នគរបាលនិយាយថា កាលពីម្សិលមិញជនជាតិកូរ៉េខាងត្បូងចំនួន១៥នាក់ត្រូវបានចាប់ខ្លួនពីបទគ្រប់គ្រងប្រតិបត្តិការល្បែងភ្នាល់ខុសច្បាប់តាមអុីនធើណិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។
លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ បានមានប្រសាសន៍ថា ការចាប់ខ្លួននេះធ្វើឡើងក្រោយពីមានការស៊ើបអង្កេតរយៈពេលមួយសប្ដាហ៍លើប្រតិបត្តិការខុសច្បាប់នេះ។
លោកមានប្រសាសន៍ថា “ក្រុមនេះត្រូវបានតាមដានជាងមួយសប្ដាហ៍មកហើយ ។ ពួកគេបានគ្រប់គ្រងប្រតិបត្តិការមួយចេញពីផ្ទះវីឡាជួលមួយកន្លែង” មុនពេលលោកបដិសេធមិនផ្ដល់ព័ត៌មានលម្អិតបន្ថែមទៀតស្ដីពីការស៊ើបអង្កេត ឬការចាប់ខ្លួននេះ។
ឧត្តមសេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា មនុស្សទាំង១៥នាក់នេះត្រូវបានឃុំខ្លួន និងសាកសួរនៅអគ្គស្នងការនគរបាលជាតិ ហើយទំនងជាត្រូវបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃនេះ។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ យើងប្រហែលជាត្រូវបញ្ជូនខ្លួនពួកគេនៅថ្ងៃស្អែក”។ ចំណែកឯនគរបាលរាជធានីភ្នំពេញ បានបដិសេធមិនឆ្លើយបំភ្លឺទេពាក់ព័ន្ធបញ្ហានេះ។
កាលពីឆ្នាំមុន ជនជាតិកូរ៉េខាងត្បូងប្រាំបួននាក់ត្រូវបានចាប់ខ្លួនរួមជាមួយជនជាតិខ្មែរបួននាក់ ពីបទចូលរួមនៅក្នុងក្រុមភ្នាល់ល្បែងតាមអុីនធើណិត។ នៅក្នុងករណីនោះ ក្រុមនេះបានដំឡើងតុល្បែងនៅក្នុងសណ្ឋាគារមួយក្នុងខេត្តសៀមរាប ហើយបានប្រើប្រាស់វីដេអូលីងដើម្បីភ្ជាប់ទៅអ្នកលែងនៅឯបរទេស៕ សុខុម