25 C
Phnom Penh

លោក​​​ ហ៊ុន សែន​​​ និយាយ​​​ថា ការ​​​​​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​អាច​​​នឹង​​​បញ្ចប់​​​នៅ​​​ត្រឹម​​​ថ្ងៃ​​​ចូល​​​ឆ្នាំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ហ៊ុន សែន និយាយ​​​ថា លោក​​​ សម រង្ស៊ី អាច​​​នឹង​​​ត្រូវ​​​ចាប់​​​ខ្លួន​​​​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​

លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​​​​មាន​​​​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា ​​​​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​នៅ​​​ក្នុង​​​ប្រទេស​​​​​​កម្ពុជា​​​អាច​​​នឹង​​​​​បញ្ចប់​​​​​​មុនពិធី​​​បុណ្យ​​​​​​​​​ចូល​​​ឆ្នាំខ្មែរ​​​ប្រពៃណី​​​ជាតិ​​​ ដែល​​​​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​ សប្ដាហ៍​​​ក្រោយ​​​ ហើយ​​​ទន្ទឹម​​​​​​នឹង​​​​​​​​​នេះ​​​លោក​​​​​​ក៏​​​បាន​​​ព្រមាន​​​ដែរ​​​ថា លោក​​​ សម រង្ស៊ី ​​​មេដឹកនាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​អាច​​​នឹង​​​​​​ត្រូវ​​​​​​​​​ជាប់​​​ពន្ធនាគារ​​​នៅ​​​ក្នុង​​​សប្ដាហ៍​​​នេះ​​​ ដោយ​​​​​​សារ​​​តែ​​​​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​លោក​​​បាន​​​សរសេរ​​​ថ្វាយ​​​​​​ព្រះ​​​មហា​​​ក្សត្រ ​​​នរោត្តម​​​ សីហមុនី។

នៅ​​​ក្នុង​​​ពិធី​​​ប្រគល់​​​សញ្ញា​​​បត្រ​​​នៅ​​​​​​កោះ​​​​​​ពេជ្រ​​​ក្នុង​​​រាជធានីភ្នំពេញ​​​ លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចរចា​​​ឯកជន​​​រវាង​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជិត​​​​​​ដោះ​​​ស្រាយ​​​វិវាទ​​​នយោ​​​បាយ​​​​​​រវាង​​​គណបក្ស​​​ទាំង​​​ពីរ​​​បាន​​​ហើយ​​​។

លោក​​​បាន​​​ថ្លែង​​​ទៅ​​​កាន់​​​​​​ក្រុម​​​និស្សិត​​​បញ្ចប់​​​​​​ការ​​​សិក្សា​​​ផ្នែក​​​គណនេយ្យ​​​ថា “ពេល​​​នេះ​​​នៅ​​​សល់​​​តែ​​​មួយ​​​ចំណុច​​​​​​ប៉ុណ្ណោះ​​​សម្រាប់​​​​​​សេចក្ដី​​​ព្រាង​​​​​​សម្រាប់​​​​​​ការ​​​​​​ចរចា​​​​​​​​​។ នៅ​​​សល់​​​មួយ​​​ចំណុច​​​តូច​​​​​​ ហើយ​​​​​​នៅ​​​ព្រឹក​​​នេះ​​​ខ្ញុំ​​​បាន​​​ឲ្យ​​​ឯក​​​ឧត្តម​​​   ស ខេ​​​ង [រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​មហាផ្ទៃ​​​] ចរចា​​​បន្តិច​​​​​​ទៀត​​​ ហើយ​​​ឲ្យ​​​​​​រាយការណ៍​​​មក​​​ខ្ញុំ​​​​​​”។

លោក​​​ ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ព័ត៌មាន​​​ស្ដីពី​​​ដំណោះ​​​ស្រាយ​​​​​​ចំពោះ​​​ការ​​​ជាប់​​​គាំង​​​​​​​​​ផ្នែក​​​នយោបាយ​​​នេះ​​​​​​នឹ​​​ង​​​ត្រូវ​​​គណបក្ស​​​មួយ​​​ក្នុង​​​ចំណោម​​​គណបក្ស​​​ទាំង​​​ពីរ​​​ធ្វើ​​​​​​ឲ្យ​​​បែក​​​ធ្លាយ​​​មុន​​​​​​ចូល​​​ឆ្នាំ​​​​​​ខ្មែរ​​​ប្រពៃណី​​​ជាតិ​​​​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​អំពី​​​​​​ការ​​​ព្រម​​​ព្រៀង​​​នេះ​​​ថា  “យប់​​​មិញ​​ ខ្ញុំ​​​បាន​​​ចុះ​​​ហត្ថ​​​លេខា​​​​​​លើ​​​ករណី​​​នេះ​​​​​​រួច​​​ហើយ​​​។ វា​​​នឹង​​​បែក​​​ធ្លាយ​​​នៅ​​​មុន​​​ចូល​​​ឆ្នាំ​​​ខ្មែរ។ ជួន​​​កាល​​​​​​អាច​​​នឹង​​​​​​មាន​​​​​​ការ​​​យល់​​​ព្រម​​​​​​​​​ចូល​​​​​​ព្រះ​​​បរមរាជវាំង​​​​ក្រោម​​​រាជា​​​ធិបតី​​​របស់​​​ព្រះមហាក្សត្រ​​​​​​ហើយ​​​គណ​​​បក្ស​​​ទាំង​​​ពី​​​រ​​​អាច​​​ចុះ​​​ហត្ថលេខា​​​​​​នៅ​​​ចំពោះ​​​​​​​​​ព្រះ​​​ភក្ត្រ​​​របស់​​​ព្រះ​​​មហាក្សត្រ​​​”។

លោក​​​​​​​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ប្រសិន​​​បើ​​​​​​​​​រឿង​​​នេះ​​​មិន​​​កើត​​​ឡើង​​​​​​ទេ​​​ អ្វីៗ​​​នឹង​​​​​​​​​ដំណើរ​​​ការ​​​​​​ដូច​​​មុន​​​ ពិធី​​​​​​បុណ្យ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​​​​ប្រពៃ​​​ណី​​​ជាតិ​​​​​​​​​នឹង​​​នៅ​​​តែ​​​មាន​​​ ចោល​​​ឈូង ហើយ​​​ខ្ញុំ​​​នឹង​​​​​​​​​លេង​​​កូន​​​ហ្គុលហ្វ៍​​​ វា​​​គ្មាន​​​បញ្ហា​​​អ្វី​​​ទេ​​​​​​”។

លោក​​​ ហ៊ុន​​​ សែន​​​ ក៏​​​បាន​​​លើក​​​ឡើង​​​​​​ពី​​​បញ្ហា​​​​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​ផ្លូវ​​​ការ​​​​​​យ៉ាង​​​ច្រើន​​​​​​របស់​​​រដ្ឋាភិបាល​​​ដែល​​​បាន​​​​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​​​​​​​​​​ចុង​​​សប្ដាហ៍​​​កន្លង​​​ទៅ​​​នេះ​​​ផង​​​ដែរ​​​ ដែល​​​គំរាម​​​​​​ចាត់​​​វិធាន​​​ការ​​​​​​តាម​​​ផ្លូវ​​​ច្បាប់​​​ប្រឆាំង​​​លោក​​​ សម រង្ស៊ី ចំពោះ​​​ការ​​​​​​មិន​​​គោរ​​​ព​​​ព្រះ​​​​​​មហា​​​ក្សត្រ​​​ នរោត្តម សីហមុនី។

រដ្ឋាភិបាល​​​លើក​​​ឡើង​​​ថា ខ្លួន​​​ប្រហែល​​​ជា​​​ត្រូវ​​​​​​ផ្ដន្ទាទោស​​​​​​លោក​​​ សម រង្ស៊ី ចំពោះ​​​លិខិត​​​មួយ​​​ច្បាប់​​​ដែល​​​លោក​​​បាន​​​ថ្វាយ​​​​​​​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម សីហមុនី កាល​​​ពី​​​សប្ដាហ៍​​​មុន​​​ ដែល​​​​​​លើក​​​ឡើង​​​​​​ថា រដ្ឋសភា​​​​​​ដែល​​​មាន​​​​​​សុទ្ធ​​​តែ​​​សមាជិក​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា “តំណាង​​​ឲ្យ​​​ប្រជាពលរដ្ឋ​​​ខ្មែរ​​​ទាំង​​​មូល​​​​​​” និង​​​ការ​​​​​​បន្ទោស​​​​​​ព្រះ​​​​​​អង្គ​​​ចំពោះ​​​ការ​​​​​​កោះ​​​​​​ប្រ​​​ជុំ​​​​​​និង​​​​​​អបអរ​​​សាទរ​​​ចំពោះ​​​​​​​​​អង្គនីតិប្បញ្ញត្តិ​​​​​​មួយ​​​នេះ​​​។

គណបក្ស​​​​​​សង្គ្រោះ ជាតិ​​​​​​បាន​​​ធ្វើ​​​ពហិការ​​​​​​មិន​​​ចូល​​​សភា​​​ឡើយ​​​​​​​​​ចាប់​​​តាំង​​​ពី​​​​​​​​​​​​វា​​​ត្រូវ​​​បាន​​​​​​កោះ​​​ប្រជុំ​​​​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​មក​​​​​​ ដោយ​​​ចោទ​​​ប្រកាន់​​​​​​​​​ថា ការ​​​បោះឆ្នោត​​​​​​​​​កាល​​​ពី​​​ខែ​​​កក្កដា ធ្វើ​​​​​​ឲ្យ​​​ខូច​​​ដោយ​​​សារ​​​តែ​​​ការ​​​លួច​​​បន្លំ​​​​​​។

លោក ហ៊ុន សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ដឹង​​​ថា ច្បាប់​​​រដ្ឋធម្មនុញ្ញ​​​ដែល​​​​​​​​​ចែង​​​​​​អំពី​​​​​​ “សិទ្ធិ​​​មិន​​​អាច​​​បំពាន​​​​​​​​​បាន​​​” របស់​​​ព្រះ​​​មហា​​​ក្សត្រ​​​​​​មិនមាន​​​ចែង​​​នៅ​​​ក្នុង​​​ក្រម​​​​​​ព្រហ្មទណ្ឌ​​​ទេ។

លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា  “អ្នក​​​ច្បាប់​​​មួយ​​​ចំនួន​​​និយាយ​​​ថា មាត្រា​​​៧ និង​​​មាត្រា៨ [នៃ​​​រដ្ឋធម្មនុញ្ញ] និយាយ​​​ថា ព្រះ​​​មហា​​​ក្សត្រ​​​មិន​​​អាច​​​បំពាន​​​​​​បាន​​​​​​ឡើយ​​​ ប៉ុន្តែ​​​ខ្ញុំ​​​យល់​​​ស្រប​​​ថា សម្រាប់​​​​​​ការ​​​ប្រមាថព្រះ​​​មហាក្សត្រ​​​​​​គ្មាន​​​​​​ច្បាប់​​​​​​ណា​​​និយាយ​​​​​​ថា វា​​​មាន​​​ទោស​​​​​​យូរ​​​ប៉ុណ្ណា​​​ទេ​​​។​​​ ប៉ុន្តែ​​​​​​កុំ​​​ភ្លេច​​​​​​ថា អ្នក​​​ឯង​​​ប្រឆាំង​​​នឹង​​​​​​​​​ក្រុម​​​ប្រឹក្សា​​​រដ្ឋធម្មនុញ្ញ​​​”។

រដ្ឋាភិបាល​​​​​​បាន​​​ចោទ​​​ប្រកាន់​​​លោក​​​ សម រង្ស៊ី ពីបទ​​​បំពាន​​​មាត្រា​​​​​​៣៦ នៃ​​​ច្បាប់​​​ស្ដី​​​ពី​​​ការរៀប​​​ចំ​​​និង​​​ការ​​​ប្រព្រឹត្តទៅ​​​​​​នៃ​​​​​​ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​ ដែល​​​​​​ពាក់ព័ន្ធ​​​​​​​​​នឹង​​​​​​ការ​​​មិន​​​គោរព​​​​​​​​​សេចក្ដី​​​សម្រេច​​​របស់​​​អង្គនីតិប្បញ្ញត្តិ​​​មួយ​​​នេះ​​​ ហើយ​​​​​​ត្រូវ​​​មាន​​​ទោស​​​ជាប់ពន្ធនាគារ​​​រហូត​​​ដល់​​​​​​១៣​​​ខែ​​​។

កាល​​​ពី​​​ខែ​​​កញ្ញា​​​ ក្រុម​​​ប្រឹក្សា​​​ធម្មនុញ្ញ​​​​​​បាន​​​ច្រាន​​​ចោល​​​ពាក្យ​​​បណ្ដឹង​​​ចុង​​​ក្រោយ​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ជុំ​​​វិញ​​​ភាព​​​មិន​​​​​​​​​ប្រក្រតី​​​​​​​​​អំឡុង​​​ការ​​​បោះឆ្នោត​​​ ដោយ​​​ត្រួស​​​ត្រា​យ​​ផ្លូវ​​​សម្រាប់​​​ព្រះ​​​មហាក្សត្រ​​​​​​កោះប្រជុំ​​​សភា។

លោក​​​ ហ៊ុន​​​ សែន​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចាប់​​​ខ្លួន​​​លោក សម រង្ស៊ី​​​ អា​​​ចនឹង​​​​​​ធ្វើ​​​ឡើង​​​នៅ​​​សប្ដាហ៍​​​នេះ​​​​​​។ លោក ហ៊ុន​​​ សែន បាន​​​ព្រមាន​​​​​​ដល់​​​មេ​​​ដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​​​​រូប​​​នេះ​​​ថា “ជួន​​​កាល​​​វា​​​មិន​​​ប្រាកដ​​​ទេ​​​ថា អាច​​​នឹង​​​ប្ដឹង​​​​​​នៅ​​​មុន​​​ចូល​​​ឆ្នាំ​​​ថ្មី​​​​​​ក៏​​​ថាបាន​​​។ សូម​​​ប្រយ័ត្ន​​​​​​តិច​​​​​​ថា​​​មិន​​​បាន​​​​​​​​​ចូល​​​ឆ្នាំ​​​ថ្មីអ្នក​​​ឯង​​​អាច​​​នឹង​​​ចូល​​​ឆ្នាំ​​​ថ្មី​​​នៅ​​​​​​ព្រៃ​​​ស [ពន្ធ​​​នាគារ]”។

មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​រូប​​​​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា លោក​​​ ស ខេង​​​ បាន​​​កំណត់​​​ពេល​​​​​​កោះ​​​ហៅ​​​ដើម្បី​​​ចរចា​​​​​​ជាមួយ​​​​​​លោក​​​នៅ​​​ពេល​​​ព្រឹក។ ប៉ុន្តែ​​​លោក​​​បានមាន​​​ប្រសាសន៍​​​ថា ការ​​​កោះ​​​ហៅ​​​នេះ​​​ត្រូវ​​​បាន​​​ពន្យារពេល​​​រហូត​​​ដល់​​​យប់​​​មិញ​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា “ព្រឹក​​​នេះ​​​​​​ខ្ញុំ​​​មាន​​​គម្រោង​​​​​​​​​ចរចា​​​ជាមួយ​​​គាត់​​​​​​​​​​​​​​នៅ​​​រសៀល​​​នេះ​​​។ គាត់​​​រវល់​​​ ខ្ញុំ​​​ក៏​​​រវល់​​​ ដូច្នេះ​​​យើ​​​ង​​​ត្រូវ​​​ស្វែង​​​រក​​​ពេល​​​លើក​​​​​ក្រោយ​​​ទៀត​​​”។

នៅ​​​ម៉ោង​​​៨យប់​​​​​​ លោក​​​ស្រី​​​ ជូឡុង សូ​​​មូរ៉ា តំណាង​​​រាស្ត្រ​​​ជាប់​​​ឆ្នោត​​​របស់​​​គណបក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​​​​​​​​​​និង​​​ដែល​​​​​​ត្រូវ​​​ជា​​​ភរិយា​​​របស់​​​លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា​​​ គ្មាន​​​​​​ការ​​​កោះ​​​ហៅ​​​ទេ​​​។ លោក​​​ស្រីមាន​​​ប្រសា​​​សន៍​​​ថា លោក​​​ សុន ឆ័យ​​​ ប្រធាន​​​ក្រុម​​​តំណាង​​​​​​រាស្ត្រ​​​​​​គណបក្ស​​​សង្គ្រោះ​ជាតិ​​​ និង​​​លោក​​​ ព្រំ​​​ សុខា រដ្ឋ​​​លេខាធិការ​​​មក​​​ពីគណបក្ស​​​ប្រជាជន​​​កម្ពុជា​​​នឹង​​​ជួប​​​គ្នា​​​នៅ​​​ព្រឹក​​​នេះ​​​។

លោក សុន ឆ័យ​​​ និង​​​លោក​​​ ព្រំ​​​ សុខា បាន​​​រៀប​​​ចំ​​​ការ​​​ចរចា​​​ក្នុង​​​រយៈ​​​ពេល​​​មួយ​​​សប្ដាហ៍​​​កន្លង​​​មក​​​នេះ ដើម្បីរៀប​​​ចំ​​​​​​របៀប​​​វារៈ​​​​​​ថ្នាក់​​​កំពូល​​​រវាង​​​​​​លោក​​​ ហ៊ុន​​​ សែន និង​​​លោក​​​ សម រង្ស៊ី។ លោក​​​ សុន ឆ័យ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោ​​​​​​ក​​​បាន​​ជួប​​​ជាមួយ​​​លោក​​​ ព្រំ សុខា កាល​​​​​​ពី​​​យប់​​​ថ្ងៃ​​​សៅរ៍​​​ ប៉ុន្តែ​​​ថា ការ​​​ជួប​​ចរចា​​​ ដែល​​​​​​គ្រោង​​​ធ្វើ​​​​​​កា​​ល​​​ពីម្សិលមិញ​​​​​​​​​ក៏​​​ត្រូវ​​​បាន​​​ពន្យា​​​រ​​​ពេល​​​​​​ដែរ​​​។

នៅ​​​ឯ​​​ខួប​​​មួយ​​​ឆ្នាំ​​​នៃ​​​ការ​​​បង្កើត​​​​​​​​​គណ​​​បក្ស​​សង្គ្រោះ​​​ជាតិ​​​កាល​​​ពីម្សិលមិញ​​​ លោក​​​ សម រង្ស៊ី បាន​​​ថ្លែង​​​សុន្ទរកថា ដ៏​​​ស្វាហាប់​​​ដែល​​​​​​នៅ​​​ក្នុង​​​នោះ​​​លោក​​​បាន​​​ច្រាន​​​ចោល​​​កា​​​រ​​​​​​អះ​​​អាង​​​របស់​​​រដ្ឋាភិបាល​​​​​​​​ដែល​​​ថា លោក​​​មិន​​​គោរព​​​ ឬប្រមាថ​​​ព្រះ​​​មហាក្សត្រ​​​​​​នៅ​​​ក្នុង​​​លិខិត​​​មួយដែល​​​លោក​​​បាន​​​ថ្វាយ​​​​​​ព្រះ​​​មហាក្សត្រ​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​របស់​​​លោក​​​ ហ៊ុន សែន​​​ ថា “មាន​​​គណបក្ស​​​មួយ​​​ដែល​​​ធ្លាប់​​​​​​ជេរ​​​ប្រមាថ​​​​​​ព្រះ​​​មហាក្សត្រ​​​ និង​​​គំរាម​​​​​​ព្រះ​​​មហាក្សត្រ​​​ គំរាម​​​រម្លាយ​​​របប​​​រាជានិយម​​​ និង​​​​​​រម្លាយ​​​ស្ថាប័ន​​​​​​គ្រប់​​​គ្រង​​​​​​រាជបល្ល័ង្ក​​​”។

កាល​​​ពី​​​ឆ្នាំ​​​២០០៥ លោក​​​ ហ៊ុន​​​ សែ​​​ន​​​ បាន​​​គំរាម​​​ពិចារណា​​​រម្លាយ​​​របប​​​រាជានិយម​​​​​​​​​អាស្រ័យ​​​រដ្ឋ​​​ធម្មនុញ្ញ​​​ និង​​​ជំនួស​​​​​​ដោយ​​​​​​សាធារណរដ្ឋ​​​ ប្រសិន​​​បើ​​​ព្រះ​​​មហាក្សត្រ​​​ នរោត្តម​​​ សីហមុនី មិន​​ចុះ​​​សន្ធិសញ្ញា​​​ព្រំដែន​​​ដ៏​​​ចម្រូ​​​ង​​​ចម្រាស​​​​​​ជាមួយ​​​ប្រទេស​​​វៀតណាម​​​ទេ​​​នោះ។

លោក​​​បានមាន​​​ប្រសាសន៍​​​ថា “អ្នក​​​ដែល​​​ធ្លាប់​​​​​​ជេរ​​​​​​​​​ព្រះ​​​មហាក្សត្រ​​​ ពេល​​​នេះ​​​​​​បាន​​​​​​​​​ចោទ​​​ប្រកាន់​​​ខ្ញុំ​​​​​​ថា ខ្ញុំ​​​មើល​​​ងាយ​​​ព្រះ​​​មហា​​​ក្សត្រ​​​ វា​​​ខុស​​​ទាំង​​​ស្រុង​​​​​​។ [សម្រាប់​​​ពួក​​​គេ​​​] និយាយ​​​បាត​​​ដៃ​​​ខ្នង​​​ដៃ ហើយ​​​សទៅ​​​ជា​​​ខ្មៅ​​​”។ នៅ​​​ក្នុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៨០ ដល់​​​ទសវត្សរ៍​​ឆ្នាំ​​​១៩៩០ របប​​​លោក​​​​​​​​​ ហ៊ុន សែន​​​ នៅ​​​ក្នុង​​រាជធានី​​​ភ្នំពេញ​​​​​​បាន​​​ប្រយុទ្ធ​​​គ្នា​​​នៅ​​​ក្នុង​​​សង្គ្រាម​​​​​​សីុវិល​​​ ជាមួយ​​​នឹង​​​​​​កម្លាំ​​​ង​​​ប្រឆាំង​​​​​​នៅតាម​​​ព្រំដែន​​​​​​ថៃ​​​ ដឹកនាំ​​​ដោយ​​​​​​ព្រះ​​​អង្គ​​​ម្ចាស់​​​ នរោត្តម​​​ សីហនុ នៅ​​​ពេល​​​​​​​​​នោះ​​។

លោក​​​ សម រង្ស៊ី បាន​​​ចោទ​​​សួរ​​​​​​ ដែល​​​ទំនង​​​​​​ជា​​​បាញ់​​​ឆ្ពោះ​​​ទៅ​​​​​​រក​​​លោក​​​ ហ៊ុន សែន​​​ ថា ហេតុអ្វី​​​ក៏​​​ចោទ​​​ប្រកាន់​​​អ្នក​​​ដទៃ​​​​​​ថា គេ​​​ប្រឆាំង​​​​​​នឹង​​​ព្រះ​​​មហា​​​ក្សត្រ​​​​​​ នៅ​​​ពេល​​​ខ្លួន​​​ឯង​​​​​​ជា​​​​​​អ្នក​​​ប្រឆាំង​​​​​​ព្រះ​​​មហាក្សត្រ​​​មុន​​​គេ​​​នោះ​​​​​​?”។ នៅ​​​ពេល​​​នោះ​​​លោក សម រង្ស៊ី បាន​​​​​​ថ្លែង​​​ទៅ​​​កាន់​​​​​​ក្រុម​​​អ្នក​គាំទ្រ​​​​​​នៅ​​​ទី​​​ស្នាក់​​​កា​​​រ​​​​​​កណ្ដាល​​​​​​របស់​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ក្នុង​​​​​​រាជធានី​​​ភ្នំពេញ​​​​​​អំពី​​​ការ​​​ប្រកាស​​​​​​​​​លើក​​​​​​មុន​​​ថា ​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​​​​នឹង​​​​​​បន្ត​​​​​​​​​ធ្វើ​​​មហាបាតុកម្ម​​​ ហើយ​​​​​​ហែក្បួន​​​​​​នៅ​​​ថ្ងៃ​​​ទី​​​២ ខែ​​​ឧសភា ប្រសិន​​​បើ​​​គ្មាន​​​​​​​​​កិច្ច​​​ព្រមព្រៀង​​​ជាមួយ​​​រដ្ឋាភិបាល​​​ទេ​​​នោះ​​​។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣១ ខែ​​​មីនាថា គណបក្ស​​​របស់​​​​​​លោក​​​នឹង​​​​​​​​​ធ្វើ​​​​​​យុទ្ធ​​​នាការ​​​រយៈ​​​ពេល​​​ពីរ​​​សប្ដាហ៍​​​សម្រាប់​​​​​​ការ​​​បោះឆ្នោត​​​រាជធានី ខេត្ត​​​​​​ ស្រុក​​​-ខណ្ឌ ដើម្បី​​​​​​គេច​​​ពី​​​បម្រាម​​​​​​របស់​​​លោក​​​ ហ៊ុន​​​ សែន​​​ មិន​​​ឲ្យ​​​មាន​​​ការ​​​ប្រមូល​​​ផ្ដុំ​​​គ្នា​​​​​​នៅ​​​តាម​​​ទីសាធារណៈ។ លោក​​​ សម រង្ស៊ី បាន​​​ថ្លែង​​​ថា “បង​​​ប្អូន​​​សូម​​​ត្រៀម​​​ខ្លួន​​​ឲ្យ​​​ហើយ​​​សម្រាប់​​​ថ្ងៃ​​​ទី​​​២ ខែ​​​ឧសភា។​​​ យើង​​​សុំ​​​២​​​លាន​​​​​​នាក់”៕​​​សុខុម​​​

(រាយការណ៍​​​បន្ថែម​​​ដោយ Alex Willemyns) ​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស