40.9 C
Phnom Penh

លោក​​​ សម រង្ស៊ី មាន​​​ប្រសាសន៍​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​យល់​​​ព្រម​​​បោះឆ្នោត​​​​​​ឡើង​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ សម រង្ស៊ី មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​​​​ បាន​​​យល់​​​ព្រម​​​​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ឡើង​​​វិញ​​​​​​​​​ មុន​​​អាណត្តិ​​​បោះឆ្នោត​​​បច្ចុប្បន្ន​​​​​​​​​ផុត​​​​​​កំណត់​​​នៅខែ​​​កក្កដា ឆ្នាំ​​​២០១៨ ហើយ​​​ពេល​​​នេះ​​​​​​​​​នឹង​​​ត្រូវ​​​ចរចា​​​គ្នា​​​​​​​​​ដើម្បី​​​​​​ជ្រើស​​​រើស​​​​​​កាល​​​បរិច្ឆេទ​​​បោះឆ្នោត​​​​​​។

តែ​​​ទោះ​​​ជាយ៉ាង​​​ណា​​​ តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​​​​លើក​​​ឡើង​​​ថា គណបក្ស​​​​​​កាន់​​​អំណាច​​​​​​គ្រាន់​​​តែ​​​យល់​​​ព្រម​​​​​​​​​លើក​​​​​​ខែ​​​សម្រាប់​​​​​​ការ​​​បោះឆ្នោត​​​​​​នៅ​​​​​​ឆ្នាំ​​​២០១៨​​​ប៉ុណ្ណោះ ដើម្បី​​​បង្ក​​​លក្ខណៈ​​​ងាយ​​​ស្រួល​​​​​​ជាង​​​មុន​​​សម្រាប់​​​ប្រជា​​​កសិករ​​​​​​។​​​

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ជំនួប​​​​​​​​​តាម​​​ការ​​​គ្រោង​​​ទុក​​​មួយ​​​​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ រវាង​​​លោក​​​ សុន​​​ ឆ័យ ប្រធាន​​​ក្រុម​​​​​​តំណាង​​​រាស្ត្រ​​​របស់​​​​​​​​​គណបក្ស​​​ប្រឆាំង​​​ និង​​​លោក​​​ ព្រំ​​​ សុខា រដ្ឋលេខាធិការ​​​ក្រសួង​​​​​​​​​មហា​​​ផ្ទៃ​​​ បាន​​​ឈាន​​​​​​​​​ដល់​​​ការ​​​ព្រម​​​ព្រៀង​​​គ្នា​​​លើ​​​ចំណុច​​​សំខាន់​​​ៗ​​​ពីរ​​​។

មេដឹកនាំគណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បាន​​​មានប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​ថា “យើង​​​បាន​​​​​បោះ​​​​​​ជំហាន​​​​​​ទៅ​​​មុខ​​​ហើយ​​​​​​។ វា​​​ជា​​​ការ​​​ព្រម​​​ព្រៀង​​​ទូទៅ​​​​​​មួយ​​​​​​លើ​​​គោល​​​​​​ការណ៍​​​ទូលំ​​​ទូ​​​លាយ​​​​​​​​​ដូច​​​ដែល​​​​​​យើង​​​​​​បាន​​​​​​ព្រម​​​ព្រៀង​​​គ្នា​​​ជា​​​ញឹក​​​ញាប់​​​​​​”។

លោក​​​ថ្លែង​​​​​សំដៅ​​​ដល់​​​​​​គណៈ​​​កម្មាធិ​​​ការ​​​​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះឆ្នោត​​​ហៅ​​​កាត់​​​ថា គ.ជ.ប.​​​​​​ដែល​​​​​​បច្ចុប្បន្ន​​​មាន​​​​​​សមាសភាព​​​សមាជិក​​​គណបក្ស​​​​​​ប្រជាជន​​​កម្ពុជា​​​កំពុង​​​កាន់​​​អំណាច​​​ច្រើន​​​លើស​​​លប់​​​​ថា “ការ​​​ព្រម​​​ព្រៀងនេះ​​​​ គឺ​​​ថា គ.ជ.ប.​​​​​​​​​ ត្រូវ​​​​​​តែ​​​ជា​​​ស្ថាប័នស្រប​​​តាម​​​​​​រដ្ឋ​​​ធម្មនុញ្ញ ដោយ​​​​​​ភាព​​​ឯក​​​រាជ្យ​​​​​​របស់​​​ស្ថាប័ន​​​នេះ​​​ត្រូវ​​​បាន​​​ធានាការ​​​ពារ​​​ដោយ​​​រដ្ឋធម្មនុញ្ញ​​​”។

លោក​​​ សម រង្ស៊ី បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​​​​អាច​​​ប្រើប្រាស់​​​រូប​​​មន្ត​​​មួយ​​​ចំនួន​​​បាន​​​​​​​​​ដើម្បី​​​​​​ធានា​​​​​​ឲ្យ​​​គ.ជ.ប. មាន​​​អព្យាក្រឹតភាព​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ចំណុច​​​ទី​​​២ គឺ​​​ថា នឹ​​​ងមាន​​​​​​ការ​​​ចរចា​​​​​​សម្រាប់​​​​​​កា​​​របោះ​​​ឆ្នោត​​​​​​បន្ទាប់​​​។ វា​​ក៏​​​មាន​​​លក្ខណៈ​ទូលំទូលាយ​​​ខ្លាំង​​​ដែរ​​​ ពួក​​​គេ​​​នឹង​​​មិន​​​​​​ប្រកាស​​​ឲ្យ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​អាណត្តិ​​​ឡើយ​​​​​​ ប៉ុន្តែ​​​យើង​​​​​​នឹង​​​​​​ពិភាក្សា​​​អំពី​​​ការ​​​បោះឆ្នោត​​​មុន​​​អាណត្តិ​​​​​​​​​មិន​​​មែន​​​នៅ​​​ខែ​​​កក្កដា ​​​ឆ្នាំ​​​២០១៨​​​ទេ”។

លោ​​​ក​​​មាន​​​ប្រសាសន៍​​​ថា “សម្រាប់​​​ពួក​​​​​​យើង ​​​​​​កាន់​​​តែ​​​ឆាប់​​​កាន់​​​តែ​​​ល្អ។ ពួក​​​គេ​​​យល់​​​​​​ព្រម​​​​​​ពិភាក្សា​​​អំពី​​​កាល​​​បរិច្ឆេទនៃ​​​ការ​​​បោះ​​​ឆ្នោត​​​​​​បន្ទាប់​​​ ដូច្នេះ​​​ហើយ​​​​​​ ភាគី​​​​​​ទាំងពីរ​​​​​​នឹង​​​​​​ចរចា​​​​​​គ្នា​​​​​​ដើម្បី​​​កំណត់​​​កាល​​​បរិច្ឆេទ​​​។ គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ចង់​​​រក្សា​​​ទុក​​​កាល​​​​​​​​​បរិច្ឆេទ​​​​​​ឲ្យ​​​កៀក​​​ខែ​​​កក្កដា ឆ្នាំ​​​២០១៨តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​ ហើយ​​​​​​យើង​​​ចង់​​​ឲ្យ​​​វា​​​កើត​​​ឡើង​​​ឆាប់ៗ​​​​តា​​​ម​​​ដែលអាច​​​ធ្វើ​​​ទៅ​​​បាន​​​”។

លោក​​​ សិុក ប៊ុន​​​ហុក តំណាង​​​រាស្ត្រ​​​គណ​​​បក្ស​​​ប្រជាជន​​​​​​កម្ពុជា​​​ ដែល​​​​​​ជា​​​បុគ្គល​​​​​​មួយ​​​រូប​​​​នៅ​​​ក្នុង​​​គណៈប្រតិភូ​​​ចំនួន​​​ប្រាំមួយ​​​រូប​​​របស់​​​គណ​​​បក្ស​​​នេះ​​​ ទទួល​​​បន្ទុក​​​​​​ការ​​​ចរចា​​​ជុំ​​​វិញ​​​កំណែ​​​ទម្រង់​​​​​​​​បោះឆ្នោត​​​​​​​​​ ដែល​​​បាន​​​បរាជ័យ​​​កាល​​​ពី​​​​​​ខែ​​​មុន​​​ បាន​​​បដិសេធ​​​ថា គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ មិន​​​បាន​​​​​​យល់​​​ព្រម​​​ឲ្យមាន​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​មុន​​​អាណត្តិ​​​ ​​មុនពេល​​​​​​អាណត្តិ​​​បោះ​​​​​​ឆ្នោត​​​​​​​​​បច្ចុប្បន្ន​​​​​​ផុត​​​កំណត់​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា គោល​​​​​​ការណ៍​​​របស់​​​គណបក្ស​​​ប្រជាជន​​​​​​​​​គឺ​​​គ្រាន់​​​តែ​​​ចង់​​​​​​ផ្លាស់​​​ប្ដូរ​​​ខែ​​​បោះឆ្នោត​​​​​​ប៉ុណ្ណោះ​​​​​​។

លោក​​​បានមាន​​​ប្រសាសន៍​​​ទៀត​​​ថា “វា​​​មាន​​​ន័យ​​​ថា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​យល់​​​ព្រម​​​​​​ជាមួយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​កំណត់​​​​​​កាល​​​បរិច្ឆេទ​​​​​​ថ្មី​​​​​​នៃ​​​ការ​​​បោះឆ្នោត​​​ ដើម្បី​​​ធ្វើឲ្យ​​​ប្រាដក​​​ថា មិន​​​​​​ប៉ះពាល់​​​ដល់​​​ប្រជាពលរដ្ឋ​​​ធ្វើ​​​កសិ​​​កម្ម​​​។ ជា​​​ធម្មតា កាល​​​បរិច្ឆេទ​​​បោះឆ្នោត​​​​​​ជាតិ​​​ គឺ​​​ធ្វើ​​​ឡើង​​​​​​នៅ​​​ខែ​​​កក្កដា ហើយ​​​ពេល​​​នេះ​​​​​​យើង​​​បាន​​​ព្រម​​​ព្រៀង​​​ផ្លាស់​​​ប្ដូរ​​​កាល​​​បរិ​​​ច្ឆេទ​​​ទៅ​​​ខែ​​​​​​មករា ខែ​​​កុម្ភៈ​​​ ឬ​​​ខែ​​​មីនា វិញ​​​”។

លោក ជាម យៀប​​​ តំណាង​​​​​​រាស្ត្រ​​​ជាន់​​​ខ្ពស់​​​​​​មក​​​ពី​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​​​​ និង​​​​​​​​​ជា​​​អ្នក​​​នាំពាក្យ​​​គណបក្ស​​​​​​នេះ​​​​​​បាន​​​​​​ច្រាន​​​ចោល​​​​​​​​​យ៉ាង​​​ដាច់​​​អហង្ការ​​​​​​ចំពោះ​​​ការ​​​អះអាង​​​របស់​​​​​​លោក​​​ សម រង្ស៊ី អំពី​​​ការ​​​ព្រម​​​ព្រៀង​​​ណាមួយ​​​លើ​​​​​​ការ​​​​​​បោះឆ្នោត​​​ឡើង​​​វិញ​​​​​​។

លោក​​​បានថ្លែង​​​ថា “វា​​​មិន​​​មែន​​​ជា​​​ការ​​​ពិត​​​ទេ​​​​​​ ដែល​​​​​​ថា យើង​​​កំពុង​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​​​​ឡើង​​​វិញ​​​​​​។ បែប​​​នោះ​​​គឺ​​​ជា​​​ការ​​​​​​​​​មើល​​​​​​ងាយ​​​ប្រជាពលរដ្ឋ​​​ដែល​​​​​​គំាទ្រ​​​ពួក​​​​​​យើង​​​ ជា​​​ពិសេស​​​​​​ប្រជាពលរដ្ឋ​​​៣,២៥​​​លាន​​​នាក់​​​ដែល​​​បាន​​​បោះឆ្នោត​​​​​​គាំទ្រ​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា និង​​​ប្រជាពលរដ្ឋ​​​២,៩​​​លាន​​​នាក់​​​ដែល​​​បាន​​​បោះឆ្នោត​​​​​​គំាទ្រ​​​គណបក្ស​​​សង្គ្រោះ​​​​​​ជាតិ​​​”។

លោក​​​ ជាម យៀប​​​ បាន​​​ថ្លែង​​​​​​សំដៅ​​​ដល់​​​មាត្រា​​​មួយ​​​​​​ដែល​​​ចែង​​​ថា រដ្ឋ​​​សភា​​​មិន​​​អាច​​​រម្លាយ​​​មុន​​​អាណត្តិ​​​​​​បាន​​​ថា “សុំ​​​ទៅ​​​​​​មើល​​​​​​​​​មាត្រា​​​​​​៧៨​​​ [នៃរដ្ឋ​​​ធម្មនុញ្ញ​​​] ទៅ​​​។ វា​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ ដែល​​​​​​ថា ​​​មាន​​​ការ​​​​​​បោះ​​​ឆ្នោត​​​​​​ឡើង​​​វិញ​​​។ ការ​​​បោះឆ្នោត​​​​​​ថ្មី​​​​​​ គឺ​​​ធ្វើ​​​នៅ​​​ឆ្នាំ​​​២០១៨”។

ការ​​​បោះឆ្នោត​​​​​​ឡើង​​​វិញ​​​ គឺ​​​ជា​​​ការ​​​ទាម​​​ទារ​​​​​​មួយ​​​ក្នុង​​​ចំណោម​​​​​​ការ​​​ទាម​​​ទារ​​​ធំៗ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​​​​នៅ​​​ក្នុង​​​ការ​​​ជាប់​​​គាំង​​​ផ្នែក​​​នយោបាយ​​​ បន្ទាប់ពី​​​ការ​​​បោះឆ្នោត​​​ជាតិ​​​​​​ដ៏​​​ចម្រូង​​​ចម្រាស​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា ដែល​​​គណបក្ស​​​ប្រឆាំង​​​និយាយ​​​ថា មាន​​​​​​ភាព​​​មិន​​​ប្រក្រតី​​​​​​ និង​​​ការ​​​លួច​​​​​​បន្លំ​​​ជា​​​ទូទៅ​​​​​​។

កន្លង​​​មក​​​​​​គណបក្ស​​​​​​ទាំង​​​ពីរ​​​ ធ្លាប់​​​បាន​​​លើក​​​ឡើង​​​ពី​​​លទ្ធភាព​​​នៃ​​​ការ​​​បញ្ចប់​​​​​​ការ​​​ជាប់​​​គាំង​​​​​​ខាង​​​នយោបាយ​​​នេះ​​​ តាម​​​រយៈ​​​​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ដែល​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ត្រូវ​​​បញ្ចប់​​​​​​ពហិការ​​​របស់​​​ខ្លួន​​​មិន​​​ចូល​​​សភា ដើម្បី​​​ធ្វើ​​​វិសោធនកម្ម​​​រដ្ឋធម្មនុញ្ញ ដើម្បី​​​ធ្វើ​​​កំណែ​​​ទម្រង់​​​​​​គ.ជ.ប.។

វត្តមាន​​​របស់​​​តំណាង​​​រាស្ត្រ​​​​​​៥៥​​​រូប​​​​​​របស់​​​គណបក្ស​​​ប្រឆាំង​​​​​​នៅ​​​ក្នុង​​​រដ្ឋសភា​​​ ដែលមាន​​​១២៣​​​អាសនៈ​​​ នឹង​​​​​​​​​ធ្វើ​​​ឲ្យ​​​មាន​​​សំឡេង​​​២ភាគ​​​៣​​​សម្រាប់​​​ធ្វើ​​​វិសោធនកម្ម​​​​​​រដ្ឋធម្មនុញ្ញ​​​។​​​ ការ​​​​​​បោះឆ្នោត​​​​​​ថ្មី​​​មួយ​​​អាច​​​នឹង​​​រៀប​​​ចំ​​​​​​ឡើង​​​​​​ក្រោម​​​​​​គ.ជ.ប.​​​ដែល​​​ត្រូវ​​​បាន​​​​​​ធ្វើ​​​កំណែទម្រង់​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន​​​ បាន​​​​​​ព្រលយ​​​ពាក្យ​​​​​​ថា ការ​​​ជាប់​​​គាំង​​​នេះ​​​​​​នឹង​​​បញ្ចប់​​​​​​ក្នុង​​​ពេល​​​​​​ឆាប់ៗ​​​ ដោយ​​​មាន​​​ប្រសា​​​សន៍​​​ថា នៅ​​​សល់​​​តែ​​​​​​ការ​​​​​​ខ្វែង​​​គំនិត​​​គ្នា​​​មួយ​​​ចំណុច​​​ប៉ុណ្ណោះ​​​រវាង​​​គណ​​​បក្ស​​​ទាំង​​​ពីរ​​​​​​។

លោក​​​ ហ៊ុន​​​ សែន​​​ បាន​​មាន​​​ប្រសាសន៍​​​ថា លោក “​​​​​បាន​​​ចុះ​​​​​​ហត្ថលេខាលើ​​​​​​ករណី​​​នេះ​​​រួច​​​​​​ហើយ” ហើយ​​​ថា សេចក្ដី​​​លម្អិត​​​​​​ស្ដីពី​​​ការ​​​​​​​​​​​​បញ្ចប់​​​ភាព​​​ទល់​​​ច្រក​​​នេះ​​​អាច​​​នឹង​​​បែក​​​ធ្លាយ​​​នៅ​​​មុន​​​​​​ចូល​​​ឆ្នាំ​​​ខ្មែរ​​​ប្រពៃណីជាតិ​​​ដែល​​​នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ថ្ងៃ​​​ច័ន្ទ​​​។

លោក​​​ ហ៊ុន សែន​​​ ក៏​​​មាន​​​​​​ប្រសាសន៍​​​ដែរ​​​ថា លោក​​​​​​បាន​​​អនុញ្ញាត​​​​​​ឲ្យ​​​លោក​​​ ស ខេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​​​​មហាផ្ទៃ​​​ទាក់ទង​​​ទៅ​​​លោក​​​ សម រង្ស៊ី ដោយ​​​ផ្ទាល់​​​​​​ ដើម្បី​​​ដោះស្រាយ​​​​​​ចំណុច​​​ជាប់​​​គាំង​​​នៃ​​​ការ​​​ព្រម​​​ព្រៀង​​​នេះ​​​។

លោក​​​ ស ខេង​​​ មិនអាច​​​ទាក់ទង​​​​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​។ ហើយ​​​​​​ការ​​​ព្យាយាម​​​ទាក់ទង​​​ទៅ​​​​​​លោក​​​ ព្រំ សុខា និង​​​លោក​​​ សុន ឆ័យ​​​ ក៏​​​មិន​​​អាច​​​ទាក់ទង​​​​​​បាន​​​ដែរ​​​៕ សុខុម

(រាយការណ៍​​​បន្ថែម​​​ដោយ ម៉ិច ដារា៉ និង ឃី សុវុឌ្ឍី​​​)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស