នគរបាលនៅខេត្តព្រះវិហារបានឲ្យដឹងថា ខ្លួនបានបង្ហាញភ័ស្តុតាងបន្ថែមទាក់ទងនឹងពលកម្មកុមារនៅចម្ការអំពៅរបស់ជនជាតិចិន ហើយនឹងបញ្ជូនសំណុំរឿងនេះទៅតុលាការ ប្រសិនបើប្រតិបត្តិការស៊ើបអង្កេតបន្ថែម បញ្ជាក់ពីលទ្ធផលបឋមរបស់នគរបាល។
អតីតកម្មករចម្ការ ឡាន ហ្វេង (Lan Feng) បានដាក់ពាក្យបណ្តឹងកាលពីខែមុន ដើម្បីប្តឹងក្រុមហ៊ុន វ៉ាយ ហេង (Y Heng) ដែលជាអ្នកគ្រប់គ្រងចម្ការដែលស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជានេះ។
លោក ប្រាំង ធីតា ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៅស្នងការនគរបាលខេត្ត បានឲ្យដឹងថា កាលពីពេលថ្មីៗនេះ លោកបានទទួលបញ្ជីឈ្មោះកម្មករពីក្រុមហ៊ុន វ៉ាយ ហេង ហើយក្រុមហ៊ុននោះបានបញ្ជាក់ថា ២០នាក់ក្នុងចំណោមកម្មករ៥៥នាក់របស់ខ្លួនមានអាយុពី១៣ទៅ១៧ឆ្នាំ។
លោកបានមានប្រសាសន៍ថា “យើងនឹងចុះទៅដល់ក្រុមហ៊ុននោះនៅសប្តាហ៍ក្រោយ ដើម្បីស៊ើបអង្កេតលម្អិតបន្ថែមទៀត ដោយយកបញ្ជីឈ្មោះនេះធ្វើជាមូលដ្ឋាន។ ប្រសិនបើកុមារទាំងនោះពិតជាខុសច្បាប់មែន ហើយក្រុមហ៊ុននេះអនុញ្ញាតឲ្យពួកគេធ្វើការ យើងនឹងរៀបចំឯកសារដើម្បីបញ្ជូនសំណុំរឿងនេះទៅតុលាការ”។
លោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះវិហារបានឲ្យដឹងថា លោកនិងបុគ្គលិករបស់លោកបានឃើញកុមារពីរបីនាក់ធ្វើការនៅចម្ការនោះ អំឡុងពេលកំពុងបើករថយន្តពិនិត្យមើលជុំវិញចម្ការនោះកាលពីសប្តាហ៍មុន។
លោកបានមានប្រសាសន៍ថា “ យើងនៅតែកំពុងស៊ើបអង្កេតរឿងក្តីនេះ ពីព្រោះក្រុមហ៊ុននេះកំពុងតែបំពានដោយខុសច្បាប់លើកុមារ និងកេងប្រវ័ញ្ចពលកម្មកុមារ”។
ច្បាប់ការងារចែងថា កម្មករត្រូវមានអាយុយ៉ាងតិច១៥ឆ្នាំទើបអាចធ្វើការបាន។ ក៏ប៉ុន្តែ ច្បាប់នេះអនុញ្ញាតឲ្យកុមារដែលមានអាយុ១២ឆ្នាំធ្វើការងារស្រាលៗដែលមិនបង្កគ្រោះថ្នាក់ ប្រសិនបើការងារនោះមិនប៉ះពាល់ដល់ការសិក្សារបស់ពួកគេ។
នៅក្នុងករណីពាក់ព័ន្ធមួយ អ្នកភូមិជនជាតិដើមភាគតិចគួយប្រហែល២០០នាក់ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីជាមួយក្រុមហ៊ុនចម្ការអំពៅ ឡាន ហ្វេង បានតវ៉ានៅមុខទីស្នាក់ការស្នងការនគរបាលខេត្តកាលពីម្សិលមិញ ដើម្បីប្រឆាំងនឹងការសាកសួរអ្នកភូមិរបស់ខ្លួនចំនួនបីនាក់ ពីសំណាក់នគរបាល។
លោក កែវ ចម្រើន ស្នងការរងនគរបាលខេត្តព្រះវិហារបានឲ្យដឹងថា អ្នកភូមិទាំងបីនាក់នោះត្រូវបានកោះហៅកាលពីម្សិលមិញឲ្យចូលរួមការសាកសួរ ដោយសារក្រុមហ៊ុនចម្ការអំពៅ ឡាន ហ្វេង បានដាក់ពាក្យប្តឹងពួកគាត់កាលពីថ្ងៃអង្គារ ពីបទដកដើមអំពៅកាលពីប៉ុន្មានថ្ងៃមុននេះ។
លោកបានឲ្យដឹងបន្ថែមទៀតថា ការសាកសួរនេះត្រូវបានលុបចោលវិញ ពីព្រោះអ្នកតវ៉ាបានទទូចថា ការសាកសួរនេះអាចដំណើរការទៅបានលុះត្រាតែពួកគាត់ទាំង២០០នាក់ត្រូវបានអនុញ្ញាតឲ្យចូលរួមដែរ។
លោក ចម្រើន បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា ដីនោះជារបស់អ្នកណាទេ ក៏ប៉ុន្តែ មានសកម្មភាពដាំអំពៅនៅលើដីនោះ ហើយប្រជាជនបានបំផ្លាញដីរបស់ក្រុមហ៊ុន”។ អ្នកភូមិបានលើកឡើងថា ដីដែលពួកគាត់ដកដើមអំពៅនោះជារបស់ពួកគាត់។
លោក កែវ និល មេការចម្ការអំពៅ ឡាន ហ្វេង បានលើកឡើងថា លោកមិនដឹងពីរឿងវិវាទដីធ្លី ឬក៏ករណីចោទប្រកាន់ថា មានពលកម្មកុមារទេ ហើយបានបដិសេធមិនធ្វើអត្ថាធិប្បាយ។ តំណាងក្រុមហ៊ុនវ៉ាយ ហេងមិនអាចទំនាក់ទំនងសុំអត្ថាធិប្បាយបានទេ៕ សុធា