29 C
Phnom Penh

ធនាគារ​ពិភព​លោក​ព្យាករ​​ថា កំណើន​សេដ្ឋកិច្ច​ធ្លាក់​ចុះ​បន្តិច​បន្តួច​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារពិភព​លោក​រំពឹង​ថា នៅ​ឆ្នាំ​នេះ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​​​​មាន​​​៧,២​ភាគ​រយ​​ដែល​កើត​ចេញ​ពី​​​ការ​រីកចម្រើន​ក្នុង​វិស័យ​កាត់​ដេរ​ និង​វិស័យ​ទេស​ចរណ៍ ប៉ុន្តែ ទាប​ជាង​ឆ្នាំ​២០១៣​បន្តិច​បន្តួច​ ដែល​នៅពេល​នោះ​កំណើន​សេដ្ឋកិច្ច​កើន​ដល់​៧,៤​ភាគ​រយ​​​គឺ​​កើន​​​​ខ្ពស់​​​ជាង​គេ​ក្នុង​រយៈពេល​ប្រាំ​មួយ​ឆ្នាំ​។

ធនាគារ​ពិ​ភព​លោក​បាន​​ព្យា​ករ​កាល​ពី​ម្សិលមិញ នៅក្នុង​របាយការណ៍​ពាក់​កណ្តាល​ឆ្នាំ​របស់​ខ្លួន​ស្តី​ពី​សេដ្ឋ​កិច្ច​អាស៊ី​បូពា៌​ និង​ប៉ាស៊ី​​​ហ្វិក​ថា នៅ​ឆ្នាំក្រោយ​កំណើន​សេដ្ឋ​កិច្ច​នឹ​ងធ្លាក់​ចុះ​បន្តិច​បន្តួច​​មក​ត្រឹម​​៧​ភាគ​រយ​។​ការព្យា​ករ​សម្រាប់​ឆ្នាំ​២០១៣​ និង​ឆ្នាំ​២០១៤​​បង្ហាញ​ថា មាន​ការ​កើន​ឡើង​​បន្តិច​បន្តួច​​ពី​របាយ​ការណ៍​​នៅ​ខែ​តុលារបស់​ធនាគារ​នេះ​ដែល​​​បាន​ព្យាករ​​ថា កំណើន​សេដ្ឋ​កិច្ច​សម្រាប់​ ឆ្នាំ​ទាំង​ពីរ​មាន​ចំនួន​៧​ភាគ​រយ​។

របាយការណ៍​ចេ​ញកាល​ពី​ម្សិលមិញ​នេះ​ លើក​ឡើង​​ពី​ហានិភ័យ​សម្រាប់ឆ្នាំ​២០១៤ និ​ង​ ឆ្នាំ​២០១៥ ដូចជា​អស្ថិរ​ភាព​នយោបាយ​  ភាព​​​​ ចលាចល​ក្នុង​វិស័យ​​ការ​ងារ​ ការ​ធ្លាក់​ចុះ​សេដ្ឋ​កិច្ច​​ចិន និង​តម្លៃ​ទំនិញ​ដូច​ជា​អង្ករ​ជា​​​ដើម​។

​លោក អិុន​​រិក​ អាល់​ដាស់​ ខារ៉ូល​ សេដ្ឋ​វិទូ​ប្រចាំ​ប្រទេស​នៃ​ធនាគារ​ពិភព​លោក​​​មាន​​ប្រសាសន៍​កាល​ពីម្សិលមិញ​នៅ​ឯ​សន្និសីទ​កាសែត​ដើម្បី​ប្រកាស​ពី​របាយការណ៍​នេះ​ថា “ប៉ុន្តែ យើង​នៅ​តែមាន​សុទិដ្ឋិ​និយម​។ ​ប្រទេស​កម្ពុជា​នៅ​តែ​ខ្លាំង​ដោយសារ​ឧស្សាហ​​​​ កម្ម​ទេស​ចរណ៍ និង​វាយ​ន​ភណ្ឌ​”។

នៅក្នុង​របាយការណ៍​នោះ ធនាគារ​ពិភព​លោក​​លើក​ឡើង​ថា សេដ្ឋ​កិច្ច​ឆ្នាំ​២០១៣​របស់កម្ពុជា​បាន​តស៊ូ​​​ទប់​ទល់​នឹងស​ម្ពាធ​ក្នុង​ស្រុក ហើយ​អាច​រក្សា​កំណើន​របស់ខ្លួន​បាន​។ របាយការណ៍​នេះ​លើក​ឡើង​ថា “ទោះ​បី​​ជា​មាន​ការ​ខាត​បង់​ខ្លះៗ​ដោយសារ​ភាព​ចលាចល​​ក្នុង​​ការ​ងារ​ក៏​ដោយ​ ក៏​វិស័យ​កាត់​ដេរ​​អាច​ធ្វើ​ឲ្យការ​នាំ​ចេញ​របស់ខ្លួន​​នៅ​ឆ្នាំ​២០១៣​​កើន​ឡើង​​១៧,៦​ភាគ​រយ​លើ​សឆ្នាំ​២០១២​ ដែរ​”។

វិស័យ​ទេសចរណ៍​មាន​​និរន្តរ​ភាព​​ ប៉ុន្តែ កើន​ឡើង​យឺ​ត​កាល​ពី​ឆ្នាំ​មុន​ ដែល​​មាន​​​ភ្ញៀវ​​ទេស​ចរ​​ចំនួន​​៤,២​លាន​នាក់​ គឺ​កើន​ឡើង​​តែ​១៧,៥​ភាគ​រយ​ប៉ុណ្ណោះក្នុង​​​ឆ្នាំ​​​២០១៣​​ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១២​កើន​ឡើង​២៤​ភាគ​រយ​។

ធនាគារ​ពិភព​លោក​​​លើក​ឡើ​ងថា ​ការ​បង្ក​បង្កើន​ផល​ស្រូវ​បាន​កើន​ឡើង​កាល​ពីឆ្នាំ​មុន​ដោយ​សារ​មាន​ការ​ប្រើ​ប្រាស់​ជី​ និង​បច្ចេ​ក​ទេស​​ធ្វើ​កសិកម្ម​កាន់​តែ​ទំនើប​ ដែល​​បាន​រួម​ចំណែក​ចំនួន​៤,៥​ភាគ​រយ​​ដល់​កំណើន​ផលិត​ផល​​ក្នុង​ស្រុក​សរុប​​កាល​ពី​ឆ្នាំ​មុន។

មន្ត្រី​ធនាគារ​នេះ​បាន​​ឲ្យ​ដឹង​ថា  វិស័យ​ទាំង​បី​គឺ វិស័យ​វាយ​នភណ​្ឌ វិស័យ​ទេស​ចរណ៍ និង​វិស័យ​កសិកម្ម​បាន​ចូល​រួម​ចំណែក​ច្រើន​បំផុត​ដល់​កំណើន​ផលិត​ផល​​ក្នុងស្រុក​​សរុប​​កាល​ពីឆ្នាំ​មុន​ ហើយ​គេ​រំពឹង​ថា នឹ​ង​កើន​ឡើង​ទៀត​នៅ​ឆ្នាំ​នេះ​។

នៅឆ្នាំ​នេះ​កត្តា​មួយ​ទៀត គឺ​​​ការ​ផ្លាស់​ប្តូរ​​របស់​ក្រុមហ៊ុន​បរទេស​ដែល​ភាគច្រើន​ជា​រោង​ចក្រកាត់ដេរសម្លៀក​បំពាក់​​ ពី​តំបន់​ឆ្នេរ​​នៅ​ប្រទេសច​ិន ​ចូល​មក​ប្រទេ​ស​កម្ពុជា​ដោយ​​ សារ​ការ​ចំណាយ​ខ្ពស់​នៅទី​នោះ​។

លោក​ បឺត​ ហូ​ហ្វមេន នាយក​ប្រចាំ​អាស៊ី​បូពា៌ និង​ប៉ាស៊ី​ហ្វិក​នៃ​ធនាគារ​ពិភព​លោក​​​បាន​មាន​ប្រសាសន៍​នៅ​ឯសន្និសីទ​កាល​ពី​​​ម្សិលមិញ តាម​រយៈ​វីដេអូ​ខុន​ហ្វ្រិន​ ពី​ប្រទេស ​សិង្ហ​បុរី​ថា “កំណើន​សេដ្ឋកិច្ច​កម្ពុជា​​នឹង​មានការ​គាំទ្រ​ពីការ​​​​​ផ្លាស់​ប្តូរ​រចនា​សម្ព័ន្ធ​ចេ​ញ​ពី​ប្រទេស​ចិន​នេះ​ រួម​ទាំង​ការ​ងារ​ ជា​ពិសេស​វិស័យ​វាយ​ន​ភណ្ឌ”។

​របាយការណ៍​នេ​ះ​ជំរុញ​ឲ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​​វិស័យ​ហិរញ្ញវត្ថុ​​​ដែល​កំពុង​កើន​ឡើង​​នៅ​កម្ពុជា​ និង​ការ​ដំឡើង​ប្រាក់​ខែ​ក្នុង​វិស័យ​សាធារណៈ​​។

របាយការណ៍​នេះ​លើកឡើង​ថា កំណើន​ឥណទាន​ដ៏លឿន​របស់​កម្ពុជា​ក្នុង​អត្រា​២៦,៦​ភាគ​រយ​​ក្នុង​មួយ​ឆ្នាំ​ និង​កំណើន​ប្រាក់​បញ្ញើ​ធ្លាក់​ចុះ​ក្នុ​ងអត្រា​១៤,២​ភាគ​រយ​ក្នុង​មួយ​ឆ្នាំ​នោះ​​ធ្វើ​ឲ្យ​​ធនា​គារ​​ខ្វះ​សាច់​ប្រាក់​​។

របាយការណ៍​នេះ​លើក​ឡើង​ទៀត​ថា “​ហេតុ​នេះ​ហើយ​វា​ធ្វើ​ឲ្យ​កម្ពុជា​ជួប​​ហានិភ័យ​​​​ដោយ​សារ​ធនាគារ​ខ្វះ​សាច់​ប្រាក់​ នៅ​ពេល​ដែល​​ផល​ធៀប​រវាង​​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​បន្ត​កើន​​ឡើង​​​ដល់​៩០​ភាគ​រយ​នៅចុង​ឆ្នាំ​២០១៣​  ពី​៨០​ភាគ​រយនៅ​ចុង​ឆ្នាំ​២០១២​”។

អំឡុង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០០៨​​ ផល​ធៀប​រវាង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​នៅ​កម្ពុជា​ខុស​គ្នា​រហូត​​​ដល់​១០០​​ភាគ​រយ។យោង​តាម​របាយការណ៍​នេះ​ ការ​ពង្រឹង​ការ​គ្រប់​គ្រង​ សមត្ថភាព​ ការ​ជូន​ដំណឹ​ង​ជា​មុន​និង​ប្រព័ន្ធ​រក​ដំណោះស្រាយ​របស់​ធនា​គារ​ជាតិ​នៃ​កម្ពុជា​ រួម​ទាំង​អភិបាល​កិច្ច​ល្អ​គឺ​ជា​ការ​សំខាន​់​។

របាយការណ៍​នេះ​ឲ្យដឹង​ទៀត​ថា ជំហាន​ដំបូង​មួយ​ចំនួន​កំពុង​ត្រូវ​បាន​រៀប​ចំ​បង្កើត​​ឡើង​ដោយ​ធនាគារ​ជាតិ​នេះ​ រួមមាន​ការ​ត្រៀម​លក្ខណៈ​ដើម្បី បង្កើត​គណៈកម្មាធិការ​គ្រប់​គ្រង​វិបត្តិ​ ការ​ហាត់សម​ដោះស្រាយ​វិបត្តិ​ និង​ផែនការ​សម្រាប់​ទប់​ទល់​បញ្ហា​នៅ​ពេល​អនាគត​។

លោក​ ហ្គ្រែន ណាក់គី​ នាយក​ប្រតិ​បត្តិ​ធនាគារ​ អេអិន​ហ្សិត រ៉ូយ៉ាល់ បានមាន​ប្រសាសន៍​កាល​ពីម្សិលមិញ​ថា កំណើន​ផល​ធៀប​រវាង​ប្រាក់​កម្ចី និង​ប្រាក់​បញ្ញើ​​​មិន​មែនជា​វិបត្តិ​នោះទេ​ ហើយ​អាច​គ្រប់​គ្រង​បាន​ដោយ​​ការ​​អនុវត្ត​ការ​ដាក់​កម្រិត​​​​ឥណ​ទាន​ធំៗ​ ដែល​កម្ពុជា​នៅខ្វះខាត​។

លោកមាន​ប្រសាសន៍ថា “ផល​ធៀប​នេះ​កំពុង​កើនដល់​១០០ភាគ​រយ​​  ហើយ​នៅ​ពេល​ ឡើង​ដល់​ចំណុច​នេះ ​យើង​ចាប់ផ្តើម​សួរ​ពី​និរន្តរ​ភាព​នៃកំណើន​ឥណទាន​ខ្ពស់​។ ទីផ្សារ​ជា​​​ ច្រើន​បាន​ដាក់​កម្រិត​ឥណទាន​ធំៗ​​ជា​មធ្យោ​​​បាយ​មួយ​ដើម្បី​រក្សា​​​កំណើន​ឥណ​ទាន​​ឲ្យ​មាន​​កម្រិត​ដូច​គ្នា​នឹង​​​កំណើន​ប្រាក់​​បញ្ញើ”។ គេ​មិន​អាច​ទាក់ទងសុំ​កា​រអត្ថាធិប្បាយ​​ពី​មន្ត្រី​ធនាគារ​ជាតិ​បាន​ទេ​។

របាយការណ៍​នេះ​លើក​ឡើង​ថា កម្ពុជា​អាចដំឡើង​​ប្រាក់​ខែ​ក្នុង​វិស័យ​សាធារណៈបាន​ ប៉ុន្តែ បាន​ព្រមាន​ថា ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឲ្យមានការ​កាត់​បន្ថយ​ការ​ចំណាយ​​ទៅ​លើ​វិស័យ​នានា​ដូចជា​ ការ​ថែទាំ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជាដើម។

របាយការណ៍​ធនាគារ​ពិភព​លោក​នេះ​ចេញ​ផ្សាយ​បន្ទាប់​ពី​មាន​រ​បាយការណ៍​របស់​ធនា​គា​អភិវឌ្ឍន៍អាស៊ីកាល​ពីសប្តាហ៍​មុន​​ដែល​បាន​​​ព្យាករ​ថា ផលិត​ផល​​ក្នុង​ស្រុក​សរុប​របស់​កម្ពុជា​មាន​កំណើន​៧​ភាគ​រយ​សម្រាប់​ឆ្នាំ​២០១៤​ គឺ​ទាប​ជាង​ការ​ព្យាករ​របស់​ខ្លួន​កាល​​ពីខែ​តុលាដែល​​ថា មាន​ចំនួន​​៧,៥​ភាគ​រយ​។ របាយការណ៍​របស់​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី បាន​លើក​ឡើង​ថា ការ​ធ្លាក់​ចុះ​បន្តិច​បន្តួច​នេះ​ដោយ​សារ​ភាព​ចលាចល​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ អតិផរណា​កើន​ឡើង​ជា​និច្ច​​ និង​ភាព​​​​​​​តាន​​​​តឹង​ផ្នែក​នយោបាយ​ក្រោយការ​បោះ​​​​ ឆ្នោត​ជាតិ​ខែ​កក្កដា​៕​​គឹម​ហឿន​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស