34 C
Phnom Penh

ផលិតករ​ភាព​យន្ត​ជន​ជាតិ​អូស្ត្រាលី​ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ផ្ញើ​សារ​គំរាម​ព្រះ​វិហារគ្រិស្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ផលិតករ​ភាពយន្ត​ជន​ជាតិ​អូស្ត្រាលី​ម្នាក់​ឈ្មោះ​ ជេម​ រីកកេតសុន​ (James  Ricketson)​ដែល​កំពុង​ជួយ​ប្តី​ប្រពន្ធ​ជន​ជាតិ​ខ្មែរ​យក​កូន​ស្រី​ចំនួន​ពីរ​នាក់​របស់​ពួក​គាត់​ពី​អង្គការ​ផ្តល់​ជម្រក ​គ្រប់​គ្រង​ដោយ​ព្រះ​វិហារគ្រិស្ត​មួយ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​មក​វិញ​ ត្រូវ​ចោទ​ប្រ​កាន់​ពី​បទ​​ផ្ញើ​សារ​គំរាមបង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​អង្គការ​នេះ​តាម​អុីនធើណិត​​ កាល​ពី​ម្សិល​មិញ​។ តុលា​ការ​បាន​សម្រេច​ព្យួរ​ទោស​​ជាប់​ពន្ធ​នាគារ​រយៈពេល​ពីរ​ឆ្នាំ​របស់​លោក​។

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ក៏​បាន​ពិន័យ​ លោក​ រីកកេតសុន​ ជា​ប្រាក់​ចំនួន​៦លាន​រៀល​ ឬ​ប្រហែល​១.៥០០​ដុល្លារ​ផង​ដែរ​​។ការ​សម្រេច​ព្យួរ​ទោស​ជាប់​ពន្ធនាគារ​ទាំង​ស្រុង​របស់​តុលា​ការ​នេះ​ បាន​ធ្វើ​ឲ្យ​លោក រីក​កេត​សុន​ មិន​ចាំ​បាច់​ជាប់​ពន្ធ​នាគារ​ឡើយ​។

ផលិត​ករ​ភាព​យន្ត​រូប​នេះបាន​​ចង​ក្រង​ឯកសារ​ទាក់​ទិន​នឹង​​ជីវិត​របស់​អ្នក​ស្រី​ ចាប​ ចាន់ទី​ ចាប់តាំង​ពី​អ្នក​ស្រី​នៅ​ក្មេងមក​​ម៉្លេះ។ លោក​បាន​ជួយ​អ្នក​ស្រី​យក​កូន​ស្រី​របស់គាត់​​ដែល​ម្នាក់​អាយុ​១១​ឆ្នាំ​និង​ម្នាក់​ទៀត​អាយុ​១២​ឆ្នាំ​ពី​អង្គការ​ She Rescue Home ដែល​គ្រប់​គ្រង​ដោយ​ព្រះ​វិហារ​ Citipointe  មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទី​ក្រុង​ ប្រ៊ីសបេន​ មក​វិញ​អស់​រយៈ​ពេល​ប្រាំ​ឆ្នាំ​មក​ហើយ​។

អំឡុង​ការ​បើក​សវនាការ​ជំនុំ​ជម្រះ​រឿង​ក្តី​របស់​លោក​កាល​ពី​ខែ​មុន​ មេធាវី​របស់​ព្រះ​វិហារ​ Citipointe បាន​ចោទ​ប្រកាន់​ផលិត​ករ​ភាព​យន្ត​រូប​នេះ​ពី​បទ​ផ្ញើសារ​គំរាម​បង្ខូច​កេរ្តិ៍​​ឈ្មោះ​របស់​ព្រះ​វិហារ​នេះ​តាម​អុីនធើណិត​ប្រសិន​បើ​ព្រះ​វិហារ​មិន​ដោះ​លែង​ក្មេង​ស្រី​ទាំង​ពីរ​នាក់​មក​វិញ​។ ប៉ុន្តែ​មេធាវី​រូប​នេះ​បាន​បដិសេធ​មិន​ដោះ​លែង​ក្មេង​ស្រី​ទាំង​ពីរ​នាក់​នេះ​ទេ​ ព្រោះ​លោក​បាន​លើក​ឡើង​ថា ប្រសិន​បើ​បណ្តោយ​ឲ្យ​លោក រីកកេតសុន​ ចង​ក្រង​ឯកសារ​ទាក់​ទិន​នឹង​ជីវិត​របស់​ពួក​គេ​​​នោះ​ វា​អាច​ធ្វើ​ឲ្យ​ពួក​គេ​ទាំង​ពីរ​ងាយ​រង​នឹង​ការ​ជួញដូរ​។​

ចៅ​ក្រម​ កែវ​ មុន្នី​ បាន​មាន​ប្រសាសន៍​ថា “បន្ទាប់​​ពី​ការ​បើក​សវនាការជំនុំ​ជម្រះ​រឿង​ក្តី​របស់​លោក​ ជេម​ រីកកេតសុន​ ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ផ្ញើ​សារ​គំរាមបង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​ព្រះវិហារគ្រិស្ត​រួច​ តុលាការ​បាន​រក​ឃើញ​ថា គាត់​មាន​ទោស​កំហុស​”។

ព្រះ​វិហារ​ Citipointe មិន​ឆ្លើយ​តប​នឹង​សំណើ​​​សុំ​ការ​ធ្វើ​អត្ថាធិប្បាយ​ឡើយ​។ រីឯ​មេធាវី​របស់​ព្រះ​វិហារនេះ​ក៏​បាន​បដិសេធ​មិន​ធ្វើ​​អត្ថាធិប្បាយ​ដែរ​ ព្រោះ​សំណុំ​រឿង​នេះ​នៅ​តែ​ទុក​ឱកាស​ឲ្យ​ប្តឹង​ឧទ្ធរណ៍​នៅ​ឡើយ​។

លោក​ រីកកេតសុន​ មិន​បាន​ចូល​រួម​អំឡុង​ពេល​តុលាការ​ប្រកាស​សាលក្រម​នោះ​ទេ​។ ហើ​យនៅ​ពេល​ទាក់​ទង​បាន​តាម​ក្រោយ​ លោក​​​បាន​លើក​ឡើង​ថា​ តុលាការ​មិន​បាន​ផ្តល់​ដំណឹងដល់​លោក​ឲ្យ​ដឹង​ពី​ថ្ងៃ​ដែល​ត្រូវ​ប្រកាស​សាល​ក្រម​នេះ​ឡើយ​ សូម្បី​ក្រោយ​ជំនួប​យ៉ាង​យូរ​មួយ​ជាមួយ​ចៅ​ក្រម​កាល​ពី​ព្រឹក​នោះ​ដែល​លោក​បា​ន​លើក​ឡើង​ថា វា​គឺ​ជា​លើក​​​ទី​​១​ដែល​លោក​ត្រូវ​បាន​គេ​ផ្តល់​ដំណឹង​ជា​ផ្លូវ​ការ​អំពី​ការ​ចោទ​ប្រកាន់​មក​លើ​រូប​លោក​ក៏ដោយ។

លោក​បាន​បន្ថែម​ថា “គេ​នៅ​មិន​ទាន់​បង្ហាញ​ភ័ស្តុតាង​ណា​មួយដាក់​បន្ទុក​មក​លើ​រូប​លោក​ ទាក់​ទិន​នឹង​ថា តើ​លោក​បាន​ព្យា​យាម​ផ្ញើ​សារ​គំរាម​ព្រះ​វិហារ​ Citipointe នៅ​ពេល​ណា​ឬ​ដោ​យ​របៀប​ណា​នៅ​ឡើយ​ទេ​។ ខ្ញុំ​បាន​ត្រួ​តពិនិត្យ​អុីម៉េល​​របស់​ខ្ញុំ​ទាំង​អស់​ឡើង​វិញ​ ហើយ​ខ្ញុំ​មិន​រក​ឃើញ​អុីម៉េល​ណាមួយ​ដែល​ជា​សារ​គំរាម​នោះ​ទេ​”។

លោក​ រីកកេតសុន​ បាន​លើក​ឡើង​ថា​លោក​​​កំពុង​រៀប​ចំ​ផែន​ការ​ប្តឹង​ព្រះ​វិហារ​ Citipointe ដែល​ស្ថិតនៅ​ទាំង​ក្នុង​ប្រទេស​កម្ពុជា​និង​ប្រទេស​អូស្ត្រាលី ពី​បទ​សង្ស័យ​ថា បាន​បង្ខាំង​កូន​ស្រី​របស់អ្នក​ស្រី​ ចាន់​ទី ដោយ​ខុស​ច្បាប់​អស់​រយៈពេល​​ប្រាំ​ឆ្នាំ​មក​ហើយ​។

ព្រះ​វិហារ​ Citipointe បាន​ការ​ពារ​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​ការ​រក្សា​ទុក​ក្មេង​ស្រី​ទាំង​ពីរ​នាក់​ ដោយ​ផ្អែក​លើ​អនុស្សរណៈ​នៃ​ការ​យោគ​​យល់​គ្នា​ដែល​ខ្លួន​បាន​ព្រម​ព្រាង​ជាមួយ​ក្រសួង​​​សង្គម​កិច្ច​ ប៉ុន្តែ​បដិសេធ​មិន​​បង្ហាញ​ច្បាប់​ចម្លង​​​នៃ​អនុស្សរណៈ​នេះ​ទេ​ ដោយ​ស្តាប់​ការ​ណែ​​នាំ​របស់​មេធាវី​ខ្លួន​។

លោក​ ប៊ុន ចក ឪពុក​របស់​ក្មេង​ស្រី​ទាំង​ពីរនេះ​បាន​និយាយ​ថា ​កាល​ពី​ម្សិល​មិញ​ដដែល​​​នោះ​​ បុគ្គលិក​មក​ពី​អង្គការ​ She Rescue Home និង​មន្ត្រី​មក​ពី​មន្ទីរ​សង្គម​កិច្ច​ខេត្ត​​ព្រៃ​វែង​ បាន​ចុះ​ទៅ​ផ្ទះ​របស់​អ្នក​ស្រី​ ចាន់​ទី​ នៅ​​ក្នុង​ខេត្ត​ព្រៃ​វែង​ដើម្បី​វាយ​តម្លៃ​​អំពី​ស្ថាន​​​​ភាព​ថា តើ​គ្រួសារ​នេះ​អាច​មាន​លទ្ធ​ភាព​​​ចិញ្ចឹម​កូន​របស់​ខ្លួន​ឬ​អត់​​ ពេល​យក​ពួក​គេ​ត្រឡប់​មក​វិញ​​។

លោក​ ប៊ុន ចក​ និង​អ្នក​ស្រី​​ ចាន់​ទី​ បាន​ដាក់​ពាក្យ​​ប្តឹង​ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ កាល​​ពី​ខែ​កុម្ភៈ​ដើម្បី​ទាម​ទារ​កូន​ស្រី​របស់​ពួក​គាត់​មក​វិញ​។ លោក​ ចក​ បាន​និយាយថា​​ “​ពួក​គេ​បាន​ប្រាប់​ខ្ញុំ​ថា តុលាការ​នឹង​សម្រេច​ថា តើ​អង្គការ​​​​ត្រូវ​រក្សា​​ទុក​ ឬ​ត្រូវ​បញ្ជូនកូន​ស្រី​​របស់​ខ្ញុំ​មក​ផ្ទះ​វិញ។ យើង​ចង់​ឲ្យ​កូន​ស្រី​របស់​យើង​ត្រឡប់​មក​ផ្ទះ​ជួប​ជុំ​គ្នា​វិញ​”។ ចៅ​ក្រម​ស៊ើប​សួរ​ ភូ ពៅ​សុន​ នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ដែល​ដោះ​ស្រាយ​សំណុំ​រឿង​នេះ​បាន​ឲ្យ​ដឹង​ថា ថ្ងៃ​បើក​សវនាការ​នៅ​​​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ​៕ ស៊ុយ​ឈាង​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស