ក្រុមមន្ត្រីមូលដ្ឋានបានឲ្យដឹងថា បុរសម្នាក់រងរបួសធ្ងន់កាលពីថ្ងៃសៅរ៍ ដោយសារគាត់ជាន់មីនប្រឆាំងមនុស្ស ខណៈដែលគាត់ព្យាយាមឆ្លងព្រំដែនកម្ពុជា-ថៃទៅកាប់ឈើប្រណីតខុសច្បាប់។
យោងតាមលោកមេឃុំ ផាង សំអាត បានឲ្យដឹងថា លោក មាស ហ៊ុច អាយុ៣៨ឆ្នាំកំពុងឆ្លងដែនពីឃុំអូរស្មាច់ស្ថិតក្នុងស្រុកសំរោង ខេត្តឧត្តរមានជ័យជាមួយបុរសពីរនាក់ទៀតស្រាប់តែនៅពេលនោះគាត់បានជាន់មីនផ្ទុះតែម្ដង។
លោកបានមានប្រសាសន៍ថា “ជនរងគ្រោះបានរងរបួសធ្ងន់ត្រង់ជើងស្ដាំ ដែលតម្រូវឲ្យកាត់ចេញ។ជនរងគ្រោះត្រូវបានគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ នៅពេលថ្ងៃត្រង់កាលពីថ្ងៃសៅរ៍”។
លោក សំអាត មានប្រសាសន៍ថា តំបន់ព្រំដែនដែលបុរសទាំងបីនាក់បានទៅរកកាប់ឈើនេះត្រូវបានគេដឹងថា ជាតំបន់សម្បូរមីន ហើយត្រូវគេដាក់សញ្ញាព្រមាន និងមានព័ទ្ធរបងលួសបន្លាទៀតផង ប៉ុន្តែថា បុរសទាំងបីនាក់នេះទំនងជាមិនអើពើនឹងស្លាកសញ្ញាព្រមានទាំងនេះទេដោយសារចង់ឆ្លៀតឱកាសទៅកាប់ឈើប្រណីតដែលមានតម្លៃខ្ពស់។
យោងតាមអង្គការសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ពលរដ្ឋខ្មែរ៣៨នាក់បានរងរបួស ឬស្លាប់ដោយសារទាហានថៃបាញ់ពេលឆ្លងដែនទៅរកកាប់ឈើប្រណីតកាលពីឆ្នាំមុន៕សារុន