41.3 C
Phnom Penh

សហជីព​អំពាវនាវ​ឲ្យ​កម្មករ​រោង​ចក្រ​​​ចូល​រួម​ធ្វើ​កូដកម្ម​ ទោះ​ជា​មាន​ការ​គំរាម​ចាប់​ខ្លួន​​ក៏​ដោយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេដឹក​នាំ​សហជីព​ដែល​មាន​ផែនការ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​ ដើម្បី​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​មុន សម្រាប់​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ថា ខ្លួន​នឹង​អំពាវ​នាវ​ឲ្យ​មាន​ការ​ចូល​រួម​ធ្វើ​កូដ​កម្ម​ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​ ទោះ​បី​ជា​មាន​ការ​គំរាម​ចាប់​ខ្លួន​អ្នក​ចែក​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​ពី​ផែនការ​របស់​ខ្លួន​ក៏​ដោយ។

កាលពី​ថ្ងៃ​អាទិត្យ សមាជិក​សហជីព​មួយ​រូប​ត្រូវ​បាន​នគរបាល​​ឃាត់​ខ្លួន​នៅ​ខេត្ត​ស្វាយ​រៀង  និង​បាន​ចែក​ខិត​ប័ណ្ណ​ផ្សព្វ​ផ្សាយ​​ពី​ផែន​ការធ្វើ​កូដកម្ម​ក្នុង​ខែ​នេះ។

លោក កែវ សុខន ​អធិការ​រង​នគរបាល​​ក្រុង​បាវិត​បាន​បញ្ជាក់​ច្បាស់​ពី​ការ​ឃាត់​ខ្លួន​បុរស​រូប​នោះកាលពី​ថ្ងៃ​អាទិ​ត្យ​ ក៏ប៉ុន្តែ បាន​បដិសេធ​មិន​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​លម្អិត​។

កាលពី​ម្សិលមិញ លោក កែវ គង់ ​​អធិការ​នគរបាល​ក្រុង​បាវិត​ បាន​ឲ្យ​ដឹង​ថា លោក​មិន​ដឹង​ពី​រឿង​ឃុំ​ខ្លួន​បុរសចែក​ខិតប័ណ្ណ​នេះ​ទេ ក៏​ប៉ុន្តែ លោក​បាន​ព្រមាន​ចាប់​ខ្លួន​ជន​ដែល​ព្យាយាម​ធ្វើ​ដូច្នេះ។ លោកមាន​ប្រសាសន៍​ថា “ប្រសិន​បើ​មាន​អ្នក​ចែក​ខិតប័ណ្ណ​ យើង​នឹង​ចាប់​ខ្លួន​ពួកគេ” ។ លោក​ ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សា​លា​​រាជ​ធានី​ភ្នំពេញ បាន​លើក​ឡើង​ដូចគ្នា​នេះ​ដែរ។

លោក ឡុង ឌីម៉ង់ បាន​មាន​ប្រសាសន៍​ថា  “យើង​មិន​អនុញ្ញា​ត​ឲ្យ​ពួកគេ​ចែក​ខិតប័ណ្ណ​នៅ​ទី​សាធារណៈទេ​ ប្រសិន​បើ​ពួកគេ​មិន​ស្នើ​សុំ​សេចក្តី​អនុញ្ញាត​ទេ​នោះ​”។

ក៏​ប៉ុន្តែ ទាំង​លោក​ គង់ និង​លោក ឌីម៉ង់ មិន​បាន​ពន្យល់​អំពី​ច្បាប់​ណា​មួយ​ដែល​ផ្តល់​សិទ្ធិ​ឲ្យ​ពួកលោក​ចាប់​ខ្លួន​អ្នក​ចែក​ខិតប័ណ្ណ ក្នុង​គោល​បំណង​ជំរុញ​ឲ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​ឲ្យ​ធ្វើ​កូដកម្ម​ទេ​។ សហជីព​នៅ​ពីក្រោយ​កូដកម្ម​នេះបាន​លើក​ឡើង​ថា មិន​មាន​មូល​ដ្ឋាន​ច្បាប់​សម្រាប់​គាំទ្រ​ការ​គំរាម​​នេះ​ទេ។

លោក ប៉ាវ ស៊ីណា ប្រធានសម័្ពន្ធ​សហជីព​ចលនា​កម្មករ​ បាន​មាន​ប្រសាសន៍​ថា “ពួកគេ​ព្យាយាម​បិទ​សិទ្ធិ​របស់​យើង​ ប៉ុន្តែ យើង​មិន​អាច​ទទួល​យក​បាន​ទេ ​ព្រោះ​ការ​ធ្វើ​បែប​នេះ​រំលោភ​សិទ្ធិ​របស់​យើង​ និង​ច្បាប់​រដ្ឋធម្ម​នុញ្ញ​”។

អ្នក​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្រុង​បាវិត​ កាលពី​ថ្ងៃ​អាទិត្យ ខណៈ​ដែល​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​សំដៅ​ទៅ​ការិយាល័យ​មូលដ្ឋាន​របស់​សហជីព​ដោយ​មាន​ខិតប័ណ្ណ​ប្រហែលជា​៥.០០០សន្លឹក​នោះ គឺ​ជា​សមាជិក​សហជីព​របស់​លោក​ ស៊ីណា។

លោក ស៊ីណា បាន​ឲ្យ​ដឹង​ថា សហជីព​របស់​លោក​បាន​ចែក​ខិត​ប័ណ្ណ​អស់​១៥.០០០ច្បាប់​ហើយ​ ហើយ​ថែម​ទាំង​មាន​ផែនការ​ប្តូរ​យុទ្ធ​សាស្ត្រ​ក្នុង​ការ​ចែក​ខិត​ប័ណ្ណ​ដែល​នៅ​សល់​ទៀត​ផង​។ ក៏​ប៉ុន្តែ​ បាន​បដិសេធមិន​និយាយ​លម្អិត​ជាង​នេះ​​ ដើម្បី​កុំ​ឲ្យ​អាជ្ញាធរ​ដឹង​។

លោក​បាន​មាន​ប្រសាសន៍​ថា “ដោយ​សារ​​​តែរដ្ឋាភិបាល​ប្រើ​គ្រប់​វិធី​ដើម្បី​ទប់់ស្កាត់​កម្ម​ករ​មិន​ឲ្យ​ចូល​រួម​ធ្វើ​កូដកម្ម​ យើង​ត្រូវតែ​ប្រើ​យុទ្ធ​សាស្ត្រ​ផ្សេងៗទៀត ដើម្បី​វាយ​បក​ដោយ​សន្តិ​វិធី​ ដោយ​មិន​ប្រឈម​នឹង​អាជ្ញាធរ​ទេ”។

លោក អាត់ ធន់ ប្រធានសម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យកម្មករកាត់​ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ផង​ដែរ​ថា សហជីព​របស់​លោក​ក៏​កំពុង​ផ្សព្វ​ផ្សាយ​អំពី​ផែនការ​ធ្វើ​កូដកម្ម​តាម​វិទ្យុ​ផង​ដែរ។

អ្នកស្រី យ៉ង សុខភ័ណ ប្រធាន​សម័្ពន្ធ​សហ​ជីពកម្ពុជា បានមាន​ប្រសាសន៍​ថា “ យើង​កំពុង​ផ្សព្វ​ផ្សាយ​ផែនការ​ធ្វើ​កូដកម្ម​ស្នាក់​នៅ​ផ្ទះ​របស់​យើង​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​២២ ទោះ​បី​ជា GMAC [​សមាគម​រោង​ចក្រកាត់​ដេរនៅ​កម្ពុជា] និង​ក្រសួង​ការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​បដិសេធ​មិន​ឲ្យ​យើង​ធ្វើ​ក៏​ដោយ​”។

សហជីព​នានាបាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​សមាគម​ GMAC កាលពី​សប្តាហ៍​មុន ដើម្បី​ស្នើ​សុំ​សេចក្តី​អនុញ្ញាត​ប្រើ​ប្រាស់​ថ្ងៃ​ឈប់​សម្រាក​មួយ​ចំនួន​ក្នុង​ចំណោម​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ទាំង​១៨​ថ្ងៃ​ដែល​កម្មករ​មាន​ស្រប​ច្បាប់​ សម្រាប់​ធ្វើ​កូដកម្ម​ ​​ប៉ុន្តែ លោកស្រី សុភ័ណ បាន​​ឲ្យ​ដឹង​ថា សហជីព​មិន​ទាន់​ទទួល​បាន​ចម្លើយ​តប​​វិញនៅ​ឡើយ​ទេ។

លោក កែន លូ អគ្គលេខា​ធិការ​សមាគម GMAC បាន​ឲ្យ​ដឹង​ថា សហជីព​ត្រូវ​បាន​ផ្ញើ​ឲ្យ​នូវលិខិត​ឆ្លើយ​តប​មួយ​ ដែល​មាន​ការ​ព្រមាន​ថា នឹង​មាន​វិធានការ​វិន័យ​ចំពោះ​អ្នក​ដែល​ចូល​រួម​ធ្វើ​កូដកម្ម​។ លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​នឹង​រង​ចំណាត់​ការ​វិន័យ​ទៅ​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​” របស់​រោង​ចក្រ​នីមួយ​។

សហជីព​ចង់​ឲ្យ​មានការ​ធានាថា កូដករ​នឹង​មិន​បាត់​បង់​ប្រាក់​ឈ្នួល​ ឬក៏​ប្រាក់​រង្វាន់​ប្រចាំ​ខែ​របស់​ពួកគេ​ទេ ​​ក៏ប៉ុន្តែ លោក កែន លូ បាន​លើក​ឡើង​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ការ ដាក់​ចេញ​នូវចំណាត់​ការ​បែប​នេះ​ដែរ។ លោកបាន​មាន​ប្រសាសន៍​ថា “នោះ​​អាច​ជា​ចំណាត់​ការ​តិច​បំផុត​ហើយ​”។ លោក​បាន​លើក​ឡើ​ងបន្ថែម​ទៀត​ថា កម្មករ​អាច​ប្រឈម​នឹង​ការ​បញ្ឈប់​ពីការងារ​។

សមាគម​ GMAC បាន​អះ​អាង​ថា ច្បាប់​ការងារ​មិន​អនុញ្ញាត​ឲ្យ​កម្មករ​ប្រើ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំរបស់​ខ្លួន ដូច​ដែល​សហជីព​បាន​ស្នើ​ឡើង​ឡើយ​៕ សុធា 

(រាយការណ៍​បន្ថែម​ដោយ  Zsombor Peter)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស