40.6 C
Phnom Penh

កម្មករ​រោង​ចក្រ​កាត់​ដេរ​ជិត​១០០​នាក់​ដួល​សន្លប់​នៅ​ក្នុង​ហេតុការណ៍​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​មូល​ដ្ឋាន​បាន​ឲ្យ​ដឹង​ថា កាល​ពី​ម្សិលមិញ កម្មករ​ចំនួន​៩១​នាក់​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ចំនួន​ពីរ​នៅ​​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រាជ​ធានី​ភ្នំ​ពេញ​ បាន​ដួល​សន្លប់​ពេល​ធ្វើ​ការ​។

ហេតុ​ការណ៍​ដួល​សន្លប់​ទី​១​បាន​កើត​ឡើង​​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ យូវី​ (Yu Wi) ជា​ទី​ដែល​កម្មករ​ចំនួន​២០​នាក់​ក៏​បាន​ដួល​សន្លប់​ដែរ​ កាល​ពី​រសៀល​ថ្ងៃ​អង្គារ​។

យោង​តាម​លោក​ ហែម​ ដារិទ្ធ​ អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឲ្យដឹង​ថា កម្មករ​បាន​​ដួល​សន្លប់​ចំនួន​៣១​នាក់​បន្ថែម​ទៀត​នៅ​ក្នុង​រោង​ចក្រ​នេះ​កាល​ពី​ម្សិលមិញ​។ លោក​បាន​សន្និដ្ឋាន​ថា​ ការដួល​សន្លប់​នេះ​គឺ​ដោយ​សារ​​ក្លិន​ចេញ​ពី​ជញ្ជាំង​អគារ​ដែល​ទើប​តែ​លាប​​ថ្នាំ​ហើយ​ថ្មីៗ​។

លោក​ ហែម​ ដារិទ្ធ​ បាន​មាន​ប្រសាសន៍​ថា “កម្មករ​នៅ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ យូវី​ នឹង​មិន​ត្រូវ​បានអនុញ្ញាត​​​ឲ្យ​ចូល​ធ្វើ​ការ​វិញ​ឡើយ​រហូត​ទាល់​តែ​​ជញ្ជាំងដែល​ទើប​លាប​ថ្នាំ​ហើយ​ថ្មីៗ​បាត់ក្លិន​សិន​”។

លោក​ ហែម​ ដារិទ្ធ​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ចំណែក​ឯហេតុការ​ណ៍​ដួល​សន្លប់​ទី​២​គឺ​កើត​នៅ​រោង​ចក្រ​កាត់​ដេរ​ សាន ចូវ​ (San Chov) ដោយ​កម្មករ​ចំនួន​៦១​បាន​ដួល​សន្លប់​កាល​ពី​ព្រឹក​ម្សិល​មិញ​ ហើយ​ពួ​កគេ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯក​ជន​មួយ​ដើម្បី​ព្យាបាល​។ លោក​ ហែម​ ដារិទ្ធ​ បាន​សន្និដ្ឋាន​ថា ការ​ដួល​សន្លប់​នេះ​ ដោយ​សារ​តែ​កម្មករ​ទទួល​ទាន​អាហារ​និង​ផឹក​ស្រា​ច្រើន​ពេក​នៅ​ក្នុង​ពិធី​ជប់​លៀង​មួយ​ដែល​ពួក​គេ​បាន​ចូល​រួម​កាលពី​យប់​មុន​ថ្ងៃ​កើត​ហេតុ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​បាន​ដួល​សន្លប់​ព្រោះ​ ពួក​គេ​ផឹក​ស្រា​បៀរ​និង​រាំ​រហូត​ដល់​យប់​ជ្រៅ​”។ លោក​បាន​បន្ថែម​ថា រាល​់​ការ​ចំណាយ​លើ​ថ្លៃ​​ព្យាបាល​របស់​ពួក​គេ​ ត្រូវ​មូលនិធិបេឡារបប​​សន្តិសុខ​សង្គម​ជា​អ្នក​រា៉ប់​រង​៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស