អ្នកភូមិម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីទំហំប្រមាណជាង៦៨៤ហិកតាជាមួយលោក អីុ ឈាន អភិបាលខេត្តប៉ៃលិនបានអះអាងកាលពីម្សិលមិញថា កាលពីឆ្នាំ១៩៩៩ លោក អីុ ឈាន និងមន្ត្រីយោធាជាន់ខ្ពស់ម្នាក់បានចែកពូថៅ និងឧបករណ៍កសិកម្មដល់អ្នកភូមិជាច្រើនគ្រួសារដែលឥឡូវនេះកំពុងរស់នៅលើដីនេះ។
កាលពីថ្ងៃពុធ សាលាដំបូងខេត្តប៉ៃលិនបានចោទប្រកាន់អ្នកភូមិបួននាក់ពីបទរំលោភ យកដីរបស់រដ្ឋដោយបានធ្វើស្រែចម្ការលើដីនោះ ហើយបដិសេធមិនព្រមចាកចេញនៅពេលដែលអាជ្ញាធរប្រាប់ឲ្យពួកគាត់ចាកចេញ។
ក្រុមអ្នកភូមិទាំងនោះស្ថិតនៅក្នុងចំណោមអ្នកភូមិ១៤៧គ្រួសារដែលត្រូវបានបណ្តេញចេញពីដីនេះតាមបញ្ជារបស់លោក អីុ ឈាន កាលពីដើមខែមុន។ នៅពេលនោះ លោក អីុ ឈាន បានចាត់ទុកដីនោះថាជា “ដី របស់ខ្ញុំ” ប៉ុន្តែក្រោយមកលោកបាននិយាយកែតម្រូវថា ដីនេះមួយផ្នែកជាដីរបស់រដ្ឋ និងមួយផ្នែកទៀតជាដីរបស់ក្រុមហ៊ុន។
លោក ថុង ថន តំណាងអ្នកភូមិបាននិយាយកាលពីម្សិលមិញថា អ្នកភូមិជាច្រើនគ្រួសារបានរស់នៅលើដីដែលមានវិវាទនេះអស់រយៈពេល១៥ឆ្នាំមកហើយដោយមានការអនុញ្ញាតពីអាជ្ញាធរ រួមទាំងលោក អីុ ឈានផងដែរ។ លោក ថុង ថន បាននិយាយថា លោក អីុ ឈាន និងលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការ កងអង្គរក្សរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ កាលពីឆ្នាំ១៩៩៩ បានប្រគល់ ដីនេះទៅឲ្យអ្នកភូមិដែលភាគច្រើនជាអតីតគ្រួសារខ្មែរក្រហម។
លោក ថុង ថន បាននិយាយថា “លោក ហ៊ីង ប៊ុនហៀង បានមកជួបជាមួយពួកយើងកាលពីឆ្នាំ១៩៩៩ ហើយលោកបានមានប្រសាសន៍ថា សម្តេច ហ៊ុន សែន ជាប់រវល់ ដូច្នេះលោកអនុញ្ញាតឲ្យខ្ញុំមកជួបជាមួយបងប្អូនទាំងអស់គ្នា’ ហើយលោកបានចែកកាំបិតផ្គាក់ និងពូថៅដើម្បីកាប់ឆ្ការព្រៃ និងរានដីដើម្បីធ្វើស្រែ និងដាំដំណាំផ្សេងៗ”។
លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសខ្មែរក្រហមបានដឹកនាំក្រុមឧទ្ទាមក្នុងខេត្តប៉ៃលិនមកចូលរួមជាមួួយរដ្ឋាភិបាលក្រុងភ្នំពេញកាលពីឆ្នាំ១៩៩៦។ លោក អីុ ឈាន ដែលជាប្រធានកងការពាររបស់ ប៉ុល ពត ក្រោយមកបានក្លាយជាអភិបាលខេត្ត។
លោក វ័រ រុំ ជំទប់ឃុំស្ទឹងត្រែងក្នុងខេត្តប៉ៃលិនបាននិយាយរៀបរាប់ពីរឿងរ៉ាវរបស់លោក ថុង ថន។ លោកបានមានប្រសាសន៍ថា ឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្នុងនាមលោក ហ៊ុន សែន បានចែកឧបករណ៍ជាច្រើន ព្រមទាំងអង្ករទម្ងន់៥០គីឡូក្រាមដល់គ្រួសារនីមួយៗក្នុងចំណោមអ្នកភូមិ៧០០គ្រួសារដែលធ្វើស្រែចម្ការលើដីនោះនៅពេលនោះ។
លោកថ្លែងថា “ឯកឧត្តម ហ៊ីង ប៊ុនហៀង និងលោក អីុ ឈាន ពិតជាបានមកជួបជាមួយអ្នកភូមិ និងចែកកាំបិតផ្គាក់ និងពូថៅដល់អ្នកភូមិមែន ហើយណែនាំពួកគាត់ ឲ្យកាប់ឆ្ការព្រៃ និងរានដីដើម្បីធ្វើស្រែ”។
លោក វ័រ រុំ បានមានប្រសាសន៍ថា លោក អីុ ឈាន កាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០ បានណែនាំឲ្យក្រុមមន្ត្រីបែងចែកដីដែលគេមិនប្រើប្រាស់នៅក្នុងខេត្តប៉ៃលិនឲ្យអតីតទាហានខ្មែរក្រហម។ លោកមានប្រសាសន៍ ថា ការបណ្តេញ ចេញនេះធ្វើឡើងបន្ទាប់ពីអ្នកភូមិមួយចំនួនបានរានដីនៅក្រៅដីឡូត៍របស់ខ្លួន ហើយព្យាយាមលក់ដីនោះ។
លោកបានមានប្រសាសន៍ថា “យើងបានបញ្ជាឲ្យអ្នកភូមិទាំងនេះចាកចេញពីដីនេះ ពីព្រោះពួកគាត់បានរានដីកាន់តែច្រើនឡើងៗ ដើម្បីពង្រីកដីស្រែរបស់ខ្លួន…សម្រាប់ លក់ទៅឲ្យអ្នកផ្សេង”។
លោកឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានមានប្រសាសន៍កាលពីម្សិលមិញថា លោកមិនអាចបញ្ជាក់ ឬបដិសេធរឿងរ៉ាវនៃការផ្ទេរដីរបស់លោក ថុង ថន និងលោក វ័រ រុំ បានទេ។លោកបានមានប្រសាសន៍ថា “ខ្ញុំមិនចាំរឿងនោះទេ ពីព្រោះវាកន្លងហួសយូរមកហើយ”។
នៅក្នុងបទសម្ភាសកាលពីម្សិលមិញ លោក អីុ ឈាន បានបដិសេធដាច់អហង្ការចំពោះរឿងរ៉ាវនៃការផ្ទេរនេះ។ លោកបានមានប្រសាសន៍ថា “ខ្ញុំមិនដែលបានទៅជួបអ្នកភូមិទាំងនោះជាមួយឯកឧត្តម ហីុង ប៊ុនហៀង ដើម្បីចែកអំណោយទេ។ ព័ត៌មាននេះមិនពិតឡើយ”៕សារុន