អ្នកភូមិមានកំហឹងមួយក្រុមនៅក្នុងខេត្តតាកែវបានសម្លាប់បុរសម្នាក់ ដែលត្រូវបានសង្ស័យថាបានយកកាំភ្លើងភ្ជង់ប្លន់សិស្សវិទ្យាល័យម្នាក់។ អ្នកសមគំនិតរបស់ជនសង្ស័យថាចោរនេះក្រោយមកត្រូវបានចាប់ខ្លួននៅក្នុងឃុំមួយទៀត ក្នុងស្រុកបាទី។
លោក ង៉ាន់ សារី អធិការនគរបាលស្រុកបាទី បានឲ្យដឹងថា អ្នកភូមិនិងកសិករបាននាំគ្នាទៅជួយជនរងគ្រោះ ដែលឈ្មោះ ដេ តាមពីក្រោយ បន្ទាប់ពីជននេះនិងដៃគូរបស់ខ្លួនឈ្មោះ ថុល បញ្ញា អាយុ២៥ឆ្នាំ តាមចោទថាបានប្លន់ម៉ូតូមួយគ្រឿងនៅខាងក្រៅសាលារៀនក្នុងស្រុកស្អាង ខេត្តតាកែវ។
បុរសទាំងពីរនាក់នេះបានជិះម៉ូតូតាមសិស្សឈ្មោះ ជុំ គឹមហ៊ុយ អាយុ១៧ឆ្នាំ ខណៈដែលសិស្សនេះជិះម៉ូតូរបស់ខ្លួន និងបានដណ្តើមយកម៉ូតូពីគេ(សិស្ស) និងយកកាំភ្លើងភ្ជង់បង្ខំសិស្សរូបនេះប្រគល់ម៉ូតូឲ្យពួកគេ។ ជនល្មើស បញ្ញា បានជិះម៉ូតូរបស់សិស្សនេះគេចចេញទៅ ឯ ឈ្មោះ ដេ ជិះម៉ូតូខ្លួនឯង។
បុរសទាំងពីរនាក់នេះបានជិះម៉ូតូសំដៅទៅកាន់ស្រុកបាទី ជាទីដែលពួកគេបានបំបែកផ្លូវគ្នាបន្ទាប់ពី នគរបាលស្រុក ត្រូវបានឲ្យការណ៍ និងដេញតាមពួកគេ។
ឈ្មោះ ដេ បានរត់គេចទៅកាន់ឃុំចំប៉ី និងប៉ុនប៉ងរត់គេចខ្លួន ដោយទុកម៉ូតូរបស់ខ្លួនចោល ហើយគេចខ្លួនតាម ថ្មើរ ជើងកាត់វាលស្រែ។ ចម្ងាយប្រហែលប្រាំពីរគីឡូម៉ែត្រក្រោយ អ្នកភូមិសហការជាមួយនគរបាលដេញតាមជន សង្ស័យចាប់បានឈ្មោះ ដេ និងវាយជននេះដល់ស្លាប់នឹងដំបងឈើ។
លោក សែម សុជាតិ នាយការិយាល័យនគរបាលព្រហ្មទណ្ឌខេត្តបានមានប្រសាសន៍ថា “សោកស្តាយណាស់ ដែលមិនអាចជួូយជីវិតជននេះបាន។ នៅក្នុងដៃនគរបាលវិញ ចោររូបនេះមិនស្លាប់ទេ ប៉ុន្តែចំពោះក្រុមអ្នកមាន កំហឹងវិញ គេមិនអាចរស់បានទេ”។
លោក សុជាតិ បានបន្តថា “យើងមិនអាចចាប់ខ្លួនក្រុមអ្នកមានកំហឹងបានទេ ពីព្រោះអ្នកភូមិទាំងអស់បានភៀស ចេញពីកន្លែងកើតហេតុអស់”។ លោកបានឲ្យដឹងថា ឈ្មោះ បញ្ញា ត្រូវបាននគរបាលចាប់ខ្លួននៅក្នុងឃុំក្រាំងធ្នង់។ ជននេះបានសារភាពថា ខ្លួនពិតជាបានប្លន់ម៉ូតូនេះមែន ប៉ុន្តែថា ខ្លួនមិនបានប្រើកាំភ្លើងទេ៕ប៊ុននី