27 C
Phnom Penh

បរិមាណ​អង្ករ​នាំ​ចេញ​ទៅ​​​ថៃ​ធ្លាក់​ចុះ​យ៉ាង​ច្រើន​​បន្ទាប់​ពី​​ផែនការ​ទិញ​អង្កររបស់​ប្រទេស​ថៃ​បរាជ័យ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ជំនាញ​ការ​ផ្នែក​ពាណិជ្ជកម្ម​អង្ករ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បរិមាណនាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​ បាន​ធ្លាក់​ចុះ​យ៉ាង​ច្រើន​ ដោយ​សារ​តែ​តម្រូវ​ការ​ពី​ប្រទេស​ថៃ​បាន​ថយ​ចុះ​ បន្ទាប់​ពី​​ផែនការ​ទិញ​អង្ករ​របស់​រដ្ឋ​ថៃ​ទទួល​បរាជ័យ​។ រដ្ឋាភិបាល​ថៃ​កំពុង​លក់​ស្រូវ​បម្រុង​របស់​ខ្លួន​ក្នុង​តម្លៃ​មួយ​ដែល​ ប្រទេស​ប្រកួត​ប្រជែង​របស់​ខ្លួន​មិន​អាច​លក់​ដូច​ខ្លួន​បាន។

យោង​តាម​សហព័ន្ធ​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា​ បាន​ឲ្យដឹង​ថា បរិមាណ​នាំ​ចេញ​អង្ករ​របស់​ប្រទេស​កម្ពុជា​បាន​ធ្លាក់​ចុះ​១១ភាគ​រយ​ពី​ខែ​មករា ដល់​ខែ​មីនា បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នាកាលពី​ឆ្នាំ​មុន ពោល​គឺ​បាន​ធ្លាក់​ចុះ​ពី​៩៥.២២៨​តោន​ក្នុង​ឆ្នាំ​២០១៣​មក៨៤.៣៣០​តោនក្នុង​ឆ្នាំ​នេះ។

បរិមាណ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​សម្រាប់​​​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​នេះ​ស្ទើរ​តែ​គ្មាន​ ពោល​គឺ​ធ្លាក់​ចុះ​ពី​១៣.០០០តោន​ក្នុង​ឆ្នាំ​២០១៣មក​៣០០តោន​ក្នុង​ឆ្នាំ​នេះ។  កាលពី​ឆ្នាំ​មុន ប្រទេស​ថៃគឺ​ជា​ប្រទេស​នាំ​ចូល​អង្ករ​កម្ពុជា​ធំ​បំផុត​លំដាប់​ទី​៦​ដោយ​បាន​ទិញ​អង្ករ​ពី​កម្ពុជាចំនួន​២៣.៥៥០តោន​។

លោក លឹម ប៊ុនហេង ប្រធាន​សមាគម​អ្នក​នាំ​អង្ករ​ចេញ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា “មូល​ហេតុ​ដែលបណ្តាល​ឲ្យ​​បរិមាណ​នាំ​ចេញ​ទៅ​ប្រទេស​ថៃ​បាន​ធ្លាក់​ចុះ​ គឺ​ដោយ​សារ​តែ​ខិត​ខំ​លក់​ចេញ​អង្ករ​របស់​ពួកគេ​ និង​មិនចង់​នាំ​ចូល​ច្រើន​ពី​ប្រទេស​កម្ពុជា​។ ប្រទេសថៃ​លក់​ក្នុង​តម្លៃ​ទាប​ ទើប​តម្រូវ​ការអង្ករ​ថៃ​នៅ​លើ​សាកល​លោក​កើន​ឡើង​”។

ក្រោម​ផែនការ​ឧបត្ថម្ភ​ធន​អង្ករ​នៅ​ក្នុង​ប្រទេស​ថៃ រដ្ឋាភិបាល​ថៃ​បាន​ទិញទិន្នផល​ក្នុង​តម្លៃ​ខ្ពស់​ជាង​តម្លៃ​ទីផ្សារ​ ក្នុង​គោល​បំណង​បង្កើន​ប្រាក់​ចំណូល​របស់​កសិករ​ និង​ដំឡើង​ថ្លៃ​អង្ករ​ថៃ​។ ក៏​ប៉ុន្តែ ផែនការ​នេះ​បាន​បញ្ចប់​កាលពី​ខែ​កុម្ភៈ បន្ទាប់​ពី​មាន​វិបត្តិ​នយោបាយ​ ហើយ​រដ្ឋាភិបាល​​ប្រទេស​ថៃ​មិនអាច​ទ្រទ្រង់​ផ្នែក​ហិរ​ញ្ញវត្ថុដល់​ផែនការ​នេះ។

តាំង​ពី​នោះ​មក​ ​ប្រទេស​​ថៃ​ក៏​បាន​ប្រញាប់​ប្រញាល់​លក់​អង្ករ​បម្រុងដ៏​ច្រើន​របស់​ខ្លួន​ចេញ​ ពោល​គឺ​មាន​រហូត​ដល់​ទៅ​ជិត​១៣​លាន​តោន ប្រហែល​មួយភាគ​បី​នៃ​បរិមាណ​អង្ករ​​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​សាកល​លោក។ ចំណាត់​ការ​ពាណិជ្ជកម្ម​អន្តរជាតិ​នេះ​មាន​គោល​​បំណង​យក​ប្រាក់​​ជាច្រើន​​ពាន់ពាន់​លាន​ដុល្លារ​ទៅ​សង​កសិករ​។

យោង​តាម​​សេចក្តី​ការណ៍​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ ដោយ​សារព័ត៌មាន​អូរីហ្សា (Oryza) ដែល​និយាយ​អំពី​ពាណិជ្ជកម្ម​អន្តរជាតិ​អង្ករ​ បាន​បង្ហាញ​ថា អង្ករ​បាក់៥​ភាគ​រយ​នៅ​ប្រទេស​ថៃ​មាន​តម្លៃ​ប្រហែល​៣៨៥ដុល្លារ​ក្នុង​មួយ​តោន​ ពោលគឺ​បាន​ធ្លាក់​ចុះ​ប្រហែល​៣៥​ដុល្លារ​ពី​តម្លៃ​កាលពី​ខែ​មុន និង​បាន​ធ្លាក់​ចុះ​ប្រហែល​១៥៥ដុល្លារ​ក្នុង​មួយ​តោន​ បើ​ធៀប​នឹង​តម្លៃ​កាលពី​ឆ្នាំ​មុន។

តម្លៃ​អង្ករ​បាក់​៥ភាគរយ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​ប្រហែល​៤៥០ដុល្លារ​ក្នុង​មួយ​តោន​។ សេចក្តី​រាយការណ៍នេះ​ក៏​មាន​ចំណុច​កត់​សម្គាល់​ផងដែរ​ថា ប្រទេស​ថៃ​ បច្ចុប្បន្ននេះ ​ជា​ប្រទេស​ផ្គត់​ផ្គង់​អង្ករ​ក្នុង​តម្លៃ​​ទាប​បំផុត​នៅ​​ក្នុង​តំបន់​អាស៊ី​។

លោក ស្រី ចាន់ធី ជាសេដ្ឋវិទូ​ឯករាជ្យ​បាន​លើក​ឡើង​ថា​ ប្រទេស​កម្ពុជា​ត្រូវ​មាន​​យន្ត​ការ​​មួយ​សម្រាប់​ជួយ​កសិករ​កំុ​ឲ្យ​ជួប​ហានិភ័យ​កើត​ឡើង​នៅ​លើ​ទីផ្សារ​អង្ករ​។  លោក ស្រី​ ចាន់ធី បា​ន​មាន​ប្រសាសន៍​ថា “កសិករ​​​ត្រូវ​មាន​លទ្ធ​​​ភាព​បម្រុង​​ទុក​ទិន្ន​ផល​របស់​ខ្លួន​សម្រាប់​ករណីបន្ទាន់​ ដូច​ជា ករណី​នេះ​ជា​ដើម”។

សេដ្ឋវិទូរូបនេះបានបន្ត​ថា “​​ប៉ុន្តែ ពួក​គាត់​មិន​មាន​ដើម​ទុន​សម្រាប់​ធ្វើ​បែប​នេះឡើយ​ ដូច្នេះ​ហើយ ពួកគាត់​ត្រូវ​លក់​ផលស្រូវ​របស់​ពួកគាត់​ឲ្យ​បាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន​។ វិស័យ​កសិ​កម្ម​​​ជា​វិស័យ​មាន​ហានិភ័យ​មួយ​ ហើយ​កសិករ​ទំនង​ជា​អ្នក​រង​គ្រោះ​”៕ សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស