33 C
Phnom Penh

ក្រុមហ៊ុន​ Mercedes ឈប់​នាំ​ចូល​រថយន្ត​មក​លក់​នៅ​កម្ពុជា​ ដោយ​សារ​រដ្ឋាភិបាល​ដាក់​ពន្ធ​នាំ​ចូល​ថ្មី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​ ហុង​ហៀប (ខេមបូឌា​)​ ខូ អិល​ធីឌី [Hung Hiep (Cambodia) Co., Ltd.] ដែល​ជា​ ក្រុមហ៊ុន​លក់​រថយន្ត​ Mercedes-Benz ផ្តាច់​មុខ​នៅ​លើ​ទី​ផ្សារ​កម្ពុជា​បាន​ផ្អាក​ការ​នាំ​ចូល​តាំង​ពី​ខែ​មករាមក ដោយ​សារ​តែ​មាន​ពន្ធនាំ​ចូល​ថ្មី​ត្រូវ​បាន​ដាក់​ទៅ​លើ​រថយន្ត​ទំនើបៗ​ដែល​ត្រូវ​បាន​នាំ​ចូល​មក​លក់​លើ​ទីផ្សារ​កម្ពុជា​។

ក្រុម​ហ៊ុន​នាំ​ចូល​រថយន្ត​ទំនើប​ៗ​ដទៃ​ទៀត​​ដូច​ជា ក្រុម​ហ៊ុន​ Porsche Audi BMW ​និង​ក្រុម​ហ៊ុន​ Jaguar Land Rover បាន​ឲ្យ​ដឹង​ផងដែរថា ​តាំង​ពី​ដើមឆ្នាំមក​ ​បន្ទាប់ពី​មានសេចក្តីប្រកាស​​​សម្រាប់​មន្ត្រី​គយ​កាលពីខែ​ធ្នូឆ្នាំ​មុន ​អគ្គនា​យក​ដ្ឋានគយ​ និង​រដ្ឋាករ​នៃក្រសួងសេដ្ឋកិច្ច​និង​​ហិរញ្ញវត្ថុ​ ​បា​នដំឡើងពន្ធ២០ភាគរយ​លើ​រថយន្តទំនើប​ថ្មីៗ​ ដែលភាគ​ច្រើនត្រូវ​បា​ននាំ​ចូលពី​តំបន់​​អឺរ៉ុប។

លោក ​ពីលី វ៉ុង (Pily Wong) ប្រធាន​​នា​យក ប្រតិបត្តិក្រុមហ៊ុន ​ហុង​ហៀប បានលើក​ឡើង ថា ថ្លៃដើមកើនឡើង​លើ​រថយន្តថ្មី​ បន្ទាប់ពី​រដ្ឋាភិបាលបាន​ដំឡើងពន្ធ​​បែបនេះ​បាន​​បង្ខំ ឲ្យលោក​ឈប់នាំ​​ចូល​រថ​យន្ត​ ដើម្បី​​ចៀស វាងការ​​ដំឡើង​​ថ្លៃ​រថ​​យន្តនៅលើ​ទី​ផ្សារ។ លោកបានមាន​ប្រសាសន៍ថា “ ខ្ញុំបាន​បញ្ឈប់​សកម្មភាពនាំចូល​រថ​យន្តហើយ​នា​ពេល​នេះ ដោយសារតែ​​បទបញ្ញត្តិ​ថ្មីនេះ​”។

លោក វ៉ុង ដែល​ក៏ជាប្រធាន​សហ​ព័ន្ធ​ឧស្សាហកម្ម​យាន​យន្ត​កម្ពុជា​ (CAIF) ផង​ដែរ​នោះ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា សហ​ព័ន្ធ​នេះ​បាន​ជួប​ពិភាក្សា​ជាមួយ​លោក ស៊ុន ចាន់​ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​អំពី​គោល​នយោបាយ​ដំឡើង​អត្រា​ពន្ធ​នេះ។ លោកបាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ខ្ញុំ​កំពុងតែ​រង់​ចាំ​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​របស់​យើង​ជាមួយ​រដ្ឋាភិបាល​”។

សេចក្តី​ប្រកាស​​ចុះ​ថ្ងៃ​ទី២៤ ខែ​ធ្នូ ទទួល​បាន​ពី​អគ្គ​នា​យក​ដ្ឋាន​គយ​ និង​រដ្ឋាករ​ ដែល​ត្រូវ​បានចុះ​ហត្ថ​លេខាដោយ​ ​លោក អូន ព័ន្ធ​មុនី​រ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហាញ​ពី​របៀប​ដែល​មន្ត្រី​ផ្នែក​នាំ​ចូល​ប្រើ​ប្រាស់​ក្នុង​ការ​កំណត់​តម្លៃ​រថយន្ត​ដែល​ត្រូវ​បាន​នាំ​ចូល​មក​លក់​លើ​ទីផ្សារ​កម្ពុជា​។

សេចក្តី​ប្រកាសដដែល​​​មាន​ខ្លឹម​សារ​ថា សម្រាប់​រថយន្ត​ទំនើប​ថ្មីៗ​ ដូចជា BMW Mercedes Audi និង​រថយន្ត​ទំនើប​ៗផ្សេងៗ​ទៀត​ ​អត្រា​ពន្ធ​គយ​មាន​យ៉ាង​តិច​២០ភាគ​រយ​លើ​តារាង​ពន្ធគយ​”។

សេចក្តី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​បន្ថែម​​ទៀត​ថា “សម្រាប់​រថយន្ត​ចិន ដែល​ត្រូវ​បាន​ផលិត​នៅ​ប្រទេស​ចិន​ អត្រា​ពន្ធ​គយ​អាច​មាន​​តិច​ជាង​អត្រា​ក្នុង​តារាង​​​នេះ៦០​ភាគ​រយ​”។ ​ គួរ​បញ្ជាក់​ថា តារាង​នេះ​គឺ​ជា​តារាង​ពន្ធគយ​ដែល​បង្ហាញ​អត្រា​លម្អិត​សម្រាប់​រថយន្ត​​ឆ្នាំ​ជាក់​លាក់​ណា​មួយ​ និង​សមត្ថភាព​ម៉ាស៊ីន​។

លោក​ ភីតធើ ប្រុនហ្គើ (Peter Brongers) ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ BMW Cambodia  បាន​ត្អូញ​ត្អែរ​ថា សេចក្តី​ប្រកាស​នេះ​បាន​ផ្តល់​អត្ថប្រយោជន៍​មិន​យុត្តិធម៌​ ដល់​ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន​ ក្នុង​ពេល​ដែល​រថយន្ត​ទំនើប​ៗ​មក​ពី​លោក​ខាង​លិច​ទើប​តែ​បាន​ចូល​មក​បង្ហាញ​វត្តមាន​នៅ​លើ​ទីផ្សារ​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​កំពុង​ផ្តោត​លើ​រថយន្ត​ម៉ាក​ល្បី​។ រថយន្ត​របស់​យើង​បាន​ប្រឈម​នឹង​ថ្លៃ​ដើម​នាំ​ចូល​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ ហើយ​កំណើន​នេះ​បាន​ប៉ះ​ពាល់​ដល់​បរិមាណ​លក់​របស់​យើង​ ខណៈ​ដែល​រថ​យន្ត​ដទៃ​ជាច្រើន​ទៀត​មិន​បាន​រង​ផល​ប៉ះ​ពាល់​ទាល់​តែ​សោះ​”។ លោក ប្រុនហ្គើ បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ការ​ដាក់​ពន្ធ​លើ​​​ម៉ាក​សញ្ញា​រថយន្ត​​ ជា​ជាង​ម៉ូឌែល នឹង​អនុញ្ញាត​ឲ្យ​​ក្រុម​ហ៊ុន​លក់​រថយន្ត​មិន​មែន​ទំនើប​ ដូចជា រថយន្ត Land Cruiser របស់​ក្រុម​ហ៊ុន​តូយ៉ូតា​ជាដើម​ មាន​ឱកាស​គេច​ផុត​ពីការ​បង់​ពន្ធ​ក្នុង​អត្រា​ខ្ពស់​ជាង​មុន​។

លោក លី ប៊ុនហៃ អ្នក​គ្រប់​គ្រង​ទូ​ទៅក្រុម​​​ហ៊ុន ​តូយ៉ូតា (ខេមបូឌា) ខូ អិល​ធីឌី [Toyota (Cambodia) Co., Ltd.] បាន​លើក​ឡើង​ថា លោក​​មិន​បាន​ឃើញ​មាន​ការ​ប្រែ​ប្រួល​​ចំពោះ​​ពន្ធ​នាំ​ចូល​លើ​រថយន្តរបស់​ក្រុម​ហ៊ុន​លោក​ទេ។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​មែន​ជា​ក្រុម​ហ៊ុន​លក់​រថយន្ត​ម៉ាក​ទំនើប​ទេ ហើយ​យើង​ក៏​មិន​នាំ​ចូល​រថយន្ត​ទំនើប​ដែរ​”។

លោក ពាង ម៉ាន់ ប្រធាន​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ យានដ្ឋាន​ពិភពលោក (Worldwide Garage) ដែល​នាំ​ចូល​រថយន្ត​ Great Wall ពី​ប្រទេស​ចិន​ បាន​លើក​ឡើង​ថា រដ្ឋាភិបាល​កំពុង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​នាំ​ចូល​រថយន្ត​  ចិន​ ដោយ​សារ​តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​រឹង​មាំ។

ទោះ​ជា​យ៉ាង​ណា លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា រថយន្ត​ Great Wall បាន​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​រថយន្ត​ក្នុង​ប្រទេស​កម្ពុជា​។

លោក​បាន​មាន​ប្រសាសន៍​ថា “តាំង​ពី​បាន​មក​ដល់​ក្នុង​ឆ្នាំ​២០១០ យើង​បាន​និង​កំពុងជួប​ការ​លំបាក​ក្នុង​ការ​លក់​រថយន្ត​ដ៏​ច្រើន​របស់​យើង​ ក៏​ប៉ុន្តែ គោល​នយោបាយ​​លើក​ទឹក​ចិត្ត​ផ្នែក​ពាណិជ្ជកម្ម​ដែល​រដ្ឋាភិបាល​កំពុង​ដាក់​ចេញ​ និង​អនុវត្ត​ ប្រហែល​ជា​ផ្តល់​កម្លាំង​បន្ថែម​ដល់​យើង​ក្នុង​ការ​ប្រកួត​ប្រជែង​”។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ក្រុម​ហ៊ុន​របស់​លោកមិន​ទាន់​ឃើញ​ថ្លៃ​ដើម​នាំ​ចូល​ធ្លាក់​ចុះ​ទេ តាំង​ពី​មាន​សេចក្តី​ប្រកាស​ក្នុង​ខែ​ធ្នូ ឆ្នាំ​មុន​មក។

លោក​ ប៊ូ ប៊ុន​ណារ៉ា​ ប្រធាន​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​នៃ​អគ្គនាយក​ដ្ឋាន​គយ និង​រដ្ឋាករ​ បាន​លើក​ឡើង​ថា សេចក្តី​ប្រកាស​អំពី​ពន្ធ​គយ​នេះ​ត្រូវ​បាន​បក​ស្រាយ​ខុស​ ហើយ​ប្រព័ន្ធ​ពន្ធ​ដារ​សម្រាប់​រថយន្តនាំ​ចូលមិន​មាន​ការ​ប្រែ​ប្រួល​ទេ​ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មក​នេះ។ លោក​បាន​បន្ថែម​ថា មូលហេតុ​នៅ​ក្នុង​សេចក្តី​ប្រកាស​ទាក់​ទង​នឹង​អត្រា​ពន្ធ​គយ​ខ្ពស់​ជាង​មុន​លើ​ម៉ាក​រថយន្ត​ទំនើប​ មិន​មែន​មាន​ន័យ​ថា ពន្ធ​កើន​ឡើង​ទេ​ ក៏​ប៉ុន្តែ ជា​ឧបករណ៍​បង្ហាញ​ផ្លូវ​សម្រាប់​មន្ត្រី​គយ​ក្នុង​ការ​កំណត់​តម្លៃរថយន្ត​នាំ​ចូល​ឲ្យ​បាន​ត្រឹម​ត្រូវ​។

លោក ប៊ុនណារ៉ា បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​រថយន្ត​ទំនើប​ថ្មី​មួយ​គ្រឿង​ត្រូវ​បាន​នាំ​ចូល​ មន្ត្រី​គយ​ក៏​ត្រូវ​ដឹង​ថា តម្លៃ​ប្រកាស​​​សម្រាប់​រថយន្ត​នោះ​មាន​២០​ភាគ​រយ​ខ្ពស់​ជាង​រថយន្ត​មិន​មែន​ទំនើប​។ លោក​បាន​បន្ថែម​ថា ប្រសិន​បើ​តម្លៃ​ប្រកាស​លើ​រថយន្ត​នោះ មានទាប​ជាង​នេះ​ មន្ត្រី​គយ​មាន​សិទ្ធិ​ដាក់​ពន្ធ​សម​ស្រប​ណា​មួយ​។ លោក ប៊ុនណារ៉ា បាន​មាន​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​​ថា “ក្រុម​ហ៊ុន​គ្មាន​ដឹង​អំពី​ប្រព័ន្ធ​ពន្ធគយ​ទេ។ ជួន​កាល​ពួកគេ​ដំឡើង​ថ្លៃ​ដើម្បី​​​ឆ្លៀត​យក​ផល​ចំណេញ​ខ្ពស់​ពី​អ្នក​ទិញ​ ហើយ​ក្រោយ​មក​ក៏​បែ​រជា​បន្ទោស​គយ​ទៅ​វិញ​”៕សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស