28 C
Phnom Penh

ក្រសួង​អប់​រំ​និង​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើ​យុទ្ធ​នាការ​ដើម្បី​​ធ្វើ​ឲ្យ​ការ​ប្រឡង​មាន​គុណ​ភាព​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុទ្ធ​នាការ​របស់​ក្រសួង​អប់​រំ​ដើម្បីធ្វើ​ឲ្យ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិ​​​យភូមិ​​ (បាក់​ឌុប)​ឲ្យ​មាន​​គុណភាព​​នោះ​បាន​បន្ត​កាល​ពី​ម្សិល​មិញ​ ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចេញ​សេចក្តី​ប្រកាស​មួយ​អញ្ជើញ​ភាគី​ជាប់​ពាក់​ព័ន្ធ​ឲ្យ​​ចូល​រួម​​ឃ្លាំ​មើល​ការ​ប្រឡង​​ នៅ​ខែ​សីហា និង​បាន​ព្រមាន​ថា អ្នក​​លួ​ច​ចម្លង​នឹង​ត្រូវ​ធ្លាក់​ ព្រម​ទាំង​​ហាម​ឃាត់​មិន​ឲ្យ​ប្រឡង​រយៈ​ពេល​ពីរ​ឆ្នាំ​ទៀត​។

អង្គភាព​ប្រឆាំ​ងអំពើ​ពុក​រលួយ​ធ្លាប់​បាន​លើក​ឡើង​ពី​បទ​ប្បញ្ញតិ្ត​នៅក្នុង​សេចក្តី​ណែ​នាំ​របស់​ក្រសួង​ឆ្នាំ​២០១១ ដែល​មិន​ត្រូវ​បាន​អនុវត្ត​ប្រឆាំ​ងការ​លួចចម្លង​នៅ​ពេល​ប្រឡង​​ និង​បាន​សន្យា​ រួម​ជាមួយ​ក្រសួង​អប់​រំ​ថា នឹង​ដាក់​ទោស​សិស្ស​ណា​ដែល​​ត្រូវ​បាន​រក​ឃើញ​ថា បាន​ជាប់​ពាក់​ព័ន្ធ​នៅក្នុងការ​ប្រមូល​លុយ​​សម្រាប់​សូក​ប៉ាន់​ ឬ​​ចែក​​​ចាយ​​​ក្រដា​​​ស​​​ចម្លើយ​​​​​​​​​(​ព្រុយ​យ៉ុង​)។

​សេចក្តី​ប្រកាស​​របស់​​អង្គភាព​ប្រឆាំង​អំ​ពើ​ពុក​រលួយ​លើក​ឡើង​ថា “សិស្ស​ណា​ដែល​ធ្វើ​ជា​មេគំនិត​ក្នុងការ​ប្រមូល​លុយ​ ឬ​ណែ​នាំ​សិស្ស​ផ្សេង​ទៀត​ឲ្យ​ប្រមូល​លុយ​ ឬ​​សូក​​លុយ​ទៅ​ឲ្យ​អនុរក្ស​ត្រូវ​ធ្លាក់​ជា​ស័្វយ​ប្រវត្តិ​​ និង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ប្រឡង​រយៈ​ពេល​មួយ​ឆ្នាំ​ទៀត​”។ សិស្ស​ដែលត្រូវ​ហាម​ឃាត់​អា​ច​ប្រឡង​​ឡើង​វិញ​​បាន​រយៈ​ពេល​ពីរ​ឆ្នាំ​បន្ទាប់ពី​ការ​ប្រព្រឹត្ត​ខុស​នោះ​។

លោក ហង្ស ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​បាន​ប្រកាស​កាល​ពីខែ​មុន​ថា ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ គឺជា​កត្តាតែ​មួយ​គត់​ក្នុងការ​ដាក់​ចំណាត់​ថ្នាក់​​សិស្ស​ដែល​ដាក់​ពាក្យ​​ចូល​រៀន​នៅ​សាកល​វិទ្យាល័យ​រដ្ឋ​។

ពិន្ទុ​ពីសាលា​ដែល​ពីមុន​ត្រូវ​បូក​ជាមួយ​ពិន្ទុ​ប្រឡង​ថ្នាក់​ជាតិ​​ដើម្បី​កំណត់​ចំណាត់​ថ្នាក់​របស់​សិស្ស​នោះ​នឹងមិន​ត្រូវ​យក​មក​ប្រើ​ប្រាស់​ទៀតទេ​ដោយសារ​មានការ​សូក​ប៉ាន់​ច្រើន​ណាស់​។

លោក​ ជួនណារ៉ុន បានមាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា “ជាធម្មតា​មានការលួ​ច​ចម្លង​ច្រើន​​នៅ​ក្នុងការ​ប្រឡង​ថ្នាក់​ជាតិ​​ ដូច្នេះ​យើង​​នឹង​អនុវត្ត​វិធាន​ការទាំង​នេះ​ឲ្យបាន​តឹង​រឹុង​ ដើម្បីការ​ពារ​ការ​ប្រឡង​ថ្នាក់​ជាតិ។ កម្ម​វិធី​កែ​ទម្រង់​​ការ​អប់រំ​របស់​យើង​​មាន​​ជាច្រើន​ចំណុច​ ហើយការ​ធ្វើ​ឲ្យ​ការ​សិក្សា​របស់​​សិស្ស​វិទ្យាល័យ​មាន​​គុណ​ភាព​ គឺ​ជា​ចំណុច​មួយ​”។

ក្រសួ​ងអប់រ​ំ​ និង​អង្គភាព​ប្រឆាំ​ងអំពើ​ពុក​រលួយ​ក៏​បាន​អំពាវ​នាវ​ឲ្យ​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​បុគ្គល​ជាប់​ពាក់​ព័ន្ធ​ដាក់​ពាក្យ​ធ្វើ​ជាអ្នក​​ឃ្លាំ​មើល​ស្ម័គ្រ​ចិត្ត​នៅពេល​ប្រឡង​ផង​ដែរ ដែល​​នៅ​ពេល​នោះ​ពួក​គេ​​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុងការ​ពិនិត្យ​​មើល​អ្នក​លួច​ចម្លង​ ជា​តួនាទី​របស់​គ្រូ​បង្រៀន និង​អ្នក​គ្រប់​គ្រង​សាលា​។

លោកស្រី អ៊ុក ឆាយ៉ា​វី ​អនុ​ប្រធាន​សមា​គម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​មាន​សមាជិក​១០.០០០នាក់​បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ការ​ប្រឹង​ប្រែង​របស់​រដ្ឋា​ភិបាល​ដើម្បី​ធ្វើ​​ឲ្យ​ការ​ប្រឡង​មធ្យម​សិក្សា​ទុតិយ​ភូមិ​មាន​គុណ​ភាព​គឺ​ជា​ឆាក​ល្ខោន​។

លោកស្រី​ ឆាយ៉ា​វី បានមាន​ប្រសាសន៍​ថា “តាម​ទស្សនខ្ញុំ​ ការ​អំពាវ​នាវ​ឲ្យ​សង្គម​សីុ​វិល​ចូល​រួម​សហ​ការ​ជាមួយ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួ​យ​ និង​ក្រសួ​ង​អប់​រំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​គឺ​គ្រាន់តែ​ជា​ឆាក​ល្ខោន​ដើម្បី​ធ្វើ​ឲ្យ​គេ​គិតថា ស្ថាប័ន​ទាំង​នេះ​កំពុង​ប្រយុទ្ធប្រឆាំ​ងអំពើ​ពុក​រលួយ​​យ៉ាង​សកម្ម​នៅក្នុង​វិស័​យ​អប់​រំ​។ អំពើ​ពុក​រលួយ​នៅ​ក្នុង​វិស័យ​អប់រំ​មិន​អាច​លុប​​​​បំបាត់​នៅក្នុង​ការ​ប្រឡង​ពីរ​បី​ថ្ងៃ​នេះ​បាន​ទេ​”។

ចាប់​តាំង​អំពី​ត្រូវ​បាន​តែង​តាំង​ជារដ្ឋ​មន្ត្រី​ក្រសួ​ងអប់​រំ​សម្រាប់​​អាណត្តិ​ទី​៥​នេះ​ លោក ជួនណារ៉ុន បាន​ចាត់​វិធាន​ការ​ធ្វើ​ឲ្យ​មាន​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​អប់​រំ​ដែល​សម្បូរ​ដោយ​អំពើ​ពុក​រលួយនេះ​។ ប៉ុន្តែ ថ្វី​បើ​លោក​​​​​មាន​ការ​ខំប្រឹង​ប្រែង​ការ​កែទម្រង់​ក៏​ដោយ​ ក៏​គ្រូ​ជាច្រើន​នៅ​តែ​រស់​ដោ​យ​ពឹង​ផ្អែក​លើ​ប្រាក់​ខែ​១០០​ដុល្លារ​​ដដែល​។

លោកស្រី ឆាយ៉ាវី បានមាន​ប្រសាសន៍​ថា “ឱសថ​ល្អបំផុត​សម្រាប់​ព្យាបាលអំពើ​ពុក​រលួយ​គឺ​ត្រូវ​ដំឡើង​ប្រាក់​ខែ​ដើម្បី​ឲ្យ​គ្រូ​បង្រៀន​អាច​មាន​ជីវភាព​រស់​នៅ​សម​រម្យ​។​ដូច្នេះ​គួរ​តែ​មានការ​ដោះស្រាយ​បញ្ហា​នេះ​”។

លោកស្រី​ ល្វីស អារ៉េន អ្នក​ពិគ្រោះ​យោ​បល់​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បានមាន​ប្រសាសន៍​ថា សំណើ​ឲ្យមានការ​កែ​ប្រែ​ប្រព័ន្ធ​ប្រឡង​ថ្នាក់​ជាតិ​នេះ​ គឺជា​ចំណុច​ល្អ​ ប៉ុន្តែ ​បាន​បង្ហាញ​ពី​​វិធាន​ការ​​តិច​តួច​នៅ​​​ក្នុង​ដំណើរ​ការ​កែ​ទម្រង់រយៈ​ពេល​យូរ​។

លោកស្រី​បានមាន​ប្រសាសន៍​ថា “រដ្ឋ​មន្ត្រី​ហ្មត់​ចត់​ក្នុងការ​​​​កែ​ទម្រង់​ប្រព័ន្ធ​អប់​រំ​ ប៉ុន្តែ​ការ​ឃ្លាំមើល​ការ​ប្រឡង​ថ្នាក់​ជាតិ​​មិន​អាច​​​ផ្លាស់​ប្តូ​រអ្វី​បាន​ទេ​។​មាន​តែ​​គុណ​ភាព​នៃកម្ម​វិធីសិក្សា​ទេដែល​ត្រូវ​ផ្លាស់​ប្តូរ​”។

ការ​ប្រឡង​ថ្នាក់​ជាតិ​នេះ​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី​៤ដល់​​ទី​៦​ខែ​សីហា​។ទម្រង់​បែប​បទ​​​សម្រាប់​អ្នក​ឃ្លាំ​មើល​ការ​ប្រឡង​មាន​នៅ​​លើ​គេ​ហ​ទំព័រ​របស់​អង្គភាព​ប្រឆាំ​ង​អំពើ​ពុក​រលួយ​៕​គឹមហឿន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស