26 C
Phnom Penh

រដ្ឋសភា​អនុម័ត​ច្បាប់ស្តីពី​ផ្លូវ​ថ្នល់​ដោយ​​មាន​ការ​ចូល​រួម​តែ​ពី​តំណាង​រាស្ត្រ​បក្ស​ប្រជាជន​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ ច្បាប់ស្តីពី​ផ្លូវ​ថ្នល់​ថ្មី​​ត្រូវ​បាន​អនុម័ត​ជា​ឯកច្ឆន្ទ​ដោយ​សមាជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា​៦៤​រូប​ដែល​បាន​ចូល​រួម​ក្នុង​សម័យ​ប្រជុំពេញ​អង្គ​រដ្ឋ​សភា​លើក ទី២សម្រាប់ថ្ងៃ​ទី៣ និង​ជា​ថ្ងៃ​ចុង​​ក្រោយ​។

ដោយ​អវត្ត​មាន​សមាជិក​សភា​ជាប់​ឆ្នោត​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិដែល​ធ្វើ​ពហិការ​មិនចូល​ប្រជុំសភា​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ដ៏ចម្រូងចម្រាស​កាលពី​ខែ​កក្កដានោះ សមាជិក​សភា​គណបក្ស​កាន់​អំណាច​នៅតែ​អាច​អនុម័តច្បាប់​​ដោយ​មានសំឡេង​លើស​ពី​៦២​សំឡេង​ដែល​ត្រូវ​ការ​ដើម្បី​អនុម័ត​ច្បាប់​ថ្មីៗ​​ក្នុង​ចំណោម​អាសនៈ​សភា​ចំនួន​១២៣​។

អំឡុង​ការ​ពិភាក្សា​ដេញ​ដោល​ថ្ងៃ​ទី២​អំពី​ច្បាប់​ស្ដីពី​ផ្លូវ​ថ្នល់​នោះ​ លោក ឈាង​ វុន សមា ជិក​សភា​គណបក្ស​ប្រជា​ជន​កម្ពុជា ជាថ្មី​ម្ដង​ទៀត​បាន​ដើរ​តួ​ជា​អ្នក​ចោទ​​សួរ​ជំនួស​គណ​បក្ស​ប្រឆាំង​ពិត​ប្រាកដ​។

កាលពីថ្ងៃ​ពុធ លោក ​ឈាង វុន បាន​ចោទ សួរ​​​លោក ត្រាំ អុីវតឹក រដ្ឋមន្ត្រី​ក្រសួង​​សាធារ​ណ​ការ​ និង​ដឹកជញ្ជូន​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​​អំពី​ការ​ឃុប​ឃិត​ជាមួយ​ក្រុម​អធិការ​កិច្ច​រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​នានា​ក្នុង​ការ​ស្ថាបនា​​ផ្លូវ​ ដែលរា​រាំង​​មិន​ឲ្យ​មាន​ការ​អនុ​វត្ត​បទ​ប្បញ្ញត្តិ​ស្តីពីការ​ស្ថាបនា​ផ្លូវ​ដែល​មាន​ស្រាប់​​ឲ្យ​បាន​ត្រឹម​ត្រូវ​​ឡើយ​។

កាលពីម្សិលមិញ លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋា​ភិបាល​​មិន​បានអនុវត​្ត​​វិធានការដាក់ទោស​​ដែល​បាន​ចែង​នៅ​ក្នុង​ច្បាប់​ស្ដីពី​ផ្លូវ​ថ្នល់​ថ្មីទេនោះ​ វា​នឹង​ធ្វើ​​ឲ្យ “ ខូច​កេរ្តិ៍ឈ្មោះ​របស់​​យើង”។

លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​​​បើ​យើង​មិនអនុវត្ត​ច្បាប់​ទេ​ អ្នក​ផ្សេង​​នឹង​ចោទ​​យើង​គ្រប់​ពេល​វេលា​ ដើម្បីបង្ខូច​កេរ្តិ៍​ឈ្មោះ​របស់​យើង​ទាក់​ទង​នឹង​វប្បធម៌​និទណ្ឌ​ភាព​។ ការ​ចោទ​ប្រកាន់​ពី​វប្បធម៌និទណ្ឌភាព​ នឹង​កើត​ឡើង​ទាំង​ក្នុង​​​និង​ក្រៅ​ប្រទេស​”។

លោក ឈាង វុន ក៏បាន​ស្ដីបន្ទោស​លោក​ ត្រាំ អុីវតឹក ផង​ដែរ​ចំពោះ​ស្ថាន​ភាព​រស់​នៅ​មិន​ល្អ​របស់​ប្រជា​ពល​រដ្ឋ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៦A” ដោយ​សារ​តែ​ការ​ស្ថាបនា​ផ្លូវដែល កំពុង​តែ​បន្ត​​នេះ។ផ្លូវ​ថ្នល់​នេះ​មិន​ទាន់​​ក្រាល​កៅស៊ូនៅ ឡើយ​ទេ​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ​ ដោយ​​ផ្ទះ​សំបែង​និង​ក្រុម​ហ៊ុន​មួយ​ចំនួន​​នៅ​ក្បែរ​នោះ​ប៉ះពាល់​ដោយ​ការ​ហុយ​ធូលី​ជាប់​ជានិច្ច​​។

លោក ឈាង វុន បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ពួកគេ​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៦A ខ្ញុំ​មិន​ដែល​ឃើញ​គេ​ស្រោច​ទឹក​ផ្លូវ​ដ៏​ហុយ​ទ្រលោម​នេះទេ​ ដោយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជា​ពល​រដ្ឋ​រស់​នៅ​តាម​បណ្ដោយ​​ផ្លូវខ្លាំង​ណាស់​។ ដូច្នេះ សូម​ឯក​ឧត្តម​រដ្ឋមន្ត្រី​មេត្តា​រក​វិធីណា​ដើម្បី​ការ​ពារ​សុខភាព​ប្រជា​ពល​រដ្ឋ​ផង​”។

លោក​ឧបនាយក​រដ្ឋមន្ត្រី​ សុខ អាន ​តំណាង​​ រាស្ត្រ​មណ្ឌល​តាកែវ ក៏បានចូលរួម​ផ្តល់​យោបល់​លើច្បាប់​ស្ដីពី​ផ្លូវ​ថ្នល​់​នេះ​​អំឡុង​​សម័យ​ប្រជុំផង​ដែរ​ ដោយ​បាន​ចោទ​​សួរ​លោក​ ត្រាំ អុីវតឹក ថា ហេតុអ្វី​បាន​ជា​រដ្ឋា​ភិបាល​អសមត្ថភាព​ក្នុង​ការ​ត្រួត​ពិនិត្យ​ទម្ងន់​​រថយន្ត​ផ្ទុក​នៅតាមផ្លូវ​​នៅ​ទូទាំង​ប្រទេស​។

លោក​បាន​បន្ថែម​ថា “បញ្ហា​នៅ​ត្រង់ថា ហេតុ​អ្វី​បាន​ជា​យើង​មិន​អាច​បញ្ឈប់​បញ្ហា​នេះ​បាន​? ពីព្រោះ​យើង​មាន​អាជ្ញាធរ​មូល​ដ្ឋាន នគរ​បាល​ជាតិនិង​ជញ្ជីង​​​ថ្លឹង​ទម្ងន់ក្នុង​ការ​ត្រួតពិនិត្យ ដូច្នេះ​ ហេតុអ្វី​បាន​ជា​រថយន្ត​នៅ​តែ​អាច​ផ្ទុក​ទំនិញ​លើស​ទម្ងន់​បាន​ទៀត​?”។

មាត្រា​៦០នៃ​ច្បាប់​ស្ដីពី​ផ្លូវ​ថ្នល់​ចែង​ថា ជនណា​ដែល​រក​ឃើញ​ថា ផ្ទុកទំនិញ​​លើស​ទម្ងន់កំណត់​​២០​ភាគ​រយ​អាច​ប្រឈម​ការ​​រឹបអូស​​រថ​យន្ត​ទុក​រយៈ​ពេល​រហូត​ដល់​១ឆ្នាំ​ ពិន័យ​ជា​ប្រាក់​រហូត​ដល់​៣០០​.០០០​រៀល​ក្នុង​១តោន​និង​ព្យួរ​ប័ណ្ណ​អ្នក​បើក​បរ​រយៈ​ពេល​ពីរ​ឆ្នាំ​។

មាត្រា៤៨និង​៧៧នៃ​ច្បាប់​ស្ដី ពី​ផ្លូវ​ថ្នល់​ដាក់​ទោស​ធ្ងន់​ធ្ងរ​ដល់​ជន​ណា​ដែល​រក​ឃើញ​ថា ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្ថាបនា​​ ផ្លូវ​ដោយ​​គ្មាន​ការ​អនុញ្ញាត​ ឬ​បំផ្លាញ​ផ្លូវ​សាធារណៈ​​ដែល​មាន​ស្រាប់​។

មាត្រា៧៧ចែង​ថា “អ្នកដែល​បំពេញ ការ​ងារ​សាធារណៈ​ដោយ​គ្មាន​ការ​អនុ​ញ្ញាត​ពីអាជ្ញាធរ​ ឬ​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​ដល់​ស្ថាន​ភាព​ផ្លូវ ទ្រូង​ផ្លូវ គែម​ផ្លូវ ឬ​តំបន់ដែល​នៅ​សេសសល់​លើ​​ចិញ្ចើម​ផ្លូវ នឹង​តម្រូវ​ឲ្យ​ជួស​ជុល​ផ្លូវ​នោះ​ឲ្យ​ដូច​ដើម​ឡើង​វិញ​ ហើយ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​២​ឆ្នាំ​ដល់​៥​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន​រៀល​ដល់​១០​លាន​រៀល​”៕ សារុន ​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស