កាកបាទក្រហមកម្ពុជា ដែលចាត់ទុកខ្លួនឯងថាជាអង្គការមនុស្សធម៌ធំបំផុតនៅក្នុងប្រទេសកម្ពុជា កំពុងសាងសង់សណ្ឋាគារប្រណីតមួយដែលមានកម្ពស់ប្រាំមួយជាន់នៅក្នុងក្រុងព្រះវិហារ។
ក្រុមមន្ត្រីរដ្ឋាភិបាលបានឲ្យដឹងកាលពីម្សិលមិញថា សណ្ឋាគារនេះនឹងត្រូវប្រើដើម្បីរកប្រាក់ចំណូលឲ្យកាកបាទក្រហមកម្ពុជា។ សណ្ឋាគារនេះកំពុងតែត្រូវបានសាងសង់ដោយសាខាកាកបាទក្រហមរាជធានីភ្នំពេញនិងព្រះវិហាររបស់កាកបាទក្រហមកម្ពុជា។ លោកស្រី ប៊ុន រ៉ានី ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៨មក។
លោក អ៊ុយ សំអាត នាយកទទួលបន្ទុកដោះស្រាយគ្រោះមហន្តរាយនៅកាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ថា “ គំនិតផ្តួចផ្តើមនេះគឺកើតចេញពីលោក បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងសមាជិកផ្សេងទៀតក្នុងក្រុមរបស់លោក”។
លោកបានមានប្រសាសន៍ថា “ប្រាក់នេះគឺបានមកពីមនុស្សមួយក្រុមដឹកនាំដោយលោក ប៉ា សុជាតិវង្ស ហើយពួកគេបានរួមគ្នាសាងសង់សណ្ឋាគារនេះ ដើម្បីទទួលភ្ញៀវទេសចរទៅកាន់ប្រាសាទព្រះវិហារ”។
លោកបានបដិសេធមិនបរិយាយលម្អិតអំពីការចំណាយឬប្រាក់ចំណូលរំពឹងទុកពីសណ្ឋាគារ ដែលកំពុងត្រូវបានសាងសង់នៅចម្ងាយ៧៥គីឡូម៉ែត្រភាគខាងត្បូងប្រទេសឡាវ។
លោក ប៉ា សុជាតិវង្ស ដែលដឹកនាំសាខាកាកបាទក្រហមរាជធានីភ្នំពេញរបស់កាកបាទក្រហមកម្ពុជា បានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីសណ្ឋាគារនេះកាលពីម្សិលមិញ។
លោកស្រី ជឿក ហេង ប្រធានការិយាល័យកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារក៏មិនហា៊នផ្តល់សេចក្តីលម្អិតពីគម្រោងនេះដែរ។ លោកស្រីបានមានប្រសាសន៍ថា “សកម្ម ភាពសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០១៣។ យើងកំពុងតែសាងសង់សណ្ឋាគារ ដើម្បីរកចំណូលជួយទ្រទ្រង់សាខាកាកបាទក្រហមនៅតាមខេត្ត និងដើម្បីបន្តគាំទ្រសកម្មភាពកម្មវិធីមនុស្សធម៌របស់យើង”។
លោកស្រី ហេង បានឲ្យដឹងទៀតថា អគារនេះបានបញ្ចប់ការសាងសង់៦០ភាគរយហើយ ក៏ប៉ុន្តែ លោកស្រីបានបដិសេធមិនប្រាប់ថា តើអ្នកណាបានទទួលកិច្ចសន្យាសាងសង់អគារសណ្ឋាគារនេះ។
លោក អានឌ្រា អាសឺប៊ីស (Andrea Acerbis) ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមនៅកម្ពុជា បានលើកឡើងថា វាមិនមែនជារឿងប្លែកទេដែលសាខាកាកបាទក្រហមនៅមូលដ្ឋានបង្កើតមុខរបបដើម្បីរកចំណូល។
លោក អាសឺប៊ីស បានមានប្រសាសន៍ថា “ខ្ញុំបានឃើញរឿងបែបនេះនៅក្នុងប្រទេសផ្សេងៗទៀត ដែលកាកបាទក្រហមសាងសង់ផ្ទះសំណាក់ ឬក៏អ្វីផ្សេងទៀត ដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ខ្លួន”។
ទោះជាយ៉ាងណាលោក ឡោ ចាន់ អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះវិហារ បានមានលើកឡើងពីកត្តាជំរុញផ្សេងទៀតនៅពីក្រោយគម្រោងសាងសង់សណ្ឋាគារនេះ ក្រោមឈ្មោះកាកបាទក្រហម។
លោក ឡោ ចាន់ បានមានប្រសាសន៍ថា “ពួកគេប្រហែលជាសាងសង់សណ្ឋាគារនេះដោយប្រើឈ្មោះកាកបាទក្រហម ដើម្បីគេចវេសពីការបង់ពន្ធជូនរដ្ឋ”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ខណៈដែលកាកបាទក្រហមកម្ពុជាចំណាយប្រាក់រាប់លានដុល្លារទៅសាងសង់សណ្ឋាគារមានប្រជាជនយ៉ាងច្រើនក្នុងប្រទេសកម្ពុជា ត្រូវការជំនួយមនុស្សធម៌”។
កាកបាទក្រហមកម្ពុជាដែលមានសាខានៅ២៤ខេត្ត-ក្រុង ត្រូវបានគេដឹងយ៉ាងទូលំទូលាយថា ជាសេនាធិការរបស់គណបក្សប្រជាជនកម្ពុជា។
លោកស្រី ប៊ុន រ៉ានី ដែលជាប្រធានកាកបាទក្រហមកម្ពុជា បានប្រើឋានៈរបស់លោកស្រីកាលពីឆ្នាំមុន ក្នុងការថ្លែងសុន្ទរកថាទាក់ទង នឹងរឿងនយោបាយអំឡុងពេលលោកស្រី ចុះទៅផ្តល់ជំនួយដល់ជនរងគ្រោះដោយសារទឹកជំនន់នៅខេត្តបៃលិន។ នៅពេលនោះលោកស្រី ប៊ុន រ៉ានី លើកឡើងថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សនយោបាយតែមួយគត់ដែលជនរងគ្រោះដោយសារទឹកជំនន់ ពឹងអាស្រ័យបាន។
លោកស្រីបានមានប្រសាសន៍ថា “ នៅពេលមានទឹកជំនន់ ឬក៏មានរឿងអ្វីកើតឡើងពុកម៉ែបងប្អូនឃើញថា មិនមានគណបក្សណាផ្សេងមកជួយបងប្អូននៅទីនេះទេ។ មានតែគណបក្សប្រជាជនតែប៉ុណ្ណោះ ពីព្រោះមន្ត្រីរាជការទាំងអស់ជាសមាជិកគណបក្សប្រជាជនកម្ពុជា”។
កាលពីខែឧសភាឆ្នាំមុន ពោលគឺរយៈពេលបីខែមុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អ្នកនយោបាយ និងអ្នកជំនួញធំៗនៅក្នុងប្រទេសកម្ពុជា បានចូលរួមទិវាកាកបាទក្រហមពិភពលោក ដោយផ្តល់អំណោយជាប្រាក់១៤លានដុល្លារដល់កាកបាទក្រហមកម្ពុជា នេះបើយោងតាមប្រភពក្នុងស្រុកមួយ៕សុធា