40.9 C
Phnom Penh

ក្រសួង​រៀប​ចំ​ដែន​ដី​​បដិសេធ​តួលេខ​ករណី​ជម្លោះ​ដី​ធ្លី​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​ លីកាដូ 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​រៀប​ចំ​ដែន​ដី នគ​រូបនីយកម្ម និង​សំណង់​ បាន​រៀប​ចំ​សន្និសីទ​សារព័ត៌មាន​ដ៏​កម្រ​មួយ​ ដើម្បី​បក​ស្រាយ​ការពារការ​គ្រប់​គ្រង​វិវាទ​ដី​ធ្លី​របស់​ខ្លួន​ និង​បដិសេធ​របាយ​ការណ៍​ថ្មី​របស់​អង្គការ​រដ្ឋាភិបាល​មួយ​ដែល​អះ​អាង​ថា វិវាទ​ទាំង​នេះ​កំពុង​កើន​ឡើង​ជា​ថ្មី​ម្តង​ទៀត​ បន្ទាប់​ពី​មាន​ភាព​ស្ងប់​ស្ងាត់​ក្នុង​ឆ្នាំ​មាន​ព្រឹត្តិការណ៍​បោះ​ឆ្នោត​។

កាលពី​ថ្ងៃ​អង្គារ​ អង្គការ​សិទ្ធិ​មនុស្ស​លីកា​ដូ បាន​ឲ្យ​ដឹង​ថា “រលក​ថ្មី” នៃ​វិវាទ​ដី​ធ្លី​បាន​បង្ក​​ផល​ប៉ះពាល់​ដល់ប្រជាជន​២.២០០​គ្រួសារ​​បន្ថែម​ទៀត​នៅ​ក្នុង​១៣ខេត្ត ដែល​ខ្លួន​បាន​ចុះ​ត្រួត​ពិនិត្យ​តាំង​ពី​ដើម​ឆ្នាំ​នេះ​មក​ ពោល​គឺ​ជា​ចំនួន​ច្រើន​ជាង​ចំនួន​ប្រជាជន​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ជាប់​ព័ន្ធនៅ​ក្នុង​វិវាទ​ប្រហាក់​ប្រហែល​គ្នា​សម្រាប់​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៣ ដែល​ជា​ឆ្នាំ​បោះ​ឆ្នោត​។

អង្គការ​លីកាដូ បាន​ឲ្យ​ដឹងបន្ថែមទៀត​​ថា ប្រជា​ជន​ខ្មែរ​ជាង​៥០០.០០០នាក់​រង​ផល​ប៉ះពាល់​អាក្រក់​ដោយ​សារ​វិវាទ​ដី​ធ្លី​នៅ​ខេត្ត​ទាំង​១៣​នោះ​ បើ​គិត​តាំង​ពី​ឆ្នាំ​២០០០មក​។ លោកស្រី​ ពង្ស សីុវហ្គិច នាយិកា​អង្គការ​នេះ​​បាន​ហៅ​តួលេខ​នេះ​ថា “ រឿង​គួរ​ឲ្យ​ខ្មាស់​អៀន​”។

នៅ​សន្និសីទ​សារព័ត៌មាន​ប្រារព្ធ​នៅ​ទីស្តី​ការ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ កាលពី​ម្សិលមិញ លោក ស សុវណ្ណ រដ្ឋលេខា​ធិការ​ក្រសួង​នេះ បាន​បដិសេធ​តួ​លេខកន្លះ​លាន​នាក់​នេះ​។

លោក សុវណ្ណ ​បាន​មាន​ប្រសាសន៍ដូច្នេះ​​ថា “​ក្រសួង​មិន​ទទួល​ស្គាល់​តួលេខ​នេះ​ទេ។ វា​មិន​មែន​ជាការពិត​ទេ”។ ក៏​ប៉ុន្តែ លោក​បាន​ផ្តល់​តួលេខ​របស់​លោក​ផ្ទាល់​ដែល​មាន​ចំនួន​តិច​ជាង​តួលេខ​របស់​អង្គការ​លីកាដូ​យ៉ាង​ច្រើន​។

លោក សុវណ្ណ ក៏​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា​មាន​ដី​ប្រហែល​ជាបីលានប្លង់​នៅ​ក្នុង​បញ្ជី​។ លោក​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា ក្នុង​ចំណោម​ដី​១០០ប្លង់​ មាន​វិវាទ​តែ​០,៣ទៅ​០,៤​ករណី​ប៉ុណ្ណោះ​។ ដោយ​ប្រើ​តួលេខ​ទាំង​នោះ​ឃើញ​ថា មាន​វិវាទ​ដី​ធ្លី​ទូទាំង​ប្រទេស​យ៉ាង​ច្រើន​១.២០០ករណី​។

លោក​ក៏​បាន​អះ​អាង​ផង​ដែរ​ថា តួលេខ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ត្រូវ​បាន​បំប៉ោង​យ៉ាង​ច្រើន​ ពីព្រោះ​ពួកគេ​ចង់​ដាក់​ពាក្យ​បណ្តឹង​ជុំ​វិញ​វិវាទ​តែ​មួយ​ប៉ុណ្ណោះ​ ជាមួយ​ទី​ភ្នាក់​ងារ​រដ្ឋាភិបាល​ជា​ច្រើន​ ហើយ​បន្ទាប់​មក​ ក៏​រាប់​ករណី​នីមួយ​ៗ​ជា​ករណី​ដាច់​ដោយ​ឡែក​ពី​គ្នា​ រដ្ឋលេខា​ធិការ​រូប​នេះ​ក៏​បាន​ត្អូញ​ត្អែរថា ប្រទេស​កម្ពុជា​កំពុង​ត្រូវ​បាន​គេ​មើល​ឃើញ​មិន​ត្រឹម​ត្រូវ​ថា មាន​ភាព​អយុត្តិធម៌​។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​ទើប​តែ​មក​ពីចូល​រួម​ប្រជុំ​របស់​ធនាគារ​ពិភព​លោក​នៅ​អាមេរិក​។ នៅ​ប្រទេស​រវ៉ាន់​ដា គេ​មាន​អត្រា​វិវាទ​ដី​ធ្លី២ទៅ៣​ភាគ​រយ​នៃ​ចំនួន​ប្លង់​ដី​១០០។ ប្រសិន​បើ​យើង​ប្រៀប​ធៀប​ជាមួយ​ប្រទេស​កម្ពុជា​ តើ​ប្រទេស​ណា​មួយ​មាន​វិវាទ​ច្រើន​ជាង​? យើង​ត្រូវ​ពិចារណា​ថា តើ​ប្រទេស​ទាំង​នោះ​ល្បី​ខាង​វិវាទ​ដី​ធ្លី​ដូច​យើង​ដែរ​ឬទេ? ពួកគេ​មិន​ល្បី​ទេ ​​ប៉ុន្តែ យើង​ល្បី ដោយ​សារ​តែ​មាន​តែ០,៣​ទៅ​០,៤​ភាគ​រយ​ប៉ុណ្ណោះ​ទៅ​វិញ”។

នៅ​ពេល​ដល់​វេន​ត្រូវ​ធ្វើ​អត្ថាធិប្បាយ​ លោក​ លឹម រ៉ុន អនុរដ្ឋលេខា​ធិការ​ក្រសួង​រៀប​​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ បាន​សរ​សើរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​រឿង​ យុទ្ធនាការ​ជំរុញ​សកម្មភាព​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ ដែល​លោក​បាន​ផ្តួច​ផ្តើម​ឡើង​កាលពី​ពាក់​កណ្តាល​ឆ្នាំ​២០១២ ដែល​ត្រូវ​បាន​គេ​ហៅ​ថា បញ្ជា​០១ ដែល​មាន​គោល​បំណង​ធានា​ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​របស់​ប្រជាជន​ជា​ច្រើន​គ្រួសារ​ដែល​រស់​នៅ​លើ​ដី​ជាប់​ពាក់​ព័ន្ធ​ក្នុង​វិវាទ​។

លោកបាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ រដ្ឋាភិបាលបាន​ចេញ​លិខិត​បញ្ជាក់​៥០០.០០០ច្បាប់​​ ដែ​ល​នេះ​ជា​ដំណាក់កាល​ដំបូង​ក្នុង​ការ​សម្រេច​ឲ្យ​បាន​នូវ​ប័ណ្ណ​​កម្មសិទ្ធិ​ដី​ធ្លី​ពេញ​លេញ​។

លោក លឹម រ៉ុន បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា “ដូច្នេះ​បញ្ជា​០១​បាន​ជួយ​យ៉ាង​ច្រើន​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លី​ និង​ធានា​សិទ្ធិ​កាន់​កាប់​របស់​ប្រជាកសិករ​ និង​ប្រជាជន​ប្រហែល​៤០០.០០០​គ្រួសារ​”។

បន្ទាប់​ពី​កម្ម​វិធី​សន្និសីទ​សារព័ត៌មាន​មិន​បាន​ព្រៀង​ទុក​នៅ​ទីស្តីការ​ក្រសួង​រៀប​ចំ​ដែន​ដី នគរូបនីយកម្ម និង​សំណង់ កាលពី​ម្សិលមិញ​បាន​បញ្ចប់​ អង្គការ ​លីកាដូ បាន​លើក​ឡើង​ការ​ពារ​តួលេខ​របស់​ខ្លួន​ផង​ដែរ។

លោកស្រី ពង្ស ស៊ីវហ្គិច បាន​លើក​ឡើង​ថា ប្រសិន​បើ​មាន​រឿង​អ្វី​កើត​ឡើង​ តួលេខ​របស់​អង្គការ​ លីកាដូ មិន​តិច​ទេ។ លោកស្រី​បាន​មាន​ប្រសាសន៍​ថា “តួលេខ​ប្រជាជន​ខ្មែរ​កន្លះ​លាន​នាក់​ដែល​រង​ផល​ប៉ះ​ពាល់​គឺ​ផ្អែក​តែ​ទៅ​លើ​ករណី​វិវាទ​ដី​ធ្លី​ដែល​ត្រូវ​បាន​ស៊ើប​អង្កេត​ដោយ​ការិយាល័យ​ប្រចាំ​ខេត្ត​ទាំង​១៣​របស់​អង្គការ លីកាដូ អស់​រយៈ​ពេល១៣ឆ្នាំ​កន្លង​មក​នេះ​ប៉ុណ្ណោះ”។

លោកស្រីនាយិកា​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “នេះ​​​ជា​តួលេខ​ពាក់​កណ្តាល​ប្រទេសតែ​ប៉ុណ្ណោះ​ ហើយ​តួលេខ​នេះ​មិន​បាន​ចាប់​ផ្តើម​តំណាង​ឲ្យ​តួលេខ​ពិត​នៃ​ចំនួន​ប្រជាជន​ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​វិវាទ​ដី​ធ្លី​ទូ​ទាំង​ប្រទេស​ឡើយ​”។

កាលពី​ឆ្នាំ​២០១២ អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​បាន​ឲ្យ​ដឹង​ថា តាំង​ពី​ឆ្នាំ​២០០០​មក​ខ្លួន​បាន​កត់​ត្រា​វិវាទ​ដី​ធ្លី​ដែល​បង្ក​ផល​ប៉ះ​ពាល់​ដល់​ប្រជាជន​ជាង​៧០០.០០០នាក់​។ ដោយ​សារ​តែ​មាន​ការិយាល័យ​ជា​ច្រើន​នៅ​តាម​ស្រុក និង​ខេត្ត បើ​ធៀប​នឹង​អង្គការ​លីកាដូ អង្គការ​អាដហុក​ធ្វើ​ប្រតិបត្តិការ​បាន​ទូ​លំ​ទូលាយ​ជាង​អង្គការ​លីកាដូ៕ សុធា

(រាយការ​ណ៍បន្ថែម​ដោយ​ Zsombor Peter)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស