រដ្ឋសភាដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជាបានពិភាក្សាគ្នាក្នុងថ្ងៃទី២នៃកិច្ចប្រជុំពេញអង្គលើកទី២ បើគិតតាំងពីពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដ៏ចម្រូងចម្រាសកាលពីឆ្នាំមុនមក។ ដោយមិនមានសមាជិកជាច្រើនអ្នកទៀតចូលរួមសមាជិកគណបក្សប្រជាជននៅក្នុងរដ្ឋសភា បានពិភាក្សាគ្នាអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ក្នុងចំណោមសមាជិកទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា មាន៦៤រូបបានចូលរួមដែលជាចំនួនបានត្រឹមតែលើ៦២ ចាំបាច់សម្រាប់សំឡេងភាគច្រើននៅក្នុងរដ្ឋសភា។ អាសនៈ៥៥ទុកសម្រាប់សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិនៅតែគ្មានអ្នកអង្គុយដដែល ដោយសារតែគណបក្សប្រឆាំងដ៏ធំនៅក្នុងប្រទេសកម្ពុជានេះបានធ្វើពហិការមិនទទួលយកអាសនៈទាំងនេះ។
លោកស្រី នីន សាភ័ណ ប្រធានគណៈកម្មាធិការសាធារណការ ដឹកជញ្ជូន និងទូរគមនាគមន៍នៃរដ្ឋសភា បានពន្យល់ថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះនឹងជួយធានាឲ្យមានលទ្ធភាពប្រើប្រាស់រយៈពេលវែងលើផ្លូវនានាដែលរងការខូចខាត និងជួសជុលឡើងវិញជារៀងរាល់ឆ្នាំក្នុងប្រទេសកម្ពុជា ប្រសិនបើត្រូវបានអនុម័តដោយសមាជិកសភារបស់គណបក្សកាន់អំណាច។
លោកស្រីបានមានប្រសាសន៍ថា “គោលបំណងនៃច្បាប់នេះគឺដើម្បីបង្ការបទល្មើសដែលកើតឡើងនៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើង និងដើម្បីចាត់វិធានការផ្លូវច្បាប់ ចំពោះបទល្មើសទាំងនោះ។ បទល្មើសទាំងនោះមានដូចជាការដឹកទំនិញលើសទម្ងន់កំណត់ និងគុណភាពសាងសង់ក្រោមស្តង់ដារជាដើម”។
កិច្ចពិភាក្សាអំពីសេចក្តីព្រាងច្បាប់នេះដំណើរការទៅអស់រយៈពេលពេញមួយព្រឹក និងផ្តោតសំខាន់ទៅលើបញ្ហាផ្លូវខូច។
លោក ជាម យៀប សមាជិកសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានយកឱកាសពិភាក្សាអំពីសេចក្តីព្រាងច្បាប់ថ្មីនេះសម្រាប់ស្នើឲ្យលោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធានាថា ផ្លូវថ្នល់ទាំងឡាយមានទ្រង់ទ្រាយល្អ។
លោក ជាម យៀប បានមានប្រសាសន៍ថា “យើងប្រឈមនឹងឧបសគ្គ និងគ្រោះថ្នាក់ជាច្រើន ដូច្នេះអ្វីដែលសំខាន់គឺថា យើងសូមស្នើឲ្យឯកឧត្តមរដ្ឋមន្ត្រីក្នុងនាមជាតំណាងរបស់រដ្ឋាភិបាលពិនិត្យឡើងវិញនូវគុណភាពផ្លូវនីមួយៗ”។
មាត្រា ៤៦ នៃសេចក្ដីព្រាងច្បាប់នេះចែងថា មន្ត្រីដឹកជញ្ជូននឹងមានភារកិច្ចត្រួតពិនិត្យផ្លូវថ្នល់ជាប្រចាំ ដើម្បីរកកន្លែងខូចខាត។ មន្ត្រីទាំងនោះក៏នឹងមានអំណាចទាមទារឯកសារពីក្រុមហ៊ុននានា ដែលផ្គត់ផ្គង់គ្រឿងបរិក្ខាស្ថាបនាផ្លូវផងដែរ។
សេចក្ដីព្រាងច្បាប់នេះចែងថា ក្រុមមន្ត្រីក៏នឹងមានអំណាចដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនឯកជនដែលត្រូវបានរកឃើញថា កំពុងតែប្រើឧបករណ៍មិនស្របតាមស្ដងដារ។
លោក ឈាង វុន សមាជិកសភាជាន់ខ្ពស់របស់គណបក្សកាន់អំណាចបានលើកឡើងថា វិធានការថ្មីនេះនឹងគ្មានន័យទេ ប្រសិនបើមន្ត្រីទាំងនេះត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយក្រុមហ៊ុនផ្គត់ផ្គង់ និងក្រុមហ៊ុនសាងសង់ផ្លូវធំៗ។
សំដៅដល់អំពើពុករលួយ លោកបានមានប្រសាសន៍ថា “កន្លងមកមានការអនុវត្តបែបនេះ ហើយផ្លូវថ្នល់បានខូចខាតដោយសារអំពើនេះ។ តើយើងអាចដោះស្រាយបញ្ហានេះដោយរបៀបណា? តើមកទល់ពេលនេះក្រសួងបានធ្វើអ្វីខ្លះ ដើម្បីដោះស្រាយបញ្ហានេះ?”។
លោក អុីវតឹក លើកឡើងថា លោកដឹងអំពីបញ្ហានៅក្នុងក្រសួងរបស់លោក។ ក៏ប៉ុន្តែលោកបានលើកឡើងបន្តថា ពេលនេះ មន្ត្រីរបស់លោកដឹងពីអំណាចដាក់ទោសរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ ប៉ុន្តែចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១០មក អង្គភាពនេះចាត់ការករណីបានតែមួយក្ដាប់តូចប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ខ្ញុំបានណែនាំពួកគេថា អង្គភាពប្រឆាំងអំពើពុករលួយនឹងដាក់ទោសយើង ប្រសិនបើយើងមានកំហុស ដូច្នេះត្រូវតែធ្វើអ្វីៗតាមគោលការណ៍ដែលរដ្ឋបានកំណត់ច្បាស់”៕ ប៊ុននី