បុគ្គលិកអង្គការសិទ្ធិមនុស្សម្នាក់និយាយថា កាលពីម្សិលមិញសាលាដំបូងខេត្តប៉ៃលិន បានចោទប្រកាន់អ្នកភូមិបួននាក់ពីបទរំលោភយកដីរដ្ឋពីព្រោះពួកគាត់បានធ្វើស្រែចម្ការលើដីទំហំ៦៨៤ហិកតាដែលតុលាការខេត្តនេះលើកឡើងថា ជាកម្មសិទ្ធិរបស់រដ្ឋ ប៉ុន្តែក្រុមអ្នកភូមិអះអាងថា ពួកគាត់បានធ្វើស្រែចម្ការដោយស្របច្បាប់ចាប់តាំងពីឆ្នាំ១៩៩៩មកម្លេះ។
អ្នកភូមិទាំងនេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទនិងថ្ងៃអង្គារ ពីព្រោះពួកគាត់មិនគោរពដីកាកោះហៅរបស់តុលាការឲ្យមកបង្ហាញខ្លួនដើម្បីធ្វើការសាកសួរ។ ពួកគាត់លើកឡើងថា តុលាការយកពួកគាត់ជាគោលដៅ ពីព្រោះលោក អុី ឈាន អភិបាលខេត្តប៉ៃលិនក៏ទាមទារកាន់កាប់ដីនេះដែរ។
លោកស្រី ប្រាក់ សុភិមា ជាអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍កាលពីម្សិលមិញថា “តុលាការបានចោទប្រកាន់អ្នកភូមិទាំងបួននាក់នេះពីបទរំលោភយកដីរដ្ឋ ហើយឥឡូវនេះកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្ននៅពន្ធនាគារខេត្ត”។
លោកស្រីបានមានប្រសាសន៍បន្ថែមថា អង្គការអាដហុកនឹងផ្ដល់មេធាវីដល់ក្រុមអ្នកភូមិ។ លោកស្រី សុភិមា បានមានប្រសាសន៍ថា អ្នកភូមិទាំងបួននាក់នេះត្រូវបានចាប់ខ្លួនបន្ទាប់ពីមានដីកាចុះថ្ងៃទី២៥ ខែមីនា និងចុះហត្ថលេខាដោយលោក ជុំ សែនសទ្ធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
អ្នកភូមិឈ្មោះ ពេជ្រ សុធា អាយុ៤៧ឆ្នាំ ឱម សំអុល អាយុ៣១ និង ឱម សំអាត អាយុ៤៤ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ចំណែក ទួត ម៉ក់ អាយុ៤៨ឆ្នាំត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារ ពេលកំពុងតវ៉ាទាមទារឲ្យដោះលែងអ្នកភូមិបីនាក់ទៀត។
តាមច្បាប់ភូមិបាល ការផ្ដន្ទាទោសពីបទរំលោភយកដីរដ្ឋត្រូវពិន័យជាប្រាក់ពី១.២៥០ដុល្លារដល់១២.៥០០ដុល្លារ និងត្រូវជាប់ពន្ធនាគារពីមួយឆ្នាំដល់ប្រាំឆ្នាំ។ គេមិនអាចទាក់ទងលោកព្រះរាជអាជ្ញា សែនសទ្ធា ដើម្បីសុំអត្ថាធិប្បាយបានទេ។
លោក ចាន់ឌីន មានប្រសាសន៍ថា “ យើងបានបញ្ជូនអ្នកភូមិទាំងបួននាក់ទៅតុលាការហើយនៅព្រឹកនេះ”។ ក្រុមអ្នកភូមិដែលបានរស់នៅលើដីនេះលើកឡើងថា ពួកគាត់បានធ្វើស្រែចម្ការលើដីនេះចាប់តាំងពីឆ្នាំ១៩៩៩មក ដោយមានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។
កាលពីខែមុនលោកអភិបាលខេត្ត អុី ឈាន បានចាត់ទុកដីដែលមានវិវាទទំហំ៦៨៤ ហិកតា នេះថា ជា “ដីរបស់ខ្ញុំ” ប៉ុន្តែក្រោយមកលោកបាននិយាយកែតម្រូវថា ដីមួយផ្នែកជាដីរបស់ក្រុមហ៊ុនឯកជន និងមួយផ្នែកទៀតជាដីរបស់រដ្ឋ៕សារុន