ក្រសួងមហាផ្ទៃថា ក្រុមសណ្ដាប់ធ្នាប់ខណ្ឌបណ្ដេញលោកស្រី មូរ សុខហួរ ឲ្យចេញពីទីលានប្រជាធិបតេយ្យដោយសារពួកគេ “មិនចូលចិត្តគាត់”
លោកស្រី មូរ សុខហួរ ដែលជាតំណាងរាស្ត្រជាន់ខ្ពស់របស់គណបក្សប្រឆាំងបានដើរចូលទៅទីលានប្រជាធិបតេយ្យកាលពីម្សិលមិញ និងមានអ្នកថតរូបព័ត៌មានមួយក្រុមតូចដើរតាម ហើយលោកស្រីបានឈប់ដើម្បីថតរូបនៅមុខនគរបាលបង្ក្រាបបាតុកម្មរាជធានីប្រហែល១០០នាក់ ដែលកំពុងហាត់សមនៅទីលានប្រជាធិបតេយ្យ។

សកម្មភាពរបស់លោកស្រី មូរ សុខហួរ ផ្គើននឹងបម្រាមរបស់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា មិនឲ្យមានការប្រមូលផ្ដុំគ្នានៅទីសាធារណៈនេះ មិនបានល្មើសច្បាប់ណាមួយឡើយ ហើយក៏មិនអាចចាត់ទុកថា ជាការប្រមូលផ្ដុំដែរ។
ប៉ុន្តែភ្លាមៗនោះ លោកស្រីត្រូវបានបុរសវ័យក្មេងៗមួយក្រុមដែលពាក់មួកការពារសុវត្ថិភាពព័ទ្ធជុំជិត។ បុរសទាំងនេះដែលគស្គាល់ថា ជាក្រុមសណ្ដាប់ធ្នាប់ខណ្ឌស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមហាផ្ទៃបានចាប់ទាញលោកស្រី មូរ សុខហួរ បង្ខំឲ្យលោកស្រីចាកចេញទៅកាន់ផ្លូវមួយជាប់នោះ។
នៅក្នុងវីដេអូឃ្លីបបង្ហោះតាមហ្វេសបុ៊កយើងអាចមើលឃើញលោកស្រី មូរ សុខហួរ ទទូចចង់ដឹងថា តើលោកស្រីបានល្មើសច្បាប់អ្វី និងចង់ដឹងថា តើបុរសទាំងនេះធ្វើតាមបញ្ជារបស់អ្នកណា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា សកម្មភាពរបស់លោកស្រី មូរ សុខហួរ ចុះទៅកាន់ទីលានប្រជាធិបតេយ្យនៅពេលព្រឹកនោះ ត្រូវបានហាមប្រាមក្រោមច្បាប់ដែលមានស្រាប់។
លោកបានមានប្រសាសន៍ថា លោកស្រី មូរ សុខហួរ ដែលជាប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិត្រូវបានតម្រូវឲ្យសរសេរលិខិតសុំការអនុញ្ញាតពីរដ្ឋាភិបាលជាមុនសិន មុនពេលចូលទៅកាន់ទីលានប្រជាធិបតេយ្យដោយសារតែលោកស្រីមាននិន្នាការចាប់ផ្ដើមធ្វើបាតុកម្ម។
លោកបានបកស្រាយថា “ដូចយើងដឹងស្រាប់ហើយថា ក្រោមច្បាប់ស្ដីពីបាតុកម្មចាំបាច់ត្រូវសុំការអនុញ្ញាតឬជូនដំណឹងមក [សាលារាជធានី] ជាមុនសិន។ នៅពេលគាត់មកដល់ គាត់ចង់ប្រមូលផ្ដុំជាមួយអ្នកផ្សេងទៀតដើម្បីបញ្ចេញទស្សនរបស់ខ្លួន។ នោះគឺវាខុសនឹងច្បាប់”។
បទបញ្ជាមួយដែលក្រសួងមហាផ្ទៃបានចេញកាលពីថ្ងៃទី៤ ខែមករា បន្ទាប់ពីការបង្ក្រាបដ៏បង្ហូរឈាមលើបាតុកម្មពីសំណាក់រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ហាមប្រាមមិនឲ្យមានការប្រមូលផ្ដុំគ្នាជាសាធារណៈលើសពី១០នាក់ឡើយ ប្រសិនបើគ្មានការអនុញ្ញាតពីរដ្ឋាភិបាលជាមុនទេនោះ។
លោក គឹម វុត្ថា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌដូនពេញដែលពាក់មួកការពារសុវត្ថិភាពទាំងនេះ បានបដិសេធមិននិយាយថា ហេតុអ្វីបានជាពេលនេះការធ្វើដំណើររបស់លោកស្រី មូរ សុខហួរ ទៅណាមកណានៅតាមទីសាធារណៈត្រូវបានចាត់ទុកជាការតវ៉ានោះទេ។ លោកបានមានប្រសាសន៍ថា “កុំសួរខ្ញុំ ខ្ញុំគ្រាន់តែអនុវត្តតាមបទបញ្ជាប៉ុណ្ណោះ។ ខ្ញុំមិនអាចបញ្ជាក់អ្វីបានទេ”។
ឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានទទួលស្គាល់ថា លោកស្រី មូរ សុខហួរ មិនបានបំពានច្បាប់ឬបទបញ្ជាណាមួយឡើយ។ លោកមានប្រសាសន៍ថា ក្រុមសណ្ដាប់ធ្នាប់ខណ្ឌដូនពេញ ដែលល្បាតតាមទីតាំង ដែលអាចកើតមានការតវ៉ានៅពេលព្រឹកឡើងគ្រាន់តែមិនចូលចិត្តលោកស្រីប៉ុណ្ណោះ។
លោកបានមានប្រសាសន៍បន្តទៀតថា “គាត់ទៅទីលានប្រជាធិបតេយ្យតែម្នាក់ឯងទេ។ វាមិនស្ថិតក្រោមគោលការណ៍ណែនាំរបស់សាលារាជធានី ឬច្បាប់ណាមួយផ្សេងទៀតឡើយ។ វាពាក់ព័ន្ធនឹងចរិតផ្ទាល់ខ្លួនរបស់គាត់ ពួកគេមិនចូលចិត្តគាត់ទេ។ គាត់តែងតែទៅទីនោះបង្កបញ្ហា និងបន្ទោសពួកគេ ទើបធ្វើឲ្យពួកគេមិនចូលចិត្តចរិតរបស់គាត់។ [ម្នាក់ក្នុងចំណោមក្រុមសណ្ដាប់ធ្នាប់នេះ] បានលួចប្រាប់ខ្ញុំថា សូម្បីតែសំឡេងនិយាយរបស់គាត់ក៏មិនដូចខ្មែរដែរ វាជាសំនៀងរបស់ជនជាតិអាមេរិក។ ខ្ញុំបានសួរពួកគេ ហើយសូម្បីពាក្យសម្ដីរបស់គាត់ ក៏ពួកគេមិនចូលចិត្តដែរ”។
លោកស្រី មូរ សុខហួរ បានរត់គេចពីរបបខ្មែរក្រហមទៅប្រទេសបារាំងកាលពីនៅកុមារ ហើយបានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យនៅក្នុងសហរដ្ឋអាេមរិក។ លោកស្រីបានធ្វើមាតុភូមិនិវត្តមកកាន់ប្រទេសកម្ពុជាវិញនៅក្នុងឆ្នាំ១៩៨៩ នៅពេលដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានដកខ្លួនចេញពីរបបកុម្មុយនីស្ដវៀតណាម ដែលមានការគាបសង្កត់សេរីភាពប្រជាពលរដ្ឋ។
លោកស្រី មូរ សុខហួរ ធ្លាប់បម្រើការក្នុងជួររដ្ឋាភិបាលរបស់លោក ហ៊ុន សែន ក្នុងឋានៈជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីរបស់គណបក្ស ហ្វុ៊នស៊ិនបិុច ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយឯករាជ្យ ដែលជាអតីតប្រធានវិទ្យាស្ថានខ្មែរដើម្បីប្រជាធិបតេយ្យ បានមានប្រសាសន៍ថា ការចាត់ទុកវត្តមានរបស់លោកស្រី មូរ សុខហួរ នៅទីលានប្រជាធិបតេយ្យថា ជាបាតុកម្មដែលតម្រូវឲ្យសុំការអនុញ្ញាតជាមុននោះ គឺជារឿងខុសប្រក្រតី។ លោកបានមានប្រសាសន៍ថា “នេះ គឺជាការបកស្រាយតាមអំពើចិត្តមួយទៀតចំពោះច្បាប់ស្ដីពីបាតុកម្ម” ដោយលោកបានពន្យល់ថា ច្បាប់នេះត្រូវបានរដ្ឋាភិបាលប្រើប្រាស់តាមអំពើចិត្តដែលខ្លួនគិតថា សម។
លោក ហ៊ុន សែន បានបញ្ជាក់កាលពីខែកុម្ភៈ ហើយថា បម្រាមទូទៅរបស់លោកដែលហាមមិនឲ្យមានការប្រមូលផ្ដុំគ្នាជាសាធារណៈត្រូវបានលុបចេញវិញហើយ។ តែទោះជាយ៉ាងណា នៅប៉ុន្មានថ្ងៃក្រោយមក ក្រុមសណ្ដាប់ធ្នាប់ពាក់មួកការពារសុវត្ថិភាពរបស់លោក គឹម វុត្ថា បានប៉ះទង្គិចគ្នាម្ដងហើយម្ដងទៀតជាមួយអ្នកដែរហ៊ានចេញមកតាមដងផ្លូវ ដើម្បីសាកល្បងនឹងបទបញ្ជានេះ។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានហាមប្រាមគម្រោងជួបជុំគ្នារបស់គណបក្សសង្គ្រោះជាតិនៅទីលានប្រជាធិបតេយ្យនៅថ្ងៃអាទិត្យកន្លងទៅនេះ ដែលជាការជួបជុំគ្នាលើកដំបូងប្រសិនបើកើតឡើងមែននោះ ចាប់តាំងពីរដ្ឋាភិបាលបានធ្វើការបង្ក្រាបដ៏បង្ហូរឈាមលើបាតុកម្មកាលពីខែមករា ដែលពេលនោះមនុស្សប្រាំនាក់ត្រូវបានកងកម្លាំងប្រដាប់អាវុធបាញ់ស្លាប់។
កងរាជអាវុធហត្ថបានកាន់កាប់ទីលានប្រជាធិបតេយ្យកាលពីថ្ងៃអាទិត្យនៅពេលបាតុករប្រហែល១.០០០នាក់បានហែក្បួនដោយគ្មានការរារាំងទៅកាន់ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ។
លោក ឡៅ ម៉ុងហៃ បានមានប្រសាសន៍ថា “យើងគិតមិនយល់ថា គោលនយោបាយរបស់ពួកគេជាអ្វីឲ្យប្រាកដនោះទេ។ វាច្រឡំបល់យ៉ាងខ្លាំង ពួកគេចង់ព្យួរសិទ្ធិរបស់ពួកយើងដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ហើយរឹតបន្ដឹងវាតាមរយៈការបង្ក្រាប ប៉ុន្តែសូម្បីតែបទបញ្ជានោះជាអ្វីក៏មិនច្បាស់លាស់ដែរ”។
ទីលានប្រជាធិបតេយ្យត្រូវបានកសាងឡើងនៅក្នុងឆ្នាំ២០១០ ដោយចំណាយថវិការជាង១៨៣.០០០ដុល្លារ បន្ទាប់ពីច្បាប់ថ្មីស្ដីពីបាតុកម្មតម្រូវឲ្យមានទីវាលនៅគ្រប់ខេត្តក្រុងទាំងអស់សម្រាប់ធ្វើបាតុកម្ម។
លោកស្រី មូរ សុខហួរ បានថ្លែងថា លោកស្រីនឹងត្រឡប់ទៅទីលានប្រជាធិបតេយ្យម្ដងទៀតនៅព្រឹកនេះ។ លោកស្រីមានប្រសាសន៍ថា ក្រោមបរិយាកាសនយោបាយនាពេលបច្ចុប្បន្នលោក ឡុង ឌីម៉ង់ មិនយល់ច្រឡំទេ ដែលគាត់ចាត់ទុកការធ្វើដំណើររបស់លោកស្រីទៅកាន់ទីលានប្រជាធិបតេយ្យថា ជាការធ្វើបាតុកម្មនោះ។ លោកស្រីបានបន្តទៀតថា “គាត់និយាយពិតជាត្រឹមត្រូវ។ វាជាបាតុកម្មដើម្បីទាមទារសេរីភាពរបស់ខ្ញុំក្នុងនាមជាពលរដ្ឋម្នាក់”៕ សុខុម