38 C
Phnom Penh

អ្នកភូមិ​ជន​ជាតិ​ភាគតិច​ឡាវ​ទាម​ទារ​សំណង​បន្ថែម​​ទៀត​ពី​ក្រុមហ៊ុន​សាងសង់​ទំនប់​វារី​អគ្គិសនី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​អ្នក​ភូមិ​ជន​ជាតិ​ភាគ​តិច​ឡាវ​ជាង​២៥០គ្រួសារ​នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​​​ជិត​ព្រំ​​​ដែន​​​ឡាវ​ បាន​ជួប​ជុំគ្នា​នៅ​ក្រោម​ដើម​ស្វាយ​កាល​ពី​ម្សិលមិញ ហើយបាន​សម្រេច​ច្រាន​ចោ​ល​កញ្ចប់​សំណង​ដែល​ផ្ត​ល់​ដោយ​ក្រុម​ហ៊ុន​​​​​សាង​សង់​​ទំនប់​វារី​អគ្គិ​សនី​សេសាន​ក្រោម​២។

កាលពី​ខែ​មករា រដ្ឋាភិបាល​បាន​អនុ​ម័ត​យល់ព្រម​លើ​កិច្ច​ព្រមព្រៀង​មួយ​ដែល​នឹង​ផ្តល់​ប្រាក់​ដល់​អ្នកភូមិ​ជន​ជា​តិ​ឡាវ​ពី​២ដុល្លារ​ទៅ​៤៤ដុល្លារ​សម្រាប់​ការ​បាត់​បង់​​ដើម​ឈើ​ហូប​ផ្លែ​​មួយ​ដើមៗ​​ដោយ​សារ​​ទំនប់​វារី​អគ្គិ​សនី​នេះ អាស្រ័យ​លើ​ប្រភេទ​ដើម​ឈើ​​នោះ​។កិច្ច​ព្រមព្រៀង​នេះ​​​ក៏​​​​នឹង​ផ្តល់​ប្រាក់​សំណងដល់​វត្ត​ចំនួន​បី​នៅក្នុង​មូល​ដ្ឋាន​ផង​ដែរ ប្រសិន​បើ​វត្ត​​​ទាំង​នោះ​ត្រូវ​វាយ​កម្ទេច​​ចោល​នោះ។

លោកមេឃុំ​ សៀក មេគង្គ បាន​មាន​ប្រសា​​​​សន៍ថា ពី​ដំបូង អ្នកភូមិ​ជន​ជាតិភាគ​តិច​ឡាវ​មក​ពី​ឃុំ​ស្រែគរបាន​យល់​ព្រម​ថា ពួក​​​គាត់​​​​នឹង​ទទួលយក​សំណើ​នេះ ប៉ុន្តែ​បាន​ផ្លាស់ប្តូរ​ចិត្ត​កាលពី​ម្សិលមិញ។ លោក​​​ មេគង្គ បាន​មាន​ប្រសាសន៍ថា “យើង​​បាន​រៀប​ចំកិច្ច​ប្រជុំ​មួយនៅក្រោម​ដើម​​​ឈើ​នៅ​ថ្ងៃនេះ​ដើម្បី​ពន្យល់​​ប្រាប់​ក្រុម​អ្នក​ភូមិ​​ឲ្យ​ពួកគាត់យល់​អំពី​ផល​ប៉ះ​ពាល់​ទាំង​​នោះ”។

លោក​បានបន្ថែម​ថា “យើង​មិន​អាច​ទទួល​ ​​​យក​ដំណោះ​ស្រាយ​នេះ​បានទេ ពីព្រោះ​វា​មិន​មែន​ជា​សំណង​​សមរម្យ​សម្រាប់​អ្នក​ភូមិ​ឡើយ​​ ដោយ​សារ​ពួកគាត់​បាន​មក​រស់នៅ​ទីនេះ​ចាប់តាំង​ពីឆ្នាំ​១៩៨៥​មក​ម៉្លេះ”។

ទំនប់​វារី​អគ្គិសនី​កម្លាំង​៤០០​មេហ្គា​វ៉ាត់​នេះ​កំពុង​ត្រូវ​បាន​សាងសង់​​ដោយ​ក្រុម​ហ៊ុន​រកស៊ីរួមគ្នា​​​រវាង​ក្រុម​ហ៊ុន​ចិន Hydrolancang International Energy Co. Ltd. និង​ក្រុម​ហ៊ុន​រ៉ូយ៉ាល់ គ្រុប ជា​ក្រុមហ៊ុន​ក្នុងស្រុក​ដ៏ធំ​ដែល​មាន​លោក គិត​​​​​​ ម៉េង​​​​ ជា​ប្រធាននោះ​​ ជារឿយៗ​ត្រូវ​បាន​គេ​ឃើញ​ដើរ​ជាមួយ​លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​។

លោក មេគង្គ បានមាន​ប្រសាសន៍ថា ក្រុម​ អ្នក​​ភូមិ​ក៏បាន​សម្រេច​ទាម​ទារ​ប្រាក់​សំណង​​សម្រាប់​វាល​កប់​សព​ផង​ដែរ​ដែល​នឹង​ត្រូវ​ជន់លិច​​ដោយ​សារអាងស្តុក​ទឹក​របស់​ទំនប់​វារី​អគ្គិសនី​នេះ។ លោក​បាន​មាន​ប្រសាសន៍ថា “ក្រុម​អ្នក​ភូមិ​ទាម​ទារ​សំណង​ចំនួន​២០.០០០​ដុល្លារ​សម្រាប់​វាល​កប់សព​នេះនិង​សម្រាប់​រៀប​ចំ​ពិធី​ឧទ្ទិស កុសល​ដល់​ព្រលឹង​ដូនតា​របស់ខ្លួន​មុន​ពេល​ចាក​ចេញ​ពី​ភូមិ​ឋាន​របស់​ខ្លួន”។

អ្នកភូមិ​ឈ្មោះ​ ចាន់​ ធន អាយុ​៧២ឆ្នាំ​ដែលបាន​រស់​នៅ​លើ​ដី​មួយ​ក្បាលទំហំ​២៥​គុណនឹង​៣០ម៉ែត្រ​នៅក្នុង​ឃុំ​ស្រែ​គរ​រយៈ​​​ពេល​ប្រហែល​៣០ឆ្នាំ​មក​ហើយ​នោះ​បាន​និយាយថា ដោយ​សារ​ជី​វភាព​រស់នៅ​របស់​ប្រជា​ជន​ភាគ​ច្រើន​ពឹង​ផ្អែក​លើ​ទន្លេ​នេះ ​ដូច្នេះ​តែ​ត្រូវ​ផ្ត​ល់​សំណង​ឲ្យ​បា​ន​សម​រម្យ​។

លោក ចាន់​ ធន បាន​និយាយ​ថា “យើ​ង​មិន​ជំទាស់​នឹង​ការ​សាងសង់​ទំនប់​វារី​អគ្គិ​សនី​នេះទេ ប៉ុន្តែយើង​មិន​អាច​ចាក​ចេញ​ពី​ស្រុក​កំណើត​របស់​យើងដោយ​ប្រាក់​​​សំណង​តិច​ តួច​បែប​នេះ​​ឡើយ”។

លោក សុវណ្ណ ពិសិដ្ឋ អភិបាល​រង​ស្រុក​​បាន​មាន​ប្រសាសន៍ថា​ លោក​មិន​ដឹង​ពី​កិច្ច​ប្រជុំ​កាលពី​ម្សិល​មិញ​ទេ។ លោក សុវណ្ណ ពិសិដ្ឋ ​បាន​បន្ថែម​ថា “អ្នក ភូមិ​ភាគ​ច្រើន​បាន​ទទួលយក​គោល​នយោ​​​បាយផ្ត​ល់​សំណង ​​របស់​រដ្ឋាភិបាល​រួច​ហើយ ប៉ុន្តែ​ខ្ញុំគិត​ថា ពួក គាត់​ប្រហែល​ជា​ផ្លាស់​ប្តូរ​ចិត្ត ហើយ​​មិន​ព្រម​ចាកចេញពី​ស្រុក​​​កំណើត​របស់​​​ខ្លួន​​​ទេ ​​​​​ដោយសារ​​មាន​អ្នក​ញុះញង់​ពួកគាត់”៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស