31 C
Phnom Penh

​កម្មវិធី​រោង​ចក្រ​​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា មិន​បង្ហាញ​ទំនាក់​ទំនង​រវាង​រោង​ចក្រ​ល្មើស​ច្បាប់​និង​ម្ចាស់​ម៉ាក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អគារ​រោង​ចក្រ​ យូអេស​អេ​ ហ្វូលី ហ្វៀល​​ហ្គាមិន​ (USA Fully Field Garment) ដែល​មាន​ទី​តាំង​ស្ថិតក្នុង​​ខណ្ឌ​មានជ័យ ​រាជ​ធានី​ភ្នំពេញ​​បច្ចុប្បន្ន​នេះ​មិន​មាន​អ្វី​នៅ​ខាង​ក្នុង​ទេ ហើយ​នៅ​ខាង​​ក្រោមមាន​សំរាមរាយ​បា៉ាយ​ និង​​ឡាំង​ពេញ​​ដោយ​ស្លាក​សម្គាល់​ម៉ាក​សម្លៀក​បំពាក់​ ដែល​ត្រូវ​បាន​ក​ម្មករ​ជិត​៤០០​នាក់​បាន​ដេរ​នៅ​​មុន​ពេល​​ម្ចាស់​រោង​ចក្រនេះ​បាន​រត់​គេច​ខ្លួន​កាល​ពី​ខែ​ធ្នូ​​ ហើយ​កម្មករ​ក៏​ឈប់​ធ្វើ​ការ​។

ស្លាក​សម្គាល់​សម្លៀក​បំពាក់​ដែល​ត្រូវ​បាន​​គេ​បោះ​ចោល​​លើ​គំនរកម្ទេចក្រណាត់​​មាន​តាំង​ពី​ស្លាក​ម៉ាកសម្លៀក​បំពាក់ Joe Fresh ជា “ផលិត​ផល​សម្លៀក​​បំពាក់​​លេខ​១​នៅ​កាណា​ដា​” ស្លាក​ម៉ាកសម្លៀក​បំពាក់​ Vero Modo ដែល​ជា​ម៉ាក​សម្លៀក​បំពាក់​អឺរ៉ុប​ និង​ស្លាក​ម៉ាក​សម្លៀក​បំពាក់ Givova ដែល​ជា​ម៉ាក​សម្លៀក​បំពាក់​កីឡា​សម្រាប់​ផ្គត់​ផ្គង់​ជា​ឯក​សណ្ឋាន​ឲ្យ​ក្រុម​កីឡា​ករ​បាល់​ទាត់​អាជីព​ជា​ច្រើន​ ព្រម​ទាំង​ក្រុមជម្រើស​ជាតិ​នៃ​ប្រទេស​ម៉ាល់ត៍​ផង​ដែរ​។

រោង​ចក្រ​ យូអេស​អេ​ ហ្វូលី ហ្វៀល​ ដែល​ជា​​កម្មសិទ្ធិ​របស់​ថៅ​កែ​ចិន​នោះ​ ត្រូវ​បានចុះ​បញ្ជី​​​ជា​រោង​ចក្រ​​មួយ​ក្នុង​ចំណោម​រោង​ចក្រ​ដប់​ដែល​អនុវត្ត​ច្បាប់​ការ​ងារ​កម្ពុជា​បាន​តិច​បំផុត​ នៅ​ក្នុង​សំណុំ​ទិន្នន័យ​តម្លាភាព​ដែល​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា ​(BFC) របស់​អង្គការ​ពល​កម្ម​អន្តរជាតិ​ (ILO)។ សំណុំ​ទិន្នន័យ​ដែល​ត្រូវ​បាន​​បង្ហាញ​កាល​ពី​ខែ​មុន​ និង​គ្រោង​នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ពេញ​មួយ​ឆ្នាំ​នេះ​ បាន​បង្ហាញ​ករណី​រំលោភ​ច្បាប់​ការ​ងារ​ជា​ច្រើន​ នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ទាក់​ទង​នឹង​សុវត្ថិ​ភាព​ការ​ងារ​ ប្រាក់​ខែ​កម្មករ​ និង​ការ​បញ្ឈប់​ពី​ការ​ងារ​ដោយ​មិន​ត្រឹម​ត្រូវ​។

សំណុំ​ទិន្នន័យ​របស់​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរនៅ​កម្ពុជា​នេះ​​​មាន​គោល​បំណង​រាយ​ឈ្មោះ​​រោង​​ចក្រ​ដែល​រំលោភ​ច្បាប់​ការ​ងារ​កម្ពុជា​​និង​​ស្តង់​ដារ​អន្តរជាតិ​យ៉ាង​​ច្រើន​​ ដើម្បី​ដាក់​សម្ពាធ​​ឲ្យ​ម្ចាស់​រោង​ចក្រ​កែ​លម្អ​លក្ខខណ្ឌ​ការ​ងារ​។ ក៏​ប៉ុន្តែ​បញ្ជី​ឈ្មោះ​រោង​ចក្រ​ក្នុង​សំណុំ​ទិន្នន័យ​របស់​កម្មវិធី​រោង​ចក្រ​​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​មិន​បាន​ភ្ជាប់​ទំនាក់​ទំនង​រវាង​រោង​ចក្រ​ទាំងនោះ​ និង​អតិថិជន​អន្តរជាតិ​ដែលសម្រេច​​បានប្រាក​់​ចំណេញ​​យ៉ាង​ច្រើនពី​សង្វាក់​ផ្គត់​ផ្គង់​របស់​រោង​ចក្រ​កាត់​ដេរ​ទាំងនេះ​​ទេ​ ជា​ហេតុ​នាំ​​​ឲ្យ​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​កម្មករ​ នេះ​បើ​យោង​តាម​​អ្នក​ជំនាញ​ការ​ផ្នែក​វិស័យ​កាត់​ដេរ​។

នៅ​ទល់​មុខ​បរិវេណ​រោង​ចក្រ​ យូអេស​អេ​ ហ្វូលី​ ហ្វៀល​ មាន​រោង​ចក្រ​មួយ​ទៀត​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​រោង​ចក្រ​​រំលោភ​ច្បាប់​ការ​ងារ​កម្ពុជា​ របស់​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ គឺ​រោង​ចក្រ​ ផុង​ វា៉ាន​ អុីនធើ​ប៉្រាយ​ ខូ អិលធីឌី​ (Phong Wan Enterprise Co., Ltd.)​  ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ផង​ដែរ។

ស្លាក​ម៉ាក​សម្លៀក​បំពាក់​ជា​ច្រើន​របស់​ហាង​ ដាន់នីស​ ស្តរ (Dunnes Stores) ដែល​ជា​ហាង​លក់​សម្លៀក​បំពាក់​ដ៏​ពេញ​និយម​មួយ​នៅ​ចក្រ​ភព​អង់គ្លេស​ និង​ប្រទេស​អៀរ​ឡង់​ ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាង​របា៉ាត់រប៉ាយ​នៅ​​បរិវេណ​រោង​ចក្រ​បិទ​ទ្វារ​នេះ​។

ម្ចាស់​រោង​ចក្រ​ជន​ជាតិ​ចិន​បាន​បិទ​ទ្វារ​រោង​​ចក្រ​តូច​មួយ​នេះ កាល​ពី​ពីរ​សប្តាហ៍​មុន​ ដោយ​​សារ​​តែ​មាន​កម្មករ​ប្រហែល​២០០​នាក់​នាំ​គ្នា​តវ៉ា​ នេះ​បើ​យោង​តាម​បុគ្គលិក​សន្តិសុខ​នៅ​ទី​នោះ​ ដែល​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​អនា​មិក​។ គួរ​បញ្ជាក់​ថា កម្មករ​ទាំង​នោះ​បាន​ត្អូញ​ត្អែរ​អំពី​លក្ខខណ្ឌ​ការងារ​មិន​ល្អ​ និង​ប្រាក់​ខែ​ទាបជាង​ប្រាក់​ឈ្នួល​អប្បបរមា​១០០​ដុល្លារ​ក្នុង​មួយ​ខែ​។

រោង​ចក្រ​ អេវើ ហ្ក្លរី (ខេមបូឌា​) ហ្គាមិន​ មេនញូហ្វេកធើរីង​ [Ever Glory (Camobodia) Garment Manufacturing] នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ ក៏​ស្ថិត​ក្នុង​ចំណោម​រោង​ចក្រ​ដែល​អនុវត្ត​ច្បាប​់​ការ​ងារ​កម្ពុជា​បាន​តិច​តួច និង​មាន​​ឈ្មោះ​ក្នុង​បញ្ជីរបស់​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​​នៅ​កម្ពុជា​ផង​ដែរ​ ប៉ុន្តែ​នៅ​តែ​ដំណើរ​ការ​ដោយ​​មាន​កម្មករ​​ពី​៤០០​ទៅ​៥០០​នាក់​។

យោង​តាម​កម្មករ​ដែល​បាន​បង្ហាញ​​ស្លាក​ម៉ាក​​ជា​ច្រើន​នៅ​លើ​សម្លៀក​បំពាក់​កាត់​ដេរ​ក្នុង​រោង​ចក្រ​នេះ​ បាន​ឲ្យ​ដឹង​ថា លក្ខ​ខណ្ឌ​ការ​​ងារមិនមាន​ភាព​ល្អ​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ទេ​។

ស្លាក​ម៉ាក​សម្លៀក​បំពាក់​ស្ត្រី​ Zara នៅ​ហាង​ Trafaluc គឺ​ជា​របស់​​ក្រុមហ៊ុន​ អុីនឌី​ធិច​ (Inditex) ដែល​ស្ថិត​ក្នុង​​​​ចំណោម​ម៉ាក​សម្លៀក​បំពាក់​​ល្បី​ធំ​បំផុត​នៅ​លើ​ពិភពលោក​ ស្លាក​ម៉ាក​ខោ​ឃៅ​ប៊យ​​ Denver Hayes គឺ​ជា​របស់​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​ធ្វើ​ការ​កាណាដា​ឈ្មោះ​ ម៉ាក (Mark) និង​ស្លាក​ម៉ាក​សម្លៀក​បំពាក់​កុមារ​​Palomino គឺ​ជា​របស់​ក្រុមហ៊ុន​លក់​រាយ​អឺរ៉ុប​មួយ​ឈ្មោះ​ ស៊ីអិនអេ (C&A)។

អ្នក​ស្រី​ លឹម​ អឿន​ អាយុ​៣២​ឆ្នាំ​ ដែល​បាន​ធ្វើ​ការ​នៅ​​រោង​ចក្រ​ អេវើ ហ្ក្លរី អស់​រយៈ​ពេល​​ប្រហែល​ប្រាំ​មួយ​ឆ្នាំ​មក​ហើយ​នោះ​ បាន​ត្អូញ​ត្អែរ​អំពី​បរិយាកាស​ក្តៅ​ហប់​ និង​បាន​​និយាយ​ថា អ្នក​គ្រប់​គ្រង​នៅ​រោង​ចក្រ​នេះ​ជា​រឿយៗ​បាន​ដក​យក​ប្រាក់​រង្វាន់​ និង​​ប្រាក់​ចំណាយ​លើ​ម្ហូប​អាហារ​ ហើយ​ក៏​មាន​ការ​ហាម​​ឃាត់​មិន​ឲ្យ​បើក​​សហជីព​ផង​ដែរ​។

អ្នក​ស្រី​បាន​ពោល​ថា “ ម្ចាស់​រោង​ចក្រ​មិន​អនុញ្ញាតឲ្យ​ពួក​យើង​បង្កើត​សហជីព​ទេ​ ពី​ព្រោះ​គាត់​មិន​ចង់​ឲ្យ​មាន​ការ​រំខាន​នៅ​ក្នុង​សកម្មភាព​កាត់​ដេរ​ទេ​ ហើយ​គាត់​ក្លាយ​សហ​ជីព​ជំរុញ​ឲ្យ​កម្មករ​ដែល​មិន​ពេញ​ចិត្ត​នាំ​គ្នា    ​ត​វ៉ា​ប្រឆាំង​នឹង​រោង​ចក្រ​”។

​នៅរោង​ចក្រ​ លីកសីុង នីតធីង​ ហ្វេកធើរី​ ខូ​ អិលធីឌី (Lixing​ Knitting Factory Co., Ltd.) ក្នុង​ខណ្ឌ​មាន​ជ័យដែល​​ក​៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ផង​ដែរនោះ​ កម្មករ​បាន​បង្ហាញ​ស្លាក​ម៉ា​ក​សម្លៀក​បំពាក់​ដែល​មាន​ស្លាក​សញ្ញា​ថា Bluezoo ឲ្យ​អ្នក​សារ​ព័ត៌មាន​ឃើញ​។ គួរ​បញ្ជាក់​ផង​ដែរ​ថា នេះ​គឺ​ជា​ស្លាក​ម៉ាក​សម្លៀក​បំពាក់​កុមារ​របស់​ក្រុមហ៊ុន​លក់​រាយ​ចក្រ​ភព​អង់គ្លេស​​មួយ​ឈ្មោះ​ ដេបេនហាំ (Debenhams)។

លោក​ ហាន ស៊ុន គណនេយ្យករ​រោង​ចក្រ​នេះ​បាន​ឲ្យ​ដឹង​ថា លក្ខ​ខណ្ឌ​ការ​ងារ​នៅ​រោង​ចក្រ​តូចមួយនេះ​មិន​ស្រប​តាម​ស្តង់​ដារ​ទេ​។ លោក​បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​ទទួល​ស្គាល់​ថា​ លក្ខខណ្ឌ​ការ​ងារ​នៅ​រោង​ចក្រ​នេះ​ប្រហែល​ជា​មិន​ល្អ​ទេ​ ហើយ​ស្តង់​ដារ​រោង​ចក្រ​​​​មិន​អាច​សម្រេច​ទៅ​រួច​ទេ​ ព្រោះ​អគារ​រោង​ចក្រ​នេះ​មាន​ទំហំ​តូច​ពេក​”។

រោង​ចក្រ​ ប៊េស​ ថាន​ ហ្គាមិន​ អិលធីឌី (Best Tan Garment Ltd.) ក្នុង​ខណ្ឌ​មាន​ជ័យ​ ដែល​ក៏​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​រោង​ចក្រ​មិន​គោរព​ច្បាប់​ការ​ងារ​នៅ​ប្រទេស​កម្ពុជា​ របស់​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ផង​ដែរ​នោះ​ ត្រូ​វ​បាន​រក​ឃើញ​​កាល​ពី​ខែ​មុន​ថា បាន​ផលិត​សម្លៀក​បំពាក់​សម្រាប់​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​  អុីនឌី​ធិច​ ដែល​ ក៏​ជា​ម្ចាស់​​ស្លាក​ម៉ាក​សម្លៀក​បំពាក់​អេស្ប៉ាញ​ Pull & Bear ដែរ​។

លោក ដេវ វែល​ (Dave Welsh) នាយក​ប្រចា​​ំ​ប្រទេស​​មជ្ឈមណ្ឌល​សាមគ្គីភាព​ (Solidarity Center) ដែល​ជា​អង្គការ​សិទ្ធិ​ការ​ងារ​មាន​​មូល​ដ្ឋាននៅ​សហ​រដ្ឋ​អាមេរិក​ បច្ចុប្បន្ន​កំពុង​ឲ្យ​មាន​ការ​ទូទាត់​ប្រាក់បំណាច់​ឲ្យ​បាន​ត្រឹម​ត្រូវ​ឲ្យ​អតីត​កម្មករ​ប្រហែល​៣០០​នាក់​ដែល​ធ្លាប់​ធ្វើ​ការ​​នៅ​រោង​ចក្រ​ យូអេស​អេ​ ហ្វូលី ហ្វៀល​ ហ្គា​មិន​។ គួរ​បញ្ជាក់​ថា កម្មករ​ទាំង​នេះ​បាន​បាត់​​បង់​ការ​ងារ​ធ្វើ​នៅ​ពេល​ម្ចាស់​រោង​ចក្រ​ជំពាក់​​បំណុល​គេ​របស់​រោង​ចក្រ​នេះ​បាន​បិទ​ទ្វារ​​រោង​ចក្រនេះ​ភ្លាម​ៗ​។

​លោក​បាន​លើក​ឡើង​ថា អង្គការ​ពលកម្ម​​អន្តរជាតិ​បាន​ចាត់​វិធាន​ការ​សំខាន់​ដំបូង​មួយ​ ដោយ​បង្ហាញ​ពី​មុខ​មាត់​រោង​ចក្រ​ដែល​អនុ​វត្ត​ច្បាប់​ការ​ងារ​មិន​បាន​ល្អ​ ក៏​ប៉ុន្តែ​ការ​បង្កើន​ចំនួន​ឈ្មោះ​រោង​ចក្រ​នៅ​ក្នុង​សំណុំ​ទិន្នន័យ​របស់​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​​ ដើម្បី​ដាក់​សម្ពាធ​ទៅលើ​ក្រុមហ៊៊ុន​នានា​នោះ​ត្រូវ​តែ​ជា​វិធាន​ការ​បន្ទាប់​។

លោក​បាន​មាន​ប្រសាសន៍​ថា “មាន​គម្លាត​យ៉ាង​ធំ​​រវាង​អ្វី​ដែល​ក្រុមហ៊ុន​នានា​បាន​លើក​ឡើង​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ និង​នៅ​ក្នុង​ក្រម​ប្រតិបត្តិ​នានា​ និង​អ្វី​ដែល​ពួក​គេ​ធ្វើ​នៅ​ខាង​ក្រៅ​ជាក់​ស្តែង​ ដូច្នេះ​ កាល​ណា​មាន​ក្រុម​​ហ៊ុន​កាន់​តែ​ច្រើន​អាច​ត្រូវ​បាន​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​រោង​ចក្រ​ល្មើស​ច្បាប់​ គឺ​ស្ថានភាព​កាន់​តែ​ប្រសើរ​”។

លោក​ ដេវ ​វែល បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ក្រុមហ៊ុន​នានា​ត្រូវ​មាន​ការ​វិនិ​យោគ​នៅ​ក្នុង​ដំណើរ​ការ​នេះ​ ពី​ព្រោះ​វា​គឺ​ជា​រឿងប្រឌិត​​ស្រប​ច្បាប់​មួយ​ថា ពួក​គេ​មិន​មែន​ជា​ម្ចាស់​ទេ​ ក៏ប៉ុន្តែ​ពួក​គេ​​ទទួល​ប្រយោ​ជន៍​ច្រើន​ជាង​គេ​បំផុត​”។

លោក កែន​​ លូ​ អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) ដែល​តំណាង​រោង​ចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ប្រហែល​៤៥០​រោង​ចក្រ​ ក៏​បាន​កត់​សម្គាល់​​ពីបញ្ហា​មិន​មាន​ទំនាក់​ទំនង​រវាង​ស្មារតី​ប្តេជ្ញា​របស់​ក្រុមហ៊ុន​លក់​ទំនិញ​រាយ​ចំពោះ​សង្គម​ និង​តថភាព​នៃ​សង្វាក់​​ផលិត​កម្ម​របស់​ខ្លួន​ផង​ដែរ​។ លោក​បាន​លើក​ឡើង​បន្ត​ថា ការគ្រាន់​តែ​​បង្ហាញ​ឈ្មោះ​និង​មុខ​មាត់​របស់​រោង​ចក្រ​នឹង​មិន​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ទេ​។

លោក កែន​​ លូ​ បាន​មាន​ប្រសាសន៍​ថា “សមាគម​ GMAC បាន​ស្នើ​ឲ្យ​មាន​​ការ​បង្ហាញ​ឈ្មោះ​​ក្រុមហ៊ុន​ជា​ច្រើន​លើក​មក​ហើយ។​ កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​មិន​អាច​សម្រេច​គោល​បំណង​របស់​ខ្លួន​ ក្នុង​ការ​អនុវត្ត​វិធាន​ការ​ដាក់​សម្ពាធ​​ទៅ​ក្រៅ​ប្រទេស​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ក្នុង​រោង​ចក្រ​ ដោយ​មិន​មាន​កា​របញ្ចេញ​ឈ្មោះ​អតិថិជន​​​របស់​រោង​ចក្រ​ទាំង​នោះ​បាន​ទេ​ ពី​ព្រោះ​​​ភាគី​ដែល​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ជាង​គេ​ គឺ​អតិថិជន​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ “គ្រាន់​តែ​បង្ហាញ​ភាគី​ម្ខាង​នៃ​សាច់​រឿង​មិន​អាច​មាន​ឥទ្ធិពល​បាន​ទេ​”។

លោកស្រី​​ ជីល តាក់គ័រ​ (Jill Tucker) ប្រធាន​ទី​ប្រឹក្សា​បច្ចេកទេស​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​បាន​លើក​ឡើង​ថា អង្គការ​​ពល​កម្ម​អន្តរជាតិ​ មិន​ជំទាស់​ទៅ​នឹង​ការ​បោះ​ពុម្ព​ផ្សាយ​ស្លាក​ម៉ាក​សម្លៀក​បំពាក់​នៅ​រោង​ចក្រ​ទាំងនោះ​ទេ​ និងកំពុង​ពិភាក្សាពី​លទ្ធភាព​ធ្វើ​រឿង​នេះ​ជា​មួយ​សមាគម GMAC ។

លោក​ស្រី​បាន​​មាន​ប្រសាសន៍​ដូច្នេះ​​ថា “បច្ចុប្ប​ន្ន រោង​ចក្រ​មិន​ចាំ​បាច់​ប្រាប់​យើង​ថា​តេើ​ពួកគេ​ផលិត​សម្លៀក​បំពាក់​ម៉ាក​អ្វី​ខ្លះ​ទេ​។ ដូច្នេះ​យើង​ដឹង​តែ​អំពី​៤៥​ម៉ាក​ដែល​ត្រូវ​បាន​​ចុះ​បញ្ជី​​ក្នុង​កម្មវិធី​រោង​ចក្រ​កាន់​តែ​ប្រសើរ​​នៅ​កម្ពុជា​ ប៉ុន្តែ​មាន​រាប់​រយ​ម៉ាក​ឯណោះ​”។

​លោក​ស្រី​ តាក់គ័រ​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ប្រសិន​បើ​រដ្ឋាភិបាល​ផ្លាស់​ប្តូរ​អាណត្តិ​របស់​យើង​ ឬក៏​ប្រសិន​បើ​យើង​ធ្វើ​ការ​ជា​មួយ​សមាគម​ GMAC និង​ស្ថាប័ន​ផ្សេង​ទៀត​ ដើម្បី​ទទួលបាន​បញ្ជី​ម៉ាក​​ដ៏​ត្រឹម​ត្រូវ​មួយ​នៅ​រោង​ចក្រ​ទាំង​ឡាយ​ នោះ​យើង​​នឹង​អាច​ពិចារណា​អំពី​ការ​បង្ហាញ​ម៉ាក​ទាំង​នោះ​”។  លោកស្រី​បានមានប្រសាសន៍​​បន្ត​ថា “​ប៉ុន្តែ​រឿង​នេះ​ត្រូវតែ​ត្រូវ​បាន​អនុវត្ត​​តាម​វិធី​ដ៏​ត្រឹម​ត្រូវ​មួយ​”។ មិន​មាន​ក្រុមហ៊ុន​ម្ចាស់​ម៉ាក​ណា​មួយ​​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សុំ​ធ្វើ​សេចក្តី​អត្ថា​ធិ​ប្បាយ​ពី​អ្នក​សារព័ត៌មាន​ទេ​៕ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស