27 C
Phnom Penh

កង្វះ​កម្មករ​ជំនាញ​គឺ​ជា​បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​វិស័យ​ដែល​មាន​តម្លៃ​ខ្ពស់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (ADB) បាន​លើក​ឡើង​ក្នុង​របាយការណ៍​ថ្មី​របស់​ខ្លួន​ថា បន្ទាប់​ពី​​ស្ថិត​ក្នុង​ភាព​ចលា​ចល​​ផ្នែក​នយោបាយ​ និង​វិស័យ​កាត់​ដេរ​អស់​រយៈ​ពេល​​មួយ​ឆ្នាំ​កន្លង​មក​នេះ​ កម្ពុជា​នឹង​សម្រេច​បាន​​អត្រា​កំណើន​សេដ្ឋកិច្ច​​ទាប​ជាង​មុន​ សម្រាប់​ឆ្នាំ​នេះ។

ក៏​ប៉ុន្តែ ម្ចាស់​រោង​ចក្រ​ដែល​មាន​ផែនការ​បង្កើត​ការ​ងារ​​មាន​តម្លៃ​បន្ថែម​ខ្ពស់​​បាន​លើក​ឡើង​ថា កត្តា​រាំង​ស្ទះ​ធំ​បំផុត​ចំពោះ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​គឺ​កង្វះ​កម្មករ​ជំនាញ​។ ម្ចាស់​រោង​ចក្រ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​ថា អស្ថិរភាព​នយោបាយ​ក្រោយ​ព្រឹត្តិ​ការណ៍​​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ខែ​កក្កដា និង​សកម្មភាព​កូដកម្ម​ទូទាំង​ប្រទេស​ក្នុង​វិស័យ​កាត់​ដេរ​មិន​បាន​បង្ក​ផល​ប៉ះពាល់​ខ្លាំង​ទៅលើ​អាជីវកម្ម​ទេ។

ក៏​ប៉ុន្តែ ក្នុង​ពេលដែល​វិស័យ​ឧស្សាហកម្ម​ក្នុង​ប្រទេស​កម្ពុជា​កំពុងតែ​ខិត​ខំ​ធ្វើ​ពិពិតកម្ម​បន្ថែម​លើ​រោង​ចក្រ​កាត់​ដេរ​ កង្វះ​កម្មករ​មាន​សមត្ថភាព​យ៉ាង​ច្រើន​គឺ​ជា​ឧបសគ្គដ៏​ធំ​មួយ​។

លោក យ៉ាស៊ុយុគិ​ អីុនូអិ (Yasuyuki Inoue) អនុ​ប្រធាន​ក្រុម​ហ៊ុន​ ម៉ាញ​បៀ (ខេមបូឌា) ខូ អិល​ធី​ឌី [Minebea (Cambodia) Co., Ltd.] បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ជាច្រើន​កំពុង​បោះ​ទុន​វិនិយោគ​​​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​ ដោយ​សារ​តែ​សេដ្ឋកិច្ច​នេះ​មាន​ថ្លៃ​ដើម​ពលកម្ម​ទាប​ ក៏​ប៉ុន្តែ ក្រុម​ហ៊ុន​ទាំង​អស់​ប្រឈម​នឹង​បញ្ហា​លំបាក​​ក្នុង​ការ​ស្វែង​រក​កម្មករ​ជំនាញ​។ ក្រុម​ហ៊ុន​របស់​លោក​ត្រូវ​ការ​កម្មករ​៤.០០០នាក់​ដើម្បី​ផលិត​គ្រឿង​ម៉ាស៊ីន​ និង​គ្រឿង​អេឡិច​ត្រូនិក​។

លោក​ អីុនូអិ ដែល​ជា​ជន​ជាតិជប៉ុន​មួយ​រូប​នោះ​បាន​មាន​ប្រសាសន៍​ថា “ថ្លៃ​ដើម​នៅ​ប្រទេស​ថៃ​ ខ្ពស់​ណាស់​ ដូច្នេះ យើង​មិន​អាច​ពង្រីក​អាជីវកម្ម​របស់​យើង​នៅ​ទី​នោះ​បាន​ទៀត​ទេ​ ហើយ​ថ្លៃ​ដើម​នៅ​ប្រទេស​ចិន​ក៏​ដូច​គ្នា​ដែរ។ មាន​ប្រទេស​ណា​ផ្សេង​ដែល​យើង​អាច​លៃលក​ហិរញ្ញវត្ថុ​បាន​សម្រាប់​ការពង្រីក​អាជីវកម្ម​បាន​ទេ ដូច្នេះ យើង​ក៏​មក​ទីនេះ​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ការ​ងារ​ដែល​យើង​ធ្វើ​នៅ​ទីនេះ​មាន​ភាព​អំណោយ​ផល​ផ្នែក​បច្ចេក​ទេស​​ ក៏​ប៉ុន្តែ ការ​ជ្រើស​រើស​កម្មករ​ជា​បញ្ហា​ប្រឈមដ៏​ធំ​មួយ​”។

អ្នកស្រី សារ៉ាន់ សុផា ប្រធាន​ផ្នែក​សេវា​កម្ម​​អតិថិជន​ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ បាន​លើក​ឡើងថា ភាព​ចលាចល​​ក្នុង​វិស័យ​កាត់​ដេរ​មាន​ផល​ប៉ះពាល់​បន្តិច​បន្តួច​ទៅ​លើ​រោង​ចក្រ​មាន​តម្លៃ​ខ្ពស់​ដែល​មិន​ស្ថិតនៅ​ក្នុង​វិស័យ​កាត់​ដេរ​ ពីព្រោះ​នៅ​រោង​ចក្រ​ទាំង​នោះ​សហជីព​មិន​ទាន់​មាន​កម្លាំង​រឹង​មាំ​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា “បញ្ហា​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​​សហជីព​នៅ​ក្នុង​រោង​ចក្រ​។ បញ្ហា​ចលាចល​ផ្នែក​នយោបាយ​ និង​វិស័យ​កាត់​ដេរ​មិន​មាន​ផល​ប៉ះពាល់​ជាក់​ស្តែង​​​លើ​ទំហំ​វិនិយោគ​ និង​ប្រតិបត្តិការ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទេ”។

លោក ហ៊ីរ៉ូស៊ិ ស៊ូហ្សូ៊គិ (Hiroshi Suzuki) ប្រធាន​សេដ្ឋវិទូ​នៅ​វិទ្យាស្ថានស្រាវ​ជ្រាវ​​ធុរៈ​កិច្ចកម្ពុជាបាន​មាន​ប្រសាសន៍​ថា “ស្ថានភាព​​នយោបាយ​មាន​ផល​ប៉ះ​ពាល់​ខ្លះ​ៗដែរ​ទៅ​លើ​សេដ្ឋកិច្ច​​។ ក៏​ប៉ុន្តែ ខ្ញុំ​យល់​ឃើញ​ថា ផល​ប៉ះ​ពាល់​មាន​បន្តិច​បន្តួច​ប៉ុណ្ណោះ”។ ​

លោក ស៊ូហ្សុ៊គិ ​​បា​ន​​​បន្ថែមថា រោងចក្រ​​ជប៉ុន​​​ដែលមា​ន​​ជិត៥០​ភាគ​រយក្នុង​ចំណោម​រោង​ចក្រ​​ទាំង​ឡាយ​​​ដែល​ចុះ​​​បញ្ជី​​​នៅ​ក្នុង​​តំ​បន់​សេដ្ឋ​កិច្ច​ពិ​សេស ក្នុង​រាជ​ធានី​ភ្នំពេញ មិន​​​រង​ផល​ប៉ះ​ពាល់​ដោយ​​សារ​ស្ថានភាព​​នយោ​បាយ​ក្នុងប្រទេស​​កម្ពុជា​​​ទេ​។ លោក ស៊ូហ្ស៊ុនគិ ​​​បា​ន​មា​ន​​ប្រសាស ន៍ថា “ខ្ញុំ​​រក​មិនឃើញ​ភ័ស្តុតាងដែ​ល​បញ្ជាក់​ថា វិនិយោគ​​​ជប៉ុនរងផល​​ប៉ះ​​ពាល់​​​ដោយផ្ទាល់​​​ដោយ​​​​សារ​ស្ថាន​ភាព​​នយោ​បាយ​នេះ​”។

​រដ្ឋាភិបាល​បា​ន​​​​​សង្កត់​ធ្ងន់​ទៅលើ​​តម្រូវ​ការ​ចាំបាច់​ដែល​ប្រទេស​​កម្ពុជាត្រូវ​ធ្វើ​ពិពិត​កម្ម​​លើសកម្មភាពនាំ​ចេញ​​​របស់​ខ្លួន​​​​បន្ថែម​លើ​វិស័យដែល​កម្លាំងពល​កម្ម​មា​ន​​​ជំនាញ​​តិចតួច និង​​​​ប្រាក់​​ឈ្នួលទាប ដូចជា​​រោង​ចក្រ​កាត់​ដេរជាដើម ​​ដោយ​​ដាក់​​អាទិភាព​​​​ទៅ​លើ​​ កម្មវិធី​បំពាក់​បំប៉នការ​​​ងារ ​និ​ង​កម្ម​​វិធី​បណ្តុះ​​បណ្តាល​​វិជ្ជា​​ជីវៈ។ បច្ចុប្បន្ននេះ វិស័យ​កាត់​ដេរ​ចូលរួមចំណែក​​​​៨០ភាគរយ​ក្នុង​វិស័យ​នាំចេញ​​របស់​ប្រទេស​កម្ពុជា។

លោក ​អ៊ុ​ង ​បូរិន ប្រធាន​​ផ្នែក​ធន​​​ធាន​​មនុស្ស​​នៅ​​ក្រុម​ហ៊ុន​ A Plus Consulting ​​បា​ន​​លើក​​ឡើងថា ​​បើទោះ​​ជា​ចំនួន​និស្សិត​បញ្ចប់​ការ​សិក្សា​នៅសាកល​​វិទ្យាល័យ​​​ក្នុង​ប្រទេស​​​កម្ពុជា​នេះ កំពុង​​​តែ​​​កើនឡើង​​​​យ៉ាងលឿន​​​ក៏ដោយ ក៏​​​​ជំនាញមិនត្រូវ​គ្នានឹង​តម្រូវ​ការ​ទីផ្សារការ​ងារ​នៅតែ​ជាបញ្ហា​ធំដែរ។

លោក អ៊ុង បូរិន ​​បា​ន​មា​ន​ប្រសាសន៍ថា  “​​និស្សិត​បរិញ្ញាបត្រ​​​មិន​អាច​ឆ្លើយតប​ទៅនឹង​តម្រូវការ​​​របស់​និយោជកទេ​។ បាតុកម្ម​នៅ​ក្នុង​វិស័យ​កាត់​ដេរ​មិនរាំង​​ស្ទះ​​​​ដល់​កា​រ​​​វិនិយោគ​​​ក្នុងវិស័យ​ផ្សេងទៀត​​ទេ។ ក៏ប៉ុន្តែ​ក្តី​បារ​ម្ភ​​របស់​ខ្ញុំ គឺគ្មានជំនាញ​ឆ្លើយតប​ទៅនឹង​តម្រូវកា​រ​ទីផ្សារការងារ​នៅពេល​​ក្រុម​ហ៊ុន​ថ្មី​​​មកបោះទុន​​ក្នុ​ង​ប្រទេស​នេះ”៕​ សុធា​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស