កាលពីម្សិលមិញ គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានចេញផ្សាយរបាយការណ៍ថ្មីមួយ ដែលបង្ហាញថា លទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាស្ថិតក្នុងស្ថានភាពផុយស្រួយ តាំងពីពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រធ្វើឡើងកាលពីខែកក្កដាឆ្នាំមុនមក ដោយសារតែគណបក្សប្រជាជនកម្ពុជាបានប្រើប្រាស់កម្លាំងប្រដាប់អាវុធកាន់តែច្រើនឡើងៗ ដើម្បីការពារអំណាចរបស់ខ្លួន និងបដិសេធមិនព្រមកែទម្រង់ស្ថាប័នរដ្ឋ។
អង្គការ ខុមហ្វ្រែល បានលើកឡើងក្នុងរបាយការណ៍ប្រចាំឆ្នាំថ្មីរបស់ខ្លួនស្តីពីលទ្ធិប្រជាធិបតេយ្យ ការបោះឆ្នោត និងការកែទម្រង់នៅក្នុងប្រទេសកម្ពុជាថា “ទោះបីជាព្រឹត្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រត្រូវបានរៀបចំកាលពីខែកក្កដាឆ្នាំ២០១៣ និងមានការចូលរួមពីប្រជាពលរដ្ឋកាន់តែច្រើននៅក្នុងកិច្ចការនយោបាយក៏ដោយ ក៏លទ្ធិប្រជា ធិបតេយ្យនៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាពផុយស្រួយដែរ”។
របាយការណ៍របស់អង្គការ ខុមហ្វ្រែល មានខ្លឹមសារបន្តទៀតថា “ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ភាគីពាក់ព័ន្ធជាតិ និងអន្តរជាតិក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាក៏ដោយ ក៏ឆ្នាំ២០១៣បង្ហាញថា ប្រជាធិបតេយ្យបានដើរថយក្រោយ និងបន្តភាពមិនប្រាកដប្រជារយៈពេលពីរទសវត្សរ៍ទាក់ទងនឹងអនាគតទិសដៅនយោបាយនៅប្រទេសកម្ពុជា”។
របាយការណ៍ដដែលបានបង្ហាញទៀតថា “គណៈកម្មការប្រតិបត្តិដឹកនាំដោយគណបក្សប្រជាជននៅតែគ្របដណ្តប់លើដំណើរការនយោបាយ និងពឹងផ្អែកកាន់តែខ្លាំងឡើងៗ លើរចនាសម្ព័ន្ធសន្តិសុខរដ្ឋផ្លូវការ និងមិនផ្លូវការ ក្នុងការឆ្លើយតបទៅនឹងសម្ពាធនយោបាយពីសំណាក់គណបក្សប្រឆាំង”។
អង្គការ ខុមហ្វ្រែល បានព្រមានកាលពីឆ្នាំមុនថា ដំណើរការលទ្ធិប្រជាធិបតេយ្យកំពុងដើរថយក្រោយក្នុងឆ្នាំ២០១២ ប៉ុន្តែ លទ្ធផលវាយតម្លៃរបស់អង្គការនេះសម្រាប់ឆ្នាំ២០១៣បង្ហាញថា ស្ថានភាពកាន់តែយ៉ាប់យុឺន។
របាយការណ៍របស់អង្គការ ខុមហ្វ្រែល នេះមានខ្លឹមសារបន្តទៀតថា “ដូចកាលពីឆ្នាំមុនៗដែរ អង្គការ ខុមហ្វ្រែល បានសង្កេតឃើញថា ដំណើរការលទ្ធិប្រជាធិបតេយ្យស្ថិតក្នុងស្ថានភាពកាន់លំបាកទៅៗ”។
ខុមហ្វ្រែលបានកត់សម្គាល់អំពីការខកខានដដែលរបស់រដ្ឋាភិបាលក្នុងការបំបែកតុលាការពីការត្រួតត្រារបស់គណបក្សគ្រប់គ្រងអំណាច ឬធានាថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដើម្បីធ្វើឲ្យសាធារណជនមានជំនឿឡើងវិញ ក្នុងការងាររបស់ខ្លួន។
របាយការណ៍ប្រចាំឆ្នាំនេះមានខ្លឹមសារបន្តទៀតថា “អង្គនីតិបញ្ញត្តិ និងអង្គតុលាការនៅតែខ្វះអំណាចរឹងមាំដើម្បីថ្លឹងថ្លែងឥទ្ធិពលរបស់អង្គនីតិប្រតិបត្តិ”។ កម្រិតឆ្លើយតប តម្លាភាព និងគណនេយ្យភាពនៃអង្គនីតិប្រតិបត្តិកម្ពុជា បានធ្លាក់ចុះ។ គ្មានការកែទម្រង់ប្រព័ន្ធច្បាប់ ការរៀបចំប្រព័ន្ធបោះឆ្នោត និងរដ្ឋបាលរដ្ឋ រួមទាំងកងកម្លាំងប្រដាប់អាវុធ ត្រូវបានអនុវត្តធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពឆ្លើយតប តម្លាភាព និងគណនេយ្យភាពផ្នែកប្រតិបត្តិទេ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាលបានមានប្រសាសន៍ថា “ខុមហ្វ្រែល គួរតែរីករាយដែលរដ្ឋាភិបាលផ្ដល់នូវ ‘ ស្ថិរភាពនិងសុវត្ថិភាព’ សម្រាប់ពួកគេក្នុងការធ្វើប្រតិបត្តិការ”។ លោកបានមានប្រសាសន៍ថា “ពួកគេធ្វើឲ្យពិភពលោកយល់ខុសអំពីការបោះឆ្នោតនៅកម្ពុជា ប៉ុន្តែយើងមិនចាត់វិធានការប្រឆាំងពួកគេទេ”។
លោកបានថ្លែងបន្តថា “ពួកគេត្រូវតែកែប្រែខ្លួនឯងឲ្យក្លាយជាផ្នែកមួយនៃលទ្ធិប្រជាធិបតេយ្យរបស់យើង”។ លោក ស៊ីផាន បានថ្លែងថា “នេះគឺជាអ្វីដែលខុមហ្វ្រែលគិត ក៏ប៉ុន្តែយើងជារដ្ឋាភិបាល យើងជាប្រជាជន យើងស្ថិតនៅលើផ្លូវត្រឹមត្រូវ”៕ប៊ុននី
(រាយការណ៍បន្ថែមដោយ Colin Meyn)