កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់ សាលក្រមសាលាដំបូងរាជធានីដែលបានផ្តន្ទាទោសលោក ហេង ពៅ អតីតស្នងការនគរបាលរាជធានីភ្នំេពញដែលអបយសពីបទប៉ុនប៉ងសម្លាប់ចាងហ្វាងកាសែតម្នាក់ឲ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំ។
លោក សេង ស៊ីវុត្ថា ចៅក្រមប្រធានក្រុម ប្រឹក្សាជំនុំជម្រះមានប្រសាសន៍ថា “តុលាការ សម្រេចតម្កល់សាលក្រមផ្តន្ទាទោសលោក ហេង ពៅ ដែលបានប៉ុនប៉ងសម្លាប់លោក ថុង អ៊ុយប៉ាង ចាងហ្វាងកាសែតកោះសន្តិភាព”។ លោកបានបន្ថែមថា លោក ហេង ពៅ គឺជា “មេគំនិត” ក្នុងការរៀបចំផែនការសម្លាប់ចាងហ្វាងកាសែតរូបនេះ។
កាលពីឆ្នាំ២០០៨ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោក ហេង ពៅ ឲ្យជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំពីបទប៉ុនប៉ងសម្លាប់លោក ថុង អ៊ុយប៉ាង។
លោក លី រ៉ាស៊ី អតីតនាយនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានី លោក ផេង ផៃ អតីតនាយការិយាល័យនគរបាលជនបរទេសរាជធានី និងលោក ហេង វេង អតីតមន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំង គ្រឿងញៀនក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំផងដែរពីបទជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងមនុស្សឃាតនេះ។
យោងតាមលោកចៅក្រម ស៊ីវុត្ថា បានមានប្រសាសន៍ថា ទោសជាប់ពន្ធនាគាររបស់ពួកគាត់ត្រូវបានកាត់បន្ថយពីរឆ្នាំកាលពីម្សិលមិញបន្ទាប់ពីសាលាឧទ្ធរណ៍សម្រេចថា ពួកគាត់គ្រាន់តែជាអ្នកសមគំនិតក្នុងការប៉ុនប៉ងមនុស្សឃាតនេះប៉ុណ្ណោះ។
មេធាវីរបស់លោក ហេង ពៅ ដែលត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេលជិត១០០ឆ្នាំពីបទល្មើសជាច្រើនលើកទាក់ទងទៅនឹងពេលដែលលោកនៅជាស្នងការនគរបាលរាជធានីនោះ បានមានប្រសាសន៍ថា សេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍មិនយុត្តិធម៌ឡើយ។
លោក កៅ ស៊ូផា បានមានប្រសាសន៍ថា “វាអយុត្តិធម៌ណាស់សម្រាប់កូនក្តីរបស់ខ្ញុំ ពីព្រោះគាត់មិនបានប្រព្រឹត្តបទឧក្រិដ្ឋទេ”។ លោកបានបន្ថែមថា លោកនឹងពិភាក្សាជាមួយលោក ហេង ពៅ ថាតើត្រូវដាក់ពាក្យ បណ្តឹងសាទុក្ខទៅតុលាការកំពូលទៀតឬអត់នោះទេ៕សារុន