មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ បារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានលើកឡើងកាលពីម្សិលមិញថា ករណីជំងឺគ្រុនឈាមបានធ្លាក់ចុះខ្លាំងក្នុងរយៈពេល១១សប្ដាហ៍ដំបូងដើមឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោក ង៉ាន ចន្ថា នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម បានមានប្រសាសន៍ថា ជំងឺគ្រុនឈាមចំនួន១៧៣ករណីត្រូវបានកត់ត្រានៅទូទាំងប្រទេសសម្រាប់រយៈពេល១១សប្ដាហ៍ដំបូងដើមឆ្នាំនេះ ពោលគឺស្មើនឹង១៤ភាគរយប៉ុណ្ណោះនៃករណីជំងឺគ្រុនចាញ់ចំនួន១.២៧៣ករណីដែលត្រូវបានកត់ត្រា ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឆ្នាំនេះមានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមតែមួយករណីប៉ុណ្ណោះបើប្រៀបធៀបទៅនឹងករណីស្លាប់ដែលមានចំនួនប្រាំមួយករណីកាលពីឆ្នាំមុន។
លោកបានមានប្រសាសន៍ថា ការធ្លាក់ចុះនេះបណ្ដាលមកពីអាកាសធាតុក្ដៅហួតនៅក្នុងឆ្នាំនេះ ប៉ុន្តែបានក្រើនរំឭកថា ប្រជាពលរដ្ឋគួរតែរក្សាការប្រុងប្រយ័ត្ន ពីព្រោះការផ្ទុះករណីជំងឺចម្លងតាមមូសនេះអាចនឹងកើតឡើងនៅពេលរដូវវស្សាចូលមកដល់នៅក្នុងខែឧសភា។
លោក ង៉ាន ចន្ថា បានមានប្រសាសន៍ថា “យើងព្រួយបារម្ភចំពោះឆ្នាំនេះការផ្ទុះអាចនឹងកើតឡើង។ ពេលនេះវាមានអាកាសធាតុក្ដៅ ដូច្នេះមូសមិនអាចពង ឬញាស់ពងនៅក្នុងទឹកដក់បានទេ”។ កាលពីឆ្នាំមុន ជំងឺគ្រុនឈាម១៧.៥៣៣ករណីដែលបណ្ដាលឲ្យមានអ្នកស្លាប់៥៩ករណីត្រូវបានកត់ត្រាទូទាំងប្រទេស៕សុខុម