31 C
Phnom Penh

​គ្រួសារ​ដែល​គេ​​បណ្តេញ​ចេញ​រង់​ចាំ​ជំនួយ​ពី​​ធនាគា​អភិវឌ្ឍន៍​អាសុី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពីឆ្នាំ​២០១១​ លោក អឿន ភីរុន​ បាន​​ខ្ចី​លុយ​ចំនួន​​៤៥០​ដុល្លារ​ពី​ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី ដោយ​ប្រើ​លុយ​នោះ​ពាក់​កណ្តាល​សម្រាប់ទិញ​ម៉ូតូ​ចាស់​មួយ​គ្រឿង និង​​ពាក់​កណ្តាល​ទៀត​ចំណាយ​ទៅលើ​ការ​ចិញ្ចឹម​សត្វទា និងស​ត្វ​មាន់​មួយ​ចំនួន​តូច​។

លោក  អឿន ភីរុន​  កំ​​​ពុង​​​ឈរ​​​ក្នុង​​​ផ្ទះរបស់គាត់​​​ដ៏​​​តូច​​​មួយ​​​កន្លែង​​​​​​ស្ថិត​​​នៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ ដែល​​​មាន​​​សមា​​​ជិកសាច់​​​ញាត្តិ​​​ចំនួន​​​១៥​​​នាក់​​​រស់​​​នៅ​​​ជា​​​មួយ។​​​ផន បុប្ផា
លោក  អឿន ភីរុន​  កំ​​​ពុង​​​ឈរ​​​ក្នុង​​​ផ្ទះរបស់គាត់​​​ដ៏​​​តូច​​​មួយ​​​កន្លែង​​​​​​ស្ថិត​​​នៅ​​​ជាយ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ ដែល​​​មាន​​​សមា​​​ជិកសាច់​​​ញាតិចំនួន​​​១៥​​​នាក់​​​រស់​​​នៅ​​​ជា​​​មួយ។​​​ផន បុប្ផា

គ្រួសារ​របស់​គាត់​ និង​ប្រជាជន​ប្រហែល​១.០០០គ្រួសារ​ទៀត​ត្រូវ​បាន​បណ្តេញ​ចេញ​ ពី​ផ្ទះ​របស់​ខ្លួន​នៅ​តាម​ផ្លូវ​រថ​ភ្លើង​ដែល​គេ​ទុក​​ចោល​ជា​យូ​រមក​ហើយ​ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​ជួស​ជុល​ផ្លូវ​រថ​ភ្លើង​​​​ដែល​មាន​ទឹក​ប្រាក់​ចំនួន​១៤៣​លាន​ដុល្លារ​​នេះ​ ដែល​មូល​និធិភាគច្រើន​ត្រូវ​បាន​ផ្តល់​ដោយ​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី។

ប្រជាជន​ប្រហែល​១០០គ្រួសារ​ក្នុង​ចំណោម​ប្រជាជន​ទាំង​នោះ​រួម​ទាំង​គ្រួសារ​លោក​ ភីរុន​ ផង​ត្រូវ​បាន​ឲ្យ​ផ្លាស់​ទី​លំនៅ​ចេញ​ពីកណ្តាល​រាជធានីភ្នំពេញ​ទៅ​ត្រពាំង​អញ្ចាញ​ ជា​កន្លែង​តាំង​លំនៅថ្មី​នៅ​​ជាយក្រុង​ក្នុង​ខណ្ឌ​ពោធិ៍សែន​ជ័យ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ ប្រហែល​​កន្លះ​ម៉ោង​ពី​កណ្តាល​ក្រុង​។

កម្ចី​​បន្តិច​បន្តួច​សម្រាប់​ជួយ​អ្នក​ដែល​ត្រូវ​ផ្លាស់​ទី​លំនៅ​ទិញសត្វ​ចិញ្ចឹម​ គឺជា​ផ្នែក​មួយ​នៃ​ការ​​ខិត​ខំ​ប្រឹង​ប្រែង​របស់​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​​ដើម្បី​ជួយ​​បំពេញ​បន្ថែម​សម្រាប់ការ​បាត់​បង់​ផ្ទះ​ និង​ការ​ងារ​របស់​គ្រួសារ​ទាំង​នេះដោយ​សារ​គម្រោង​របស់​ខ្លួន​។ ប៉ុន្តែ សត្វ​ទា និង​សត្វ​មាន់​របស់​លោក​ ភីរុន បាន​ងាប់​អស់​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ ហើយគាត់​នៅ​តែ​ជំពាក់​ធនាគារ​នេះ​ចំនួន​៤៥០​ដុល្លារ​ និង​ការ​ប្រាក់​​​​ដដែល​។

បុរស​អាយុ​៦៧​ឆ្នាំ​រូប​នេះបាន​និយាយ​កាល​ពីម្សិលមិញ​ថា “សត្វ​មាន់​ទាទាំង​នោះ​បាន​ងាប់​អស់​ ហើយខ្ញុំ​មិន​​បាន​​លុយ​​សោះ​​”។ គាត់​ក៏​ត្រូវ​ខ្ចី​លុយ​ចំនួន​១.០០០ដុល្លារ​ទៀត​ដែល​គាត់​នៅ​ជំពាក់​នៅ​ឡើយ​​រហូត​មក​ទល់​ពេល​នេះ ​ដើម្បី​សង់​ផ្ទះ​ថ្មី​នៅលើដី​ទំនេរ​មួយ​កន្លែង​។​ ផ្ទះ​នោះ​ គឺជា​ផ្ទះ​ឈើ​​មាន​មួយ​បន្ទប់​​សម្រាប់​គ្រួសារ​​ដែល​មាន​សមាជិក​១៦​នាក់​។

កាល​ពីខែកុម្ភៈ​ ​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​បាន​ទទួល​ស្គាល់​ជាចុង​ក្រោយថា ខ្លួន​បាន​ទទួល​រង​ការ​ស្តីបន្ទោស​ជាច្រើន​ចំពោះ​ការ​ជាប់​បំណុល​កាន់​តែ​ច្រើន​របស់​អ្នក​ដែល​ត្រូវ​បណ្តេញ​ទាំង​នេះ​។ កាល​ពីខែ​មុន​ធនាគារ​នេ​ះ​បាន​បញ្ចប់​សេចក្តី​ព្រាង​ផែនការ​សកម្ម​​ភាព​សម្រាប់​ផ្តល់​សំណង​សម​ស្រប​ដល​់គ្រួសារ​ទាំង​នេះ ហើយ​គ្រោង​នឹង​ប្រកាស​ផែន​ការ​នេ​ះ​ជាសាធារណៈ​ នៅពេល​ផែន​ការ​នេះ​​បាន​ទទួល​ការ​អនុម័ត​យល់​ព្រម​ពី​ក្រុម​ប្រឹក្សា​នាយក​របស់​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​។

រហូត​មកទល់​ពេល​នេះ​​​ធនា​គារ​អ​ភិវឌ្ឍន៍​​​ អាស៊ី មិន​ទាន់​និយាយ​អ្វី​អំពី​ផែនការ​នេះទេ ប៉ុន្តែ លោក ភីរុន ដឹង​ថា គាត់​ចង់​បាន​អី​​​។ គាត់​បាន​និយាយ​ថា ខ្ញុំ​ចង់​ឲ្យ​​ធនា​គារ​អ​ភិ​វឌ្ឍន៍​​អាស៊ី​​ជួយ​សង​បំណុល​ខ្ញុំ​។ ខ្ញុំ​ចង់​ឲ្យ​​ពួក​គេ​ជួយ​សង​បំណុល​ខ្ញុំ និង​ជួយ​រក​ការ​ងារ​ឲ្យ​ខ្ញុំ​ធ្វើ​។ ខ្ញុំ​ចង់​ឲ្យពួក​គេ​ជួយ​ធ្វើ​ឲ្យ​ការរស់​នៅ​របស់​យើង​បាន​ប្រសើរ​ជាង​មុន​”។

មុន​ពេល​ចាប់​ផ្តើម​ធ្វើ​សេចក្តី​ព្រាង​ផែន​ការសកម្ម​ភាព​​របស់​ខ្លួន​សម្រាប់​​គ្រួសារ​ទាំង​នេះ​ ​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​បាន​​ចេញ​របាយ​ការណ៍​មិន​ល្អមួយ​​​របស់​ក្រុម​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​របស់​ខ្លួន​​ដែល​បាន​បង្ហាញ​ពី​វិធី​ជា​ច្រើន​ដែល​ធនាគារ​នេះ​បាន​​ធ្វើ​ព្រងើយ​កន្តើ​យ​ចំពោះ​គោល​នយោបាយ​ការ​ពារ​សុវត្ថិភាព​របស់ខ្លួន​ នៅពេល​ដែល​មាន​ការ​ផ្លាស់ទី​លំ​នៅ​ប្រជាជន​ដែល​រស់​នៅ​តាម​ផ្លូវ​រថ​ភ្លើង​នេះ​។ ក្រុម​នេះ​បាន​ស្នើ​ឲ្យមាន​ការ​ផ្លាស់​ប្តូរ​ចិត្ត​ទាំង​ស្រុងចំពោះ​វិធី​ដែល​ធនាគារ​នេះ​​បាន​​អនុវត្ត​ចំពោះ​គ្រួសារ​ដែល​ត្រូវ​បណ្តេញ​ចេញ​ដោយ​សារ​គម្រោង​របស់ខ្លួន​។

ក្រុម​នេះ​ក៏បាន​​ផ្តល់​អនុសាសន៍​ទូលំ​ទូលាយ​មួយ​ចំនួនដែលក្រុម​​ប្រឹក្សា​នាយក​នៃ​​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី បាន​អនុម័ត​យល់​ព្រម​ភ្លាម​ៗ រួម​ទាំង​គម្រោង​ផ្តល់​សំណង​សម​ស្របដល់​គ្រួសារ​ទាំង​នេះ​ផង​ដែរ​ ប៉ុន្តែ ក្រៅ​ពីជំនួយ​​របស់​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​ ​អនុសាសន៍​ទាំង​ នោះស្នើ​ឲ្យ​​មាន​ការ​ចំណាយ​ប្រាក់​បន្ថែម​ទៀត​ដែល​គេ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​​រហូតដល់​​៤លាន​ដុល្លារ​​ជា​កម្ចី​ដល់​រដ្ឋាភិ​បាល​កម្ពុជា​។

អនុសាសន៍​ទាំង​នោះ​ក៏​ស្នើ​សុំ​ឲ្យ​មាន​​ផែន​​ការ​ជួយ​​សង​កម្ចី​ដែល​គ្រួសារទាំង​នេះ​បាន​ជំពាក់​ចាប់​តាំង​ពី​ការ​បណ្តេញ​ពួក​គាត់​ចេញ​​ ជាកម្ចី​ដែល​​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​ទទួល​ស្គាល់​ថា ខ្លួន​បាន​​ជំរុញ​ឲ្យគ្រួសារ​នេះ​ខ្ចី ។​​ប៉ុន្តែ អនុសាសន៍ទាំង​នោះ​ស្នើ​ឲ្យ​ផ្តល់​កម្ចី​ថ្មី មានការ​ប្រាក់ទាប​ដល់​គ្រួសារ​ទាំង​នេះ​ជា​ជាង​ការ​អនុគ្រោះ​​បំណុល​ទាំង​អស់​។

​​ការ​ផ្តល់​កម្ចីថ្មី​មិន​មែន​ជាការល្អ​​សម្រាប់​អ្នកស្រី វីន ស្រីម៉ៅ​ ទេ។ អ្នកស្រី​បាន​ផ្លាស់​ទៅ​នៅ​តំបន់​ត្រពាំង​អញ្ចាញ​ជាមួ​យ​ប្តី​របស់​អ្នកស្រី​ បន្ទាប់​ពី​បាត់​បង់​ផ្ទះ​របស់​អ្នកស្រី​នៅ​កណ្តាល​ទីក្រុង​ភ្នំ​ពេញ​កាល​ពី​បីឆ្នាំ​មុន​។

មុន​ពេល​ផ្លាស់​ចេញ ពួកគាត់​អាចលក់​​បាយ​ម្ហូប​បាន​២៥​ដុល្លារ​ក្នុង​មួយ​ទៅឲ្យ​ប្រជាជន​ដែល​រស់​នៅ​តាម​ផ្លូវ​រថ​ភ្លើង​នេះ​។​នៅ​ទី​នេះ​ពួកគាត់​ ម្នាក់​ៗ​រក​បាន​៥​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ ដោយ​​ការ​អូស​​បាវ​អង្ករ​ធ្ងន់​ៗ​ពី​ឃ្លាំង​មួយ     ​​ទៅ​ផ្លូវ​ធំ​នៅ​ជិត​នោះ​។​ចាប់​តាំង​ពីអ្នកស្រី​ ស្រីម៉ៅ បង្កើត​កូន​ទី​២​របស់​គាត់​កាល​ពី​បី​ខែមុន​នោះ​មក​​ មាន​តែ​ប្តី​គាត់​ម្នាក់​ប៉ុណ្ណោះជា​អ្នក​រក​ចំណូល​។

ពួកគាត់​បា​ន​ទទួល​លុយ​​៨០០ដុល្លារ​​ និង​ដី​​ទំនេរ​​មួយ​ក្បាល​​ទំហំ​​ ៧គុណ១៥​មែ៉ត្រ​ជា​សំណង​ចំពោះការ​​បណ្តេញ​ពួក​គាត់​ចេញ​។ ប៉ុន្តែ ពួកគាត់​ត្រូវ​ខ្ចី​លុយ​គេ​៥០០ដុល្លារ​ទៀត​​ដើម្បីសង់​ផ្ទះឈើ​តូចមួយ​។ពួកគាត់​នៅ​ជំពាក់​ប្រាក់​នោ​ះទាំង​អស់​ ហើយ​បាន​បង់​តែ​ការ​ប្រាក់​អស់​រយៈពេល​បីឆ្នាំ​មក​ហើយ​។ ទោះបី​ជា​ដូច្នេះ​ក្តី​ពួកគាត់​អត់​មាន​លុយ​ដាក់​ជញ្ជាំង​ផ្ទះ​ផ្នែក​ខាង​ក្រោយ​ដែល​នៅ​បាំង​តង់​កៅស៊ូ​ពណ៌ខៀវ​នៅឡើយ​នេះ​ទេ​។

អ្នកស្រី ស្រីម៉ៅ បាន​និយាយ​ពេល​អង្គុយ​លើ​កៅអី​នៅ​ខាង​ក្រៅ​ទ្វារ​ផ្ទះ​ថា “ខ្ញុំ​បាន​​រស់​នៅទីនេះ​ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ ហើយ​​សូម្បី​តែ​លុយ​សម្រាប់​ដាក់​ជញ្ជាំង​ផ្ទះ​នេះ​ក៏​គ្មាន​ដែរ​”។

គ្រួសារ​នេះ​បាន​ប្រើ​ប័ណ្ណ​កម្មសិទ្ធិ​ដី​របស់​​ខ្លួន​ជា​វត្ថុ​បញ្ចាំសម្រាប់ខ្ចី​លុយ​ ហើយ​ខ្លាច​បាត់​បង់​ដី​នោះប្រសិនបើ​ពួកគាត់​មិន​អាច​សង​បំណុងនោះបាន​។ ដូច​អ្នក​ជិត​ខាងរបស់​​​គាត់​ដែរ​​ អ្នកស្រី ស្រីម៉ៅ បាន​និយាយ​ថា ​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​គួរ​តែ​មាន​កិច្ច​​ព្រម​ព្រៀង​សម​រម្យសម្រាប់​​ពួកគាត់​ មិន​មែន​ឲ្យ​ពួកគាត់​សង​បំណុល​ជាច្រើន​​ដែល​អាច​ធ្វើ​ឲ្យ​ពួកគាត់​​នៅ​តែខ្វះខាត​នោះទេ​។

ធនាគារ​នេះ​បាន​ទទួល​ស្គាល់​ថា ការ​បើក​លុយ​​ឲ្យពួកគាត់​ទាំង​អស់​លឿនៗ​ដូច​ដែល​ក្រុ​ម​ត្រួត​ពិនិត្យ​ផ្តល់អនុសាសន៍​ នឹង​នៅ​តែ​ធ្វើ​ឲ្យគ្រួសារ​មួ​យ​ចំនួន​គ្មាន​លុយ​ដដែល​។

អ្នកស្រី​ ស្រីម៉ៅ បាន​និយាយ​ថា ខ្ញុំ​គ្រាន់​តែ​ចង់​ឲ្យ​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​ជួយ​យើង​ឲ្យ​បាន​រស់​នៅដូច​ដើមវិ​ញ​ ឲ្យមាន​ការ​ងារ​ល្អ​និង​ជួយ​លុយ​ខ្លះដល់​ពួកយើង​។ ខ្ញុំ​មិន​ចង់​បាន​​​ច្រើន​ទេ​ គ្រាន់​តែ​ចង់​បាន​អ្វី​ដែល​សម​ស្រប​ ហើយ​ខ្ញុំ​ចង់​បាន​ប័ណ្ណកម្មសិទ្ធិ​ដីខ្ញុំ​មក​វិញ​”។

ក្រៅពី​ការផ្តល់​សំណង​បន្ថែម​ និង​លក្ខ​ខណ្ឌ​​ខ្ចីលុយ​ល្អ​ ក្រុម​ត្រួត​ពិនិត្យ​របស់​​​ធនា​គារ​អ​ភិ វឌ្ឍន៍​​អាស៊ី​ក៏បានផ្តល់​អនុសាសន៍​ឲ្យ​បង្កើន​កិច្ច​ខិត​ខំប្រឹងប្រែង​ដើម្បី​​ជួយ​រក​ការ​ងារល្អ​សម្រាប់​​គ្រួសារ​​ទាំង​នេះ​។ អ្នកស្រីបាន​និយាយ​ថា វា​គួរ​មានអ្វី​លើ​ស​ពី​គម្រោង​ចិញ្ចឹម​សត្វ​មាន់​ ដែល​ធ្វើ​ឲ្យលោក​ ភីរុន បរា​ជ័យ នេះ​​។

អ្នកស្រី​បាន​និយាយទាំង​សំណើច​ថា “តើ​ខ្ញុំ​នឹង​ចិញ្ចឹម​មាន់​នៅ​ទី​ណា​?ខ្ញុំ​មិនមាន​ដី​​គ្រប់​គ្រាន់ទេ​ ហើយ​គេ​ផ្តល់​មាន់​ឲ្យយើង​​ ប៉ុន្តែ យើង​ត្រូវ​ខ្ចី​លុយ​គេ​។ ខ្ញុំខ្លាច​មាន់ងាប់ ហើយ​​ជំពាក់​បំណុល​គេ​កាន់​តែ​ច្រើន​គ្មាន​សល់​អ្វីសោះ​”។

ក្រុមត្រួត​ពិនិត្យ​នេះ​ក៏ផ្ដល់​អនុសាសន៍​ឲ្យ​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កន្លែង​តាំង​លំ​នៅ​ថ្មីនេះដែរ​ ដោយ​លើក​ឡើងពីស្ថាន​ភាព​មិន​ល្អ​នៅ​មណ្ឌលសុខភាព​ត្រពាំង​អញ្ចាញ​។​នៅពេល​ទៅមើល​មណ្ឌល​សុខភាព​នេះ​កាល​​ពីម្សិលមិញ អគារ​លាប​ថ្នាំពណ៌ស​នេះ​បាន​ចាក់​សោ​បិទ​ទ្វារ​។

លោក ឃួន ព្រំសារិទ្ធ ​ដែល​បានផ្លាស់​មក​នៅទីនេះ​កាលពីឆ្នាំ២០១១​ជា​មួយ​ប្រពន្ធ​គាត់​ ប្អូន​ស្រី និង​កូន​ពីរ​នាក់​បាន​​និយាយ​ថា “ មណ្ឌល​សុខភាព​នេះ​​គ្មាន​ថ្នាំពេទ្យ​ និង​វេជ្ជ​បណ្ឌិត​ទេ”។ ចំណែក​ឯ​សាលា​រៀនវិញ គាត់​​និយាយ​​ថា វា​ចង្អៀត​មាន​សិស្ស​ពី​៤០​ទៅ​៥០​នាក់​ក្នុង​មួយ​បន្ទប់។

ដូច​អ្នកជិត​ខាង​របស់​គាត់​ដែរ​ លោក ព្រំ សារិទ្ធ មិន​សូវ​មានជំនឿ​លើ​​ធនា​គារ​អ​ភិវឌ្ឍន៍​​​អាស៊ីទេ។ គាត់​បាននិយាយ​ថា “ ពីមុន​ខ្ញុំ​គិត​ថា ​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី អាច​ជួយរក​កន្លែង​​​ល្អ​ឲ្យយើង​ស្នាក់នៅបាន ប៉ុន្តែ​ក្រោយមក​​ពួក​គេ​បាន​នាំ​យើ​ង​យក​មក​បោះ​ចោល​នៅ​ទី​នេះ​។ ពួកគេ​និយាយ​ថា ប្រសិន​បើ​​ពួកគេ​មិន​អាច​ធ្វើ​ឲ្យ​ការ​រស់​នៅ​របស់​យើង​​ប្រសើរ​ជាង​មុន​​ទេ យ៉ាង​ហោច​ណាស់​ក៏ពួកគេ​ធ្វើ​ឲ្យ​ដូច​​ពី​មុន​​ដែរ​ ប៉ុន្តែ​វា​កាន់​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត​”។

ដូច​អ្នក​ផ្សេង​ទៀត​ដែរ​ គាត់​ចង់​បានលុយ​គ្រប់​គ្រាន់​ពី​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី សម្រាប់​ចំណាយ​លើ​ការ​សាង​សង់​ផ្ទះថ្មីនៅ​លើ​ដី​​ទំនេរ​នេះ​​។ ​​គាត់​ក៏ចង់​ឲ្យ​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​បង្ហាញ​ផែនការ​សកម្មភាព​របស់​ខ្លួន​ដល់​គ្រួសារ​ទាំង​នេះ​ ដោយគ្មាន​ការ​ពន្យា​រ​ពេ​​ល។

អង្គការ​សម​ធម៌កម្ពុជា​ ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​បាន​​ប្តឹង​តវ៉ា​​នាំ​ឲ្យ​មាន​ការ​​​ត្រួត​ពិនិត្យ​ផ្នែក​អនុ​វត្ត​ច្បាប់​លើ​គម្រោង​ផ្លូវ​រថភ្លើង​របស់​​ធនា​គារ​នេះ​ នឹង​ធ្វើ​សំណើ​ជាផ្លូវ​ការ​ទៅ​ធនា​គារ​អ​ភិវឌ្ឍន៍​​​អាស៊ី​នៅ​ថ្ងៃ​នេះ​ ដើម្បី​ចង់​ឃើញ​ផែន​ការ​នោះ​។

លោក ដេវីដ ប្រែ៊ដ នៅ​អង្គការ IDI ដែល​​​បាន​ធ្វើ​ពាក្យ​​ប្តឹង​តវ៉ា​នេះដែរ​​បាន​និយាយ​ថា លោក អុីរីក ស៊ីដវីក នាយក​ប្រចាំ​ប្រទេស​​ធនា​​គារ​អ​ភិវឌ្ឍន៍​​អាស៊ី បា​ន​ប្រាប់​គាត់​ថា ​មិន​ចាំ​បាច់​ពិគ្រោះយោបល់​ពី​ផែន​ការ​នេះ​ជាមួយ​គ្រួសារ​ទាំង​នោះទេ រហូត​ដល់​ក្រោយ​ផែន​ការ​នោះ​បានទៅ​ដល់​ក្រុម​ប្រឹក្សា​នាយក​របស់​​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី។

លោក ប្រែ៊ដ បាននិយាយ​ថា “ អ្វីដែល​យើង​អាច​សន្និដ្ឋាន​ពី​ទង្វើ​ថ្មី​​​​របស់​ធនាគារ​នេះ គឺ​ថា​ពួក​គេ​មានបំណង​​បង្ហាញ​​ផែន​ការ​​រៀប​ចំ​មិន​បាន​​ល្អ​ ដែល​​នាំ​ឲ្យ​មាន​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពីប្រជា​ជនទាំង​នេះ​”។

“ ខ្ញុំ​សង្ឃឹម​ថា ​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី​ស្ដាប់​ការ​ស្នើ​សុំពី​​ក្រុម​ត្រួត​ពិនិត្យ​នេះ​​ឲ្យមាន​ការ​​ផ្លាស់​​ប្ដូរ​ចិត្ត​ចំពោះវិធី​ដែល​ខ្លួន​ដោះ​ស្រាយ​​ការ​តាំង​​ទីលំនៅថ្មី​ ការ​ពិគ្រោះ​យោបល់​ និង​​ការ​តម្រូវ​ឲ្យ​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​។ ប៉ុន្តែ​​វា​ច្បាស់​ណាស់​ថា ស្ថាប័ន​នេះ​មិនអាច​​ដឹង​ពី​កំហុស​របស់​ខ្លួនទេ​”។

លោក ស៊ិដវីក និយាយ​កាលពីម្សិល​មិញ​ថា ​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី និង​រដ្ឋាភិ​បាល​កម្ពុជា​ បាន​ព្រម​ព្រៀង​លើ​ចំណុច​សំខាន់ៗ​នៃ​​ផែន​ការ​នោះ​។ លោក​បាន​និយាយ​ថា នឹង​មាន​ការ​ពិគ្រោះយោបល់​ជាមួយ​​គ្រួសារ​ទាំង​​នោះ ប៉ុន្តែ​លោក​មិន​ប្រាប់​ថា ពេល​ណា​ទេ។

អ្នកស្រី ផុន និមល បាននិយាយ​ថា អ្នកស្រី​​មិន​​​ឃើញ​នរណា​ម្នាក់​មក​​ពី​​ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ី ចុះ​មក​មើល​ត្រពាំង​អញ្ចាញ​ទេ ចាប់​តាំង​ពី​អ្នកស្រី​ផ្លាស់​មក​ទីនេះ​ក្នុង​ឆ្នាំ​២០១១​មក​។

ប្ដីរបស់​អ្នកស្រី​រក​លុយ​បាន​ប្រហែល​១០០​​ដុល្លារ​ក្នុងមួយ​ខែ​​ ដោយ​ធ្វើ​ជាអ្នក​បើកបរ​​រថ​យន្ត​ដឹកកម្មករ​ទៅ​និង​មក​ពី​ធ្វើការ​វិញ​។ អ្នកស្រី​ត្រូវ​ឈប់​ធ្វើការ​នៅ​រោងចក្រ​កាត់​ដេរ​មួយ​​ដោយសារ​សុខភាព​មិន​ល្អ​ ហើយ​ឥឡូ​វ​នេះ​គាត់​​លក់ទូរស័ព្ទ​ដៃ​នៅក្រៅ​ផ្ទះ​ និង​ជួល​ធុង​បាស់​។ គ្រួសារ​នេះនៅ​ជំពាក់​លុយ​គេ​ជា​ង​ពាក់​កណ្ដាល​ នៃ​លុយ​​៨.០០០​ដុល្លារ​​ ដែល​ពួក​គាត់​បាន​ខ្ចី​​សម្រាប់​ផ្គត់​ផ្គង់​ដល់​ការ​ផ្លាស់​ទីលំនៅ​​ទាំង​បង្ខំ​ពីផ្ទះចាស់​​​នៅ​តាម​ផ្លូវ​រថ​ភ្លើង​​នេះ​។

អ្នកស្រី និមល និយាយ​ថា “នៅទី​នោះ​យើង​មាន​ដីតូច ប៉ុន្តែយើង​មិនជំពាក់​លុយ​គេ​ទេ ហើយ​យើង​សប្បាយ​ចិត្ត​។ នៅ​ទីនេះ​យើង​​​មានដីធំ​ ប៉ុន្តែ​យើង​ជំពាក់​បំណុល​គេ​ ហើយ​យើង​មិន​សប្បាយ​ចិត្ត​ទេ​។ ​

ធនា​គារ​អ​ភិវឌ្ឍន៍​​អាស៊ីបាន​ប្រាប់​ថា​ យើង​ នឹង​មាន​សាលា​រៀន​ត្រឹម​ត្រូវ មន្ទីរ​​​ពេទ្យ​ត្រឹម​ត្រូវ ប៉ុន្តែ​​មើល​​ទៅ​ឥឡូវ​នេះ។ វា​ហាក់​បីដូច​ជា​ពួកគេ​គ្រាន់​តែ​នាំ​យើង​យក​មក​បោះបង់​ចោល​នៅទីនេះ៕​គឹម​ហឿន​ 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស