30.7 C
Phnom Penh

រដ្ឋាភិបាល​​​អំពាវនាវ​​​សុំ​​​​​​មូល​​​និធិ​​​បន្ថែម​​​​​​ដើម្បី​​​ជួយ​​​ដល់​​​កិច្ច​​​ប្រឹងប្រែង​​​ស្ដារឡើង​​​វិញ​​​ក្រោយ​​​ទឹក​​​ជំនន់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​​​ជាតិ​​​គ្រប់គ្រង​​​គ្រោះ​​​មហន្តរាយ​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា ខ្លួន​​​ត្រូវ​​​ការ​​​​​​​​​មូល​​​និធិ​​​២១៧​​​លាន​​​ដុល្លារ​​​​​​បន្ថែម​​​ទៀត​​​​​​ពី​​​ម្ចាស់​​​ជំនួយ​​​​​​និង​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិ​​​បាល​​​នានា​​​ ដើម្បី​​​ជួយ​​​​​​​​​ដល់​​​កិច្ច​​​ប្រឹងប្រែង​​​​​​​​​ស្ដារ​​​ឡើង​​​វិញ​​​ក្រោយ​​​​​​​​​ទឹក​​​ជំនន់​​​​​​កាល​​​ពី​​​ខែ​​​កញ្ញា​​​ និង​​​ខែ​​​តុលា​​​ ឆ្នាំ​​​២០១៣។

នៅ​​​ពេល​​​បញ្ចេញ​​​របាយការណ៍​​​ស្ដី​​​ពី​​​ប្រសិទ្ធ​​​​​​​​​​​ភាព​​​​​​នៃ​​​ការ​​​ឆ្លើយ​​​តប​​​ទៅ​​​នឹ​​​ង​​​គ្រោះ​​​ទឹក​​​ជំនន់​​​កាល​​​ពីឆ្នាំ​​​មុន​​​ អនុប្រធាន​​​គណៈកម្មា​​​ធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​​​​គ្រោះ​​​មហន្តរាយ​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា ពេល​​​នេះ​​​នៅ​​​ខ្វះ​​​មូល​​​និធិ​​​ច្រើន​​​​​​នៅ​​​ឡើយ​​​​​​សម្រាប់​​​​​​​​​ការ​​​ស្ដារ​​​ឡើង​​​វិញ​​​ក្រោយ​​​​​​ទឹក​​​ជំនន់​​​។

លោក​​​ ញឹម វណ្ណដា អនុប្រធាន​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​​​​គ្រោះ​​​​​​មហន្តរាយ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​សូម​​​អំពាវនាវ​​​​​​ដល់​​​បណ្ដា​​​ដៃ​​​គូ​​​អភិវឌ្ឍន៍​​​របស់​​​យើង​​​សូម​​​ជួយ​​​ផ្ដល់​​​មូល​​​និធិ​​​បន្ថែម​​​ទៀត​​​​​​​​​។​​​ យើ​​​ង​​​សូម​​​អំពាវ​​​នាវ​​​ដល់​​​អង្គការ​​​ជាតិ​​​ និង​​​អន្តរជាតិ​​​ និង​​​​​​សង្គម​​​សីុវិល​​​​​​ សូម​​​ជួយ​​​ផ្ដល់​​​ជំនួយ​​​ហិរញ្ញវត្ថុ និង​​​បច្ចេក​​​ទេ​​​ស​​​”។

ឯក​​​សារ​​​មួយ​​​​​​អម​​​​​​របាយការណ៍​​​​​​​​​វាយ​​​តម្លៃ​​​​​​ស្ដី​​​ពី​​​​​​តម្រូវ​​​ការ​​​​​​​​​ស្ដារ​​​ឡើង​​​វិញ​​​​​​​​​ក្រោយ​​​ទឹក​​​ជំនន់​​​ ដែល​​​រៀប​​​រៀង​​​​​​ដោយ​​​រដ្ឋាភិបាល​​​​​​ដោយ​​​មាន​​​ជំនួយ​​​ពី​​​កម្មវិធី​​​អភិវឌ្ឍន៍​​​របស់​​​អង្គការ​​​សហ​​​ប្រជាជាតិ​​​ ហៅ​​​កាត់​​​ UNDP បង្ហាញ​​​ថា រដ្ឋាភិ​​​បាល​​​ទទួល​​​បាន​​​​​​មូល​​​និធិ​​​តែ​​​៨៨,០១​​​លាន​​​ដុល្លារ​​​​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​មូល​​​និធិ​​​៣០៦​​​លានដុល្លារ​​​​​​​​​ ដែល​​​ខ្លួន​​​ត្រូវ​​​ការ​​​សម្រាប់​​​កិច្ច​​​ប្រឹង​​​ប្រែង​​​ស្ដា​​រ​​​ឡើង​​​វិញ​​​។

លោក​​​ ញឹម វណ្ណដា មិន​​​បាន​​​បញ្ជាក់​​​ថា មូល​​​​​​និធិ​​​បន្ថែម​​​នឹង​​​ត្រូវ​​​ប្រើប្រាស់​​​ទៅ​​​លើ​​​អ្វី​​​ឲ្យ​​​ចំៗ​​​នោះ​​​ទេ ប៉ុន្តែ​​​ឯកសារ​​​នេះ​​​បញ្ជាក់​​​ថា ត្រូវ​​​ការ​​​​​​មូល​​​និធិ​​​សម្រាប់​ស្ដារ​​​​​ “ហេដ្ឋារចនា​​​សម្ព័ន្ធ​​​” “វិស័យ​​​សេដ្ឋកិច្ច​​” និង​​​ “វិស័យ​​​សង្គម”។

ឯកសារ​​​នេះ​​​ក៏​​​បាន​​​បញ្ជាក់​​​ដែរ​​​ថា រដ្ឋាភិ​​​បាល​​​បាន​​​​​​ផ្ដល់​​​ជំនួយ​​​មនុស្ស​​ធម៌​​​ភ្លាមៗ​​​ចំនួន​​​៥,១៤​​​លានដុល្លារ​​​ បន្ទាប់ពី​​​ទឹក​​​ជំនន់​​​ រីឯ​​​អង្គ​​​ការ​​​ក្រៅ​​​រដ្ឋាភិបាល​​​និង​​​ម្ចាស់​​​ជំនួយ​​​​​​ផ្សេងៗ​​​បាន​​​ផ្ដល់​​​១,៣​​​លាន​​​ដុល្លារ​​​បន្ថែម​​​ទៀត​​​។

យោង​​​តាម​​​តួលេខ​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់គ្រង​​​គ្រោះ​​​មហន្តរាយ​​​បាន​​​​​​ឲ្យ​​​ដឹង​​​ថា  ប្រជាជន​​​នៅ​​​តាម​​​ផ្ទះ​​​​​​ជាង​​​៣១.០០០​​​ខ្នង​​​ត្រូវ​​បាន​​​ជម្លៀស​​​ចេញ ប្រជាពលរដ្ឋ​​​១៦៨​​​នាក់​​​បាន​​​​​​បាត់​​​បង់​​​ជីវិត​​​ ហើយ​​​​​​ការ​​​ខាត​​​បង់​​​ដោយ​​​សារ​​​ទឹក​​​ជំនន់​​​នៅ​​​ក្នុង​​​ខែ​​​កញ្ញា និង​​​ខែ​​​តុលា​​​ សរុប​​​​​​ជា​​​ទឹក​​​ប្រាក់​​​មាន​​​​​​ចំនួន​​​៣៥៦​​​លាន​​​ដុល្លារ​​​។

លោក​​​ ណាប៉ូឡេអុង ណាវ៉ារ៉ូ (Napoleon Navarro) អនុប្រធាន​​​​​​ UNDP ប្រចាំប្រទេស​​​កម្ពុជា​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ជា​​​ញឹក​​​ញាប់​​​​​​ ការងារ​​​របស់គណៈកម្មាធិ​​​ការ​​​ជាតិ​​​គ្រប់គ្រង​​​គ្រោះ​​​មហន្ត​​​រាយ​​​​​​ត្រូវ​​​​​​​​​រាំង​​​ស្ទះ​​​​​​​​​ដោយ​​​សារ​​​ការ​​​លំបាក​​​​​​ក្នុង​​​ការ​​​សម្រប​​​សម្រួល​​​រវាង​​​ក្រសួង​​​ផ្សេង​​​គ្នា​​​ជាច្រើន​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “តួ​​​នាទី​​​​​​របស់​​​គណៈកម្មាធិការ​​​ជាតិ​​​គ្រប់គ្រង​​​​​​គ្រោះ​​​​​​មហន្តរាយ​​​គឺ​​​ត្រូវ​​​ដាក់​​​ក្រសួង​​​ណា​​​​​​ឲ្យ​​​ចំ​​​ទៅ​​​នឹង​​​​​​ការ​​​ដោះស្រាយ​​​គ្រោះ​​​មហន្តរាយ​​​​​​​​​​​​។ គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​គ្រប់​​​គ្រង​​​គ្រោះ​​​មហន្តរាយ​​​គ្មាន​​​​​​​​​ថវិកា​​​និង​​​គ្មាន​​​ធនធាន​​​ទេ​​​ ហើយ​​​ក្រសួង​​​ភាគ​​​ច្រើន​​​​​​មិន​​​ទាន់​​​យល់​​​ពី​​​តម្លៃ​​​នៃ​​​ការ​​​កាត់​​​បន្ថយ​​​ហានិភ័យ​​​គ្រោះ​​​មហន្ត​​​រាយនៅ​​​ឡើយ​​​​​​ទេ​​​”។

លោក​​​បាន​​​​​​លើក​​​ឡើ​​​ងបន្ថែម​​​ទៀត​​​​​​ថា “ឧទា​​​​​​ហរណ៍​​​ដូច​​​ជា​​​ទឹក​​​​​​ស្អាត​​​ជាដើម​​​ គឺជា​​​បញ្ហា​​​មួយក្នុង​​​ចំណោម​​​បញ្ហា​​​​​​ធំៗបំផុត​​​​​​នៅ​​​ទីនេះ​​​។ គណៈ​​​កម្មាធិការ​​​ជាតិ​​​​​​គ្រប់គ្រង​​​គ្រោះ​​​មហន្ត​​​រាយ​​​អាច​​​លើក​​​សំណើ​​​​​​​​​​​​ឲ្យ​​​ចាត់​​​វិធានការ​​​បាន​​​តែ​​​នៅ​​​ពេល​​​​​​មាន​​​គ្រោះ​​​មហន្តរាយ​​​ប៉ុណ្ណោះ​​​ ប៉ុន្តែ​​​ថវិកា​​​គឺ​​​​​​ស្ថិត​​​នៅ​​​​​​ឯក្រសួង​​​​​​​​​ធនធាន​​​ទឹក​​​ និង​​​ឧតុនិយម​​​”៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស