29 C
Phnom Penh

សាលារាជធានី​ភ្នំពេញ​ចង់​បង្កើត​មណ្ឌល​ថ្មីសម្រាប់​ប្រជាជនអត់កន្លែង​ស្នាក់នៅ និង​អ្នកសុំទាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាន​​លើកឡើង​កាល​​ពីម្សិល​មិញថា មន្ទីរ​សង្គម​កិច្ច​រាជធានីភ្នំពេញ​បាន​ស្នើ​ឲ្យ​សាលា​រាជធានីភ្នំពេញប្រើ​អគារ​​​មួយ​ក្នុង​​ខណ្ឌ​​ពោធិ៍​​សែន​​ជ័យ ​​ជា​មណ្ឌលសំចត​បណ្តោះ​​អាសន្ន​ទូទាំង​រាជធានី​​​ថ្មី​មួយ​សម្រាប់​អ្នក​គ្មាន​​ផ្ទះសម្បែងស្នាក់នៅ ​​​និង​​អ្នក​សុំទាន​ រួម​​ទាំង​កុមារ​។

លោក ភី ចន្ថា អនុប្រធាន​មន្ទីរ​សង្គម​កិច្ច​​​បានមាន​​ប្រសាសន៍ថា មណ្ឌលនេះ​​នឹង​ជា​​​ទី​កន្លែង​​​បណ្តោះ​​​អាសន្ន​សម្រាប់​​អ្នក​សុំ​​ទាន ​​​និង​​អ្នក​​គ្មាន​​ផ្ទះ​សម្បែង​​ទាំង​​អស់​​ក្នុង​​កិច្ច​ប្រឹង​ប្រែង​​ដើម្បី​កាត់​​បន្ថយ​​ការ​​សុំ​​ទាន​ និង​ធ្វើ​ឲ្យ​​រាជ​​ធា​នី​ភ្នំពេញកាន់​​តែ​​មា​នភាព​​ទាក់ទាញ។

លោកបានមាន​​ប្រសាសន៍ថា “យើងត្រូវ​ការ​​ការ​​​​អនុញ្ញាតឲ្យ​​សាលារាជធានី​ប្រើ​អគារ​នេះនៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប្រមូល​អ្នក​សុំទាន”។

មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​ពោធិ៍សែន​ជ័យ ក្នុង​សង្កាត់​ចោមចៅ បច្ចុប្បន្ន​នេះ​ត្រូវ​បាន​​ប្រើ​ជា​មណ្ឌល​កុមារ​កំព្រា​របស់រដ្ឋ​ជាទី​ដែលអ្នក​គ្មាន​លំនៅដ្ឋាន​ស្នាក់​នៅម្ដង​ម្កាល​ នេះ​បើ​យោងតាម​លោក សន សុផល នាយក​​ មន្ទីរ​សង្គម​កិច្ច​រាជ​ធានី​ភ្នំពេញ​។

លោក សុផល បាន​ឲ្យ​ដឹង​ថា លោក​បាន​ស្នើ​ឲ្យ​​សាលា​រាជ​ធានី​អនុញ្ញាត​ឲ្យមានការ​​ប្រើ​អគារ​នេះ​សម្រាប់​អ្នក​សុំទាន​មកពី​ខណ្ឌ​ចំនួន​ប្រាំបួន​ក្នុង​រាជធានី​ភ្នំពេញ។

លោក សុផល ​បាន​ឲ្យ​ដឹង​ថា “យើង​បាន​ប្រមូលពួកគាត់[​អ្នក​សុំទាន]​ពីមុន​មក​ ហើយ​រក្សា​ពួកគាត់នៅ​ក្នុង​អគារ​តូច​មួយ ប៉ុន្តែ​អង្គ​ការ​សង្គម​ស៊ីវិល​​​​ចោទ​យើង​​ថា ​ទុក​ពួកគាត់​នៅនឹង​កន្លែង​​តូច​ពេក​”។ លោក​បាន​បន្ថែម​ថា ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​​នេះ​គួរ​តែឲ្យ​នៅ​ក្នុង​អគារ​ថ្មីនេះ។ លោក​បាន​ឲ្យ​ដឹង​បន្តថា បន្ទាប់ពី​ការ​អប់​រំ​ឡើង​​វិញ និង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​រយៈ​​ពេល​ជាច្រើន​ថ្ងៃ​ អ្នក​សុំទាន​នឹង​ត្រូវ​ត្រឡប់​ទៅផ្ទះវិញ​។

អង្គការ​សិទ្ធិមនុស្ស​បាន​រាយ​ការណ៍​អំពី​ការ​រំលោភ​ផ្លូវ​ភេទ​ក្នុង​មជ្ឈមណ្ឌល​សង្គម​កិច្ច​បែប​េនះ។ ពួកគេលើកឡើង​ថា ស្ថានភាព​បែប​នេះ​មិនល្អឡើយ ហើយ​ថា ការ​បណ្ដុះ​​បណ្ដាល​វិជ្ជាជីវៈ​កម្រ​មាន​​ណាស់​។

មុន​ពេល​មេដឹក​នាំ​បរទេស​មក​ធ្វើ​ទស្សន​កិច្ចនៅ​​កម្ពុជា ក៏​ដូចជា​មុន​ពេលព្រឹត្តិ​ការណ៍​អន្តរជាតិ​ធំៗ​កើត​ឡើង​ ដូចជា​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ​២០១២​ជា​ដើម​នោះ​ សាលា​រាជ​ធានី​ភ្នំពេញ បាន​រៀប​ចំ​កែ​លម្អ​ និង​​ឲ្យ​​ប្រជា​ជន​នៅ​តាម​ដង​ផ្លូវ​​ចាក​ចេញពី​​ទី​​នោះ​។

លោក ចាន់ថា បាន​ឲ្យដឹង​ថា លោក​មិន​ដឹង​ថា មាន​អ្នក​សុំ​ទាន​ប៉ុន្មាន​នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ ក៏​ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា ចំនួន​ប្រជាជន​នៅ​តាម​ដង​ផ្លូវ​ទំនង​ជា​កើន​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃ​ណី​ជាតិ​ខ្មែរ​មក​ដល់​។

លោក​បាន​លើក​ឡើង​បន្ត​ថា អ្នក​សុំ​ទាន​ភាគ​ច្រើន​ពិត​ជា​មិន​មាន​លំនៅ​ដ្ឋាន​ស្នាក់​នៅ​ទេ ក៏​ប៉ុន្តែ ជា​ផ្នែក​មួយ​នៃ​បណ្តាញ​ដែល​ត្រូវ​បាន​រៀប​ចំ​ឡើង​។ លោក​បាន​មាន​ប្រសាសន៍​ថា “គេ​ប្រាប់​ខ្ញុំ​ថា អ្នក​សុំ​ទាន​កំពុង​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​គ្រប់​ទី​កន្លែង​ក្នុង​ទីក្រុង​ ដើម្បី​បំពេញ​កិច្ច​ការ​សុំ​ទាន​”។

លោក ចាន់ សុវ៉េត មន្ត្រី​ស៊ើប​អង្កេត​អង្គ​ការសិទ្ធិ​មនុស្ស​អាដហុក ​បាន​លើក​ឡើង​ថា នេះ​គឺ​ជា​តួនាទី​របស់​រដ្ឋាភិបាល​គឺ​មិន​មែន​ត្រឹម​តែ​​ប្រមូល​អ្នក​សុំ​ទាន​ និង​ដោះ​លែង​ពួក​​គាត់​ប៉ុន្មាន​ថ្ងៃក្រោយ​មកប៉ុណ្ណោះ​ទេ ប៉ុន្តែ ថែម​ទាំង​ផ្តល់​ការងារ​ និង​ជំនាញ​ឲ្យ​ពួក​គាត់​ទៀត​ផង ដើម្បី​កុំ​ឲ្យ​ពួកគាត់​មក​ធ្វើ​សកម្ម​ភាព​នៅ​តាម​ដង​ផ្លូវ​ទៀត​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​ពួក​​​គេ​ចាប់​ពួកគាត់​ ទុក​ពួកគាត់​ និង​ដោះ​លែង​ពួកគាត់​ដោយមិន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ ឬ​ក៏​រក​ការងារ​ឲ្យ​ពួកគាត់​ធ្វើ ពួកគាត់​នឹង​ត្រឡប់​មក​សុំ​ទាន​ទៀត​ជាមិន​ខាន៕​ ប៊ុននី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស