31 C
Phnom Penh

រដ្ឋាភិបាល​គំរាម​​​​ប្តឹង​លោក សម រង្សុី ចំពោះ​លិខិតរបស់​​​​លោក​ផ្ញើ​ថ្វាយ​ព្រះ​មហាក្សត្រ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីចុង​សប្ដាហ៍​កន្លង​ទៅនេះ​ រដ្ឋា​ភិបាល​គណបក្ស​ប្រជា​ជន​កម្ពុជា​ បាន​ចេញ​សេចក្ដីថ្លែង​ការណ៍​ជា​ច្រើន​គំរាម​ប្ដឹង​លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ចំពោះ លិខិត​ដែល​លោក​បាន​សរសេរ​កាលពី សប្ដាហ៍​​​​​​មុន​ ។

​​នៅ​ក្នុង​លិខិត​នោះ​លោក​ទំនង​ជា​ស្ដី​​​បន្ទោស​ព្រះមហាក្សត្រ​ នរោត្តម សីហ​​​មុនី ចំពោះការ​កោះ​ប្រជុំ និង​ការ​អប​អរ​សាទរ​រដ្ឋសភា​ឯកបក្សនេះ​។

នៅ​ក្នុង​លិខិត​របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បានផ្សព្វផ្សាយជាសាធារណៈ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោកបានជំទាស់​នឹង​ការ​វាយ​តម្លៃ​របស់​ព្រះមហាក្សត្រ​ដែល​ថា រដ្ឋសភា​នេះ​“តំណាង​ឲ្យ​ប្រជា​ពល​រដ្ឋខ្មែរ​ទាំង​មូល​”​។ លោក​ក៏បានបញ្ជាក់​ដែរ​ថា ព្រះបរម​រតន​កោដ្ឋ​នរោត្តម សីហនុ មិនព្រម​កោះ​ប្រជុំ​សភា​​​​​​​ទេ បន្ទាប់​ពីការ​បោះ​ឆ្នោត​ជាតិ​ដ៏ចម្រូង​ចម្រាស​​​​​​​ឆ្នាំ​២០០៣​។

កាលពីថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ស្ថាប័ន​រដ្ឋា​ភិបាល​ ចាប់ពី​រដ្ឋសភា​ខ្លួនឯង​រហូត​ដល់​ក្រសួង​ការ​ពារ​ជាតិ បាន​ចេញសេចក្ដី​ថ្លែង​ការណ៍ថ្កោល​ទោស​លោក សម រង្ស៊ី ចំពោះ​លិខិត​របស់​លោក និង​បានអះអាង​ពីការ​គាំទ្រ​របស់​ខ្លួន​ចំពោះការ​ចាត់​វិធានការ​ការ​​​ពារ​ព្រះ​រាជ​សិទ្ធិ​ដែល​គេ​មិនអាច​បំពាន​បាន​របស់​ព្រះមហាក្សត្រ​ សីហមុនី។

លិខិត​របស់​លោក សម រង្ស៊ី ជា​​ការឆ្លើយ​តប​​នឹង​ព្រះរាជ​សារ​​ព្រះមហាក្សត្រ​ សីហ​មុនី ផ្ញើ​ជូន​តំណាង​រាស្ត្រ​ ហើយ​លោក ហេង សំរិន ​ប្រធាន​រដ្ឋសភា​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​​យក​​ព្រះរាជ​សារ​នោះ​ទៅ​អាន​ខ្លាំង​ៗនៅ​ឯកិច្ច​ប្រជុំ​​សភា​ពេញអង្គ​លើក​ទី២ កាលពីថ្ងៃ​អង្គារ​។

ទីស្ដីការគណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​នៅ​ក្នុងលិខិត​មួយ​ចេញ​កាលពីថ្ងៃ​សៅរ៍​ថា ខ្លួន​មាន​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ និង​សូម​ថ្កោល​ទោស​លោក​ សម រង្ស៊ី ចំពោះ​លិខិត​​ដែល​លោក​ផ្ញើ​ថ្វាយព្រះមហាក្សត្រ​។

លិខិត​របស់​ទីស្ដីការគណៈរដ្ឋមន្ត្រី​លើក​ឡើង​ថា “វា​ជា​ការ​ញុះញង់​ក្នុង​ការ​បង្ខំ​ឲ្យ​ព្រះមហាក្សត្រ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ ដែល​ជា​​ទង្វើ​មួយ​ស្មើ​នឹង​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​”។

លិខិត​នោះលើក​ឡើង​ទៀត​ថា “រដ្ឋា​​ភិបាល​គិត​ថា ចំណុច​​ដែល​លោក​ សម រង្ស៊ី ​បាន​លើកឡើង​ គឺ​ជា​ការ​បំពាន​យ៉ាង​ខ្លាំង​លើ​ព្រះ​មហាក្សត្រ​និង​លើ​​នីតិរដ្ឋ​នៅ​កម្ពុជា​”។

លិខិត​នេះ​លើកឡើង​ថា ​លោក​ សម រង្ស៊ី បំពាន​ និង​ធ្វើ​ឲ្យប៉ះពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សេចក្ដីថ្លៃថ្នូរ និង​​ព្រះកិត្តិនាម​របស់​ព្រះ​មហាក្សត្រ​។

លិខិត​របស់ទីស្ដីការគណៈរដ្ឋមន្ត្រី​លើក​ឡើ​ង​ទៀត​ថា “មិន​ថាជា​អ្វីនោះទេ​ រដ្ឋាភិបាល​​នឹង​ពិចារណា​ចាត់វិធាន​ការ​តឹង​រ៉ឹង​ប្រឆាំង​​នឹង​លោក សម រង្ស៊ី ដើម្បី​​រក្សា​ និងការ​ពារ​បាវ​​​ចនា​​​​​ជាតិ គឺ ជាតិ សាសនា និង​ព្រះ​មហា​ក្សត្រ និង​​​​​​​សេចក្ដីថ្លៃថ្នូររបស់​សង្គម​ជាតិ”។

លិខិត​នោះ​ក៏គំរាម​ចាត់វិធាន​ការផ្លូវ​ច្បាប់​ប្រឆាំង​ទង្វើ​​មិន​ល្អ​​របស់​លោក សម រង្សុី ​តាម​មាត្រា ៣៦ នៃ​ច្បាប់​ស្ដីពីការ​រៀប​ចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​ការ​​មិន​គោរព​​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​នេះ​។

កាលពីដើម​ខែកញ្ញា ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​ច្រានចោល​បណ្ដឹង​ចុង​ក្រោយ​របស់​គណ​​បក្ស​សង្គ្រោះជាតិ​ ចំពោះ​ភាព​មិន​ប្រក្រតី​នៅ​​ក្នុង​ការ​បោះ​ឆ្នោត​កាលពីថ្ងៃទី​២៨ខែកក្កដា​​ ​ដើម្បី​បើក​ផ្លូវ​ឲ្យ​ព្រះមហាក្សត្រ​អញ្ជើញ​សមាជិកសភា​ទាំង​១២៣​រូប​ ដែល​បានទទួល​អាសនៈ​ឲ្យ​បង្កើត​រដ្ឋសភា​ថ្មី​។

សមាជិក​សភា​ចំនួន​៥៥​រូប​របស់​គណបក្ស​សង្គ្រោះជាតិ​កំពុង​ធ្វើពហិកា​រមិន​ចូល​រដ្ឋ​សភា​​​​នៅពេល​ដែល​​សមាជិក​សភា​៦៨​រូប​របស់​គណ​​បក្ស​ប្រជា​ជន​កម្ពុជា​​បាន​បើក​សម័យ​ប្រជុំ​សភា​​​កាលពីសប្ដាហ៍មុន​ ដើម្បី​អនុម័ត​ច្បាប់នានា​ រួម​​​ទាំង​ច្បាប់​ស្ដីពីផ្លូវ​ថ្នល់​ផង​ដែរ​។

រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និយាយ​ថា ព្រះមហាក្សត្រ​ សីហ​មុនី ​គោរព​រដ្ឋធម្មនុញ្ញ​​ក្នុង​ការ​កោះប្រជុំ​សភា​​​​​​​​​​ក្នុង​រយៈ​ពេល​៦០​ថ្ងៃ​ក្រោយ​ការ​បោះ​​​ឆ្នោត​​ ហើយ​​​តម្រូវ​ឲ្យ​មាន​សំឡេង​ភាគ​ច្រើន​ធម្មតា​ក្នុង​ចំណោម​សមាជិក​សភា​ទាំង​១២៣​រូប​ ដើម្បី​បង្កើត​រដ្ឋាភិបាល​។

នៅ​ក្នុង​សេចក្ដីថ្លែង​ការណ៍មួយ​ចេញ​កាល​ពី​ម្សិលមិញ​​ ក្រសួង​ការ​ពារ​ជាតិ​ដែល​មន្ត្រី​ជាន់​ខ្ពស់​របស់​ខ្លួន​បាន​​ប្រកាស​គាំទ្រ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន សែន ចាប់តាំង​ពីការ​បោះ​ឆ្នោត​ដ៏ចម្រូង​​ចម្រាស​នោះមក​ លើក​ឡើង​ថា កម្លាំង​​​ប្រដាប់​អាវុធ​ទាំង​មូល​សូមថ្កោល​ទោស​លិខិត​លោក សម រង្ស៊ី ​។

លិខិត​ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ មាន​ខ្លឹម​សារ​ថា “ យើង​ជា​មេបញ្ជាការ​ជាន់​ខ្ពស់​ និងជា​ទាហាន​គ្រប់​ជាន់​ថ្នាក់​​ទាំង​អស់​មិន​អាច​ទទួលយក​ទង្វើ​ដ៏គ្រោត​គ្រាត​របស់​លោក សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ទេ។ លោក​ប្រមាថ​សេចក្ដីថ្លៃ​ថ្នូរ​​ និង​​ព្រះកិត្តិ​នាម​របស់​ព្រះមហាក្សត្រ​ ដែល​មាន​ការ​គោ​រព​ដ៏ខ្ពង់​ខ្ពស់​ពីជាតិ​ និង​ប្រជាពល​រដ្ឋ​​​ទាំង​​មូល​”​។

លិខិត​នោះ​លើក​ឡើង​ទៀត​ថា “ទង្វើ​ដ៏​គ្រោត​គ្រាត​នេះបង្ហាញយ៉ាង​ច្បាស់​ថា លោក​​​បំពាន​ស្ថាប័ន​កំពូល​របស់​ជាតិ ​បំពាន​រាជ​បល្ល័ង្ក និង​រដ្ឋសភា​របស់ព្រះរាជា​ណាចក្រ​កម្ពុជា​ ដែល​កើត​ចេញពី​ឆន្ទៈ​របស់​ប្រជា​ពល​រដ្ឋ​តាម​រយៈ​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិ​ធម៌​ទូទាំង​ប្រទេស​”។

ព្រឹទ្ធសភា ក្រសួង​សុខាភិបាល​ ក្រសួង​អប់​រំ ក្រសួង​ការ​ងារ​ ក្រសួង​បរិស្ថាន អាជ្ញា​ធរ​ខេត្ត​ព្រះវិហារ ខេត្ត​កណ្ដាល និង​សាលា​រាជ​ធានីភ្នំពេញ សុទ្ធ​តែ​បាន​ចេញសេចក្ដី​ថ្លែង​​​ការណ៍​ស្រដៀង​គ្នា​ថ្កោល​ទោស​លោក សម រង្ស៊ី និង​បាន​គាំទ្រ​ចំពោះ​ការ​ចាត់​វិធានការ​​​ការ​ពារ​ព្រះមហាក្សត្រ​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដី​​​ការ​​​គណៈ​រដ្ឋមន្ត្រី មាន​ប្រសាសន៍​ថា ការ​គំរាម​ប្ដឹង​​​​លោក សម រង្ស៊ី នេះ​មិន​មែនគ្រាន់តែថាទេ​។

លោក​បានមាន​ប្រសាសន៍​ថា “នៅ​ក្នុង​ករណីនេះ​ គាត់​​កុហក​ទូទាំង​ប្រទេស​ ហើយ​ការ​កុហក​នេះគឺ​ជា​បញ្ហា​ដ៏ធ្ងន់​ធ្ងរ​។ ការ​ចាត់​វិធាន​ការ​បែប​ណា​នោះខ្ញុំ​មិន​ទាន់​អាច​និយាយ​​​​​​​​​​ភ្លាម​ៗ​បានទេ​”។

លោក សុក សំអឿន ​នាយក​ប្រតិបត្តិ​ក្រុម​អ្នកច្បាប់​ការ​ពារ​សិទ្ធិកម្ពុជា​ ដែល​ជា​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​ មាន​ប្រសាសន៍​ថា រដ្ឋា​ភិបាល​​​​​​​​នឹងមាន​ការ​ពិបាក​ចាត់វិធាន​ការ​ប្រឆាំង​​​​​​​​​​​លោក សម រង្ស៊ី ចំពោះការ​ធ្វើ​ឲ្យប៉ះ​​​ពាល់​​​ដល់​​​​សេច​​​ក្ដី​​​​ថ្លៃ​ថ្នូរ និង​ព្រះកិត្តិនាម​របស់​ព្រះមហា​​​ក្សត្រ​ សីហ​មុនី ប្រសិន​បើ​ខ្លួន​ប្ដឹង​តាម​វិធីបែប​នេះ​។

លោក សុក សំអឿន បាន​មាន​ប្រសាសន៍​សំដៅ​ដល​់​មា​ត្រា ៧ នៃ​រដ្ឋធម្មនុញ្ញថា “យើង​មាន​តែ​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​​ដែល​ចែង​ថា គ្មាន​នរណា​ម្នាក់​​អាច​ប៉ះពាល់​ព្រះអង្គ​បាន​” ។

មាត្រា ៧​នេះ​ចែង​ថា “ព្រះមហាក្សត្រ​មិន​អាច​ត្រូវ​គេ​រំលោភ​បំពាន​បានឡើយ​”។ “បញ្ហា​នៅ​ត្រង់​ថា គ្មានចែង​ពី​​បទ​ល្មើស​​ណាមួយ​នៅ​ក្នុង​​​ក្រម​ព្រហ្មទណ្ឌ​ទេ។ មាន​បទ​ល្មើស​ធ្ងន់​ធ្ងរ​មួយ​ចំនួន ដូច​ជា​​ឃាត​កម្ម​លើ​ព្រះមហាក្សត្រ។ ប៉ុន្តែ​ចំពោះការ​ធ្វើ​ឲ្យ​​​ប៉ះពាល់ព្រះអង្គ​ ខ្ញុំ​មិន​ឃើញ​មាន​មាត្រា​ណា​មួយ​ទេ​”។

លោក សុក សំអឿន បង្ហាញ​ថា ទោះបី​ជា​​មាន​ចែងពី​បទ​ល្មើស​ព្រហ្មទណ្ឌ​​ចំពោះ​ការ​ប្រមាថ​ព្រះសង្ឃ ឬ​មន្ត្រីរដ្ឋាភិបាល​មែន​ក៏​ដោយ​ ក៏​ប៉ុន្តែ​ច្បាប់​​ប្រឆាំង​នឹង​ការ​ប្រមាថ​ព្រះមហាក្សត្រ​បែប​នេះ​ត្រូវ​បានរដ្ឋាភិបាល​លុប​​ចេញ​ពី​ក្រម​ព្រហ្មទណ្ឌ​​ហើយ​។

លោក សុក សំអឿន មាន​ប្រសាសន៍​ថា “នៅពេល​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​ ក្រសួង​​​យុត្តិធម៌​បាន​ធ្វើ​សិក្ខាសាលា​មួយ​។ នៅពេល​នោះ​លោក យូ ហុកគ្រី សហរដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ បាន​សួរ​ថា ហេតុអ្វីបាន​ជា​មិនមាន​ច្បាប់​ស្ដីពីការ​ប្រមាថ​ព្រះមហាក្សត្រ​។ នៅ​ពេល​នោះ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌បានមាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ​មិន​ខ្វល់​ទេ​ ព្រះ​​អង្គ​តែង​តែ​​អាណិត​អាសូរ​​ប្រជា​ជន​របស់​ព្រះ​អង្គ​”។

លោក សម រង្ស៊ី​ បានមាន​ប្រសាសន៍​កាល​​ពីម្សិលមិញ​ថា លោកសប្បាយ​ចិត្ត​ដែល​គណ​បក្ស​ប្រជា​ជន​កម្ពុជា​កំពុង​ជួយ​ជំរុញ​ឲ្យ​មាន​ការ​និយាយ​អំពី​ភាព​ស្រប​ច្បាប់​នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន​ សែន។

លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​ថា “ពួកគេ​កំពុង​ធ្វើ​ឲ្យ​មានការ​ចាប់អារម្មណ​៍​ជា​សាធារណៈ​ចំពោះអ្វីដែល​ខ្ញុំ​ព្យាយាម​និយាយ​​​​ប្រាប់​ ខ្ញុំកំពុ​ង​ជំរុញ​បន្ត​លើក​ឡើង​ពីបញ្ហា​នៃ​ភាព​ខុស​ច្បាប់​របស់​រដ្ឋាភិបាលនេះ”។​

លោក សម រង្ស៊ី ​លើក​ឡើង​ថា ប្រសិន​បើ​រដ្ឋាភិបាល​ប្ដឹង​ចំពោះ​លិខិត​លោក​ សម រង្ស៊ី ផ្ញើ​ថ្វាយព្រះមហាក្សត្រ លោក ហ៊ុន សែន ខ្លួនឯង​ផ្ទាល់គួរ​តែ​ជាគោលដៅ​។ លោក​បាន​​​បញ្ជាក់​ថា កាលពីខែ​តុលា ឆ្នាំ​២០០៥​ លោក​នាយក​រដ្ឋមន្ត្រី​បានគំរាម​រម្លាយ​រាជានិយម​​ ប្រសិន​បើ​ព្រះមហាក្សត្រ​ សីហមុនី មិន​ព្រម​ឡាយព្រះហស្តលេខា​លើ​កិច្ច​ព្រម​ព្រៀង​ព្រំ​ដែន​ដ៏ចម្រូង​ចម្រាស​ជាមួយវៀត​ណាម។

លោក ហ៊ុន សែន បាន​និយាយនៅ​ពេល​នោះសំដៅដល់​ព្រះរាម​មាតា​ទីទៃ​របស់​​ព្រះ​មហាក្សត្រ​ សីហមុនី ថា “ខ្ញុំបាន​ប្រាប់​ព្រះ​អង្គម្ចាស់​ នរោត្តម រណឫទ្ធិ ថា ប្រសិន​បើ​ពិបាក​ចុះហត្ថលេខាពេកនៅ​ពេល​នេះ​ យើង​​​ត្រូវ​​ពិនិត្យ​ឡើង​វិញ​ថា តើ​យើង​គួរ​រក្សា​ទុក​រាជានិយម ឬ​បង្កើត​សាធារណរដ្ឋ​?

​នៅ​ពេល​សួរ​កាលពីម្សិលមិញ​ថា តើ​លោក​​​នឹង​​ពិចារណា​ពីការ​ចាក​ចេញទៅ​ប្រទេស​បារាំង​ ដើម្បីចៀស​វាង​ពីការ​ផ្ដន្ទា​ទោស​​ដាក់​ពន្ធនាគារ​ដូច​លោក​បាន​ធ្វើ​កាល​ពី​ឆ្នាំ​២០០៤ និង​២០០៩​ឬយ៉ាង​ណានោះ​ លោក សម រង្ស៊ី​ បានមាន​ប្រសាសន៍​ថា បញ្ហា​បាន​ផ្លាស់​ប្ដូរ​​​តាំងពី​ពេលនោះមក​ ហើយ​អ្វីដែលគួរ​ឲ្យ​កត់​​​សម្គាល់​នោះគឺ​កម្លាំងរបស់​គណបក្ស​ប្រឆាំង​ចាប់​តាំង​ពីការ​បោះឆ្នោត​ខែ​កក្កដាមក។

លោក​បានមាន​ប្រសាសន៍​ថា “ពេល​នេះ​​​មិនមាន​បញ្ហា​ទៀត​ទេ​។ ហេតុអ្វី​បានជា​ខ្ញុំ​ត្រូវ​​​​រារាំង​ពួកគេ​​នៅពេល​ដែលពួកគេ​កំពុង​ធ្វើ​ឲ្យ​​មានការ​ចាប់​អារម្មណ៍ជាសាធារណៈ​ចំពោះ​រូប​ខ្ញុំ​? ខ្ញុំ​នឹង​សហការ​ជាមួយពួកគេ​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​រឿង​នោះ​។ “ខ្ញុំ​អាច​ជាប់ពន្ធ​នា​គារ​​ពីរបីថ្ងៃ​ ហើយ​ការ​ជាប់​ពន្ធនាគារ​នោះ​​​​​​​​​​នឹង​ធ្វើ​ឲ្យមាន​ការ​ចាប់​អារម្មណ៍​កាន់តែ​ច្រើន​ចំពោះ​រូប​ខ្ញុំ”៕ គឹមហឿន

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស