31 C
Phnom Penh

ក្រុមហ៊ុន ស៊ិនទ្រី ឆ្លើយតប​ទៅ​នឹង​​អង្គភាព​ប្រឆាំងអំពើពុករលួយជុំវិញ​ករណី​តម្លៃ​សេវា​មិន​ប្រ​ក្រ​តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមហ៊ុន​​ដែល​​ទទួល​​ខុស​​ត្រូវ​​កា​រ​ប្រមូល​សំរាមក្នុង​​រាជធានីភ្នំពេញ​​​បា​ន​​​កា​រពារ​រចនា​សម្ព័ន្ធការកំណត់​ត​ម្លៃ​មិនប្រក្រតី​​​របស់ខ្លួន​​ក្នុង​ការ​ឆ្លើយ​តបនឹង​​​ការ​​​សាក​​សួរ​មួយ​​​ពីអង្គ​ភាព​ប្រឆាំង​​អំពើ​​ពុក​រលួយ​ ដែល​បាន​លើក​ឡើង​ថា ​មាន​ពាក្យ​​បណ្តឹងជាច្រើន​​បានធ្វើ​ឡើង​​​ដោយ​ម្ចាស់​​អាជីវកម្ម​តូចៗ។

អង្គភាព​​ប្រឆាំង​​អំ​ពើ​​ពុក​រលួយ​​​បាន​ផ្ញើ​លិខិត​​​​ជូន​ក្រុមហ៊ុន​ស៊ិនទ្រី​ កម្ពុជា ​កាលពីថ្ងៃ​ទី​២៤ ខែ មីនា ​​​ដោយលើកឡើងថា​ ម្ចាស់​​អាជីវ​កម្ម​​ក្នុងស្រុក​ជា​​ច្រើន​ ​​មិន​សុខ​​ចិត្តដែល​ហាងនៅក្នុង​​តំបន់ដូចគ្នា​​លក់​ផលិត​ផល​ដូច​គ្នា បង់​ថ្លៃ​​សេវា​​​ខុស​គ្នា​ឲ្យក្រុម​​ហ៊ុន​​​នេះ​​​សម្រាប់​ ប្រមូល​សំរាមរបស់ខ្លួន។

លិខិត​​​របស់​​អង្គភាព​ប្រឆាំង​​អំពើ​​ពុក​រលួយ​​មាន​​ខ្លឹមសារថា “ប្រជា​​ពលរដ្ឋ​មាន​ការ​​​​ខក​ចិត្ត​ចំពោះ​​​សេវាកម្ម​​របស់​ក្រុម​ហ៊ុន​​នេះ​ និងមិន​​ចង់​បង់ថ្លៃ​​សំរាម ​ដែល​ត្រូវ​បាន​ដាក់​ក្នុង​វិក្កយបត្រភ្លើង​​របស់​​ពួកគាត់​ទេ”។ ​​អង្គភាពប្រឆាំង​​អំពើ​​ពុក​រលួយ​បាន​ណែ​នាំ​ឲ្យ​ក្រុម​ហ៊ុន ស៊ិនទ្រី​​ បង្កើតច្រក​​​ទំនាក់​​ទំនង​​សាធារណៈមួយ​ ​សម្រាប់​អតិថិជន​អាច​ធ្វើ​ពាក្យ​​បណ្តឹង​ដោយងាយ​ស្រួល​​ដើម្បីកាត់​បន្ថយ​​ភាពមិនប្រក្រតី​​បែបនេះ។

ក្នុងការឆ្លើយ​តប​​​របស់ខ្លួន​​​ទៅកាន់​​អង្គ​ភាព​ប្រឆាំងអំពើ​​ពុករលួយ​ នៅក្នុង​លិខិត​មួយ​ច្បាប់ចុះថ្ងៃ​ទី​២០ ខែ​មីនា ក្រុមហ៊ុន​ស៊ិនទ្រី​ ​ទទួល​​ស្គាល់ថា ​​​​អាជីវកម្ម​​​នៅ​ទី​តាំង​ដូចគ្នា និង​កម្រិត​ដូចគ្នា ​ត្រូវ​បា​ន​យក​ថ្លៃ​ឈ្នួល​​ ខុសគ្នា​ សម្រាប់ការ​ប្រមូល​សំរាម។

ទោះ​ជាយ៉ាងណា ​ក្រុមហ៊ុនស៊ិនទ្រី​បាន​អះ​អាង​ថា  សា្ថនភាពនេះ​មិនអាច​ចៀស​ផុត​ទេ ដោយសារ​​​តែអតិថិជន​ដែល កំណាញ់​ ដែល​​មិនព្រម​បង់ថ្លៃ​ដូចបានកំណត់​សម្រាប់​ការ​ប្រមូល​សំរាម ​និង​​សុំឲ្យ​បញ្ចុះ​តម្លៃ។

ក្រុម​ហ៊ុន​ សិុនទ្រី​ បាន​សរសេរ​ក្នុង​លិខិត​របស់ខ្លួន​ថា “អតិថិ​ជន​មួយ​ចំនួន​នៅ​តែ​មិន​ព្រម​បង់​ថ្លៃ​សេវា​ដូច្នេះ​ក្រុម​ហ៊ុន​បាន​សម្រេច​បញ្ចុះ​តម្លៃ​សម្រាប់​អតិថិជន​មួយ​ចំនួន​”។

ក្រុម​ហ៊ុន​សិុន​ទ្រី​បាន​ឲ្យ​ដឹង​ទៀត​ថា សូម្បី​តែ​ក្នុង​ចំណោម​អតិថិជន​ដែល​បាន​យល់​ព្រម​ចំពោះ​តម្លៃ​ដែល​ត្រូវ​បាន​បញ្ចុះ​ណា​មួយ​ ក៏​ក្រុម​ហ៊ុន​នេះ​ជួប​ការ​លំបាក​ក្នុង​ការ​ប្រមូល​ប្រាក់​ទូទាត់​ដែរ។ លិខិត​ដដែល​មាន​ខ្លឹម​សារ​បន្ត​ទៀត​ថា “ដូច្នេះ​បញ្ហា​នេះ​នាំ​ឲ្យ​អាជីវកម្ម​ផ្សេង​ៗ​នៅ​កន្លែង​តែ​មួយ​ និង​ក្នុង​ផ្នែក​តែ​មួយ​បង់​ថ្លៃ​សេ​វា​ផ្សេង​ៗ​គ្នា​”។

លិខិត​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ហ៊ុន​សិុន​ទ្រី​កំពុង​ដោះ​ស្រាយ​បញ្ហា​នេះ​ហើយ។ លិខិត​​ក្រុម​ហ៊ុន​សិុនទ្រី​បាន​បង្ហាញ​​ថា “ សម្រាប់​បញ្ហា​ទាំង​អស់​នេះ​ក្រុម​ហ៊ុន​​បាន​បង្កើត​ការិយាល័យ​ទំនាក់​ទំនង​សា​ធា​​រណៈ​​មួយ​ ដើម្បី​ដោះ​ស្រាយ ​បណ្តឹង​របស់​អតិ ថិជន​” តាម​រយៈ​ការិយាល័យ​ក្នុង​មូល​ដ្ឋាន​ និង​នៅ​ទីស្នាក់​ការ​កណ្តាល​ក្នុងរាជ​ធានី​ភ្នំពេញ​។

កាលពី​ឆ្នាំ​២០០២ក្រុម​ហ៊ុន​សិុនទ្រី​ទទួល​បាន​កិច្ច​សន្យា​រយៈពេល​៥០​ឆ្នាំ​សម្រាប់​ផ្តល់​សេវា​ប្រមូល​សំរាម​ និង​សំណល់ក្នុង​រាជធានី​ភ្នំពេញ​យក​ទៅ​ចាក់​ចោល​។

ក្នុង​ស្ថានភាព​ប្រឈម​នឹង​ចំនួន​ប្រជាជន​កើន​ឡើង​យ៉ាង​លឿន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​​ពោល​គឺ​បាន​កើន​ឡើង​ពី​ប្រហែល​១,២លាន​នាក់​ក្នុង​ឆ្នាំ​២០០០ដល់​ប្រហែល​២,២លាន​នាក់​ក្នុង​ពេល​បច្ចុប្បន្ន ក្រុម​ហ៊ុន​សិុនទ្រី​ជួប​ការលំបាក​ក្នុង​ការ​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ ក្នុង​ការ​រក្សា​ភាព​ស្អាត​នៅ​តាម​ដង​ផ្លូវ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

កាលពី​ខែ​តុលាឆ្នាំ​មុន​ លោក ប៉ា សុជាតិ​វង្ស អភិ​បាល​រាជធានី​ភ្នំពេញ បាន​ព្រមាន​ក្រុម​ហ៊ុន​សិុន​ទ្រី​ថា ក្រុម​ហ៊ុន​នេះ​ត្រូវ​បំពេញ​ការងារ​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព​ជាង​មុន​ ក្នុង​ការ​សម្អាត​ផ្លូវ​ បើ​មិន​ដូច្នេះ​ទេ កិច្ច​សន្យា​នោះ​នឹង​ត្រូវ​បាន​លុប​ចោល​។

កាលពី​ខែ​កុម្ភៈ កម្មករ​ក្រុម​ហ៊ុន​សុិនទ្រី​ជាច្រើន​រយ​នាក់​បាន​ធ្វើ​កូដកម្ម​ដើម្បី​ទាម​ទារ​ការ​ដំឡើង​ប្រាក់​ខែ​ ជា​ហេតុ​នាំ​ឲ្យ​សំរាម​គរ​ដូច​ភ្នំនៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ។

បុគ្គលិក​ក្រុមហ៊ុនសិុនទ្រី​បានត្រឡប់​ចូល​ទៅ​ធ្វើការ​វិញ​ បន្ទាប់​ពី​ក្រុម​ហ៊ុន​នេះ​យល់​ព្រម​ដំឡើង​ប្រាក់​ខែ​២០ទៅ​២៥​ដុល្លារ​ ប្រាក់​បន្ថែម​ម៉ោង​ច្រើន​ជាង​មុន​ និង​ផ្តល់​ឯក​សណ្ឋាន​​ធ្វើការ​ដោយ​ឥតគិត​ថ្លៃ​។

លោក សេង សាវី ប្រធាន​ក្រុម​ហ៊ុន​សិុន​ទ្រី​ បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ប្រសិន​បើ​ក្រុម​នេះ​មិន​អនុញ្ញាត​ឲ្យ​អតិថិជន​បង់​ថ្លៃ​សេវា​តិច​ជាង​មុន​ទេ ខ្លួន​នឹង​ប្រឈម​នឹង​ការ​មិន​ទទួល​បាន​អ្វី​ទាំង​អស់។ លោក​បាន​មាន​ប្រសាសន៍​ថា “មូល​ហេតុ​​ដែល​ក្រុម​ហ៊ុន​បាន​អនុញ្ញាត​ឲ្យ​អតិថិជន​បង់​ថ្លៃ​ទាប​ជាង​មុ​ន​ពាក់​កណ្តាល​ គឺ​ដោយ​សារ​​តែ​អតិថិជន​មិន​ព្រម​បង់​ថ្លៃ​ពេញទេ​… ដូច្នេះ​ប្រសិន​បើ​យើង​មិន​ទទួល​យក​តម្លៃ​ទាប​ជាង​មុន​នេះ​​ យើង​នឹង​មិន​ទទួល​បាន​អ្វី​ទេ”៕​សុធា

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស