អ្នកជំនាញខាងសុវត្ថិភាពផ្លូវគោកបានលើកឡើងនៅក្នុងវេទិកាមួយ កាលពីម្សិលមិញថា ប្រសិនបើរដ្ឋាភិបាលមិនខិតខំបន្ថែមដើម្បីផាកពិន័យអ្នករំលោភបំពានច្បាប់ចរាចរណ៍ទេនោះ គោលដៅដែលចង់កាត់បន្ថយអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន២០ភាគរយ និងការស្លាប់ដោយសារបើកបរពេលស្រវឹងឲ្យបាន៥០ភាគរយនៅត្រឹមឆ្នាំ២០២០ គឺមិនអាចទៅរួចឡើយ។
យោងតាមតួលេខរបស់រដ្ឋាភិបាលបានឲ្យដឹងថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំមុនមានចំនួន១.៩១០នាក់។ តួលេខនេះ គឺមិនសូវជាប្រែប្រួលឡើយនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
លោក អៀ ចរិយា ប្រធានគ្រប់គ្រងកម្មវិធីសុវត្ថិភាពផ្លូវគោកនៅអង្គការជនពិការ Handicap International Cambodia ជាអង្គការមួយក្នុងចំណោមអង្គការសង្គមស៊ីវិលចំនួន៧០ ដែលបានចូលរួមនៅក្នុងវេទិកានេះដែរ បានលើកឡើងថា គោលនយោបាយជាតិឆ្នាំ២០១៤របស់រដ្ឋាភិបាលស្តីអំពីសុវត្ថិភាពផ្លូវគោកមិនមានមូលនិធិគ្រប់គ្រាន់ដើម្បីធ្វើឲ្យគោលនយោបាយនេះទទួលបានជោគជ័យនោះទេ។
លោក ចរិយា បានមានប្រសាសន៍ទាក់ទិននឹងការចំណាយរបស់រដ្ឋាភិបាលដើម្បីធ្វើឲ្យចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថយចុះថា “ខ្ញុំគ្មានសង្ឃឹមទេ ថា ការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នឹងអាចកាត់បន្ថយបានចំនួន២០ភាគរយ ព្រោះគ្មានថវិកាគ្រប់គ្រាន់។ យើងត្រូវការយ៉ាងតិច១០លានដុល្លារក្នុងមួយឆ្នាំ ហើយ [រដ្ឋាភិបាល] អាចមានលទ្ធភាពផ្តល់ត្រឹមតែ ១,៧លានដុល្លារប៉ុណ្ណោះ ពោលគឺវាតិចជាងប្រហែល១០ភាគរយនៃអ្វីដែលយើងត្រូវការ”។
ដោយគ្មានការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ លោក ចរិយា បានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នឹងកើនឡើងដល់៣.២០០នាក់ក្នុងមួយឆ្នាំ ត្រឹមឆ្នាំ២០២០ ពោលគឺវានឹងកើនឡើងទ្វេដងនៃគោលដៅរបស់រដ្ឋាភិបាលដែលចង់កំណត់ឲ្យអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានចំនួនត្រឹមតែប្រហែល១.៦០០នាក់។
លោកស្រី លឹម សុជាតិ នាយកប្រតិបត្តិនៅអង្គការសម្ព័ន្ធសម្រាប់សុវត្ថិភាពផ្លូវគោក (Coalition for Road Safety)បានគូសបញ្ជាក់ថា នៅក្នុងការសិក្សាមួយកាលពីឆ្នាំមុនដែលធ្វើឡើងនៅក្នុងខេត្តចំនួនប្រាំ អ្នកដែលត្រូវបានសម្ភាសចំនួន៥១ភាគរយបានឆ្លើយថា បានបើកបរពេលស្រវឹង។
លោកស្រី សុជាតិ បានមានប្រសាសន៍ថា “រដ្ឋាភិបាលចាំបាច់ត្រូវតែមានគោលនយោបាយគ្រប់គ្រងគ្រឿងស្រវឹង ដេើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹងដូចជាការដំឡើងពន្ធលើគ្រឿងស្រវឹងជាដើម”។
លោក គង់ សុវណ្ណ អ្នកគ្រប់គ្រងកម្មវិធីប្រចាំប្រទេសនៅអង្គការភាពជាដៃគូសុវត្ថិភាពផ្លូវគោកពិភពលោក (Global Road Safety Partnership)បានលើកឡើងថា ការយឺតយ៉ាវនៅក្នុងការអនុម័តច្បាប់ចរាចរណ៍ថ្មីក៏រារាំងដល់ការខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដែរ។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែប្រសិនបើគ្មានការអនុវត្តប្រកបដោយប្រសិទ្ធភាពនោះ ទោះបីជាមានច្បាប់ថ្មីក៏ដោយ ក៏វាគ្មានប្រសិទ្ធភាពដែរ។ នៅពេលរដ្ឋាភិបាលអនុវត្តច្បាប់ឲ្យបានកាន់តែខ្លាំង ការគោរពជីវិតមនុស្សក៏មានកាន់តែច្រើនផងដែរ”៕ ស៊ុយឈាង