31 C
Phnom Penh

កង​យោធពល​ខេមរ​ភូមិន្ទ​មា្នក់​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​បើក​កន្លែង​ជល់មាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទាហាន​កង​យោធពល​ខេមរភូមិន្ទ​ម្នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បើក​កន្លែង​ជល់​មាន់​ និងកន្លែង​លេង​ល្បែង​ខុស​ច្បាប់​ត្រូវសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​មួយ​ឆ្នាំ​កាល​ពី​ម្សិល​មិញ​។

លោក ទុយ​ ផា អាយុ​៤៦​ឆ្នាំ​ ត្រូវ​បាន​នគរ​​បាល​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១៨​ ខែ​មករា​ ខណៈ​កំពុង​បើក​កន្លែង​ជល់​មាន់ និង​កន្លែង​លេង​ល្បែង​នៅ​លើ​ដី​មួយ​កន្លែង​ដែល​គេ​បាន​ជួល​លោក​ឲ្យយាម​ក្នុង​ខណ្ឌ​សែន​សុខ​រាជ​ធានី​ភ្នំពេញ​។

នគរបាល​រឹប​អូស​បាន​អាប៉ោង​ បៀ និង​មាន់​ជល់​ចំនួនប្រាំមួយ​​ក្បាល​។ លោក​ ទុយ​ ផា​ បាន​ស្លៀក​ឯកស​ណ្ឋាន​ជា​ទាហាន​កង​យោធ​ពល​ខេមរ​ភូមិន្ទ​អំឡុង​ពេល​នោះ​។

ចៅ​ក្រម​ សួស​ សំអាត​ បាន​ថ្លែង​ទៅ​កាន់​តុលាការ​ កាល​ពី​ម្សិល​មិញ​ថា “លោក​ ទុយ​ ផា​ បាន​ប្រើ​តួនាទីនៅ​ក្នុង​យោធពល​ខេមរ​ភូមិន្ទ​រ​បស់​ខ្លួន​​ទៅ​បើក​កន្លែង​លេង​ល្បែង​ស៊ី​សង​ខុស​ច្បាប់​។ តុលា​ការ​បាន​រក​ឃើញ​ថា លោក​ ទុយ​ផា​ មាន​ទោស​កំហុស​ ហើយ​បាន​ផ្តន្ទាទោស​គាត់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ប្រាំ​លាន​រៀល​ [ប្រ​ហែល​ ១.២៥០​ដុល្លារ​]”។  ចៅ​ក្រម​ សំអាត​ បាន​ព្យួរ​ទោស​របស់​លោក​ ទុយ​ ផា​ រយៈពេល​ប្រាំបួន​ខែ​។

លោក​ ទុយ​​ ផា ដំបូង​ឡើយ​ត្រូវ​បាន​ចាប់​​ខ្លួន​ពី​បទ​បើក​កន្លែង​ជល់​មាន់​និង​កន្លែង​លេង​ល្បែង​ស៊ី​សង​នៅ​លើ​ដី​មួយ​កន្លែង​ក្នុង​សង្កាត់​​ទឹក​ថ្លា​ កាល​ពី​ខែ​សីហា​ ឆ្នាំ​មុន​។

លោក​ ទុយ​ ផា ត្រូវ​បាន​ដោះ​លែង​វិញ​កាល​​ពី​ពេល​នោះ​ ហើយ​បាន​អះ​អាង​នៅ​ក្នុង​​តុលាការ​កាល​ពី​ម្សិលមិញថា តាំង​ពី​ត្រូវ​បាន​ចាប់​ខ្លួន​មួយលើក​កាល​ពី​លើក​មុន​រួច​មក​ គាត់​បាន​ចិញ្ចឹម​មាន់​ជល់​ចំនួន​ប្រាំ​មួយ​​ក្បាល​សម្រាប់​លក់​ ប៉ុន្តែ​លោក​មិន​ដែល​បាន​​​លេង​ល្បែង​ស៊ីសង​ ឬ​ក៏​ជាប់​ពាក់​ព័ន្ធ​នៅ​ក្នុង​ការ​ជល់​មាន់​ឡើយ​។

លោក​ ទុយ​ ផា​  បាន​និយាយ​ថា “ខ្ញុំ​បាន​​​ឈប់​​​លេង​ល្បែង​ស៊ីសង​បន្ទាប់​ពី​នគរបាល​បាន​ចាប់​ខ្លួន​ខ្ញុំមួយលើក​រួច​មក​។ ខ្ញុំ​មាន​មាន់​ជល់​ប្រាំ​មួយ​ក្បាល​ ប៉ុន្តែ​ខ្ញុំ​សូម​​បដិសេធ​​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​”។

នគរបាល​រាជ​ធានី​ភ្នំពេញ​ បាន​ចុះ​បង្ក្រាប​​ព្រឹត្តិការណ៍​ជល់​មាន់​ខុស​ច្បាប់​​មួយ​នៅ​ក្នុង​ខណ្ឌ​ដូនពេញ​​កាល​ពី​ថ្ងៃ​ច័ន្ទ​ ហើយ​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​១៥​នាក់​។ នគរបាល​បាន​រក​ឃើញ​ថា មនុស្ស​១០​នាក់​បាន​លេង​ល្បែង​ស៊ីសង​ ហើយ​បាន​យក​ពួក​គេ​ទៅ​អប់​រំ​ រួច​ដោះ​លែង​វិញ​។

ម្ចាស់​ផ្ទះ​ដែលបើក​​កន្លែង​​ជល់​មាន់ ​និង​អ្នក​មើល​ការ​ខុស​ត្រូវ​កន្លែង​លេង​ល្បែង​ស៊ី​សង​​ត្រូវ​បាន​ចោទ​ប្រកាន់​និង​ត្រូវ​ប្រឈម​​​មុខ​នៅ​ក្នុង​តុលាការ​។

ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ អ្នកនាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​​បាន​លើ​ក​​ឡើង​កាល​ពី​ម្សិល​មិញ​ថា​​ គ្មាន​បទ​បញ្ជា​ពី​ថ្នាក់​លើ​ឲ្យ​នគរបាល​ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​លើ​ការ​ចុះ​បង្ក្រាប​ការ​លេង​ល្បែង​ស៊ីសង​ ឬ​ជល់​មាន់​ដោយ​ខុស​ច្បាប់​នោះ​ទេ​ ប៉ុន្តែ​លោក​បាន​លើក​ឡើង​ថា​ អ្នក​បើក​កន្លែង​លេង​ល្បែង​ស៊ីសង​ និង​ជល់​មាន់​មួយ​ចំនួន​មិន​អើ​ពើ​នឹង​ការ​ព្រមាន​របស់​នគរបាល​ឡើយ​។

ឧត្តម​សេនីយ៍​ ខៀវ​ សុភ័គ​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ជា​ធម្មតា​នគរ​បាល​បានចុះ​​ទៅ​មួយ​លើក​ជា​ពីរ​លើក​ ហើយ​​បាន​ធ្វើ​ការ​ព្រមាន​ ប៉ុន្តែ​ពេល​ខ្លះ​ប្រសិន​បើ​ពួកគេ​​មិន​ឈប់​នោះ​ទេ​ យើង​ត្រូវ​តែ​ចាប់​ខ្លួន​ពួក​គេ​បញ្ជូន​ទៅ​តុលាការ​។ ពួក​គេ​បាន​ចាត់​ទុក​ការ​ជល់​មាន់​ជា​កីឡា​ ប៉ុន្តែ​ការ​ជល់​មាន់​គឺជា​ល្បែង​​សីុសង​​​ ហើយ​ល្បែង​ស៊ី​សង​គឺ​ខុសច្បាស់​”៕ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស