ក្រុមមន្ត្រីបាននិយាយថា មនុស្សពីរនាក់បានស្លាប់ដោយសាររន្ទះបាញ់ដាច់ដោយឡែកពីគ្នាកាលពីថ្ងៃអង្គារក្នុងខេត្តប៉ៃលិន និង ខេត្តកំពង់ចាម ខណៈដែលក្រសួងធនធានទឹក និងឧតុនិយមបានជម្រាបជូនដំណឹងអំពីព្យុះភ្លៀងនៅទូទាំងប្រទេស។
សីតុណ្ហភាពកើនឡើង និងរដូវវស្សាខិតជិតមកដល់ បង្កឲ្យមានភ្លៀងផ្គររន្ទះធំៗលើកដំបូងបណ្តាលឲ្យមានមនុស្សរងរបួស និងខូចខាតទ្រព្យសម្បត្តិក្នុងខេត្តចំនួនប្រាំនៅភាគពាយព្យកាលពីថ្ងៃអង្គារ។ នៅចុងសប្តាហ៍ នេះ ស្ថានភាពទាំងនេះត្រូវគេរំពឹងថា នឹងកើតមានទូទាំងប្រទេសរួមទាំងរាជធានីភ្នំពេញផងដែរ។
សេចក្តីជូនដំណឹងរបស់ក្រសួងមានខ្លឹមសារថា “ព្រះរាជាណាចក្រកម្ពុជានឹងទទួលរងឥទ្ធិពលពីកម្រិតសម្ពាធទាបដែលអាចបង្កឲ្យមានភ្លៀងកក់ខែ លាយឡំជាមួយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់”។ក្រសួងសូមអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់អំឡុងពេលមានព្យុះភ្លៀង។
លោក កែវ វី នាយខុទ្ទកាល័យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាសន៍ថា នៅក្នុងខេត្តប៉ៃលិនកាលពីថ្ងៃអង្គារ ប្រុស វុទ្ធី អាយុ៣៦ឆ្នាំត្រូវរន្ទះបាញ់ស្លាប់ក្នុងស្រុកសាលាក្រៅ ពេលគាត់និយាយទូរស័ព្ទអំឡុងពេលមានភ្លៀងរលឹម។
ហើយនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាមឯណោះវិញ ចាន់ ហេង អាយុ៥៦ឆ្នាំត្រូវរន្ទះបាញ់ស្លាប់ ហើយកូនប្រុសអាយុ២៧ឆ្នាំរបស់គាត់ ឈ្មោះ ហេង ធារី បានរងរបួសនៅពេលពួកគាត់ទាំងពីរនាក់ជិះម៉ូតូអំឡុងពេលមានព្យុះភ្លៀង។
លោក កែវ វី បានមានប្រសាសន៍ថា “ [រន្ទះ] គឺជាគ្រោះមហន្តរាយធម្មជាតិ ហើយយើងតែងតែអប់រំប្រជាពលរដ្ឋរស់នៅតំបន់ជនបទឲ្យមានការប្រុងប្រយ័ត្នខ្ពស់ជាពិសេសអំឡុងពេលមានភ្លៀង”។ លោកបានបន្ថែមថា កាលពីដើមខែនេះ នៅក្នុងខេត្តបាត់ដំបង បុរសម្នាក់ទៀតត្រូវរន្ទះបាញ់ស្លាប់ផងដែរ។
ផ្ទះ២៥ខ្នងត្រូវបានបំផ្លាញ កាលពីយប់ថ្ងៃអង្គារ ហើយផ្ទះ១២៥ខ្នងទៀតបានរងការខូចខាតអំឡុងព្យុះភ្លៀងដែលបានកើតឡើងក្នុងស្រុកចំនួនប្រាំមួយក្នុងចំណោមស្រុកចំនួនប្រាំបួនក្នុងខេត្តបន្ទាយមានជ័យ។
នៅពេលដូចគ្នានេះដែរ មនុស្សបីនាក់បានរងរបួស និងផ្ទះ៤៨ខ្នងត្រូវបានបំផ្លាញនៅខេត្តកំពង់ចាម។ ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបងក៏មានសេចក្តីរាយការណ៍ថា មានការខូចខាត ទ្រពសម្បត្តិបន្តិចបន្តួចផងដែរ។
លោក កែវ វី បានក្រើនរំឭកថា អាកាសធាតុមិនល្អទំនងជានឹងបណ្តាលឲ្យមានការខូចខាតច្រើនទៀតនៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រទេសកម្ពុជាជាប្រទេសមួយនៅក្នុងចំណោមប្រទេសដែលមានអត្រាអ្នកស្លាប់ដោយសាររន្ទះបាញ់ខ្ពស់បំផុតនៅក្នុងពិភពលោក។យោងតាមគណៈកម្មាធិការជាតិគ្រប់ គ្រងគ្រោះមហន្តរាយឲ្យដឹងថា មានអាត្រាអ្នកស្លាប់ដោយសាររន្ទះបាញ់៧,៨នាក់ក្នុងចំណោមមនុស្ស១លាននាក់។
កាលពីឆ្នាំមុនមនុស្ស១០៣នាក់បានស្លាប់ដោយសាររន្ទះបាញ់ដែលភាគច្រើនរស់នៅតំបន់ជនបទដែលជារឿយៗកសិករទៅធ្វើស្រែចម្ការកណ្តាលវាលគ្មានកន្លែងជ្រក។ ប្រជាពលរដ្ឋខ្មែរភាគច្រើនរងរបួសធ្ងន់ធ្ងរដោយសាររន្ទះបាញ់ក្នុងមួយឆ្នាំៗ ប៉ុន្តែ មិនមានទិន្នន័យច្បាស់លាស់ពីរដ្ឋាភិបាលស្តីពីអ្នករងរបួសដោយសាររន្ទះបាញ់ទេ។
របាយការណ៍ថ្មីមួយស្តីពីការប្រែប្រួលអាកាសធាតុរបស់ក្រុមអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុព្យាករថា នឹងមានរលកកម្តៅញ្ឹកញាប់និងក្តៅខ្លាំង ភ្លៀងធ្លាក់ច្រើន និងសីតុណ្ហភាពខ្ពស់ផងដែរ។
យោងតាមរបាយការណ៍ដំបូងរបស់ក្រុមនេះឲ្យដឹងថា កាលពីឆ្នាំ២០០៧រន្ទះបាញ់កើនឡើងទូទាំងពិភពលោកដោយសារសីតុណ្ហភាពកើនឡើងនេះ។
របាយការណ៍ថ្មីមួយពីបណ្តាញផ្សព្វផ្សាយព័ត៌មាន BBC លើកឡើងថា តាមពិតចំនួនអ្នកស្លាប់សរុបដោយសាររន្ទះបាញ់អាចខ្ពស់ជាងគ្រោះមហន្តរាយផ្សេងៗទៀតទាក់ទងនឹងអាកាសធាតុដូចជាគ្រោះទឹកជំនន់ ការរអិលបាក់ដី និងគ្រោះរាំងស្ងួតជាដើម។ ផលប៉ះពាល់ដោយសាររន្ទះបាញ់គឺមានតិចតួចទេ ហើយតាមអបិយជំនឿយល់ឃើញថា ជនរងគ្រោះត្រូវមានគ្រោះថ្នាក់។
លោក Arun Kulshrestha ប្រធានមជ្ឈមណ្ឌលវិទ្យាសាស្ត្រនិងបចេ្ចកវិទ្យានៃប្រទេសមិនចូលបក្សសម្ព័ន្ធនិងប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗទៀតបានប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មាន BBC ថា អ្នកនយោបាយ “ត្រូវឆ្លើយតបជាបន្ទាន់ចំពោះគ្រោះមហន្តរាយដែលប៉ះពាល់ដល់មនុស្សជាច្រើននៅពេលដំណាលគ្នានេះ”។ លោកបានបន្ថែមទៀតថា “តួលេខអ្នកស្លាប់សរុបដោយសាររន្ទះបាញ់ប្រហែលជាខ្ពស់ជាងតួលេខអ្នកស្លាប់ដោយសារគ្រោះមហន្តរាយផ្សេងៗទៀត៕សារុន