37 C
Phnom Penh

អភិបាល​ខេត្ត​ព្រះ​វិហារ​នឹង​បិទការិយាល័យ​អង្គការ​ក្រៅ​រដ្ឋាភិបាលជុំវិញ​រឿងញុះ​ញង់​កម្មករ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក អ៊ុំ ម៉ារ៉ា អភិបាល​ខេត្ត​ព្រះ​វិហារ​​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បី​ជូន​ដំណឹង​ថា លោក​កំពុង​បញ្ជា​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​បិទ​ការិយាល័យ​មូល​ដ្ឋាន​របស់​ខ្លួន​ ដោយ​ឈរ​លើ​មូល​ដ្ឋាន​ថា អង្គការ​នោះ​កំពុង​ញុះ​ញង់​អ្នក​ភូមិ​ឲ្យ​បំផ្លាញ​អំពៅ​ដែល​ក្រុម​ហ៊ុន​ចិន​មួយ​បាន​ដាំ​។

នៅ​ក្នុង​លិខិត​​ដែល​ទទួល​បាន​កាលពី​ម្សិល​​មិញ​នោះ លោក អ៊ុំ ម៉ារ៉ា បាន​ចោទ​ប្រកាន់​លោក​ ឡូត សាំង សមាជិក​អង្គការ​ពន្លក​ខ្មែរ​​ថា បាន​ដឹក​នាំ​អ្នក​ភូមិ​ឲ្យ​បំផ្លាញ​អំពៅ​នៅ​លើ​ចម្ការ​របស់​ក្រុម​ហ៊ុន​ រ៉យ ហ្វេង (ខេមបូឌា) អីុនធើណេសិន​ណល ខូ អិល​ធីឌី [Roy Feng (Cambodia) International Co., Ltd.]។

លោកអភិបាល​ខេត្ត​ព្រះ​វិហារ​​បាន​សរ​សេរ​​ថា “កាល​ពី​ពេល​នោះ​ ទោះ​បី​ជា​នគរ​បាល​បាន​ទៅ​ឃាត់​ពួកគេ​ក៏​ដោយ​ ក៏​ពួកគេ​នៅ​តែ​បន្ត​បំផ្លាញ​អំពៅ​រហូត​ដល់​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​១ ខែមេសា។ ពួកគេ​បាន​បំផ្លាញ​អំពៅ​អស់​ប្រហែល​៣៦តោន​នៅ​លើ​ផ្ទៃ​ដី​ប្រហែល​៣ហិកតា”។

លោក អ៊ំុ ម៉ារ៉ា បាន​ពន្យល់​ថា លោក​នឹង​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ជួប​ពិភាក្សា​ជា​មួយ​អ្នក​ភូមិ​ ហើយ​ស្នើ​ឲ្យ​ពួកគាត់​ឈប់​បំផ្លាញ​អំពៅ​ទៀត។ លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា លោក​មាន​ផែនការ​បិទ​ការិយាល័យ​អង្គការ​ពន្លក​ខ្មែរ​ និង​អនុញ្ញាត​ឲ្យ​ក្រុម​ហ៊ុន រ៉យ ហ្វេង ដាក់​ពាក្យ​ប្តឹង​អ្នក​ញុះ​ញង់​ឲ្យ​មាន​សកម្មភាព​កាលពី​ថ្ងៃ​អង្គារ​។

យោង​តាម​គេហទំព័រ​មួយ​បាន​បង្ហាញ​ថា អង្គការ​ពន្លក​ខ្មែរ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​តូច​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ព្រះ​វិហារ​ និង​ធ្វើការ​ជាមួយ​ប្រជាជន​ជន​ជាតិ​ដើម​ភាគ​តិច​ ដើម្បី​ការពារ​សិទ្ធិ​ដី​ធ្លី​របស់​ពួក​គេ។

​លោក អ៊ុំ ម៉ារ៉ា បាន​សរសេរ​បន្ត​ទៀត​ថា “អង្គការ​នេះ​តែង​តែ​ញុះ​ញង់​ប្រជាជន​ឲ្យ​ធ្វើ​សកម្មភាព​ខុសច្បាប់​ និង​ផ្ទុយ​ពី​លក្ខ​ន្តិកៈ​របស់​រដ្ឋាភិបាល​”។ ទាំង​លោក​ ម៉ារ៉ា និង​លោកឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ សុទ្ធ​តែ​មិន​អាច​ទំនាក់​ទំនង​ធ្វើ​អត្ថាធិប្បាយ​បាន​កាល​ពី​ម្សិលមិញ។

លោក​ ខូយ ប៊ុនថន អភិបាល​រង​ខេត្ត​ព្រះ​វិហារ​ បាន​ឲ្យ​ដឹង​ថា សកម្មភាព​បំផ្លាញ​អំពៅ​នោះ​ត្រូវ​បាន​ថត​ដាក់​វីដេអូ​ឃ្លីប​។ លោក​បានមាន​ប្រសាសន៍​ថា “​យើង​មាន​វីដេអូ​ឃ្លីប​ជា​ភ័ស្តុតាង​ និង​អាច​បញ្ជាក់​ថា ពួកគេ​ពិត​ជា​បាន​ប្រព្រឹត្ត​បែប​នេះ​មែន​”។ ប៉ុន្តែ​ លោក​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិ​ប្បាយ​បន្ថែម​ទៀត​ទេ។

លោក អង់ ជាតិ​ឡុំ នាយក​ប្រតិបត្តិ​អង្គ​ការ​ពន្លក​ខ្មែរ​បាន​លើក​ឡើង​ថា លោក​សង្ឃឹម​​ថា សេចក្តី​សម្រេច​របស់​លោក ម៉ារ៉ា​ ថា នឹង​បិទ​ការិយាល័យ​អង្គការ​របស់​លោកនៅ​ខេត្ត​ព្រះ​វិហារ​នោះនឹង​មិន​ត្រូវ​បាន​អនុវត្ត​។

ក៏ប៉ុន្តែ លោកបាន​បដិសេធថា អង្គការ​​របស់​លោក​មិន​ជាប់ពាក់ព័ន្ធ​ក្នុងការ​ញុះញង់​អ្នក​ភូមិ​ឲ្យរំលោភ​​ច្បាប់​នេះ​ទេ។ លោកបាន​មាន​ប្រសាសន៍ថា “ឡូត សាំង គឺជា​បុគ្គលិក​​​របស់អង្គការនេះ​ ​និងមិន​បាន​ប្រព្រឹត្តបទ​ល្មើស​ទេ។​ ​គាត់គ្រាន់តែ​ទៅ​​ពិនិត្យ​​ ​តាម​ដាន​ប្រជា​ពល​រដ្ឋ​និងថត​រូប…។ នេះ​គ្រាន់​​តែជា​ការ​ចោទប្រកាន់​ពីអាជ្ញាធរ​ប៉ុណ្ណោះ​”។

អ្នកភូមិជនជាតិដើមភាគតិច គួយ នៅក្នុង​ខេត្តព្រះវិហារ បានចោទប្រកាន់​ក្រុមហ៊ុន រ៉យ ហ្វេង​ និងក្រុមហ៊ុនចិន មួយទៀត ឈ្មោះ ឡាន ហ្វេង ថា បាន​ព័ទ្ធនិង​ទន្ទ្រាន​យកដីស្រែ​ចម្ការសហគមន៍របស់ពួកគាត់​ដែល​មាន​ទំហំ​៥.០០០ហិកតាដោយខុសច្បាប់។

កាលពីខែមករា ​ព្រះតេជគុណ ប៊ុត ប៊ុន​ថេង ជាព្រះសង្សសកម្មដ៏​លេចធ្លោមួយ​អង្គ ត្រូវបា​​នកងរាជ​អាវុធហត្ថ​ឃាត់ព្រះ​កាយ​និងដោះលែងវិញ​ បន្ទាប់ពី​ចូលរួម​ជា​មួយ​អ្នកភូមិ​ក្នុងសកម្មភាព​តវ៉ាមួយ។

កាលពីថ្ងៃពុធ អ្នកភូមិជន​ជាតិ​ដើមភាគ​តិចគួយប្រហែល២០០ នាក់បានធ្វើការតវ៉ា​នៅ​មុខ​ស្នងការដ្ឋាន​នគរបាលខេត្ត បន្ទាប់ពី​សាកសួរអ្នកភូមិបីនាក់។

លោក កែវ ចំរើន ស្នងការរងនគរបាល​ខេត្ត​​ បានមានប្រសាសន៍​កាលពីម្សិលមិញថា ការសាកសួរតំណាងអ្នក ភូមិទាំងនោះ​កើត​ឡើងបន្ទាប់​ពី​មាន​ពាក្យបណ្តឹង​ប្រឆាំង​​​ពួកគេ​ពីសំណាក់​​តំណាងក្រុមហ៊ុន ​ឡាន ហ្វេង​។

លោក​សឿង ​សំ តំណាងអ្នកភូមិ គួយ បាន​ឲ្យ​ដឹង​​ថា ប្រជាជនប្រមាណជា​​៣០០​នាក់​បាន​​​បន្តសកម្មភាព​តវ៉ា​នៅក្រៅសាលា​ខេត្ត​នៅ​ថ្ងៃ​នេះ។ លោកបានមាន​ប្រសាសន៍​​​ថា “យើង​នឹង​ដេក​នៅទីនេះ រហូតទាល់តែ​អាជ្ញា​ធរ​ខេត្តរក​បាន​ដំណោះស្រាយ​ល្អ​ឲ្យ​ពួក​យើងទាំងអស់​គ្នា​​”៕ សុធា

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស