26 C
Phnom Penh

លោក​​​ វន់​​​ ពៅ​​​ ត្រូវ​​​តុលាការ​​​បដិសេធ​​​ពុំ​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​​​​លើកទី​​​៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក វន់ ពៅ ប្រធាន​​សមាគម​ប្រជា​ធិ​ប តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ ត្រូវ​តុលាការ​បដិសេធ​ពុំ​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​លើ​ក​ទី​៤​កាល​ពី​ថ្ងៃ​សុក្រ មាន​ន័យ​ថា​​​ លោក​និង​អ្នក​តវ៉ា​២០​នាក់​ផ្សេង​ទៀត​នឹង​បន្ត​ស្ថិត​នៅ​ក្នុង​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​៣​នៅខេត្ត​កំពង់​ចាម​រហូតដល់​ថ្ងៃ​បើក​សវនាការ​​ជំនុំ​ជម្រះ​ទោស​​​ជុំវិញ​​​ការ​​​ពាក់ព័ន្ធ​​​​​​នៅ​​​ក្នុង​​​ការ​​​ធ្វើ​​​​កូដកម្ម​របស់​កម្មករ​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​​កាល​ពី​ខែ​មករា​ នៅ​ថ្ងៃ​ទី​១៨​ ខែ​មេសា​ខាងមុខ​នេះ​។

នេះ​ជា​លើ​ក​ទី​២​ហើយដែល​លោក​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បដិសេធ​មិនឲ្យ​នៅ​ក្រៅ​ឃុំ​។កាល​ពី​សប្តាហ៍​មុ​ន​នេះ​​​ សាលា​ឧទ្ធរណ៍​ក៏​បាន​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​​ដែរ​ បើ​​​ទោះ​ជា​លោក​មាន​បញ្ហា​​សុខភាព​យ៉ាង​ណា​ក៏ដោយ​។

លោក​ វន់ ពៅ ពុំ​មាន​វត្ត​មាន​នៅក្នុង​សវ​នាការ​កាល​ពីម្សិលមិញ​ទេ​។ ​លោក​​ សុគន្ធ សម្បត្តិពិសិដ្ឋ សមាជិក​​​​នៃ​​​មជ្ឈមណ្ឌល​​សិទ្ធិ​ការងារ​កម្ពុជា​ ដែល​បានដាក់​សំណើ​​សុំ​​​នៅ​ក្រៅ​​​​ឃុំ​ដោយសារ​របួស​ដែលបាន​ទទួល​រង​ពេល​លោក និង​លោក វន់ ពៅ​ ត្រូវ​បាន​​​គេ​​​​វាយ​នឹង​ដំបង​ និង​ត្រូវ​កម្លាំង​ប្រដាប់​​អាវុធ​​ចាប់​ខ្លួន​អំឡុងពេល​​​​ធ្វើ​កូដកម្ម​នៅ​​​​រាជ​ធានី​​​ភ្នំពេញ​កាល​​ពី​បីខែមុន​នោះ​​​​ក៏ត្រូវ​តុលាការ​បដិសេធ​​មិន​ឲ្យនៅ​ក្រៅ​ឃុំ​ដែរ​។ លោកវន់ ពៅ មាន​បញ្ហា​តម្រង​នោម​ រី​ឯ​លោក​ សម្បត្តិ​ពិសិដ្ឋ វិញគឺបាក់​ដៃ​​​។

អ្នកស្រី​ ប៉ាន សីុណា ជា​ម្តា​យរបស់​លោក ពិសិដ្ឋ បាន​និយាយ​ថា “វាអយុត្តិធម៌​សម្រាប់​កូន​ប្រុស​ខ្ញុំ​ណាស់​។កូន​ខ្ញុំបាក់ដៃ​ទៅ​ហើយ​ ប៉ុន្តែប្រធាន​ពន្ធនាគារ​នេះបែរជានិយាយ​ថា វា​មិនមែន​ជារឿង​ធំដុំ​ទៅវិញ។ពួក​គេមិន​អនុញ្ញាតឲ្យកូន​ខ្ញុំ​​ស្ថិត​នៅក្រៅ​ឃុំ​ ដើម្បី​ទៅ​ព្យាបាល​នៅក្នុង​​​ប្រទេសថៃ​ទេ​ ហើយ​យើង​លែង​មាន​សង្ឃឹម​ហើយ”។

អ្នកស្រី​ សុីណា ​​​បាន​​​បន្ត​​​ថា “យើង​មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់ថា វា​ត្រូវ​ការ​ការ​ព្យា​បាល​ ប៉ុន្តែ​ តុលាការ​នៅ​តែ​បដិ​​​សេធ​ដដែល​”។

លោក គឹម សុជាតិ  ដែលជា​​​មេធាវី​​​​​​​​ម្នាក់​​​​​​ក្នុង​​​​ចំណោម​មេធាវី​របស់​លោកវន់ ពៅ​ បាន​ឲ្យ​ដឹង​ថា ព្រះរាជ​អាជ្ញា​​​បានលើកឡើង​​​ថា​​​ ពុំ​ភ័ស្តុតាង​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​ថា លោក វន់​ ពៅ​ មាន​​សុខភាព​មិន​ល្អ​ទេ​​​ និង​ថា​​​“ គាត់​អាច​បង្ក​ភាព​ចលា​ចល​ក្នុងសង្គម​” ប្រសិន​បើ​ត្រូវ​បាន​ដោះ​លែង​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះ​​​អាសន្ន​​​​​មុន​ថ្ងៃ​បើក​សវនាការ​។

អ្នកស្រី ប្រាក់​ សុវណ្ណរី ភរិយា​របស់​លោក​ វន់​ ពៅ បាន​លើ​ក​ឡើង​ថា សេចក្តី​សម្រេច​នេះជា​​​ការ​​​បញ្ជាក់​ថា​​​តុលាការ​បំពេញ​ភារ​កិច្ច​ក្រោម​គំនាប​របស់​រដ្ឋាភិបាល​។

អ្នកស្រី​បានមាន​ប្រសាសន៍​ថា “វា​អយុ​ត្តិ​ធម៌ចំពោះប្តី​របស់​ខ្ញុំ​ណាស់​ ព្រោះ​គាត់​មាន​បញ្ហា​តម្រង​នោម​។​​​វេជ្ជបណ្ឌិត​ក្នុង​​​ប្រទេស​ថៃ​ត្រូវ​ជួប​គាត់​ដើម្បីព្យាបាល​ ក៏​​​ប៉ុន្តែពួក​គេ ​ [តុលាការ] ​មិន​បាន​បើក​ភ្នែក​មើ​ល​ឯកសារ​ពាក់​ព័ន្ធ​នឹង​​​ស្ថាន​ភាព​របស់​គាត់​ទេ​”។

ប៉ុន្តែលោក គា សុវណ្ណា ជា​ប្រធាន​​ពន្ធ​នា​គារ​នេះបាន​អះអាង​ថា អ្នក​តវ៉ា​ទាំង​នោះគឺ​​​​មាន​សុខភាព​ល្អធម្មតា​ទេ ហើយ​កំពុង​ទទួល​បាន​ការ​ព្យាបាល​ពី​វេជ្ជបណ្ឌិត​ប្រចាំ​ពន្ធនា​គារ​ និង​ពី​អង្គការក្រៅ​រដ្ឋាភិបាល​។

លោកបាន​​​និយាយថា “យើង​មាន​វេជ្ជ​បណ្ឌិត​​​​របស់​យើង​ផ្ទាល់​​​​និង​វេជ្ជ​បណ្ឌិត​​នៅ​ខេត្ត​នេះ​​​​និង​មក​ពី​អង្គការ​នានា​សម្រាប់​ព្យា​បាល​ពួកគេ​ ហើយ​ពួក​គេ​អាច​ធ្វើ​សកម្ម​ភាព​ផ្សេង​ៗ​ដូចអ្នក​ទោស​ដទៃ​ទៀត​ដែរ​”។

លោក អំ សំអាត ជា​​​ប្រធាន​ផ្នែក​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​​​បាន​ឲ្យ​ដឹង​ថាសុខភាព​របស់​អ្នក​តវ៉ា​កំពុង​​​តែ​​​ជាប់​ឃុំ​ទាំង​នោះ​គឺ​“ ធ្ងន់​” ណាស់​​​។ លោក​បាន​មាន​ប្រសាសន៍ថា “ចាំ​បាច់​គឺ​​​ត្រូវដោះលែង​ពួក​គេ​ ព្រោះ​តុលាការ​គ្មាន​ភ័ស្តុតាង​គ្រប់​គ្រាន់​សម្រាប់​​​ចោទ​ប្រកាន់​​ពួក​​គេ​ឡើយ​”។

ក្នុង​​​សេចក្តីថ្លែង​ការណ៍​មួយ​ អង្គការ​សិទ្ធិ​មនុស្ស​​​​ក្នុងស្រុក​​​អាដ​ហុក​​បាន​ធ្វើ​​​ការ​​​ថ្កោល​ទោស​​​សេចក្តី​សម្រេច​មិន​​​ឲ្យ​​​​អ្នក​​​តវា៉​​​ជាប់ឃុំ​​​ទាំង​​​នោះ​​​ស្ថិត​នៅក្រៅ​ឃុំបណ្តោះ​​​អាសន្ន​​​។ អង្គការ​នេះ​​​​បាន​​​លើក​ឡើង​ថា ភាព​បរាជ័យ​របស់​អាជ្ញាធរ​ក្នុងការ​ធានា​ឲ្យបាន​ថា ពួក​គេ​មាន​វត្ត​មាន​នៅក្នុង​សវ​​​នា​​​ការ​​​មិន​បើក​ចំហ​នេះ​គឺជាការ​រំលោភ​សិទ្ធិរបស់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ការ​ជំនុំ​ជម្រេះ​ទោស​ដោយ​យុត្តិ​ធម៌​៕សេរីវុធ​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស