កាលពីម្សិលមិញ មន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា ក្រសួងនឹងលែងរៀបចំ ឬក៏ត្រួតពិនិត្យការប្រឡងបឋមភូមិទៀតហើយ ដោយប្រគល់តួនាទីនេះទៅឲ្យសាលានីមួយៗជាអ្នករៀបចំវិញ។
ដោយជាផ្នែកនៃកំណែទម្រង់ប្រព័ន្ធអប់រំដែលញាំញីដោយអំពើពុករលួយ ក្រសួងអប់រំ យុវជន និងកីឡា នឹងឈប់រៀបចំ ឬក៏ត្រួតពិនិត្យការប្រឡងបឋមភូមិទៀតហើយ ដើម្បីសន្សំប្រាក់យកទៅចំណាយលើការប្រឡងទុតិយភូមិវិញ។
លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងនៅក្នុងសារមួយកាលពីម្សិលមិញថា “ដោយប្រគល់ឲ្យសាលានីមួយៗរៀបចំការប្រឡងបឋមភូមិដោយខ្លួនឯងនោះ យើងអាចសន្សំប្រាក់សម្រាប់ការប្រឡងទុតិយភូមិ ដែលជាការប្រឡងសំខាន់ជាងការប្រឡងបឋមភូមិ”។
លោក ជួនណារ៉ុន បានប្រកាសកាលពីដើមឆ្នាំនេះថា ក្រសួងឈប់យកពិន្ទុឆមាសបូកជាមួយពិន្ទុការប្រឡងទុតិយភូមិទៀតហើយ ពោលគឺ យកតែពិន្ទុនៅក្នុងការប្រឡងទុតិយភូមិប៉ុណ្ណោះសម្រាប់សិស្សចូលរៀនមហាវិទ្យាល័យ។
ដោយធ្វើវិមជ្ឈការនៅក្នុងការប្រឡងបឋមភូមិ ក្រសួងអប់រំ នឹងអាចសន្សំប្រាក់បានយ៉ាងច្រើនដែលធ្លាប់តែចំណាយលើប្រាក់ឈ្នួល ការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុករបស់អនុរក្សរាប់រយនាក់ដែលត្រួតពិនិត្យការប្រឡង។
លោក ជួនណារុ៉ន បានលើកឡើងថា ការកាត់បន្ថយទាំងនេះ នឹងធ្វើឲ្យលោកអាចដំឡើងប្រាក់ឈ្នួលទ្វេដងដល់អនុរក្សដែលត្រួតពិនិត្យការប្រឡងទុតិយភូមិ លើសពីនេះទៅទៀតវាអាចជួយកាត់បន្ថយការយកសំណូកពីកូនសិស្ស។
លោក រស់ សាលីន នាយខុទ្ទកាល័យរបស់លោក ជួនណារ៉ុន បានឲ្យដឹងកាលពីម្សិលមិញថា ក្រសួង នឹងនៅតែដើរតួនាទី យ៉ាងសំខាន់នៅក្នុងការរក្សាគុណភាពនៅក្នុងការប្រឡងបឋមភូមិ ប៉ុន្តែលោកមិនអាចផ្តល់ព័ត៌មានលម្អិតបន្ថែមបានឡើយ។
ចំណែក អ្នកគ្រូ អ៊ុក ឆាយយ៉ាវី អនុប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនិងជាគ្រូបង្រៀននៅវិទ្យាល័យមួយក្នុងខេត្តកណ្តាលបានលើកឡើងថា ការធ្វើវិមជ្ឈការនៅក្នុងការប្រឡងបឋមភូមិនឹងលើកទឹកចិត្តដល់ការប្រព្រឹត្តអំពើពុករលួយទៅវិញទេ។
អ្នកគ្រូ បានមានប្រសាសន៍ថា “ការដែលក្រសួងមិនរៀបចំ ឬត្រួតពិនិត្យការប្រឡងបឋមភូមិនោះ វាប្រាកដជាធ្វើឲ្យការប្រព្រឹត្តអំពើពុករលួយកើនឡើងទៅវិញទេ ព្រោះវានឹងផ្តល់ភាពងាយស្រួលដល់សិស្សនៅក្នុងការផ្តល់ប្រាក់សំណូកដល់នាយកសាលា ឬគ្រូទទួលបន្ទុក”។
អ្នកគ្រូ សៅ សុធី ជាគ្រូបង្រៀនម្នាក់នៅវិទ្យាល័យសុធារស ក្នុងរាជធានីភ្នំពេញបានលើកឡើងថា ការផ្លាស់ប្តូរប្រព័ន្ធអប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡានេះនឹងធ្វើឲ្យសញ្ញាបត្របឋមភូមិលែងសូវមានតម្លៃ។ អ្នកគ្រូ បានមានប្រសាសន៍ថា “ការធ្វើវិមជ្ឈការនៅក្នុងការប្រឡងបឋមភូមិ គឺផ្នែកនៃកំណែទម្រង់ប្រព័ន្ធអប់រំស៊ីជម្រៅ ប៉ុន្តែខ្ញុំគិតថា វានឹងធ្វើឲ្យសិស្សកាន់តែខ្ជិល ហើយនឹងមានអវត្តមានកាន់តែច្រើន”។ ការប្រឡងបឋមភូមិ នឹងត្រូវធ្វើឡើងនៅពាក់កណ្តាលខែកក្កដា៕ ស៊ុយឈាង