30 C
Phnom Penh

ពិធី​បុណ្យ​សព​ត្រូវ​បាន​ធ្វើឡើង​សម្រាប់​ជន​រង​គ្រោះ​ចំនួន​ប្រាំ​នាក់​ដែល​ស្លាប់​ដោយ​សារ​ផ្ទុះ​គ្រាប់​នៅ​ថៃ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​គ្រួសារ​របស់​ពល​​​ករ​​​​ចំណាក​ស្រុក​ចំនួន​ប្រាំនាក់​ដែល​បាន​បាត់​បង់​ជីវិត​ដោយ​សារ​គ្រាប់​បែក​មួយ​នៅ​ក្នុ​ង​ប្រទេស​ថៃ​កាល​ពី​សប្តាហ៍​មុន​ បាន​ធ្វើ​ពិធី​បុណ្យ​សព​កាល​ពី​ថ្ងៃ​អាទិត្យ​និង​ថ្ងៃ​ច័ន្ទ​ ទោះ​បី​ជា​សព​ជន​រង​គ្រោះ​​​នៅ​មិន​ទាន់​បញ្ជូន​មក​ប្រទេស​កម្ពុជា​វិញ​ក៏ដោយ​។

ពល​រដ្ឋ​ខ្មែរ​ទាំង​ប្រាំ​នាក់​នេះបាន​ស្លាប់​កាល​​​ពី​ថ្ងៃ​ពុធ​ នៅ​ពេល​គ្រាប់​បែក​សល់​ពី​សម័យ​សង្គ្រាម​លោក​លើ​ក​ទី​២​មួយ​គ្រាប់​បានផ្ទុះ​នៅ​ឃ្លាំង​អេតចាយ​មួយ​ក្នុង​ទី​ក្រុង​បាងកក​។

អាជ្ញាធរ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ពន្យារពេលនៅ​​ក្នុង​ការ​បញ្ជូន​សពមក​ប្រទេស​កម្ពុជាវិញ​នេះ​​ គឺ​ដើម្បី​រក្សា​សព​ទុក​ធ្វើ​កោសល្យ​​វិច័យ​សិន​។ ជន​រង​គ្រោះ​ចំនួន​បួន​នាក់​គឺ​មក​ពី​ឃុំ​ប្រាសាទ​ ខេត្ត​បន្ទាយ​មាន​ជ័យ​។

លោក​ ប្រុក ឡេ មេប៉ុស្តិ៍​ឃុំ​ប្រាសាទ​បាន​ឲ្យ​ដឹង​ថា ពិធី​បុណ្យសព​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ពីរ​ថ្ងៃ​មុន​សម្រាប់​ជន​រង​គ្រោះ​ចំនួន​បួន​នាក់​ដែល​មាន​ឈ្មោះ​ដូច​ជា​ មឿន​ ប៉ក់​ អាយុ​២៨​ឆ្នាំ​ ឃឿន​ នី​ អាយុ​៣៤​ឆ្នាំ​ ឡាន ឡា​ អាយុ​១០​ឆ្នាំ​ និង​ ឡាន​ ខាច​ អាយុ​២០​ឆ្នាំ​ ។

រីឯ​ពិធី​បុណ្យ​សព​មួយ​ទៀត​សម្រាប់​ជន​រង​គ្រោះ​ទី​៥​ ក៏​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​វត្ត​តែ​មួយ​ជា​មួយ​ជន​រង​គ្រោះ​ចំនួន​បួន​នាក់​នេះ​ដែរ​  ទោះ​បី​ជ​ន​រង​គ្រោះ​ទី​៥​ដែល​មាន​ឈ្មោះ ឆា​ បារាំង​ អាយុ​ ២៣​ឆ្នាំ​ មក​ពី​ខេត្ត​សៀមរាប​ក៏​ដោយ​។ ជន​រង​គ្រោះ​ទាំង​នេះ​បាន​ធ្វើ​ការ​ជា​កម្មករ​សំណង់ និង​ជា​អ្នក​រើស​អេត​ចាយ​នៅ​ក្នុង​ប្រទេស​ថៃ​។

លោក​​ កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា​កំពុង​ធ្វើ​ការ​ជាមួយ​អាជ្ញាធរ​ថៃ​ដើម្បី​ទទួល​បាន​ប្រាក់​សំណង​សម្រាប់​គ្រួសារ​ជន​រង​គ្រោះ​។ លោក កុយ គួង​​​ បាន​មាន​ប្រសាស៍​ថា “សម្រាប់​ប្រាក់សំណង​ គឺ​ក្រុមហ៊ុន​ធានារ៉ាប់​រង​​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​នេះ​”។ លោក ​កុយ គួង បាន​លើក​ឡើង​ថា លោក​​​មិន​ដឹង​ថា តើ​ប្រាក់​សំណង​ចំនួន​ប៉ុន្មាន​ដែល​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​នឹង​ត្រូវ​ទទួល​នោះ​ឡើយ៕​ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស