41.3 C
Phnom Penh

ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​ប្រគល់​ការ​ប្រឡង​បឋម​ភូមិ​ឲ្យ​តាម​សាលា​នីមួយ​ៗ​ជា​អ្នក​រៀប​ចំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ​ មន្ត្រី​ក្រសួង​អប់​រំ​ យុវជន​ និង​កីឡា​បាន​បញ្ជាក់​ថា ក្រសួង​នឹង​លែង​​រៀប​ចំ​ ឬ​ក៏​​ត្រួត​ពិនិត្យ​ការ​ប្រឡង​បឋម​ភូមិ​ទៀត​ហើយ​ ដោយ​ប្រគល់​តួនាទី​នេះទៅ​ឲ្យ​សាលា​​នី​មួយ​ៗជា​អ្នក​រៀប​ចំ​វិញ​។

ដោយ​ជា​ផ្នែក​នៃ​កំណែ​ទម្រង់​ប្រព័ន្ធអប់​រំ​​​ដែល​ញាំញី​ដោយ​អំពើ​ពុក​រលួយ ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ នឹង​ឈប់​រៀប​ចំ​ ឬ​ក៏​ត្រួត​ពិនិត្យ​ការ​ប្រឡង​បឋម​ភូមិ​ទៀត​ហើយ​ ដើម្បី​សន្សំ​​ប្រាក់​​យក​ទៅ​ចំណាយ​លើ​ការ​ប្រឡងទុតិយភូមិ​វិញ​។

លោក​ ហង្ស ជួន​ណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​បានលើកឡើង​នៅ​ក្នុង​សារ​មួយ​កាល​ពី​ម្សិល​មិញ​ថា “ដោយ​ប្រគល់​​ឲ្យ​សាលា​នីមួយ​ៗ​រៀប​ចំ​ការ​ប្រឡង​បឋមភូមិ​ដោយ​ខ្លួន​ឯងនោះ​ យើង​អាច​សន្សំ​ប្រាក់​សម្រាប់​ការ​ប្រឡង​ទុតិយភូមិ​ ដែល​ជា​ការ​ប្រឡង​សំខាន់​ជាង​ការ​ប្រឡង​បឋម​ភូមិ​”។

លោក​ ជួនណារ៉ុន​ បាន​ប្រកាស​កាល​ពី​ដើម​​ឆ្នាំ​នេះ​ថា​ ក្រសួង​ឈប់​យក​ពិន្ទុ​ឆមាស​បូក​ជា​មួយ​ពិន្ទុ​ការ​ប្រឡង​ទុតិយភូមិ​ទៀត​ហើយ​ ពោល​គឺ​ យក​តែ​ពិន្ទុ​នៅ​ក្នុង​ការ​ប្រឡង​​​ទុតិយ​ភូមិ​ប៉ុណ្ណោះ​​សម្រាប់​សិស្ស​ចូល​រៀន​មហាវិទ្យាល័យ​។

ដោយ​ធ្វើ​វិមជ្ឈការ​នៅ​ក្នុង​ការ​ប្រឡង​បឋម​ភូមិ​ ក្រសួង​អប់រំ​ នឹង​អាច​សន្សំ​ប្រាក់​បាន​យ៉ាង​ច្រើន​ដែល​ធ្លាប់​តែ​ចំណាយ​លើ​ប្រាក់​ឈ្នួល​ ការ​ធ្វើ​ដំណើរ​ ការ​ស្នាក់​នៅ​ និង​ការ​ហូប​ចុក​របស់​អនុរក្ស​រាប់​រយ​នាក់​ដែល​ត្រួត​ពិនិត្យ​ការ​ប្រឡង​។

លោក​ ជួនណា​រុ៉ន​ បាន​លើក​ឡើង​ថា ការ​កាត់​បន្ថយ​ទាំងនេះ​ នឹង​ធ្វើ​ឲ្យ​លោក​អាច​ដំឡើង​​​​​​ប្រាក់​ឈ្នួល​ទ្វេដង​ដល់​អនុរក្ស​ដែល​ត្រួត​ពិនិត្យ​ការ​ប្រឡង​ទុតិយភូមិ​ លើស​ពី​នេះ​ទៅ​ទៀត​វា​អាច​ជួយ​កាត់​បន្ថយ​ការ​យក​សំណូក​ពី​កូន​សិស្ស​។

លោក  រស់​ សាលីន​ នាយខុទ្ទកាល័យ​​របស់​​​លោក​ ជួន​ណារ៉ុន​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​​ថា ក្រសួង​ នឹង​នៅ​តែ​ដើរ​តួនាទី​ យ៉ាង​សំខាន់នៅ​ក្នុង​ការ​រក្សា​គុណភាព​នៅ​ក្នុង​ការ​ប្រឡង​បឋម​ភូមិ​ ប៉ុន្តែ​លោក​មិន​អាច​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​បាន​ឡើយ​។

ចំណែក​ អ្នក​គ្រូ​ អ៊ុក​ ឆាយ​យ៉ាវី​ អនុ​ប្រធាន​​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​​និង​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​មួយ​ក្នុង​ខេត្ត​កណ្តាល​បានលើក​ឡើង​ថា ការ​ធ្វើ​វិមជ្ឈការ​​​​​នៅ​ក្នុង​ការ​ប្រឡង​បឋមភូមិ​នឹង​លើក​ទឹក​ចិត្ត​ដល់​ការ​ប្រព្រឹត្តអំពើ​ពុក​រលួយ​ទៅវិញ​ទេ។

អ្នក​គ្រូ​ ​បាន​មាន​ប្រសាសន៍​ថា “កា​រ​ដែល​​ក្រសួង​មិន​រៀប​ចំ​ ឬ​​ត្រួត​ពិនិត្យ​ការ​ប្រឡង​បឋម​ភូមិ​នោះ ​វា​ប្រាកដជា​​​ធ្វើ​ឲ្យ​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​កើន​ឡើង​ទៅវិញ​ទេ ព្រោះ​វា​នឹង​ផ្តល់​ភាព​ងាយស្រួល​ដល់​សិស្ស​នៅ​ក្នុង​ការ​ផ្តល់​ប្រាក់សំណូក​ដល់​នាយក​សាលា​ ឬ​គ្រូ​ទទួល​បន្ទុក​”។

អ្នក​គ្រូ​  សៅ សុធី​ ជា​គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​សុធារស​ ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើងថា ការ​ផ្លាស់​ប្តូរប្រព័ន្ធ​អប់​រំ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡានេះ​នឹង​ធ្វើ​ឲ្យ​សញ្ញា​បត្រ​បឋម​ភូមិលែង​សូវ​មាន​តម្លៃ​។ អ្នក​គ្រូ ​​បាន​មាន​ប្រសាសន៍​ថា “ការ​ធ្វើ​វិមជ្ឈការ​នៅ​ក្នុង​ការ​ប្រឡង​បឋមភូមិ​ គឺ​ផ្នែក​នៃ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ស៊ី​ជម្រៅ​ ប៉ុន្តែ​ខ្ញុំ​គិត​ថា វា​នឹង​ធ្វើ​ឲ្យ​សិស្ស​កាន់តែ​ខ្ជិល​ ហើយ​នឹង​មាន​អវត្ត​មាន​កាន់​តែ​ច្រើន​”។ ការ​ប្រឡង​បឋម​ភូមិ​ នឹង​ត្រូវធ្វើ​ឡើង​នៅ​ពាក់​កណ្តាល​ខែ​កក្កដា៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស