើយ​​។ យើង​ជួយ​កម្មករ​ឲ្យ​បាន​ចូល​បម្រើ​ការ​ងារ​វិញ និង​ទាម​ទារ​ឲ្យ​រោង​ចក្រ​​បើក​​ប្រាក់​​នោះ​​ដល់​ពួកគេ​ទៀត​ផង​”។ លោក​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ច្បាស់​ថា តើ​​វិធាន​ការ​​បន្ទាប់​របស់​​តុលាការ​ជាអ្វី​នោះ​ឡើយ​។

ការ​សាកសួរ​នេះ​ធ្វើឡើង​បន្ទាប់ពី​កម្ម​ករ​៤០​នាក់​រួម​ជាមួយ​អតីត​អ្នក​រៀប​ចំ​​ពីរ​នាក់​របស់​ស៊ីខៅឌូ កាលពីខែ​មុន​បាន​ដាក​់​ពាក្យ​បណ្ដឹង​ប្ដឹង​លោក​ អាត់ ធន់ ​លោក គង់ អាទិត្យ អនុ​ប្រធាន​សហជីព​​ និង​លោក​ ឯក ភក្ដី អគ្គ​លេខាធិការ​សហ​ជីព​។

ពាក្យ​បណ្ដឹង​នោះ​ចោទប្រកាន់ថា កម្មករ​ទាំង​អស់​ទទួល​បាន​ប្រាក់​ចាប់​ពី​១.២៥០​ដុល្លារ​ដល់​២.៧០០​ដុល្លារតែ​​​ប៉ុណ្ណោះ​​នៅ​ពេល​ដោះ​ស្រាយ​ជាមួយ​រោងចក្រ​កាត់​ដេរ E Garment កាលពី​ឆ្នាំ​២០០៨ ហើយ​​កម្មករ​​គួរ​តែ​​ទទួល​បាន​ប្រាក់​ចាប់ពី​៣.០០០​ដុល្លារ​ដល់​៤.០០០​ដុល្លារ​ឯណោះ​ក្នុង​ម្នាក់​ៗ។

លោក អ៊ុំ វិសាល ដែល​ជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ប្រាំពីរ​នាក់​ ដែល​​បាន​បង្កើត​ស៊ីខៅឌូ កាលពីឆ្នាំ​២០០០​អះអាង​ជាមួយ​មន្ត្រី​សហជីព​ម្នាក់​ទៀត​ថា លោក ​អាត់ ធន់ បាន​ស្នើឲ្យ​បើក​​ប្រាក់ខែ​​ដល់ពួកគេ​ច្រើន​ជាង​នេះ​ដើម្បី​បិទ​បាំង​អំពើ​ពុក​រលួយ​។

កាលពីថ្ងៃ​សុក្រ លោក​ វិសាល បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​អំពាវ​នាវ​ឲ្យ​ដក​បុរស​ទាំង​បីនាក់​នេះ​ចេញពី​តួនាទី​។ ប៉ុន្តែ​លោក អាត់ ធន់ បាន​មាន​​ប្រសា​សន៍​​កាលពីម្សិលមិញ​ថា លោក វិសាល “មាន​បំណង​ញុះញង់​កម្មករ​ឲ្យ​បំបែក​បំបាក់​ស៊ីខៅឌូ ពីព្រោះ​គា​ត់មើលឃើញ​ថា សហជីព​កាន​់​តែ​ខ្លាំង​”។ លោក​ក៏បាន​​អះអាង​ផង​ដែរ​ថា សមា​ជិក​សហជីព​៩៩​ភាគរយ​យល់​ស្រប​ឲ្យ​បណ្ដេញ​លោក វិសាល ចេញ​ពីព្រោះ​គាត់​​បដិសេធ​មិន​បន្ត​កិច្ច​សន្យា​ដល់​សមា​ជិក​។

លោក គង់ ​អាទិត្យ ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​កិប​កេង​ប្រាក់​នោះ​បាន​មាន​​ប្រសាសន៍​ថា លោក វិសាល  នឹង​​​ “ស្ដាយ​ ក្រោយ” ចំពោះ​ការ​ធ្វើ​ការ​ដើម្បី​តែ​ប្រយោជន៍​ ផ្ទាល់​ខ្លួននោះ​។ លោក​បានមាន​ប្រសាសន៍ ថា “ខ្ញុំ​មិន​បាន​កិប​កេង​ប្រាក់​​ទេ ហើយ​ខ្ញុំ​មិន​​​ទទួល​បន្ទុក​​កិច្ច​ការ​​ហិរញ្ញវត្ថុឡើយ”។

នៅពេល​​ទាក់​ទង​តាមទូរស័ព្ទ​ លោក វិសាល បាន​មាន​ប្រសាសន៍​ថា លោក​មាន​ជំនឿ​ថា អ្នក​ទាំង​បីនាក់នេះ​មាន​​ពិរុទ្ធភាព​ពីបទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ហើយ​ក៏បាន​​ជំទាស់​នឹង​កា​រ​ទាម​ទារ​របស់​លោក អាត់ ធន់ ឲ្យ​ដក​រូប​លោក​ចេញពី​តួនាទី​ផង​ដែរ​។

លោក​បាន​មាន​​ប្រសាសន៍​ថា “គ្មាន​នរណា​​ ម្នាក់​នៅ​ពីក្រោយ​ខ្ញុំ​ឲ្យ​ព្យាយាម​បំបែក​បំបាក់​ស៊ីខៅឌូទេ”។ លោក​បាន​​​បន្ត​​​​ថា “ខ្ញុំ​បាន​ព្យាយាម​ពិភាក្សា​ជាមួយ​គាត់​ដោយ​ផ្ទាល់​ច្រើន​លើក​ច្រើន​សាមក​ហើយ ប៉ុន្តែ​គាត់​តែង​តែ​​និយាយ​ថា គាត់​ជាប់​រវល់​”។ លោក​បាន​បន្ថែម​ថា លោក អាត់ ធន់​ គ្មាន​សិទ្ធិ​ដក​លោកចេញទេ​។

លោក​ អាត់ ធន់ ស្ថិត​ក្នុង​ចំណោម​មេដឹក​នាំ​សហជីព​ប្រាំមួយ​រូប​ដែលជា​គោលដៅ​នៃ​ការ​គំរាម​កំហែង​ផ្លូវ​ច្បាប់​ពី​ថៅកែ​រោង​ចក្រ​ និង​រដ្ឋាភិ បាល​ចំពោះការ​ព្យាយាម​រៀប​ចំ​កូដ​កម្ម​ និង​ការ​តវ៉ាទូទាំង​ប្រទេស​ ​ដើម្បី​​ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​១៦០​ដុល្លារ​នៅ​ក្នុង​វិស័យ​កាត់​ដេរ​៕ សារុន           

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស