កាលពីថ្ងៃសុក្រ អ្នកនាំពាក្យរដ្ឋាភិបាលបានគំរាមចាត់វិធានការតាមផ្លូវច្បាប់ចំពោះអត្ថបទចុះផ្សាយមួយរបស់កាសែតខេមបូឌា ដេលី កាលពីខែវិច្ឆិកា ដែលបានសរសេរអំពីការលក់ សិទ្ធិចុះបញ្ជីនាវាបរទេសដែលប្រើទង់ជាតិកម្ពុជាទៅឲ្យក្រុមហ៊ុនមួយរបស់កូរ៉េខាងត្បូង។
ព័ត៌មានមួយផ្សាយដោយវិទ្យុអាស៊ីសេរី ដែលនៅក្នុងនោះអ្នកយកព័ត៌មានម្នាក់បានលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន “បានទទួលស្គាល់” ថា មិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាននិងអ្នកក្របាននោះ ក៏បានរងការរិះគន់ដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា ប្រសិនបើការធ្វើសេចក្តីរាយការណ៍ “គ្មានវិជ្ជាជីវៈ” នៅតែបន្តទៀត រដ្ឋាភិបាលនឹងប្តឹងអ្នកយកព័ត៌មាន។
លោកមានប្រសាសន៍ថា “គ្រប់ករណី [អត្ថបទ] ទាំងអស់ យើងសុទ្ធតែរក្សាទុកជាឯកសារ។ ប្រសិនបើពួកគេមិនផ្លាស់ប្តូរ [ការធ្វើសេចក្តីរាយការណ៍] ទេនោះ យើងនឹងចាត់វិធានការតាមផ្លូវច្បាប់”។
អ្នកកាសែតក្នុងស្រុកប្រហែល១០នាក់ ដែលបានចូលរួមក្នុងសន្និសីទកាសែតនៅឯទីស្តីការគណៈរដ្ឋមន្ត្រី ទទួលបានច្បាប់ចម្លងនៃអត្ថបទពីរស្តីពីក្រមព្រហ្មទណ្ឌ។
តាមមាត្រា៥០២ ការប្រមាថ តុលាការអាចផ្តន្ទាទោសជនល្មើសឲ្យជាប់ពន្ធនាគារច្រើនបំផុតប្រាំថ្ងៃ។ មាត្រា៤៩៤ ដែលចែងអំពីបទញុះញង់ អាចផ្ទន្ទាទោសឲ្យជាប់ពន្ធនាគាររហូតដល់ពីរឆ្នាំ។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ជនបរទេសមានស្ថានទូតរបស់ពួកគេ ប៉ុន្តែ ប្រជាជននៅក្នុងស្រុក ប្រសិនបើយើងធ្វើអ្វីមួយខុសនឹងត្រូវជាប់ពន្ធនាគារ”។
លោកបានមានប្រសាសន៍ថាអត្ថបទរបស់កាសែតខេមបូឌា ដេលី ចុះផ្សាយកាលពីខែវិច្ឆិកា ក្រោមចំណងជើងថា “រដ្ឋាភិបាលបានលក់សិទ្ធិចុះបញ្ជីនាវាជាតិ” គឺខុសទាំងស្រុង។ លោកបានចោទប្រកាន់ថា “ចំណងជើងនេះ គឺជាការបំផ្លើសការពិតទាំងស្រុង និងខ្វះវិជ្ជាជីវៈសារព័ត៌មាន”។
កាលពីខែវិច្ឆិកា គណៈកម្មកាអឺរ៉ុបបានចេញរបាយការណ៍មួយ ដែលលើកឡើងថា រដ្ឋាភិបាលកម្ពុជា គ្មានមធ្យោបាយតាមឃ្លាំមើលសកម្មភាពរបស់នាវាបរទេស ដែលលើកទង់ជាតិកម្ពុជានោះទេ។ របាយការណ៍នេះបានលើកឡើងថា ក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅប្រទេសកូរ៉េខាងត្បូង ជាអ្នកចាត់ចែងការចុះបញ្ជីនាវាជំនួសឲ្យរដ្ឋាភិបាលរាជធានីភ្នំពេញ។
គណៈកម្មការនេះបានសរសេរកាលពីខែវិច្ឆិកាថា “ក្រុមនាវានេះបង្ហាញពីសមត្ថភាពនេសាទដ៏ធំ មួយដែលគ្មានប្រព័ន្ធពិនិត្យតាមដានដែលមានប្រសិទ្ធភាព ជាហេតុធ្វើឲ្យកម្ពុជាមិនអាចធានាខុសត្រូវចំពោះនាវាដែលប្រើទង់ជាតិរបស់ខ្លួនឲ្យបានទាំងស្រុងឡើយ”។
ជាទូទៅម្ចាស់នាវាជ្រើសរើសទង់ជាតិសម្គាល់ប្រទេសចុះបញ្ជី ដើម្បីគេចវេះពីការអនុវត្តច្បាប់និងបទប្បញ្ញត្តិរបស់ជាតិ និងដើម្បីគេចពន្ធ។
ស្ថិតក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ របាយការណ៍នេះលើកឡើងថា “កម្ពុជាត្រូវតែមានយុត្តាធិការក្រោមច្បាប់របស់ខ្លួនសម្រាប់គ្រប់គ្រងនាវានីមួយៗ ដែលលើកទង់ជាតិរបស់ខ្លួន ហើយត្រូវតែធានាថា មន្ត្រី និងនាវិកនៅលើនាវានោះគោរពតាមច្បាប់រដ្ឋបាល បច្ចេកទេសនិងបញ្ហាសង្គម ”។
របាយការណ៍នេះ បានសន្និដ្ឋានថា “កម្ពុជាមិនបានអនុវត្តតាមភារកិច្ចរបស់ខ្លួនទេពាក់ព័ន្ធនឹងច្បាប់អន្តរជាតិក្នុងនាមជាប្រទេសផ្តល់ទង់ជាតិ”។
ដោយសារតែខ្វះការឃ្លាំមើល និងដោយសារនាវាលើកទង់ជាតិកម្ពុជា ត្រូវគេឃើញកំពុងនេសាទនោះ សហភាពអឺរ៉ុបកាលពីខែមុន បានចេញបម្រាមមួយ មិនឲ្យនាំចូលត្រីនិងគ្រឿងសមុទ្រគ្រប់ប្រភេទពីប្រទេសកម្ពុជា។
តាមសេចក្តីរាយការណ៍ថា ក្រុមហ៊ុនចុះបញ្ជីនាវាអន្តរជាតិនៃកម្ពុជា (International Ship Registry of Cambodia) ជាក្រុមហ៊ុនមួយ ដែលមានមូលដ្ឋាននៅក្នុងទីក្រុងប៊ូសាន បានទិញសិទ្ធិចុះបញ្ជីនាវាពីកម្ពុជា ក្នុងតម្លៃ៦លានដុល្លារ កាលពីឆ្នាំ២០០៣។
ក្រុមហ៊ុននេះសហការជាមួយរដ្ឋាភិបាលកម្ពុជា នេះបើតាមការលើកឡើងរបស់លោក សេង លំនៅ ដែលជាប្រធានគណៈកម្មាធិការមួយរបស់រដ្ឋាភិបាលទទួលបន្ទុកធ្វើសហប្រតិបត្តិការជាមួយក្រុមហ៊ុននេះ។
លោក សេង លំនៅ ជាអ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា អត្ថបទចុះផ្សាយរបស់កាសែត ខេមបូឌា ដេលី គឺមិនត្រឹមត្រូវទេ ពីព្រោះរដ្ឋាភិបាលមិនបានលក់សិទ្ធិចុះបញ្ជីនាវានោះទេ ប៉ុន្តែ គ្រាន់តែបានជ្រើសរើសក្រុមហ៊ុនមួយឲ្យចាត់ចែងការចុះបញ្ជីជាថ្នូរនឹងប្រាក់៦លានដុល្លារក្នុងរយៈពេល១០ឆ្នាំ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលបានជ្រើសរើសក្រុមហ៊ុនមួយជាតំណាងសម្រាប់ការចុះបញ្ជីនាវាជំនួសរដ្ឋាភិបាល ប៉ុន្តែ ស្ថិតក្រោមការពិនិត្យផ្ទៀងផ្ទាត់ដោយគណៈកម្មាធិការអន្តរក្រសួងមួយ”។
លោកបានអះអាងថា ពាក្យថា “លក់” គឺមិនត្រឹមត្រូវទេ “វាមិនមែនជាការលក់សិទ្ធិទេ។ វាជាការជ្រើសរើស [ក្រុមហ៊ុនមួយ] ពីព្រោះក្រុមហ៊ុននេះមានបទពិសោធ”។
ទោះជាយ៉ាងណា អ្នកស្រី ឈួន មូ៉លីរ័ត្ន ដែលជាតំណាងប្រចាំប្រទេសរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ បានប្រាប់កាសែត ខេមបូឌា ដេលី កាលពីខែវិច្ឆិកាថា គណៈ កម្មាធិការនេះ គ្រាន់តែទទួលរបាយការណ៍ប្រចាំខែមួយបង្ហាញថា នាវាចុះបញ្ជីថ្មីៗ ត្រូវបានចុះបញ្ជីប៉ុណ្ណោះ។ អ្នកស្រីនិយាយថា វាអាចទៅរួចដែលនាវាមិនត្រូវបានចុះនៅក្នុងបញ្ជី។
គាត់បាននិយាយកាលពីខែវិច្ឆិកាថា “ប្រសិនបើយើងបំពេញបានតាមលក្ខខណ្ឌចុះបញ្ជី [នាវា ] វាមិនអីទេ យើងមិនចាំបាច់ប្រាប់រដ្ឋាភិបាលឡើយ”។
ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ ត្រូវបានបង្កើតឡើងដើម្បីចាត់ចែងការចុះបញ្ជីនាវាដែលប្រើទង់ជាតិកម្ពុជា កាលពីឆ្នាំ២០០៣ បន្ទាប់ពីក្រុមហ៊ុនចាស់ ឈ្មោះ Cambodia Shipping Corp ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានបាត់បង់សិទ្ធិរបស់ខ្លួនកាលពីឆ្នាំ២០០២។ កាលពីថ្ងៃសុក្រ ការហៅទូរស័ព្ទទៅខ្សែបន្ទាន់របស់ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះគ្មានអ្នកទទួលទេ។
លោក សេង លំនៅ បានមានប្រសាសន៍ថា ប្រាក់៦លានដុល្លារ ដែលរដ្ឋាភិបាលទទួលនេះ ត្រូវបង់រម្លស់ក្នុងរយៈពេល១០ឆ្នាំទៅក្រសួងហិរញ្ញវត្ថុដោយផ្ទាល់។ លោកមានប្រសាសន៍ទៀតថា តែទោះជាយ៉ាងណាកាលពីខែវិច្ឆិកា ប្រាក់នេះត្រូវបានបង់ចូលទៅធនាគារជាតិ។
កាលពីថ្ងៃសុក្រ លោក ផៃ ស៊ីផាន បានប្រាប់អ្នកយកព័ត៌មានថា អ្នកសរសេរអត្ថបទនេះគួរតែទទួលខុសត្រូវកំហុសរបស់ខ្លួន។ លោកមានប្រសាសន៍ថា “[អ្នកស្រី] Denise Hruby បានសរសេរដោយមានជំនួយពីខ្មែរ។ អ្នកទាំងនេះគួរតែមកអង្គុយស្តាប់”។
នៅពេលសួរតាមទូរស័ព្ទ ហេតុអ្វីបានជាអ្នកសរសេរព័ត៌មាននេះមិនត្រូវបានអញ្ជើញមកចូលរួមសន្និសីទកាសែត លោក ផៃ ស៊ីផាន បានដាក់ទូរស័ព្ទចុះ៕ សុខុម