ដោយនៅសល់តែមួយសប្ដាហ៍ទៀតដល់ពេលចូលឆ្នាំខ្មែរប្រពៃណីជាតិនោះកាលពីម្សិលមិញអ្នកបើកបរប្រហែល៨០នាក់មកពីក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរភ្នំពេញ សូរិយា បានដកយកកូនសោរថយន្តក្រុងរបស់ខ្លួនទុក ហើយបានធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ បង្ខំឲ្យក្រុមហ៊ុននេះខំម្នីម្នាស្វែងរកអ្នកបើកបរ និងរថយន្តក្រុងជំនួស។
នៅឯទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននេះ ដែលស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រថយន្តក្រុងជាច្រើនរបស់ក្រុមហ៊ុននេះចតទុកចោលក្នុងយានដ្ឋាន។ ហើយបើកុំតែមានកូដកម្មនេះកើតឡើង ម៉្លេះរថយន្តក្រុងទាំងនេះត្រូវចេញដឹកអ្នកដំណើរពាសពេញផ្ទៃប្រទេសបាត់ទៅហើយ។
ចំណែកឯនៅផ្សារធំថ្មី ដែលជាចំណុចចេញដំណើរសម្រាប់ការធ្វើដំណើរជាច្រើនក្នុងចំណោមការធ្វើដំណើរទាំងនេះវិញ គ្មានរថយន្តក្រុងទេ។ អ្នកដំណើរបានបាត់បង់ភាពអត់ធ្មត់ក្នុងការរង់ចាំ ហើយក៏នាំគ្នាចាកចេញទៅអស់។
ក្នុងលិខិតមួយច្បាប់ផ្ញើទៅថៅកែក្រុមហ៊ុន អ្នកបើកបរទាំងនេះបានទាមទារដំឡើងប្រាក់៦០ដុល្លារបន្ថែមពីលើប្រាក់ខែ១២០ដុល្លាររបស់ពួកគេ រួមទាំងដំឡើងប្រាក់រង្វាន់ ដំឡើងប្រាក់ឈ្នួលថ្ងៃបុណ្យ និងឲ្យមានធានារ៉ាប់រងសុខភាពផងដែរ។ ពួកគេក៏បានសុំការអនុញ្ញាតដឹកអ្នកដំណើរតាមផ្លូវផងដែរ ព្រោះធ្វើឲ្យពួកគេអាចរកបានចំណូលបន្ថែម។
លោក វ៉ន វណ្ណា អាយុ៥០ឆ្នាំ ដែលជាអ្នកបើកបររថយន្តក្រុងភ្នំពេញ-ខេត្តព្រះសីហនុ និយាយថា “ យើងបានទុកពេលមួយសប្ដាហ៍ឲ្យក្រុមហ៊ុនដោះស្រាយបញ្ហាទាំងនេះ ប៉ុន្តែពួកគេមិនដែលដោះស្រាយបញ្ហាទាំងនេះឡើយ ដូច្នេះយើងចាំបាច់ត្រូវតែធ្វើកូដកម្ម និងទាមទារឲ្យធ្វើតាមសំណើរបស់ពួកយើង”។
បន្ទាប់ពីចរចាអស់រយៈពេលប៉ុន្មានម៉ោងរវាងថៅកែក្រុមហ៊ុន និងតំណាងអ្នកបើកបរ ក្រុមហ៊ុនបានយល់ព្រមឲ្យអ្នកបើកបរដឹកអ្នកដំណើរតាមផ្លូវ ហើយអ្នកបើកបរទាំងនេះនិយាយថា ប៉ុន្តែពួកគេនិយាយថា ពួកគេនឹងចូលធ្វើការវិញ នឹងធ្វើកូដកម្មម្ដងទៀតបន្ទាប់ពីចូលឆ្នាំខ្មែរដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ខែមេសា ប្រសិនបើក្រុមហ៊ុនមិនធ្វើតាមការទាមទារដំឡើងប្រាក់ខែ និងឲ្យមានធានារ៉ាប់រងសុខភាពទេនោះ។
លោក វ៉ន សម្បត្តិ តំណាងអ្នកបើកបរម្នាក់ដែលបានចូលរួមនៅក្នុងការចរចានេះនិយាយថា “ពួកយើងមានសំណើធំបី ប៉ុន្តែ ក្រុមហ៊ុនធ្វើតាមសំណើតែមួយប៉ុណ្ណោះ។ តែទោះជាយ៉ាងណា យើងនឹងធ្វើកូដកម្មជាថ្មីម្ដងទៀតបន្ទាប់ពីចូលឆ្នាំខ្មែររួច ប្រសិនបើក្រុមហ៊ុនមិនយកសំណើផ្សេងៗទៀតរបស់ពួកយើងទៅពិចារណាទេនោះ”។
គាត់បាននិយាយទៀតថា រថយន្តក្រុងចំនួន៧០គ្រឿងមិនបានដំណើរការទេកាលពីម្សិលមិញ ប៉ុន្តែលោក វ៉ា ណារិន ដែលជាប្រធានក្រុមអ្នកបើកបរបាននិយាយថា រថយន្តក្រុងដែលរងផលប៉ះពាល់មានតែ១០គ្រឿងប៉ុណ្ណោះ ហើយថា ភាគច្រើននៅក្នុងចំណោមអ្នកបើកបរទាំង១០០នាក់ដែលបម្រើការឲ្យក្រុមហ៊ុនសូរិយាធ្វើការធម្មតាកាលពីម្សិលមិញ។
លោក ឈឹម ចំណាន ដែលជាមន្ត្រីផ្នែកទីផ្សាររបស់ក្រុមហ៊ុនសូរីយាបានលើកឡើងថា អ្នកបើកបរដែលធ្វើកូដកម្មទាំងនេះមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឲ្យអាក់ខានដល់គម្រោងធ្វើដំណើររបស់ប្រជាពលរដ្ឋរាប់រយនាក់ថែមទៀតផងនៅពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិជិតចូលមកដល់។
គាត់និយាយថា “មិនមែនមានតែក្រុមហ៊ុនទេ ដែលរងផលប៉ះពាល់ដោយសារ [អ្នកបើកបរទាំងនេះ] វាក៏ធ្វើឲ្យប៉ះពាល់ដល់សង្គមផងដែរ”។ គាត់និយាយបន្តថា ក្រុមហ៊ុនគ្មានផ្លូវធ្វើតាមការទាមទារទាំងអស់របស់អ្នកបើកបរទាំងនេះទេ។ “ អ្នកបើកបរទាំងនេះ នឹងមិនទទួលបានផលប្រយោជន៍អ្វីទាំងអស់ ប្រសិនបើពួកគេបន្តចូលរួមធ្វើការតវ៉ា”។
លោក ឈឹម ចំណាន លើកឡើងថា ពេលនេះវាឆាប់រហ័សពេកលោកមិនអាចប៉ាន់ប្រមាណដឹងថា តើក្រុមហ៊ុនខាតបង់ប៉ុន្មាននោះទេ ដោយសារតែកូដកម្មកន្លះថ្ងៃនេះ។
លោក អ៊ាន គឹមហ៊ុន ជាមន្ត្រីមួយរូបនៅសហភាពការងារកម្ពុជា ដែលតំណាងឲ្យអ្នកបើកបរទាំងនេះបានមានប្រសាសន៍ថា ពួកគេមានសិទ្ធិធ្វើកូដកម្ម។ លោកបានមានប្រសាសន៍ទៀតថា “ក្រុមហ៊ុនគួរតែដំឡើងប្រាក់ខែឲ្យពួកគាត់ ពីព្រោះវានឹងធ្វើឲ្យជីវភាពរបស់អ្នកបើកបរទាំងនេះប្រសើរឡើង” ៕ សុខុម