លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបានសរសេរលិខិតថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ជាការឆ្លើយតបនិងទំនងជាការស្តីបន្ទោសចំពោះព្រះរាជសាររបស់ព្រះមហាក្សត្រដែលគេយកទៅអានឮៗនៅរដ្ឋសភាកាលពីដើមសប្តាហ៍នេះ។
កាលពីថ្ងៃអង្គារ រដ្ឋសភាបានបើកសម័យប្រជុំពេញអង្គលើកទី២របស់ខ្លួន បន្ទាប់ពីឈប់សម្រាករយៈពេលបីខែដោយលោក ហេង សំរិន ប្រធានរដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា បានអានព្រះរាជសាររបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។
នៅក្នុងព្រះរាជសារនោះ ព្រះមហាក្សត្រឡាយថា ព្រះអង្គសង្ឃឹមថា រដ្ឋសភា “ដ៏ឧត្តុងឧត្តមដែលជាតំណាងប្រជាពលរដ្ឋខ្មែរទាំងមូលនឹងបន្តដោះស្រាយបញ្ហាប្រឈមនានាជាមួយនឹងការប្រកាន់ខ្ជាប់យ៉ាងមឺុងម៉ាត់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស”។ នៅក្នុងលិខិតឆ្លើយតបកាលពីថ្ងៃពុធ លោក សម រង្ស៊ី ទំនងជាមិនយល់ស្របនឹងការវាយតម្លៃរបស់ព្រះមហាក្សត្រទេ។
លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ក្នុងឋានៈទូលព្រះបង្គំជាប្រធានគណបក្សសង្គ្រោះជាតិដែលតំណាងឲ្យប្រជាពលរដ្ឋយ៉ាងតិច៣លាននាក់ ទូលព្រះបង្គំសូមព្រះបរមរាជានុញ្ញាតទូលថ្វាយព្រះករុណាជាអម្ចាស់ទ្រង់ព្រះមេត្តាជ្រាបថា រដ្ឋសភាបច្ចុប្បន្នដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៣គឺជាសភាឯកបក្សដែលមានតែតំណាងគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ មិនមែនតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូលនោះទេ”។
ព្រះមហាក្សត្រ សីហមុនី ដែលមិនធ្វើតាមសំណើជាលាយលក្ខណ៍អក្សររបស់លោក សម រង្ស៊ី និងគណបក្សសង្គ្រោះជាតិសុំមិនឲ្យកោះប្រជុំសភានោះបានធ្វើជាព្រះរាជាអធិបតីកាលពីខែកញ្ញានៅក្នុងពិធីស្បថចូលកាន់តំណែងរបស់សមាជិកសភា៦៨រូបនៃគណបក្សកាន់អំណាចដែលទទួលបានអាសនៈនៅក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃទី២៨ខែកក្កដា។
យោងតាមលទ្ធផលផ្លូវការ សមាជិកគណបក្សសង្គ្រោះជាតិ៥៥រូបដែលមានអាសនៈនៅក្នុងរដ្ឋសភាបានធ្វើពហិការមិនទទួលយកអាសនៈរបស់ខ្លួនដោយអះអាងពីការលួចបន្លំសន្លឹកឆ្នោតជាច្រើន។
លោក សម រង្ស៊ី ក៏បានលើកឡើងនៅក្នុងលិខិតរបស់លោកនៅសប្តាហ៍នេះដែរថា រដ្ឋសភានេះជារដ្ឋសភាខុសច្បាប់ ដោយអះអាងថា មាត្រ៧៦នៃរដ្ឋធម្មនុញ្ញតម្រូវឲ្យមានសមាជិកសភា១២០រូបស្បថចូលកាន់តំណែងដើម្បី ចាប់ផ្តើមនីតិកាលថ្មី ។
ប្រធានគណបក្សប្រឆាំងរូបនេះបញ្ជាក់ថា អតីតព្រះមហាក្សត្រនរោត្តម សីហនុ បានបដិសេធមិនយាងធ្វើជាព្រះរាជាធិបតីនៅក្នុងការបើកសម័យប្រជុំសភាលើកដំបូងអំឡុងពេលមានភាពទាល់ច្រកផ្នែកនយោបាយដ៏យូរក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣នោះទេ។
លោក សម រង្ស៊ី បានសរសេរលិខិតថ្វាយ ព្រះមហាក្សត្រ សីហមុនី ថា “ ក្នុងស្ថានភាពដូចគ្នានេះដែរ អតីតព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋទ្រង់បានមានព្រះរាជតម្រិះ និងសម្រេចព្រះទ័យមិនយាងចូលរួមជាព្រះរាជាធិបតី ក្នុងសម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៣ក្នុងឆ្នាំ២០០៣ ដោយហេតុថា ពុំមានតំណាងរាស្ត្រមកពីគ្រប់គណបក្សដែលប្រជាពលរដ្ឋបោះឆ្នោតជូន ចូលរួមបង្កើតរដ្ឋសភានីតិកាលថ្មី ដែលតំណាងឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល”។
កាលពីដើមឆ្នាំ២០០៤ ព្រះមហាក្សត្រ នរោត្តម សីហនុ បានយាងទៅទីក្រុងប៉េកាំង និងបានមានព្រះរាជបន្ទូលថា ព្រះអង្គនឹងមិនយាងមកកោះប្រជុំរដ្ឋសភាទេរហូតដល់គណបក្សប្រជាជនកម្ពុជា គណបក្សហ្វុ៊នស៊ិនបិុច និងគណបក្សសម រង្ស៊ី ដោះស្រាយជម្លោះ បោះឆ្នោតនោះរួចហើយសិន។
ព្រះមហាក្សត្រ នរោត្តម សីហនុ មិនព្រមយាងត្រឡប់មកវិញទេនៅពេលដែលគណបក្សប្រជាជន និងគណបក្សហ្វុ៊នស៊ិនបិុច ព្រមព្រៀងបង្កើតរដ្ឋាភិបាលចម្រុះដែលជាប់ ពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។
ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ កើតមានឡើងបន្ទាប់ពីតំណាងរាស្ត្រ៩៦រូបដែលមិនមានការចូលរួមពីតំណាងរាស្ត្រគណបក្សសម រង្ស៊ី ដែលធ្វើពហិការទាំង២៤រូប បានបោះឆ្នោតជាកញ្ចប់ដើម្បី តែងតាំងរដ្ឋមន្ត្រីទាំងអស់។ ព្រះមហាក្សត្រ នរោត្តម សីហនុ បានមានព្រះរាជបន្ទូលថា ការព្រមព្រៀងនេះធ្វើឲ្យប៉ះពាល់ទាំងរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។
ព្រះមហាក្សត្រ នរោត្តម សីហនុ បានដាក់ រាជ្យកាលពីខែតុលា ឆ្នាំ២០០៤។ មិនដូចព្រះបិតារបស់ព្រះអង្គទេ ព្រះមហាក្សត្រ សីហមុនី បានបង្ហាញនូវការមិនចូលចិត្តនយោបាយចាប់តាំងពីបានឡើងគ្រងរាជ្យ។ កាលពីខែមករាខុទ្ទកាល័យព្រះបរមរាជរាំងបានទាមទារឲ្យទុកព្រះនាមព្រះមហាក្សត្រ សីហមុនី និងសម្តេចមែ៉ នរោត្តម មុនីនាថនៅក្រៅឆាកនយោបាយទាំងស្រុង។
ព្រះអង្គម្ចាស់ នរោត្តម រណប្ញទ្ធិ ជាព្រះរាមមានមាតាទីទៃរបស់ព្រះមហាក្សត្រ សីហមុនី ដែលបានចូលប្រឡូកនៅក្នុងឆាកនយោបាយវិញនាពេលថ្មីៗនេះដោយការបង្កើតគណបក្សថ្មីគឺគណបក្ស សង្គម រាស្ត្រ រាជាធិបតេយ្យ បានឲ្យដឹងកាលពីខែមុនថា គណបក្សសង្គ្រោះជាតិ ប្រសិនបើជាប់ឆ្នោតបានកាន់អំណាច គឺជាការគំរាមកំហែងដល់រាជានិយម ពីព្រោះគណបក្សប្រឆាំងនេះមិនដែលគាំទ្រព្រះមហាក្សត្រទេ។
លោក អ៊ុំ តារាវុធ ប្រធានខុទ្ទកាល័យព្រះបរមរាជវាំងបានមានប្រសាសន៍កាលពីម្សិលមិញថា ការសម្រេចព្រះទ័យរបស់ព្រះមហាក្សត្របច្ចុប្បន្នដើម្បីកោះប្រជុំរដ្ឋសភាកាលពីខែកញ្ញា គឺត្រឹមត្រូវតាមរដ្ឋធម្មនុញ្ញ។
លោក អ៊ុំ តារាវុធ បានមានប្រសាសន៍ថា “តាមរដ្ឋធម្មនុញ្ញមិនតម្រូវឲ្យមានសមាជិកសភាទាំង១២០រូបចូលរួមសម័យប្រជុំលើកដំបូងនោះទេ។ ខ្ញុំយល់ថា រដ្ឋសភានេះមានតែមួយបក្សមែន ប៉ុន្តែនៅពេលដែលរដ្ឋសភាបើកសម័យប្រជុំ លើកដំបូង ព្រះមហាក្សត្របានកោះហៅគណបក្សទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភា។គណបក្សសង្គ្រោះជាតិមិនបានចូលរួមទេ”។
លោក អ៊ុំ តារាវុធ ក៏បានលើកឡើងដែរថា លោក សម រង្ស៊ី ដែលត្រូវបានរារាំងមិនឲ្យឈរឈ្មោះនៅក្នុងការបោះឆ្នោតជាតិកាលពីខែកក្កដាដោយសារមានទោសព្រហ្មទណ្ឌដែលមានព្រះមហាក្សត្រ សីហមុនី បានប្រទានការលើកលែងទោសនៅប៉ុន្មានសប្តាហ៍នៅមុនការបោះឆ្នោតនោះ អាចមានឥទ្ធិពលច្រើនជាងនេះប្រសិនបើគាត់ដឹកនាំតំណាងរាស្ត្រទាំង៥៥រូបរបស់គាត់ចូលរដ្ឋសភា។
លោកបានមានប្រសាសន៍ថា “ខ្ញុំសោកស្តាយដែលគាត់មិនបានចូលរួមសម័យប្រជុំសភា។ប្រសិនបើលោក សម រង្ស៊ី ចូលប្រជុំ គាត់អាចប្រឆាំងរដ្ឋាភិបាលនៅក្នុងរដ្ឋសភា និងកែទម្រង់បញ្ហាជាច្រើននៅក្នុងសង្គមដូចនៅក្នុងប្រទេសអ៊ុយក្រែន សមាជិកសភារបស់គេអាចបោះឆ្នោតទម្លាក់ប្រធានាធិបតីរបស់ខ្លួនបាន”៕គឹមហឿន