កម្មករជាង១០០នាក់នៅឯរោងចក្រ កាត់ដេរ សេនហ្ស៊ូ ក្នុងរាជធានីភ្នំពេញបានដួលសន្លប់កាលពីម្សិលមិញ មួយថ្ងៃបន្ទាប់ពីមានការដួលសន្លប់យ៉ាងច្រើនដូចគ្នានេះដែរ នៅឯរោងចក្រដដែលនេះ។
កម្មការិនីដំបូងបានដួលសន្លប់នៅម៉ោងប្រហែល៨ព្រឹក ជាហេតុនាំឲ្យកម្មករទាំងអស់ រត់ចេញពីរោងចក្រក្នុងសភាពភិតភ័យ។ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ដែលជាអង្គការសិទ្ធិមនុស្សបានឲ្យដឹងថា កម្មករសរុប១១៨នាក់ត្រូវបានបញ្ជូនទៅសម្រាកនៅមន្ទីរពេទ្យ។
កម្មការិនី ធី ធឿន ដែលបានដួលសន្លប់កាលពីថ្ងៃពុធនិងបានវិលត្រឡប់ទៅធ្វើការវិញកាលពីម្សិលមិញ និងគ្រាន់តែបានគ្រាបងប្អូនស្រីឈឺរបស់ខ្លួនចេញពីរោងចក្រប៉ុណ្ណោះបានឲ្យដឹងថា “កម្មករបានចាប់ផ្តើមឈឺទ្រូង និងឈឺពោះ ហើយក្រោយមកពេលដែលអ្នកទាំងនោះចាប់ផ្តើមដួលសន្លប់ យើងទាំងអស់គ្នាបានរត់ចេញក្រៅ ពីព្រោះយើងខ្លាចខ្យល់ពុលណាស់”។
កាលពីថ្ងៃពុធ កម្មករចំនួន៦១នាក់បានដួលសន្លប់នៅរោងចក្រ សេនហ្ស៊ូ ស្ថិតនៅសួនឧស្សាហកម្ម វឌ្ឍនៈ ក្នុងខណ្ឌពោធិ៍សែនជ័យ។ កម្មការិនីរូបនេះបាននិយាយបន្តទៀតថា “គ្មានកង្ហា និងគ្មានម៉ាស៊ីនត្រជាក់នៅខាងក្នុងទេ។ ក្តៅណាស់ ហើយវាធ្វើឲ្យរាងកាយរបស់យើងប្លែកហើយធ្ងន់”។
វេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា បុគ្គលិករោងចក្រ និងលោកអភិបាលខណ្ឌទាំងអស់គ្នាបានពន្យល់ខុសៗគ្នាអំពីហេតុការណ៍កម្មការិនីដួលសន្លប់នៅតាមផ្លូវវេងស្រេង។ ទោះជាយ៉ាងណា អ្នកទាំងអស់គ្នាយល់ស្របថា កម្មការិនីទាំងនោះរងគ្រោះថ្នាក់ដោយសារតែមិនសូវមានពន្លឺ និងការមានខ្យល់មិនគ្រប់គ្រាន់សម្រាប់ដកដង្ហើម។
លោកវេជ្ជបណ្ឌិត សែន ឌីណេ បានឲ្យដឹងថា មិនអាចប្រាប់ឲ្យបានច្បាស់ពីអ្វីដែលបណ្តាលឲ្យស្ត្រីទាំងនេះដួលសន្លប់បានទេ ប៉ុន្តែលោកបានលើកឡើងថា របបអាហារទ្រទ្រង់ជាកត្តាច្បាស់លាស់មួយ។ គួរបញ្ជាក់ ថា គ្លីនិកឈ្មោះថា ឯករាជ្យ របស់វេជ្ជបណ្ឌិតរូបនេះពេញដោយអ្នកដួលសន្លប់ចំនួន៥០នាក់កាលពីថ្ងៃពុធ និងកាលពីម្សិលមិញ។
លោកវេជ្ជបណ្ឌិត ឌីណេ បានបន្តទៀតថា “ស្ត្រីខ្លះកំពុងខ្សោះទឹក។ ខ្លះវិលមុខ ហើយខ្លះទៀតក្អួតចង្អោរ”។ លោក បានមានប្រសាសន៍បន្តថា “ភាគច្រើនក្នុងចំណោមពួកគេ យើងបានព្យាបាលដោយព្យួរសេរ៉ូម និងដាក់ខ្សល់អុកស៊ីសែន ហើយរយៈពេលបួនម៉ោងក្រោយមក ពួកគេបានធូរស្រាលឡើងវិញ។អ្នកខ្លះដែលយើងបានពិនិត្យជាតិស្ករ ហើយបានរកឃើញ ថា ពួកគេខ្វះជាតិស្ករ”។
លោក ខឹម ស៊ុន សូដា អភិបាលខណ្ឌមានជ័យបានមានប្រសាសន៍ថា ស្ថានភាពនៅក្នុងរោងចក្ររបស់ចិនជារឿងត្រូវស្តីបន្ទោស។កាលពីថ្ងៃពុធ ថ្នាក់ដឹកនាំរបស់លោកបានបន្ទោសការដួលសន្លប់នេះទៅលើកម្មករផឹកច្រើនជ្រុលហួសក្នុងពិធីជប់លៀងមួយនៅយប់មុននោះ។
លោកបានឲ្យដឹងថា “ បេឡាជាតិរបបសន្តិសុខសង្គម បានប្រាប់រោងចក្រនេះថាពួកគេ ចាំបាច់ត្រូវរៀបចំស្ថាន ភាព ធ្វើយ៉ាងណាកុំឲ្យក្តៅសម្រាប់កម្មករ។ វេជ្ជបណ្ឌិតមិនដឹងពីមូលហេតុពួកគេដួលសន្លប់នោះទេ ប៉ុន្តែ បេឡាជាតិរបបសន្តិសុខសង្គមបានស្នើឲ្យកម្មការិនីស្ថិតនៅឆ្ងាយពីរោងចក្រ រហូតដល់ថ្ងៃច័ន្ទ”។
ក្រុមអ្នកតំណាងរបស់រោងចក្រមិនអាចទាក់ទងតាមទូរស័ព្ទ ដើម្បីធ្វើអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ អ្នកចាត់ការនៅរោងចក្រនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរឿងនេះទេ។
រោងចក្រកាត់ដេរ សេនហ្ស៊ូ ដែលតាមសេចក្តីរាយការណ៍ថា ផ្គត់ផ្គង់សម្លៀកបំពាក់កីឡាសកល ម៉ាក អាឌីដាស (Adidas) គឺជារោងចក្រយ៉ាងហោចទី៣ ដែលធ្លាប់មានការដួលសន្លប់យ៉ាងច្រើនក្នុងឆ្នាំ២០១៤។ នៅក្នុងរោងចក្របី ការដួលសន្លប់បានកើតឡើងរយៈពេលពីរថ្ងៃជាប់គ្នា។
កាលពីឆ្នាំមុន កម្មករចំនួន៨២៣នាក់បានដួលសន្លប់នៅរោងចក្រចំនួន១៥ដាច់ដោយឡែកពីគ្នា ចំណែកឯក្នុងឆ្នាំ២០១២ កម្មករចំនួន១.៦៨៦នាក់បានដួលសន្លប់នៅរោងចក្រចំនួន២៤កន្លែង។
លទ្ធផលស្រាវជ្រាវអំពីហេតុការណ៍ដួលសន្លប់នេះបញ្ជាក់ថា ជំងឺផ្លូវចិត្តយ៉ាងច្រើនអាចនៅពីក្រោយឧបទ្ទវហេតុជាច្រើនក្នុងចំណោមឧបទ្ទវទាំងនេះ។លទ្ធផលស្រាវជ្រាវបង្ហាញថា ជំងឺផ្លូវចិត្តយ៉ាងច្រើន ដែលគេស្កាល់ដែរថាជា រោគសសៃប្រសាទ មានផលប៉ះពាល់ដោយវិសមាមាត្រដល់ក្មេងស្រីក្រីក្រ។ វាភាគច្រើនកើតឡើងក្នុងបរិយាកាសជុំវិញ ជាទីដែលមានទំនាក់ទំនងសង្គមខ្លាំង។
វេជ្ជបណ្ឌិត ជៀន លាប ដែលបានព្យាបាលកម្មកររោងចក្រ សេនហ្ស៊ូ ចំនួន១៨នាក់នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងកាលពីម្សិលមិញបានមានប្រសាសន៍ថា ទិដ្ឋភាពអ្នកដែលដួលសន្លប់ អាចបណ្តាលមកពីមានផលប៉ះពាល់ដូចគ្នានឹងហេតុការណ៍ដែលបានកើតឡើងកាលពីម្សិលមិញ និងនៅក្នុងទិដ្ឋភាពពីរលើកកន្លងមកក្នុងឆ្នាំ២០១៤។
នៅពេលសាកសួរពីអ្វីដែលបណ្តាលឲ្យកម្មការិនីធ្លាក់ខ្លួនឈឺនោះ វេជ្ជបណ្ឌិត លាប ឲ្យដឹងថា “យើងហៅថា ការមួហ្មងទូទៅ។ យើងមិនដឹងច្បាស់ពីមូលហេតុដែលបណ្តាលឲ្យកម្មការិនីទីដំបូងដួលសន្លប់ទេ វាអាចជារឿងអ្វីមួយ ប៉ុន្តែនៅពេលមនុស្សធ្វើការក្នុងស្ថានភាពបែបនេះ ហើយមនុស្សម្នាក់ដួលសន្លប់ នៅពេលគេឃើញដូច្នោះ ពួកគេក៏ចាប់ផ្តើមដួលសន្លប់ដែរ”៕ ប៊ុននី