26 C
Phnom Penh

បរិមាណ​នាំ​ចូល​យាន​យន្ត​កើន​ឡើង​អំឡុង​ពេល​មាន​ក្តី​កង្វល់​កាន់​តែ​ច្រើន​អំពី​បញ្ហា​ស្ទះ​ចរាចរណ៍

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បរិមាណ​នាំ​ចូល​រថយន្ត​ និង​ម៉ូតូ​ បា​ន​កើន​ឡើង​ជិត​២០​ភាគ​រយ​​សម្រាប់​រយៈពេល​ពីរ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន។ និន្នាការ​នេះ​ហាក់​ដូច​ជា​ឆ្លុះ​បញ្ចាំង​ឲ្យឃើញ​ពី​បញ្ហា​​ស្ទះ​ចរាចរណ៍​កាន់​តែ​ស្មុគ​ស្មាញក្នុង​រាជធានី​ភ្នំពេញ។

កាលពី​ខែមករា និង​ខែ​កុម្ភៈ​ បរិមាណ​សរុប​រួម​ទាំង​រថយន្ត និង​ម៉ូតូ​ បាន​កើន​ឡើង​ដល់​១៦៥.១៧៧គ្រឿង​ពី​១៣៨ .៥៣១ គ្រឿង​ក្នុង​ឆ្នាំ​២០១៣ ពោល​គឺ​កើន​ឡើង​១៩,២​ភាគ​រយ ខណៈ​ដែល​តម្លៃ​សរុប​នៃ​បរិមាណ​នាំច​ូល​ទាំង​នោះ​កើន​ឡើង​១៩,៤ភាគ​រយ​ ពី​១១៣លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ដល់​១៣៥លានដុល្លារ​​ក្នុង​ឆ្នាំ​នេះ។

លោក ឡាយ សុវណ្ណ ម្ចាស់​ភាគ​ហ៊ុន​នៅ​ហាង​លក់​ម៉ូតូ​ ឡាយ ហួត ក្នុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា បរិមាណ​លក់​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុងឆ្នាំ​នេះ​ ដោយ​សារ​តែ​អតិ​ថិ​ជន​៣០ភាគ​រយ​កំពុង​ប្រើ​ប្រាស់​សេវា​ឥណ​ទាន​ខ្នាត​តូច​ ដែល​នេះ​ជា​អត្រា​ខ្ពស់​ជាង​ឆ្នាំ​មុន​ដែល​មាន​កំណើន​​១០​ភាគ​រយ​ប៉ុណ្ណោះ​។

លោក សុវណ្ណ​ ​បាន​ឲ្យ​ដឹង​ទៀត​ថា កំណើន​​នៃ​បរិមាណ​លក់​នេះ ​ក៏​ដោយ​សារ​តែ​ចំណាយ​ប្រើ​ប្រាស់​កើន​ឡើង​ជា​ទូទៅ​ ព្រោះ​ប្រជាជន​មាន​ប្រាក់​ចំណូល​កើន​ឡើង​ជា​លំដាប់​។ លោក​បាន​មាន​ប្រសាសន៍​ថា “បរិមាណ​លក់​បាន​កើន​ឡើង​ ដោយ​សារតែ​ប្រជា​ជន​​មាន​ដី​ស្រែ និង​ដី​រក​ចំណូល​បាន​ច្រើន​ជាង​មុន​ ហើយ​ពួកគាត់​បាន​ប្រើ​ប្រាស់​សេវា​បង់​រំលោះ​កាន់​តែ​ច្រើន”។

បរិមាណ​នាំ​ចូល​យាន​យន្ត​កើន​ឡើង​ក្នុង​ពេល​អាជ្ញាធរ​ក្នុង​រាជធានី​ភ្នំពេញ​កំពុង​ខិត​ខំ​​ទប់​ស្កាត់​បញ្ហា​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ ដែល​មាន​បញ្ហា​នេះ​ស្រាប់។ សេវា​រថយន្តក្រុងសាធារណៈ​​ត្រូវបា​ន​​បង្កើតឡើង​​កាល​​ពីក្នុង​​ខែ​​​កុម្ភៈ​ដោយ​​ទីភ្នាក់​​ងា​រ​​សហប្រតិបត្តិការ​​​អន្តរជាតិ​ជប៉ុន​។ ​​​អង្គការ​​​នេះគ្រោងនឹង​​​​ពង្រីក​​ប្រតិបត្តិការ​ ​​ក្នុង​រូប​ភាព​​ឯកជន។

លោក អ៊ា ចរិយា ​អ្នក​​គ្រប់​គ្រង​កម្មវិធី​សុវត្ថិភាព​ផ្លូវ​គោក​​​នៃ​​អង្គការ​ជនពិការ​អន្តរ​ជាតិ​​ Handicap International បាន​​លើកឡើងថា ការ​​កើន​​ឡើង​​នៃ​រថ​​យន្ត​កាន់​​តែ​ច្រើន​​​នៅ​​លើ​ផ្លូវ​​ក្នុង​​រាជធានីភ្នំពេញគួរ​តែ​​អាច​​ឲ្យ​​​រដ្ឋា​ភិ​បាល​​​ធ្វើ​វិនិយោគទុន​​​ក្នុងសេវា​​​​ដឹក​ជញ្ជូន​​​​សា​ធារ​ណៈ​​និង​​​​ជួស​​ជុល​ផ្លូវ​​ចាស់ៗ​​​នៅ​ក្នុង​រាជ​​ធា​នី​។

លោកបា​​ន​មា​ន​​ប្រសាសន៍ថា “ការ​​កក​ស្ទះ​ចរាចរណ៍ជាបញ្ហា​ធំមួយ​ដែល​​ប្រជា​ពល​រដ្ឋជាច្រើន​ត្អូញត្អែរ​ ហើយ​ដំណោះ​ស្រាយ​មាន​តែ​បង្កើត​សេវា​​ដឹកជញ្ជូន​​សាធារណៈ​នេះ។ ផ្លូវ​នេះ​ក៏ចំាបាច់​ត្រូវ​អភិ​វឌ្ឍ ពីព្រោះ​បច្ចុប្បន្ន​នេះ​វាធ្វើ​ឲ្យមនុស្ស​ទាំង​ឡាយ​មិន​អាច​ដើរ​ទៅ​ណា​បាន​ទេ​”។

លោក ម៉ាសាតូ កូតូ (Masato Koto) ប្រធាន​​ផ្នែក​​បេសក​កម្ម​​​របស់ក្រុម​ការងារ​ផែន​ការ​ដឹក​ជញ្ជូន​នៃទីភ្នាក់ងារ​ជប៉ុនក្នុង​រាជ​​ធានី​ភ្នំ​ពេញ​បាន​លើកឡើងថា សេវា​រថយន្ត​ក្រុង​បាន​ជួយ​កាត់បន្ថយការ​ស្ទះចរាចរណ៍ ក៏ប៉ុន្តែ​ត្រូវ​ការ​ធ្វើ​ឲ្យ​ផ្លូវ​ប្រសើរ​ជាង​នេះ​។ លោក ​កូតូ បានមាន​ប្រសាសន៍​ថា “ចាំ​បាច់​​ ត្រូវ​​តែ​បង្កើត​ចំណត​ឲ្យ​បាន​ត្រឹម​ត្រូវ ព្រោះ​​​វា​នៅតែមាន​រថយន្ត​ជាច្រើន​ចត​​ដោយ​ខុស​ច្បាប់​ ហើយបង្អាក់​ដំណើរ​​រថយន្ត​ផ្សេង​ និង​​អ្នក​ធ្វើ​ដំណើរ”​៕​​សុធា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស